ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ បានព្រមានដាក់ទណ្ឌកម្ម ពិន័យចំពោះមន្ត្រីជាក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ដែលធ្វើឱ្យបែកធ្លាយនូវសារជាសំឡេងរបស់លោក ស្ដីពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងរយៈពេល ១៤ ថ្ងៃ ដែលការធ្វើឱ្យបែកធ្លាយនេះ បានបង្កឱ្យប្រជាពលរដ្ឋភិតភ័យ និងចលាចលពេញផ្ទៃប្រទេស ខណៈចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ កាន់តែច្រើនឡើង។
លោកបានថ្លែងថា សំឡេងដែលបានបែកធ្លាយទៅនោះ មិនទាន់គ្រប់ជ្រុងជ្រោយ និងធ្វើឱ្យប្រជាពលរដ្ឋយល់ខុសពីបំណងដើមរបស់លោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
លោកបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសោកស្តាយជាទីបំផុតនៅពេលខ្ញុំបានដាក់ចេញបទបញ្ជាសម្រាប់ការរៀបចំនេះ បែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះ បានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខុសពីវត្ថុបំណងរបស់ខ្ញុំ របស់រាជរដ្ឋាភិបាលដែលបិទខ្ទប់។
ប៉ុន្តែមានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ។ សេវាកម្មទាំងប៉ុន្មានរាប់ទាំងសេវាកម្មប្រមូលសំរាមចេញពីផ្ទះ ចេញពីកន្លែងបងប្អូននៅតែអាចធ្វើបាន សូម្បីតែការហាត់ប្រាណក៏នៅតែអាចធ្វើបាន»។
កាលពីល្ងាចថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២១ សារជាសំឡេងខ្លីមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ទម្លាក់ទៅក្នុងក្រុមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ ត្រូវបានគេទម្លាយ និងយកទៅចែកចាយយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម។ ក្រោយបែកធ្លាយសំឡេងបានធ្វើឱ្យប្រជាពលរដ្ឋសម្រុកទៅទិញទំនិញកកកុញនៅតាមទីផ្សារផងដែរ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមសារភាពដោយត្រង់ថា សកម្មភាពនោះនឹងត្រូវទទួលនូវវិន័យនៅពេលក្រោយ នៅពេលដែលយើងរកឃើញ»៕