ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា មន្ត្រីរាជការដែលគេចវេះមិនព្រមចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ប្រហែលមិនអាចអនុញ្ញាតឱ្យចូលកន្លែងធ្វើការ ឬអាចបាត់បង់ការងារតែម្តង ដោយសារអ្នកដែលបានចាក់វ៉ាក់សាំងរួចបារម្ភពីការឆ្លងមេរោគពីអ្នកដែលមិនបានចាក់វ៉ាក់សាំង។
យោងតាមសារសំឡេងពិសេសមួយរបស់លោក ហ៊ុន សែន នៅយប់ថ្ងៃទី ៦ ខែមេសា លោកបានប្រកាសទៅដល់មន្ត្រីនៅតាមក្រសួងស្ថាប័នទាំងអស់ថា ថ្មីៗនេះ ដំណើរការចាក់វ៉ាក់សាំងបាននិងកំពុងចាក់ជូនមន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយនៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះ លោកឃើញមានមនុស្ស ២ ប្រភេទបានកើតចេញ។ ប្រភេទទី១ គឺអ្នកដែលចង់ចាក់វ៉ាក់សាំងយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន ដោយសារកង្វល់អត់មានវ៉ាក់សាំងចាក់ ហើយមន្ត្រីប្រភេទទី២ គឺជាមន្ត្រីដែលគេចវេះពីការចាក់វ៉ាក់សាំងតែម្តង។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា ពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស្ម័គ្រចិត្តតែពេលខាងមុខគឺច្បាស់ណាស់ថា វ៉ាក់សាំងក្លាយជាវ៉ាក់សាំងកាតព្វកិច្ចតែម្តង។ ជាពិសេសជំហានដំបូងនេះក្នុងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់តែម្តង»។
លោកបន្តថា៖ «ខ្ញុំសូមជម្រាបដល់មន្ត្រីរាជការ ដែលមិនចង់ចាក់វ៉ាក់សាំងឱ្យបានជ្រាបថា នៅពេលណាមួយដែលស្ថាប័នចាក់វ៉ាក់សាំងបានពី ៧០% ឡើង មន្ត្រីដែលមិនបានចាក់វ៉ាក់សាំងប្រហែលជាមិនអាចចូលធ្វើការមិនបាច់ចូលរួមប្រជុំទេ សុំដេកផ្ទះចុះ។ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួមការពារប្រយុទ្ធនឹងកូវីដ១៩ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលិស ឬជាមន្ត្រីរាជការធ្វើអ្វីតទៅទៀត វាមិនមានការចាំបាច់ទេ»។
វ៉ាក់សាំងមិនមែនជាថ្នាំពេទ្យ ឬទំនិញដែលរើសតាមផ្សារតាមឱសថស្ថានបានទេ ហើយរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយប្រសិនបើពុំមកចាក់ដោយការស្ម័គ្រចិត្តទេ ថ្ងៃក្រោយមន្ត្រីទាំងនេះនឹងគ្មានឱកាសចូលរួមប្រជុំ និងចូលទៅកាន់ក្រសួងទៀតដែរ។
លោក ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីគ្រប់ក្រសួងទាំងអស់ គ្រប់គ្រងពិនិត្យ និងបូកសរុបចំនួនមន្ត្រីរបស់ខ្លួនមានប៉ុន្មានភាគរយដែលបានចាក់រួចហើយ ហើយនៅសល់ប៉ុន្មាននាក់បន្ទាប់ពីចាក់ដូសទី២។
លោក ហ៊ុន សែន ក៏បានដាក់កំហិតចំពោះគ្រប់ក្រសួងផងដែរ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសមន្ត្រីថ្មីក៏ត្រូវតម្រូវជាចាំបាច់ថា ត្រូវតែចាក់វ៉ាក់សាំងរួចហើយទើបឱ្យជ្រើសរើស ឬប្រឡងចូលក្របខ័ណ្ឌក្រសួង។ ជាមួយគ្នានេះដែរ ទាក់ទងនឹងមន្ត្រីដែលមិនអាចចាក់វ៉ាក់សាំងបាន គឺលុះត្រាតែមានការបញ្ជាក់ពីក្រុមគ្រូពេទ្យថា បុគ្គលនោះមិនអាចចាក់វ៉ាក់សាំងបានទេ។
លោកសង្កត់ធ្ងន់ថា៖ «ដើម្បីចៀសវាងការឃុបឃិតរវាងគ្រូពេទ្យ និងអ្នកមិនចាក់វ៉ាក់សាំង មន្ត្រីនៅថ្នាក់ខេត្តត្រូវតែមានការបញ្ជាក់ពីមន្ទីរសុខាភិបាលទើបអាចជឿជាក់ថា គ្មានការឃុបឃិតគ្នា ហើយដូចគ្នាដែរ សម្រាប់ក្រសួង និងស្ថាប័ននៅរាជធានីភ្នំពេញ»។ លោកក៏បានពិនិត្យផងដែរ នៅពេលខាងមុខ ក្រៅពីមានការបញ្ជាក់ពីស្ថាប័នសុខាភិបាលហើយក៏គួរតែមានបណ្ណសម្គាល់ណាមួយថា បុគ្គលនោះពិតជាបានចាក់វ៉ាក់សាំងការពារកូវីដរួចហើយដែរ។
លោក ហ៊ុន សែន ថា៖ «បញ្ហាទាំងនេះ គឺមិនមែនជាការរើសអើងរវាងអ្នកដែលបានចាក់វ៉ាក់សាំង និងអ្នកមិនបានចាក់ទេ តែអ្វីទាំងអស់នេះគឺសំដៅចង់ឱ្យអ្នកទាំងអស់គ្នារួមចំណែកដើម្បីទប់ស្កាត់កូវីដ ១៩ ហើយមិនត្រូវឱ្យអ្នកណាមួយអន្តរាយខ្លួនដោយមិនបានដាស់តឿននោះទេ»។
នាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យគ្រប់ក្រសួងទាំងអស់រាយការណ៍ពីចំនួនមន្ត្រី ដែលបានចាក់វ៉ាក់សាំងហើយទៅក្រសួងមុខងារសាធារណៈ ហើយក្រសួងមុខងារសាធារណៈត្រូវបូកសរុបអំពីចំនួនមន្ត្រីដែលបានចាក់វ៉ាក់សាំងរួចហើយមកនាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រងជាព័ត៌មានសម្រាប់ការធ្វើជំរឿន ធ្វើបច្ចុប្បន្នភាពដើម្បីស្វះស្វែងរកវ៉ាក់សាំងបន្ថែមទៀត។
បើតាមលោកនាយករដ្ឋមន្ត្រី មកដល់ពេលនេះកងកម្លាំងប្រដាប់អាវុធ ជាពិសេសកងយោធពលខេមរភូមិន្ទដែលបានដឹកនាំ និងបញ្ជាផ្ទាល់ក្នុងដំណើរការចាក់វ៉ាក់សាំង ដោយរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ដែលលទ្ធផលមកដល់ពេលនេះកងទ័ពស្ទើរតែ ១០០% ដែលបានចាក់វ៉ាក់សាំងនូវដូសទី១ ហើយប្រហែលជាជិត ៧០% ទៅ៨០% បានទទួលនូវដូសទី២។
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានផ្ញើលិខិតទៅកាន់គ្រប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមនឹងអភិបាលរាជធានី-ខេត្ត ស្នើសុំផ្តល់ជាបន្ទាន់នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យបានមុនថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ ខាងមុខ។
លោក ព្រុំ សុខា បញ្ជាក់ក្នុងលិខិតនេះថា៖ «តាមមតិណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំសូមជម្រាបថា ដើម្បីអនុវត្តតាមមតិណែនាំនេះ ក្រសួងមុខងារសាធារណៈ ស្នើសុំផ្តល់ជាបន្ទាន់នូវចំនួនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី-ខេត្ត ដែលនៅមិនទាន់បានចាក់វ៉ាក់សាំង ដោយគិតត្រឹមថ្ងៃទី ១១ ខែមេសា នេះ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា មន្ត្រីរាជការនៃក្រសួងការងារលើស ១០០% បានចាក់វ៉ាក់សាំងការពារកូវីដ ១៩ រួចហើយ លើកលែងតែមន្ត្រីចំណាស់ ១ រូប ដែលកំពុងរង់ចាំចម្លើយពីក្រុមគ្រូពេទ្យថា តើគាត់អាចចាក់វ៉ាក់សាំងបានឬអត់?។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន ថ្លែងពីម្សិលមិញថា លោកស្នើឱ្យរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គួរតែប្រើវិធានការត្រជាក់សិន ដោយធ្វើការផ្សព្វផ្សាយ អប់រំ និងផ្តល់ព័ត៌មានឱ្យប្រជាពលរដ្ឋពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងឱ្យបានទូលំទូលាយសិន។
លោកបញ្ជាក់ថា ៖ «រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរតែបង្ហាញនូវព័ត៌មានដែលគួរឱ្យទុកចិត្តបានពីប្រភពផ្សេងៗជាលក្ខណៈបច្ចេកទេសពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងដែលប្រជាពលរដ្ឋនឹងទទួលដើម្បីឱ្យពួកគាត់ស្ងប់ចិត្ត ក្នុងការទទួលវ៉ាក់សាំងនេះ ដែលជាមធ្យោបាយក្នុងការកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ»។
លោក ប៉ា ចន្ទរឿន បន្តថា ប្រសិនបើរដ្ឋាភិបាលប្រើប្រាស់វិធានការក្តៅដែលឈានរហូតដល់ការបណ្តេញចេញពីការងារ ឬមិនផ្តល់ការងារដល់អ្នកដែលមិនបានចាក់វ៉ាក់សាំង នៅពេលនេះ គឺពិតជាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលមានការគាំពារពីរដ្ឋធម្មនុញ្ញ ហើយអង្គការសុខភាពពិភពលោកក៏បានចែងផងដែរ ពីការចាក់វ៉ាក់សាំងនេះ គឺជាការស្ម័គ្រចិត្ត មិនមានការបង្ខំនោះទេ។
ជាមួយគ្នានេះដែរ នៅថ្ងៃទី ៧ មេសា ក្រសួងការងារបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កម្មករ-និយោជិត ដែលក្រសួងរំពឹងថា ថ្ងៃដំបូងអាចនឹងចាក់បានដល់ ៣ ៨០០ នាក់។
លោក ហេង សួរ ថ្លែងថា៖ «នៅថ្ងៃសុក្រខាងមុខនេះយើងនឹងបើក ៤ គោលដៅទៀត សម្រាប់ចាក់វ៉ាក់សាំងជូនកម្មករ ដែលយើងក៏រំពឹងថា នឹងបានចំនួន ៣ ៨០០ នាក់ទៀតក្នុង ៤ គោលដៅនេះ...»។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះតាមការកំណត់របស់ក្រសួងសុខាភិបាលយោងតាមមាត្រា ១៦ នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
វីដេអូ៖