ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា បើ​មាន​កងកម្លាំង​ប្រដាប់អាវុធ​ងើប​ឡើង​ដូច​អ្វី​ដែល​លោក សម រង្ស៊ី បាន​ប្រកាស​ផ្ដល់​ថវិកា​មែន​នោះ កងទ័ព​នឹង​ចេញមុខ​ហើយ​វាយកម្ទេច​ដោយ​មិន​ចាំបាច់​រង់ចាំ​ដីកា​ពី​តុលាការ​ឡើយ ខណៈ​មនុស្ស​ ៧ ​នាក់​ទៀត ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ «​រួមគំនិត​ក្បត់​» កាលពី​ម្សិលមិញ​។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ជួបជុំ និង​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សិស្ស​ជាប់​និទ្ទេស​ A ចំនួន​ ៤៤៣ ​នាក់ នៅ​វិមាន​សន្តិភាព​កាលពី​ម្សិលមិញ​។ ដោយ​ថ្លែង​ដៀមដាម​ទៅ​ដល់​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​លោក​បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ ៣០ ​ឆ្នាំ​ហើយ បើ​បូក​ទាំង​នាយករដ្ឋមន្ត្រី​ស្ដីទី​គឺ​មាន​រយៈពេល​ ៣៥ ​ឆ្នាំ​។

ប៉ុន្តែ​លោក​មិនដឹង​គិត​យ៉ាងណា​ទេ​នៅ​ថ្ងៃទី​ ៩ ខែ ​វិច្ឆិកា​ ព្រោះ​វា​ជា​ថ្ងៃ​ដែល​លោក សម រង្ស៊ី ប្រកាស​ចូល​មក​ចាប់​លោក ហើយ​លោក សម រង្ស៊ី ថែមទាំង​ប្រកាស​ផ្ដល់​ថវិកា​ដល់​កងទ័ព​ទៀតផង​។ លោក​ថា ​ការប្រកាស​ប្រមូល​ថវិកា​នេះ​ហើយ ជា​ចំណុច​ដែល​លោក​អាច​យក​ជា​សំអាង​ក្នុងការ​វាយកម្ទេច​ចលនា​របស់​លោក សម រង្ស៊ី​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​តែមាន​ប្រដាប់អាវុធ​ហើយ អញ​វ៉ៃ​ហើយ ហើយ​អាហ្នឹង​ឃើញ​ត្រង់​ណា​វ៉ៃ​ត្រង់​ហ្នឹង​ហ្មង គឺ​អត់​មាន​ត្រូវ​ចាំ​ដីកាចាប់ខ្លួន ឬ​មិន​ចាប់ខ្លួន អានេះ​ឃើញ​ត្រង់ណា​វ៉ៃ​ត្រង់​ហ្នឹង​តែម្ដង​។ ផ្ដល់​ឱកាស​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​នោះ​មាន​ទាំង​កងទ័ព​ចេញ​ធ្វើ​សកម្មភាព​ហើយ​»​។

លោក​បន្តថា​៖ «​នៅពេល​សភាពការណ៍​ធម្មតា ទ័ព​អត់​ចេញ​ទេ ចេញ​តែ​ប៉ូលិស និង​អាវុធហត្ថ​ទេ គេ​ហៅ​នគរបាល​យុត្តិធម៌​។ ប៉ុន្តែ​ប្រកាស​ទ័ព​បែបនេះ​ហើយ​បាន​សេចក្ដី​ថា ទ័ព​ចាប់ផ្ដើម​ពង្រាយ​ហើយ ហើយ​ប្រើ​អាវុធ​គ្រប់​ធុន ព្រោះ​អានេះ​មិនមែន​ជា​បាតុកម្ម​ទាមទារ​ឯណា អានេះ​ចូល​ដល់​ប្រដាប់​អាវុធ​»​។

លោក​ថា​លោក សម រង្ស៊ី បាន​យក​ការស្ទង់មតិ​មួយ​ដែល​ថា​ជាង​ ៦៥ ​ភាគរយ​ នៃ​កងកម្លាំង​ប្រដាប់អាវុធ​គាំទ្រ​លោក រង្ស៊ី​។ ប៉ុន្តែ​លោក​ថា បើសិន​ជា​មាន​ច្រើន​ដូច្នេះ​មែន​លោក សម រង្ស៊ី គួរតែ​មកកាន់​តែ​លឿន​កាន់តែ​ល្អ​។

ចំពោះ​អ្នកគាំទ្រ​វិញ​លោក​ថា ពួកគេ​មិនបាច់​ឆ្ងល់​ច្រើន​ទេ​គឺ​ឃើញ​ចាប់ៗ ដោយ​មិនបាច់​និយាយ​ច្រើន ហើយ​អ្នក​ដែល​ប្រឈម​នឹង​នីតិវិធី​តុលាការ ប្រឈមមុខ​ជាប់​ពន្ធនាគារ «​អត់​មាន​ទាប​ទេ​»​។ រដ្ឋាភិបាល​មិន​បំពាន​សិទ្ធិ​របស់​ពួកគេ​ទេ ប៉ុន្តែ​ដោយសារ​ពួកគេ​បាន​ឆ្លងកាត់​បន្ទាត់​ក្រហម​ហើយ​។

លោក ហ៊ុន សែន ក៏​លើក​ជា​ចម្ងល់​ថា តើ​លោក សម រង្ស៊ី នឹង​វិល​ត្រឡប់​មកវិញ​តាមផ្លូវ​ណា ព្រម​ជាមួយ​នឹង​អ្នកគាំទ្រ​រាប់លាន​នាក់​ដោយ​ចេញដំណើរ​ពី​កូរ៉េ​ផង ពី​ថៃ​ផង​។ លោក​ថា បើ​មកពី​កូរ៉េ​វា​មែន​នោះ លុះត្រា​តែមាន​យន្តហោះ ៥០០ ​គ្រឿង ហើយ​ការហោះហើរ​នឹង​ធ្វើឲ្យ​ងងឹត​មេឃ​ទាំងអស់​រក​កន្លែង​ចុះ​មិនបាន​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​មេឧទ្ទាម​អត់​ចាំបាច់​និយាយ​គ្នា​ទេ អាហ្នឹង​ភារកិច្ច​របស់​ទៀ បាញ់ ហើយ ព្រោះ​ឆ្លង​ផុត​បន្ទាត់​ក្រហម​ហើយ​។ ការប្រមាថ​ព្រះមហាក្សត្រ​មិនមែន​ជា​រឿង​ធម្មតា​ពេក​ទេ​។ ប្រើពាក្យ​ប្រមាថ​ព្រះមហាក្សត្រ​សុទ្ធតែ​ «​វា​» ប្រើ​ពាក្យ​វា ឲ្យ​ព្រះមហាក្សត្រ​ទៅ​ធ្វើ​ស្ដេច​ល្ខោន​ឲ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​ទៅ​។ វា​ព្រហើន​ហួស អ៊ីចឹង​គោលដៅ​របស់​វា​មិន​ត្រឹម​តែ​ដក​ហ៊ុនសែន​ពី​តំណែង​ទេ (​គឺ​) ដក​មហាក្សត្រ​ចេញ​»​។

លោក ហ៊ុន សែន បន្ត​ថា​លោក​យក​ថ្ងៃ​ ៩ វិច្ឆិកា ជា​ថ្ងៃ​ទទួលទាន «​អំបុក​ការពារជាតិ​សាសនា ព្រះមហាក្សត្រ​»​។ ជាការ​ក្រើនរំឭក​ដល់​អ្នកគាំទ្រ​លោក សម រង្ស៊ី លោក​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា នីតិវិធី​ចំពោះ​ពួកគេ​បានចាប់ផ្ដើម​ហើយ និង​បន្ត​រហូត​។

លោក​បញ្ជាក់ថា​៖ «​ផែនការ​ឈាន​ដល់​ការផ្ទុះអាវុធ​ផ្ដួលរំលំ​រដ្ឋ មិនអាច​អនុញ្ញាត​បាន​ទេ​។ បង្ហោះ​តែ​ហ្វេសប៊ុក​ចូលក្នុង​យុទ្ធនាការ​ហ្នឹង​ក៏ត្រូវ​តែ​ចាប់ខ្លួន​ដែរ នេះ​មិនមែន​ជា​សិទ្ធិ​បញ្ចេញមតិ​ទេ គឺជា​ការចូលរួម​អំពើ​ក្បត់ ដើម្បី​ផ្ដួលរំលំ​តាមរយៈ​កម្លាំង​ប្រដាប់អាវុធ​។ យើង​មិន​យល់ព្រម​ឲ្យ​អ្នកឯង​ធ្វើ​របៀប​នេះ​ទេ​។ គេ​ប្រឹង​ធ្វើការងារ​ចង់​ងាប់​»​។

ចំពោះ​អ្នកគាំទ្រ​លោក សម រង្ស៊ី និង​ផែនការ​ «​រដ្ឋប្រហារ​» ដែល​កំពុង​រស់នៅ​ប្រទេស​ថៃ ពួកគេ​ក៏​អាច​ត្រូវ​បាន​ចាប់បញ្ជូន​ខ្លួន​មក​កម្ពុជា​វិញ ពីព្រោះ​កម្ពុជា​និង​ថៃ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​របស់​លោក​នាយករដ្ឋមន្ត្រី​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែងថា​៖ «​ការ​ជ្រើសរើស​យក​ការគំរាម​កំហែង​រឿង​ហិង្សា​របស់លោក​នាយក​រដ្ឋមន្ត្រី​គឺជា​ការបញ្ជាក់​អំពី​ភាព​គ្មាន​ប្រសិទ្ធភាព​នៃ​វិធានការ​ផ្លូវច្បាប់​ក្នុងការ​រារាំង​ដល់​អ្នក​ដែល​ទៅ​ទទួល​លោក សម រង្ស៊ី បើសិន​ជា​លោក​មក​មែន​នោះ​»​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា កងទ័ព​ត្រូវតែ​ប្រើប្រាស់​អាវុធ​ការពារ​រដ្ឋធម្មនុញ្ញ ព្រោះ​រដ្ឋាភិបាល​កើត​ចេញ​ពី​ការបោះឆ្នោត​ដែល​ពលរដ្ឋ​ទៅ​បោះឆ្នោត​រហូត​ដល់​ជាង​ ៨៣ ​ភាគរយ​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​និយាយ​ថា​ចេញ​ ១ ចាប់​ ១ ចេញ​ ២ ចាប់​ ២ នេះ​វា​ប្រសើរ​ជាង​ទឹកបាក់​ទំនប់​។ កាលណា​ទឹកបាក់​ទំនប់ យើង​យក​ដី​មក​បិទ​វា​គ្រោះថ្នាក់​ច្រើន​។ អ៊ីចឹង​យើង​ធ្វើ​សកម្មភាព​នៅពេល​ក្រុម​នោះ​ធ្វើ​កិច្ចការ​ណាមួយ​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ហើយ​គឺ​ត្រូវតែ​កម្ទេច​។ កម្ទេច​ ១ ​ឬ​ ២ ប្រសើរ​ជាង​ការបាក់​ទំនប់​ដែល​មាន​ការបង្ហូរឈាម​កម្រិត​ធំ​»​។

ស្រដៀង​គ្នា​នេះដែរ​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បាន​ថ្លែងថា បើសិន​ជា​សកម្មភាព​ក្បត់​ជា​សកម្មភាព​ជាក់ស្ដែង ការបង្ក្រាប​អាចធ្វើ​ឡើង​ដោយ​មិនចាំបាច់​មាន​ដីកា​ពី​តុលាការ​។

លោក​ថ្លែងថា​៖ «​ទោះបី​ជា​គាត់​មក​ដោយ​គ្មាន​អាវុធ​ក៏ដោយ ប៉ុន្តែ​ផលវិបាក​កើតចេញ​ពី​ការអំពាវនាវ​របស់​គាត់​នោះ ​វា​ជា​បទល្មើស​រួចទៅហើយ​។ ដូច្នេះ​បើទោះបី​គាត់​មក​ដោយ​ដៃទទេ​ក៏ដោយ ក៏​គាត់​នៅ​តែ​ត្រូវបាន​ចាប់ខ្លួន និង​ផ្តន្ទាទោស​បន្ថែម​លើ​ទោស​អ្វី​ដែល​គាត់​មាន​។ អ្វីដែល​គាត់​បាន​ធ្វើ ទោះបី​បាន​សម្រេច​ ឬ​មិនបាន​សម្រេច វា​ជា​អំពើ​ក្បត់​រួចទៅហើយ​»​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការបះបោរ​ដោយ​ប្រដាប់អាវុធ​ដែល​ជា​សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ឬ​វិទ្ធង្សនា​ក្នុង​ការផ្ដួលរំលំ​រដ្ឋាភិបាល​គឺជា​បទល្មើស​ជាក់ស្ដែង​ធ្ងន់ធ្ងរ ហើយ​កម្លាំង​សមត្ថកិច្ច​អាច​ធ្វើ​សកម្មភាព​អាច​ប្រើប្រាស់​នូវ​គ្រប់​យន្តការ និង​គ្រប់​កម្លាំង​ទាំងអស់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​យ៉ាង​ហោចណាស់​មាន​មនុស្ស​ ៧ ​នាក់​ទៀត​ ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ពី​បទ «​រួមគំនិត​ក្បត់​» ដែល​ក្នុង​នោះ​មាន​ ៥ ​នាក់​ជា​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ហើយ​ ២ ​នាក់​ទៀត​រស់នៅ​ខេត្ត​ឧត្តរមានជ័យ​។ នេះ​បើ​តាម​ការប្រកាស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​សាលា​ដំបូង​ខេត្ត​ឧត្ដរមានជ័យ​។

នៅ​ភ្នំពេញ អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​រួមមាន​ឈ្មោះ គ្រុយ សុខេមរិទ្ធ, សេង ខន​, ទិត្យ សុផាត​, វឿង សំណាង​, ឃិន សុខហៀង​, ព្រមទាំង​គូកន​។

តុលាការ​បាន​បញ្ជាក់ថា​ឈ្មោះ​ទាំង​ ៥ ​និង​គូកន​បាន​កៀរគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ឧបាយកល​នៃ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី គឺ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា​។

ចំណែក​តុលាការ​ខេត្ត​ឧត្ដរមានជ័យ​បាន​ចោទប្រកាន់​ឈ្មោះ អូន ស្រ៊ាន និង​ឈ្មោះ ម៉ក់ វណ្ណវុទ្ធី ហៅ​ រុណ ពី​បទ​រួមគំនិត​ក្បត់​ដូចគ្នា​ដែរ ដោយ​មនុស្ស​ទាំង​ ២ ​នាក់​នេះ​បាន​អំពាវនាវ​ឲ្យ​ពលករ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ឲ្យ​ចូលរួម​ផែនការ​ផ្ដួលរំលំ​រដ្ឋាភិបាល​ក្រោមរូបភាព​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី និង​ធ្វើដំណើរ​មក​ភ្នំពេញ​។

លោក ជិន ម៉ាលីន ថ្លែង​ថា​រហូត​មក​ដល់​ពេលនេះ​ក្រសួង​យុត្តិធម៌​មិនទាន់​បាន​ធ្វើការ​បូកសរុប​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​ «​រួមគំនិត​ក្បត់​» ​នៅ​ឡើយ​ទេ​៕