បុរសម្នាក់ដឹកស្វាយលក់នៅរាជធានីភ្នំពេញ នាពេលកន្លងទៅ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោកបានស្នើសុំទៅរដ្ឋាភិបាលចិនរួចហើយ ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមនិស្សិតខ្មែរចំនួន ២៣ នាក់ ដែលកំពុងជាប់នៅក្នុងទីក្រុងវូហាននៅថ្ងៃពុធនេះ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ពួកគេ។ ការប្រកាសជាថ្មីនេះគឺបន្ទាប់ពីលោកបានឆ្លើយតបទៅកាន់អ្នករិះគន់ថា ក្នុងនាមលោកជាមនុស្សម្នាក់ធ្លាប់យកជីវិតទៅប្រថុយ ដើម្បីរំដោះប្រទេសជាតិចេញពីសង្គ្រាមគឺលោកគ្មានការភ័យខ្លាចក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវូហានដែលកំពុងផ្ទុះជំងឺឆ្លងនេះទេ។
តាមទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីបានផ្សាយថា នៅក្នុងកិច្ចសន្ទនាមួយជាមួយលោកស្រី ហាក់ ចាហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្ដិភាពសកលកាលពីថ្ងៃម្សិលមិញនៅក្នុងប្រទេសកូរ៉េខាងត្បូងលោក ហ៊ុន សែន បានលើកឡើងថាលោកមិនបានចាត់ទុកការផ្ទុះឡើងនៃវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនជាឧបសគ្គមួយសម្រាប់លោកនោះទេ។
ទំព័រហ្វេសប៊ុកបានសរសេរថា៖ «សម្ដេចតេជោមានប្រសាសន៍បន្តថា នៅថ្ងៃស្អែកទី ៥ កុម្ភៈ (ថ្ងៃនេះ) សម្ដេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្ដេចគ្រោងនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្ដៅ និងដើម្បីកុំឱ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាចចំពោះការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មីកូរ៉ូណាវីរុស»។
នៅក្នុងទំព័រហ្វេសប៊ុកដដែលបន្តថា៖ «នៅពេលនេះសម្ដេចតេជោកំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីមិត្តចិនថា តើអនុញ្ញាតឱ្យទៅសួរសុខទុក្ខ ឬមិនអនុញ្ញាតឱ្យទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងសភាពប្រកាសអាសន្នមិនឱ្យមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន និងក្រៅប្រទេសចូលមក»។
ពីថ្ងៃម្សិលមិញលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថាលោកមិនទាន់បានដឹងថា ប្រទេសចិនបានសម្រេចឱ្យលោក ហ៊ុន សែន អាចធ្វើដំណើរទៅកាន់ទីក្រុងវូហាននៅឡើយទេ។
កាលពីថ្ងៃចន្ទនៅពេលជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង លោក ហ៊ុន សែន បានប្រតិកម្មឆ្លើយតបចំពោះអ្នករិះគន់មួយចំនួនដែលឌឺដង ចង់ឱ្យលោកធ្វើដំណើរទៅកាន់ទីក្រុងវូហានដែលជាទីក្រុងកំពុងរីករាលដាលវីរុសកូរ៉ូណាថ្មីខ្លាំងបំផុតនៅក្នុងប្រទេសចិន។ មតិឌឺដងទាំងនោះគឺធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានប្រកាសនៅថ្ងៃទី ៣០ មករាថា លោកមិនបញ្ជូននិស្សិតខ្មែរ ឬមន្ត្រីទូតខ្មែរចេញពីប្រទេសចិន ជាពិសេសចេញទីក្រុងវូហានដូចប្រទេសជាច្រើនបានធ្វើឡើយ។
កាលពីថ្ងៃម្សិលមិញ ក្រសួងការបរទេសក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរថា ក្រសួងបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរប្រទេសចិនដើម្បីតាមដានសុខភាពរបស់ក្រុមនិស្សិតខ្មែរដែលមានគ្នាចំនួន ២៣ នាក់ជាប់នៅក្នុងទីក្រុងវូហាន។
សេចក្ដីប្រកាសព័ត៌មាននោះបានសរសេរថា៖ «កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការវិវឌ្ឍនៃការរាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។ ក្រសួងការបរទេស និងបណ្ដាញស្ថានតំណាងរបស់កម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិនបានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិនដើម្បីតាមដានបច្ចុប្បន្នភាពនៃសុខុមាលភាពរបស់ពលរដ្ឋខ្មែរជាពិសេសនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន»។
ក្រសួងការបរទេសក៏ណែនាំឱ្យមន្ត្រីទូតប្រចាំប្រទេសចិនទាក់ទងជាប្រចាំជាមួយអាជ្ញាធរចិន ដើម្បីផ្ញើបរិក្ខារអនាម័យចាំបាច់នានាទៅឱ្យនិស្សិតខ្មែរ ខណៈខាងសាកលវិទ្យាល័យចិនក៏បានឧបត្ថម្ភស្បៀង និងសម្ភារចាំបាច់នានាដល់និស្សិតខ្មែរទាំងនោះដែរ ហើយថែមទាំងណែនាំពីវិធីបង្ការ និងទប់ស្កាត់របស់អាជ្ញាធរចិន ដើម្បីធានាសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា មកដល់ពេលបច្ចុប្បន្ននេះពុំមានករណីឆ្លងមេរោគវីរុសកូរ៉ូណាលើពលរដ្ឋខ្មែរទេ ហើយក្រសួងការបរទេសក៏បានបង្កើតបណ្ដាញ WeChat ជាមួយនិស្សិតខ្មែរនៅតាមតំបន់នានានៅប្រទេសចិន ដើម្បីសម្រួលការទាក់ទង និងផ្ដល់ព័ត៌មានឱ្យបានទាន់ពេលវេលា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ពីព្រឹកម្សិលមិញថា កម្ពុជាមិនមានពលរដ្ឋជាអ្នកទេសចរ ឬអ្នករកស៊ីដែលកំពុងជាប់នៅក្នុងទីក្រុងវូហានឡើយ ក្រៅពីនិស្សិតចំនួន ២៣ រូបនោះ។
លោកថា៖ «និស្សិតទាំងនោះមិនមានអ្វីជាបញ្ហាទេ គឺសុខភាពពួកគាត់ល្អហើយកន្លងមក គាត់តែងនិយាយឆ្លើយឆ្លងជាមួយស្ថានកុងស៊ុល និងស្ថានទូតយើងប្រចាំប្រទេសចិនគឺនិយាយដោយសើចឮក្អាកក្អាយនៅឡើយទេ ហើយមានអាហារហូបចុកគ្រប់គ្រាន់ត្រឹមត្រូវ»។
ក្រសួងអប់រំឲ្យដឹងថា កម្ពុជាមាននិស្សិតចំនួន ៨៩ នាក់ដែលរៀននៅតាមសាកលវិទ្យាល័យមួយចំនួននៅក្រុងវូហាន ប៉ុន្តែមានចំនួន ៦៦ នាក់បានធ្វើមកលេងស្រុកកំណើតនៅអំឡុងវិស្សមកាល គឺមុនពេលមានការផ្ទុះឡើងវីរុសកូរ៉ូណាថ្មីទៅទៀត ហើយបច្ចុប្បន្ននិស្សិតដែលកំពុងស្ថិតនៅក្នុងទីក្រុងវូហានគឺនៅសល់តែចំនួន ២៣ នាក់ប៉ុណ្ណោះ។
លោក រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំបានលើកឡើងដែរថា ក្រសួងអប់រំក៏បានទាក់ទងទៅក្រុមនិស្សិតទាំងនោះជាប្រចាំថ្ងៃដែរ ដើម្បីសួរនាំពីស្ថានភាពពួកគេនៅទីនោះ។ លោកថា៖ «មកដល់ពេលនេះគឺសុខទុក្ខរបស់ប្អូនៗគឺមានជាធម្មតាទេ។ បងប្អូនមួយចំនួនគឺបានទទួលម្ហូបពីសាកលវិទ្យាល័យផ្ទាល់ដែល ១ ថ្ងៃ ៣ ពេលដោយមានគេយកឱ្យពួកគាត់ដល់នៅមាត់ទ្វារ ហើយនិស្សិតយើងមួយចំនួនទៀតបានធ្វើដំណើរទៅទិញម្ហូបពីខាងក្រៅនៅតាមហាងជិតៗដែលបើកទ្វារហើយយកស្ដុកទុកនៅទូទឹកកកម្ដងបានពី ៤ ទៅ ៥ ថ្ងៃ»។
លោក មួន សេងឡុង និស្សិតពេទ្យឆ្នាំទី ៥ នៅសាកលវិទ្យាល័យមួយនៅក្រុងវូហានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ថា ខាងសាកលវិទ្យាល័យបានអនុញ្ញាតឱ្យនិស្សិតទាំងអស់ឈប់សម្រាករយៈពេល ១ ខែក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីរបស់ប្រទេស ចិន។
និស្សិតរូបនេះបន្តថា ការឈប់សម្រាកបែបនេះ គឺទម្លាប់ធ្វើឡើងជារៀងរាល់ឆ្នាំហើយនិស្សិតខ្មែរមួយចំនួន គឺតែងធ្វើដំណើរមកលេងស្រុកកំណើតដោយសារមានការអនុញ្ញាតត្រឹមត្រូវពីខាងសាកលវិទ្យាល័យ។ លោកបានបញ្ជាក់ថា ក្រុមនិស្សិតចំនួន ៦៦ នាក់ ដែលបានមកលេងនៅខ្មែរ គឺមុនពេលដឹងថានៅក្រុងវូហានមានផ្ទុះវីរុសកូរ៉ូណាហើយមកដល់ពេលនេះសាកលវិទ្យាល័យក៏បានផ្ញើសារតាមអ៊ីមែលប្រាប់ដល់និស្សិតទាំងនោះដើម្បីពន្យារពេលចូលរៀនវិញដោយមិនកំណត់ពេល បន្ទាប់ពីផ្ទុះឡើងនៃវីរុសកូរ៉ូណា។
ចំណែកលោក ប៉ែន បារាំង និស្សិតខ្មែរដែលកំពុងជាប់នៅក្នុងទីក្រុងវូហានថ្លែងថា លោកមិនចង់ឱ្យលោក ហ៊ុន សែន ធ្វើដំណើរមកកាន់ក្រុងវូហានឡើយ។ លោកថា៖ «ខ្ញុំបានឮប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលបានប្រកាសពីសាធារណរដ្ឋកូរ៉េថា លោកចង់មកសួរសុខទុក្ខនិស្សិតផ្ទាល់នៅទីក្រុងវូហាននេះ។ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់គឺគាត់មិនគួរមកទេនៅពេលនេះ។ ប្រសិនបើគាត់អញ្ជើញមកអាចមានភាពស្មុគស្មាញសម្រាប់ក្រុមការងាររដ្ឋបាលក្រុងវូហានក្នុងការរៀបចំទទួលគណៈប្រតិភូ ការរក្សាសុខសុវត្ថិភាព និងសុខភាពជូនគាត់ជាដើម។ ម្យ៉ាងទៀតពួកខ្ញុំទាំង ២៣ រូបគឺនៅទីតាំង ៦ ទីតាំងផ្សេងៗគ្នា ហើយវាពិបាក បើថាជួបក៏មិនដឹងជួបយ៉ាងម៉េច ហើយសាលាគេបានជូនដំណឹងហើយឱ្យនៅក្នុងបន្ទប់ ឬក្នុងអគារ»។
លោក ប៉ែន បារាំង យល់ថាក្នុងនាមជាប្រមុខរដ្ឋាភិបាលនៃប្រទេសមួយគឺលោក ហ៊ុន សែន ត្រូវមានភារកិច្ចច្រើនដែលត្រូវបំពេញទាំងការងារក្នុង និងក្រៅប្រទេស។ «បច្ចុប្បន្នពួកខ្ញុំទាំង ២៣ រូបហ្នឹងមានសុខភាពល្អប្រសើរធម្មតា ហើយកំពុងមានការយកចិត្តទុកដាក់ពីសំណាក់ស្ថានទូតខ្មែរនៅចិនពីសំណាក់សមាគមនិស្សិតនៅចិន ក្រសួងអប់រំ ក្រសួងការបរទេស អ៊ីចឹង! ភាពកក់ក្ដៅមានហើយ ហើយបើសួរថា ចង់ឱ្យគាត់ (ហ៊ុន សែន) អញ្ជើញមកអត់? ខ្ញុំថាចាំពួកខ្ញុំរៀនចប់ ចាំពួកខ្ញុំសុំទៅសួរសុខទុក្ខគាត់វិញក៏បានដែរហើយពេលហ្នឹងគាត់មិនគួរមកទេ»៕