ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ម្សិលមិញ​បាន​រិះគន់​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​ដោយ​កាសែត​ភ្នំពេញ​-​ប៉ុស្តិ៍​ដោយ​លោក​ថា ភ្នំពេញ​ប៉ុស្តិ៍​អះអាង​ថា ប្រទេស​អាល្លឺម៉ង់​បាន​ដាក់​ការ​ហាមប្រាម​ទិដ្ឋាការ ខណៈ​អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ចោទសួរ​អំពី​ក្រមសីលធម៌​របស់​អ្នកកាសែត​ម្នាក់​ដែល​សរសេរ​អត្ថបទ​នេះ​។

ថ្លែង​ទៅ​កាន់​កម្មករ​កាត់ដេរ​កាលពី​ព្រឹក​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​បាន​ចោទសួរ​អំពី​ស្ថានភាព​ពិត​នៃ​អត្ថបទ​ដែល​ចុះផ្សាយ​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​លោក​ថា អត្ថបទ​នេះ​ផ្អែក​លើ​ព័ត៌មាន​ខុស​។

លោក​បាន​ចោទ​សួរ​ថា​៖ «​តើ​អាល្លឺម៉ង់​ហាមប្រាម​ទិដ្ឋាការ​របស់​យើង​ឬ​?... ឥឡូវ​នេះ ខ្ញុំ​លើក​ជា​ឧទាហរណ៍ ថា​តើ​ពួកគេ​ហាមប្រាម​? កាសែត​ភ្នំពេញ-ប៉ុស្តិ៍​! ខ្ញុំ​អត់​ដឹង​ថា តើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទទួល​បាន​ព័ត៌មាន​នេះ​ពី​ណា​? ពួកគេ​ចុះ​ផ្សាយ​ដូច​នេះ ប៉ុន្តែ​ឧទាហរណ៍ ប្រសិន​បើ​អាល្លឺម៉ង់​ធ្វើ​ដូចនេះ អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​គឺ​កម្ពុជា ពួកគេ​និយាយ​ថា​អាល្លឺម៉ង់​នឹង​មិន​ផ្តល់​ទិដ្ឋាការ​ឯកជន​ដល់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​រួម​ទាំង ហ៊ុន សែន​»​។ «​តើ​មាន​ន័យ​យ៉ាងម៉េច​? វា​មាន​ន័យ​ថា ប្រសិន​បើ​យើង​ទៅ​អាល្លឺម៉ង់​ជា​ទេសចរ​ពួកគេ​នឹង​មិន​អនុញ្ញាត​? ប៉ុន្តែ​ប្រសិន​បើ​ទៅ​ជា​កិច្ចប្រជុំ​នឹង​អាច​ទៅ​ចូលរួម​បាន​ឬ​?»​។

អត្ថបទ​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា អាល្លឺម៉ង់​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ និង​ក្រុម​គ្រួសារ​។ នេះ​មាន​ន័យ​ថា​នៅ​ពេល​ការ​ធ្វើ​ដំណើរ​មិនមែន​ជា​ការ​ធ្វើ​ដំណើរ​ផ្លូវការ មន្ត្រី​រដ្ឋាភិបាល​នឹង​ត្រូវ​ឆ្លងកាត់​នីតិវិធី​យូរ​ជាង​មុន ស្មុគស្មាញ​ជាង​មុន និង​ធម្មតា​គ្មាន​លក្ខណ​ពិសេស​ដូច​ក្រោម​ការ​ប្រព្រឹត្ត​អនុគ្រោះ​ពិសេស​នោះ​ទេ​។

ប៉ុន្តែ​ដោយ​ហាក់បី​ដូចជា​ជឿ​ថា អាល្លឺម៉ង់​កាត់ផ្តាច់​ការ​ចេញ​ទិដ្ឋាការ​ទេសចរណ៍​ទាំង​ស្រុង លោក ហ៊ុន សែន​ថ្លែង​ថា​លោក​ក៏​មិន​ចង់​ទៅ​អាល្លឺម៉ង់​ដែរ​។

លោក​សួរ​ថា​៖ «​តើ​មាន​ប្រយោជន៍​អ្វី​ទៅ​ទី​នោះ​?»​។ «​យើង​មិន​ទាន់​បាន​ទៅ​លេង​សព្វ​កន្លែង​នៅក្នុង​ប្រទេស​នៅ​ឡើយ​ផង តើ​យើង​ត្រូវការ​ទៅ​លេង​ប្រទេស​ដទៃ​ធ្វើ​អ្វី​? ប្រទេស​ជិត​ខាង​របស់​យើង តើ​ខ្ញុំ​ទៅ​ញឹកញាប់​ឬ​? ខ្ញុំ​អត់​មាន​ពេល​គ្រប់គ្រាន់ សូម្បី​តែ​មក​ជួប​អ្នក ​(​កម្មករ​)»​។

ទន្ទឹម​នេះ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក​ សុខ ឥសាន បាន​រិះគន់​អ្នក​យក​ព័ត៌មាន​ម្នាក់​កាលពី​ល្ងាច​ម្សិលមិញ​នៅក្នុង​ក្រុម whatsapp ដែល​មាន​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជិត ១០០ នាក់​ដោយ​ថ្លែង​ថា​អត្ថបទ​នោះ​ឆ្លុះ​បញ្ចាំង​ពី​ក្រមសីលធម៌​ខ្សោយ​។ «​ការ​សរសេរ​អត្ថបទ​នេះ​ហាក់បី​ដូចជា​មាន​ចេតនា​អាក្រក់ បំភាន់​សាធារណជន​ឲ្យ​មាន​ការ​យល់ច្រឡំ​។ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​សរសេរ​នេះ​ចង់​ឲ្យ​អាល្លឺម៉ង់​ព្យួរ​ទិដ្ឋាការ​ដូច​អ្វី​ដែល​គាត់​និយាយ​»​។ «​តើ​នោះ​ជា​វិជ្ជាជីវៈ​សារព័ត៌មាន​របស់​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ឈ្មោះ Leone Kijewski? តើ​គាត់​មាន​ភាព​លម្អៀង​ចង់​ឲ្យ​មាន​ការ​ព្យួរ​ទិដ្ឋាការ​ដូច​អ្វី​ដែល​គាត់​សរសេរ​ឬ​? ប្រសិន​បើ​ដូចនេះ គាត់​មិនមែន​ជា​អ្នកកាសែត​ទេ គាត់​ជា​អ្នក​នយោបាយ​»​។

នៅ​ពេល​ទាក់ទង​កាលពី​ថ្ងៃ​ម្សិលមិញ​លោក​ ឥសាន បាន​ថ្លែង​ជា​ដដែលៗ​អំពី​ការ​រិះគន់​របស់​លោក ប៉ុន្តែ​លើក​ឡើង​បន្តិចបន្តួច​ថា អាល្លឺម៉ង់​មិន​បាន​ធ្វើ​សេចក្តី​សម្រេច​ដក​ការ​ប្រព្រឹត្ត​អនុគ្រោះ​ពិសេស​សម្រាប់​ទិដ្ឋាការ​នោះ​ទេ​។ «​តើ​គាត់​ទទួល​ព័ត៌មាន​នេះ​ពី​ណា​? ​ហើយ​នៅ​ចុង​បញ្ចប់​នៃ​អត្ថបទ​នោះ និយាយ​ថា​នឹង​មាន​កិច្ចប្រជុំ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​ ២៦... ហេតុ​ដូច្នេះ​អ្វីៗ​មិន​ទាន់​កើតឡើង​នៅ​ឡើយ​ទេ​»​។

លោក​ ឥសាន ​បន្ត​ថា​៖ «៩០ ភាគរយ​នៃ​អត្ថបទ​នោះ​បាន​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ព្យួរ​ទិដ្ឋាការ​អនុគ្រោះ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​... ហេតុ​អ្វី​អ្នក​និយាយ​ថា​វា​ត្រូវ​បាន​ព្យួរ​រួច​ហើយ​?...»​។

លោក​បន្ត​ថា​៖ «​អ្នក​សរសេរ​នេះ​មិនមែន​ជា​អ្នក​កាសែត​វិជ្ជាជីវៈ ហើយ​ជា​អ្នក​នយោបាយ​ល្អ​ជាង​»​។

លោក​ថ្លែង​ថា​លោក​ពិតជា​ជឿ​ថា​មាន​ «​ឯកសារ​» ​មួយ ប៉ុន្តែ​លោក​ថា​នេះ​មិន​បាន​បញ្ជាក់​ពី​ការ​ព្យួរ​ការប្រព្រឹត្ត​អនុគ្រោះ​ពិសេស​សម្រាប់​ទិដ្ឋាការ​នោះ​ទេ​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​បង្ហោះ​អ៊ីមែល​មួយ​ដែល​បង្ហាញ​ថា ពាណិជ្ជករ​អាល្លឺម៉ង់​ឈ្មោះ Gunther Mull បដិសេធ​ចំពោះ​អត្ថបទ​របស់​កាសែត-ភ្នំពេញប៉ុស្តិ៍​។

ប៉ុន្តែ​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​លោក Mull នៅ​ក្រុមហ៊ុន Dermalog ឈ្មោះ Ingwar Gruneisen បាន​ថ្លែង​កាលពី​យប់មិញ​ថា ការ​អះអាង​ថា​អត្ថបទ​នោះ​ខុស គឺ​ផ្អែក​ទៅ​លើ​ការ​យល់​ខុស ប៉ុន្តែ​លោក​មិន​បាន​បំភ្លឺ​ថា តើ​ការ​យល់​ខុស​នោះ កើត​ចេញ​ពី​លោក Mull ឬ​ក៏​កើត​ចេញ​ពី​មន្ត្រី​កម្ពុជា​។ អត្ថបទ​នេះ​ត្រូវ​បាន​គេ​បកស្រាយ​ខុស​ថា វិធានការ​នោះ​អនុវត្ត​ចំពោះ​ការ​ធ្វើ​ដំណើរ​ផ្លូវការ​របស់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ប៉ុន្តែ​មិនមែន​ដូច្នោះ​ទេ​។

លោក Gruneisen ថ្លែង​ថា​ ការ​អះអាង​មិន​ត្រឹមត្រូវ​ថា អត្ថបទ​នេះ​មិន​សុក្រឹត និង​ «​ប្រឌិត​ដោយ​អ្នក​ប្រឆាំង​គឺ​ផ្អែក​លើ​ការ​យល់​ខុស​អំពី​ខ្លឹមសារ​នៃ​អត្ថបទ​»​។

ច្បាប់​ចម្លង​នៃ​អ៊ីមែល​ដើម​ពី​លោក Mull ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ក៏​មាន​ឃ្លា​មួយ​មិន​បញ្ចូល​ដោយ​លោក​ ខៀវ សុភ័គ ​ដែល​ទំនង​ជា​គាំទ្រ​ចំពោះ​អត្ថបទ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​បង្ហាញ​ថា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នាពេល​ខាង​មុខ​ឆាប់ៗ​នឹង​លែង​ទទួល​បាន​ការ​ប្រព្រឹត្ត​អនុគ្រោះ​ពិសេស​សម្រាប់​ទិដ្ឋាការ​ឯកជន​មិន​ត្រឹម​តែ​ទៅ​អាល្លឺម៉ង់​ទេ ប៉ុន្តែ​ក៏​ថែម​ទាំង​ទៅ​រដ្ឋ​សមាជិក​ដទៃ​ទៀត​ជាង ២០ នៃ​តំបន់ Schengen របស់​អឺរ៉ុប​។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា និង​ជា​មន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ មិន​បាន​ធ្វើ​អ្វី​មួយ​ខុស​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ត្រូវ​តែ​ប្រតិកម្ម​។

លោក​បាន​ថ្លែង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ថា​៖ «​ព័ត៌មាន​នេះ​ត្រូវ​បាន​លេច​ធ្លាយ ប៉ុន្តែ​នៅពេល​យើង​ពិនិត្យ​មើល​គេហទំព័រ​ផ្លូវការ​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​រាជធានី​ភ្នំពេញ វា​មិន​មាន​ទេ​»​។

«​មិន​ថា អាល្លឺម៉ង់​ចេញ​ព័ត៌មាន​នោះ​ឬ​អត់​នោះ​ទេ វា​ប៉ះពាល់​មុខមាត់​កម្ពុជា​។ ក្រសួង​ត្រូវ​តែ​ផ្តល់​ការ​ពន្យល់​មិន​រិះគន់​ [​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​] ប៉ុន្តែ​បាន​បញ្ជាក់​ថា វា​មិន​បាន​កើតឡើង​...​ព័ត៌មាន​នេះ​បាន​ទៅ​ដល់​សារព័ត៌មាន ហើយ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​។ ក្រសួង​ត្រូវ​បាន​បង្ហាញ ដើម្បី​ការពារ​មិន​ឲ្យ​មាន​ភាព​ចលាចល​។ ចំពោះ​ខ្ញុំ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មិន​ខុស​ទេ ដោយសារ​ពួកគេ​មាន​ប្រភព ខណៈ​ក្រសួង​ការបរទេស​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​កិច្ចការ​ទិដ្ឋាការ​ត្រូវ​បង្ហាញ និង​ការពារ​រដ្ឋាភិបាល​របស់​ខ្លួន​»​។

ក្រសួង​ការបរទេស​អាល្លឺម៉ង់​មិន​បាន​ឆ្លើយតប​ត្រឹម​ម៉ោង​ចេញ​កាសែត​ដោយ​ថ្លែង​ថា​ការ​ឆ្លើយតប​ចំពោះ​សំណើ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កំពុង​ព្រាង​នៅ​ឡើយ​៕ PS

រាយការណ៍​បន្ថែមៈ ម៉ិច ដារ៉ា តាំង រីនីត និង​ បែន សុខហ៊ាន