ភ្នំពេញៈ នៅ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​ ៧១ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ «១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩» ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រំឭក​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​តាមរយៈ​បណ្ដាញ​សង្គម​ថា សិទ្ធិសេរីភាព​របស់​កម្ពុជា​ដែល​មាន​បច្ចុប្បន្ននេះ​គឺ​ត្រូវបាន​រំដោះ​យកមក​វិញ ក្រោយ​ពេល​របប​ប្រល័យពូជសាសន៍ ប៉ុលពត ត្រូវ​បាន​ផ្តួលរំលំ​ទាំងស្រុង​នៅ​ថ្ងៃទី​ ៧ ខែ ​មករា ឆ្នាំ​ ១៩៧៩​។

លោក​បាន​លើកឡើង​ថា នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ (១៩៧៥-១៩៧៩) ​ប្រជាពលរដ្ឋ​មិនមាន​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់ សូម្បី​សិទ្ធិ​រស់រាន​មានជីវិត សិទ្ធិ​ទទួលទាន​អាហារ សិទ្ធិ​ពិនិត្យ​ព្យាបាល​ជំងឺ សិទ្ធិ​ជំនឿ​សាសនា សិទ្ធិ​សិក្សាអប់រំ សិទ្ធិ​ជ្រើសរើស​តំណាង និង​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍​ និង​សិទ្ធិ​ប្រកប​ការងារ​ជាដើម​...​។​ល​។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ដកហូត​សិទ្ធិសេរីភាព​ទាំងអស់ ហើយ​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ធ្វើការ​ហួសកម្លាំង ឈឺ​ស្លាប់​ដោយ​គ្មាន​ពេទ្យ និង​ថ្នាំ​ព្យាបាល ព្រមទាំង​បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ជាង​ ៣ ​លាន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​តែ ៣ ឆ្នាំ ៨ ​ខែ និង​ ២០ ​ថ្ងៃ​»​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន សិទ្ធិសេរីភាព​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកបការងារ​តូចធំ ជ្រើសរើស​ជំនឿ​សាសនា និង​សិទ្ធិ​បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​សេរី ហើយ​សិទ្ធិសេរីភាព​ក៏បាន​ធ្វើឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​ជឿនលឿន​ទៅមុខ​ដែរ​។

ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០ ​ធ្នូ ​នៅក្នុង​ឆ្នាំនេះ​បាន​ផ្ដោត​សំខាន់​លើ​ប្រធានបទ​ «​យុវជន​ក្រោកឡើង​ដើម្បី​សិទ្ធិមនុស្ស​» ​និង​រំលេច​ពី​តួនាទី​ដឹកនាំ និង​សក្តានុពល​របស់​យុវជន​ក្នុង​ការចូលរួម​ក្នុង​កិច្ចការងារ​សង្គម ដើម្បី​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព​។

ក្រុម​អង្គការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ម្សិលមិញ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ រូបថត ហ៊ាន រង្សី

នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ ១០ ​ធ្នូ​នេះដែរ ក្រុម​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ២១ ​ផ្សេង​ទៀត បាន​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ឫស្សីកែវ ដើម្បី​បញ្ចេញមតិ​ជុំវិញ​បញ្ហា​ប្រឈម​នានា​ដែល​ពួកគេ​បាន​ជួបប្រទះ​នាពេល​កន្លងមក​។

ក្នុង​ឱកាស​នោះ​លោក​ មាស សារ៉ាត់ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ថ្លែងថា​៖ «​ពលរដ្ឋ​កម្ពុជា​នៅ​ពុំទាន់​អាចអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ដោយ​ពេញលេញ​លើ​ការបញ្ចេញមតិ​ពាក់ព័ន្ធ​កិច្ចការ​សាធារណៈ នយោបាយ និង​ការជួបជុំ​ជា​សាធារណៈ​»​។

លោក​បន្តថា សេរីភាព​សារព័ត៌មាន សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ចូលរួម​ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធាន​ធម្មជាតិ​ក៏​នៅតែ​ជា​ឧបសគ្គ​នៅឡើយ​។

លោកស្រី ចក់ សុភាព នាយិការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​កត់សម្គាល់​ថា ចាប់តាំងពី​ឆ្នាំ​ ២០១៧ មកទល់​ពេល​នេះ សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ត្រូវ​បាន​គេ​មើលរំលង ឬ​ពុំមាន​ការយក​ចិត្ត​ទុកដាក់​ពី​មន្ត្រី​រដ្ឋាភិបាល​នោះឡើយ​។ ការរំលោភ​លើ​សេរីភាព​បញ្ចេញមតិ និង​សមាគម​បាន​កើនឡើង​ដោយសារ​ការបង្ក្រាប​លើ​សមាជិក និង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

លោកស្រី​បញ្ជាក់ថា​៖ «​បញ្ហា​ទាក់ទង​នឹង​សិទ្ធិ​ដីធ្លី​បាន​បន្ត​កើតឡើង និង​រីករាលដាល​នៅ​ទូទាំង​ប្រទេស និង​នៅតែ​ជា​ក្ដី​ព្រួយ​កង្វល់ ព្រោះ​យន្តការ​ស្វែងរក​ភាពយុត្តិធម៌​ជូន​ជនរងគ្រោះ​នៅ​មាន​កម្រិត​»​។

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា និង​សហជីព​រួមទាំង​អង្គការ​សង្គម​ស៊ីវិល​ ២១ ​ផ្សេងទៀត​ដែល​មកពី​បណ្ដា​រាជធានី ខេត្ត​នៅ​ទូទាំង​ប្រទេស​បានរៀបចំ​អនុសាសន៍​មួយចំនួន​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​កែសម្រួល ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕