ភ្នំពេញៈ លោក​ ហ៊ុន សែន រំឭក​ពី​ការតស៊ូ​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ក្នុង​ការរំដោះ​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម ខណៈ​ដែល​ក្រសួង​ការពារជាតិ​បាន​រំឭក​អំពី​ប្រវត្តិសាស្ត្រ​នេះ​នៅ​ខេត្ត​ត្បូងឃ្មុំ ជា​ចំណុច​ចាប់ផ្ដើម​នៃ​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការសង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​ ២០ ខែ​មិថុនា ឆ្នាំ​ ១៩៧៧​។

លោក​ ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​ថ្ងៃទី ២០ ខែ​មិថុនា​គឺជា​ខួប​លើក​ទី​ ៤៣ ឆ្នាំ​ (២០ ​មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃ​ថ្ងៃ​ដែល​ខ្ញុំ​សម្រេចចិត្ត​ដោយ​ការឈឺចាប់ យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​តស៊ូ​រំដោះ​ប្រជាជន​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ ទោះបី​ពេលនេះ​ខ្លួន​​ខ្ញុំ និង​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន រាប់សែន​តំណក់ នៅពេល​ដែល​ខ្ញុំ​ឈាន​ជើង​ចេញ​ពី​មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា​ដែល​កំពុង​រងគ្រោះ ពិសេស​ចាកចេញ​ចោល​ភរិយា​ដ៏កម្សត់​ដែល​កំពុង​មាន​ផ្ទៃពោះ​»​។

លោក​បន្តថា​៖ «​ខ្ញុំ​អត់​មាន​ជម្រើស​ឲ្យ​ល្អ​ជាង​នេះ​ទេ​ព្រោះ​យើង​មិន​អាច​សុំ​ការអាណិត​ពី​ពួក ប៉ុល ពត បាន​ឡើយ​។ ជម្រើស​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ទឹកភ្នែក​នោះ​ហើយ​ដែល​នាំមក​នូវ​សេចក្តីសុខ និង​ការរីកចម្រើន​រហូត​សព្វថ្ងៃនេះ​»​។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក ទៀ បាញ់ កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រារព្ធ​ពិធី​រំឭក​ខួប​ ៤៣ ​ឆ្នាំ​នៃ​ដំណើរ​ឆ្ពោះទៅរក​ការសង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ២០ មិថុនា ឆ្នាំ ១៩៧៧​។ ការរំឭក​នេះ​ធ្វើឡើង​នៅ​តំបន់​កោះថ្ម X១៦ ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​រំឭក​ប្រវត្តិសាស្ត្រ​នៃ​ការចាកចេញ​របស់​លោក ហ៊ុន សែន និង​យុទ្ធមិត្ត​ ៤ ​នាក់​ទៀត​រួមមាន​លោក នុច ថន​, ញឹក ហួន​, សាន សាញ់​, និង វ៉ា ប៉ោអៀន ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម ដើម្បី​សុំ​ជំនួយ​មក​វាយ​លើ​ក្រុម​ខ្មែរក្រហម​ដឹកនាំ​ដោយ​ ប៉ុល ពត​។

លោក​ថ្លែង​ក្នុងពេល​នោះ​ប្រាប់​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន កងយោធពល​ខេមរភូមិន្ទ និង​រដ្ឋបាល​រាជធានី​ខេត្ត ផ្សព្វផ្សាយ​អំពី​ដំណើរ​ជា​ប្រវត្តិសាស្ត្រ​របស់​លោក ហ៊ុន សែន និង​សមមិត្ត​ក្នុង​ការចាប់ផ្ដើម​រំដោះ​ជាតិ​នេះ​។ លោក​ថា លោក​ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​មាន​ការស្រាវជ្រាវ​បន្ត​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ និង​ការសង្គ្រោះ​ជាតិ ចងក្រង​ជា​ឯកសារ​ប្រវត្តិសាស្ត្រ​ដែលមាន​ការទទួល​ស្គាល់​ថ្នាក់ជាតិ​ និង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ប្រវត្តិសាស្ត្រ​នេះ​។ ការធ្វើ​ដូច្នេះ​ដោយសារ​តែ​ប្រភព​ប្រវត្តិសាស្ត្រ​មួយចំនួន​មាន​ភាពលម្អៀង និយាយ​មិន​អស់​សេចក្ដី ខ្លះ​មិន​និយាយ ហើយ​ខ្លះ​និយាយ​លើកកម្ពស់​ថ្វីដៃ​របស់​ខ្លួន​ហួសពេក​។

លោក​ប្រាប់​ឲ្យ​ក្រុម​ស្រាវជ្រាវ​បន្ត​ស្រាវជ្រាវ​ប្រវត្តិ​ធ្វើដំណើរ​នេះ នៅ​ឡុកនិញ និង​ឡុងយ៉ាវ​ពី​ថ្ងៃ​ទី​ ២១ ខែមិថុនា ឆ្នាំ​ ១៩៧៧ ដល់​ថ្ងៃទី​ ១២ ខែ​ឧសភា ឆ្នាំ​ ១៩៧៨ នៅលើ​ទឹកដី​វៀតណាម ដើម្បី​ពង្រឹង​ភ័ស្តុតាង​នៃ​ដំណើរ​រំដោះជាតិ​។ លោក​បាន​ឲ្យ​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ជា​គំរូ​សម្រាប់​ការបង្កើត​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ផ្សេងទៀត​ដែល​រួមចំណែក​ក្នុង​ការចូលរួម​រំដោះជាតិ​។ លើសពីនេះ​ទៀត​ត្រូវ​រៀបចំ​ក្រុមការងារ​ថែរក្សា​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងនេះ​។ លោក​ស្នើ​ឲ្យ​វៀតណាម​ជួយ​កសាង​ផ្លូវ​ប្រវត្តិសាស្ត្រ​នេះ​នៅក្នុង​ទឹកដី​វៀតណាម​។

លោក ហ៊ុន សែន ពេល​និយាយ​ទៅកាន់​ជនភៀសខ្លួន​មកពី​ភូមិភាគ​បូព៌ា​ក្នុង​ឆ្នាំ ១៩៧៧​។ រូបថត មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា

ក្រៅពី​អនុសាសន៍​ដែល​បាន​លើកឡើង​លោក​ ទៀ បាញ់ ក៏​សម្ដែង​ការសោកស្ដាយ​ចំពោះ​អ្នក​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ការរំឭក​ដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​តែ​បែរ​ជា​មិន​មក​ចូលរួម​។ «​ដូច្នេះ​ការចូលរួម​អបអរសាទរ​ក្នុង​រយៈពេល​ ១ ​ថ្ងៃ​មិន​ប៉ះពាល់​ធុរកិច្ច មិន​ប៉ះពាល់​ដល់​មុខតំណែង​តួនាទី ឬ​កិច្ចការ​ដែល​វា​ធ្វើឲ្យ​បាត់បង់​អ្វី​ដែល​មាន​សារៈសំខាន់​នោះទេ​។ ដោយឡែក​អ្នក​ដែល​មិន​ទទួល​បាន​ការអញ្ជើញ​នោះ​ជា​រឿង​ផ្សេង​»​។

លោក​ ទៀ បាញ់ ថ្លែង​ថា​ កម្ពុជា និង​វៀតណាម​តែង​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ហើយ​មិត្តភាព​នេះ​មិន​អាច​បំបែកបំបាក់​បាន​ទេ​ទោះបី​លោក​តែង​ឃើញ​មាន​មនុស្ស​មួយចំនួន​តែង​ព្យាយាម​បំបែកបំបាក់​មិត្តភាព​នេះ​ក្តី​។ «​ដូច្នេះ​យើង​កសាង​អ្វី​ដែល​ជា​តឹកតាង​ច្បាស់លាស់​ថា គ្មានទេ គ្មាន​ជាដាច់ខាត គ្មាន​ការបំបែកបំបាក់​បានទេ​កូនចៅ​ ឬ​ក៏​ក្មួយៗ​ជំនាន់​ក្រោយៗ​ត្រូវ​ដឹង​ច្បាស់​គ្មាន​ទេ​ការបែកបាក់​ពេល​លំបាក​យ៉ាងណា​ក៏ដោយ គឺ​កម្ពុជា​វៀតណាម​នៅតែ​រួបរួម​ជាមួយ​គ្នា​។ មូលហេតុ​ប្រវត្តិសាស្ត្រ មូលហេតុ​ភូមិសាស្ត្រ​គឺ​នៅ​ជាប់​គ្នា​។ ដូច្នេះ​ការជួយ​គ្នា​ទៅវិញ​ទៅមក​មិន​មាន​ដាច់​ខ្សែរយៈ​ទេ​»​។

ក្នុង​គម្រប់​ខួប​ ៤៥ ​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ដែល​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ២០ ខែ​មិថុនា ឆ្នាំ​ ២០២២ លោក ទៀ បាញ់ គ្រោង​នឹង​រៀបចំ​ពិធី​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​មាន​ការអញ្ជើញ​សេដ្ឋី អ្នក​មាន​ទ្រព្យសម្បត្តិ ឧកញ៉ា និង​មន្ត្រី​ថ្នាក់​ធំៗ​មក​ចូលរួម ដើម្បី​ដឹង​ពី​គុណ​អ្នកដឹកនាំ និង​អំពី​ដំណើរ​ចាកចេញ​ទៅ​រំដោះជាតិ​។

លោក​ ផេង ពង្សរ៉ាស៊ី នាយក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​បាន​ថ្លែងថា ដើម្បី​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​នៃ​ការចាប់ផ្ដើម​ដំណើរ​រំដោះជាតិ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បង្កើត​ «​មជ្ឈមណ្ឌល​ឯកសារ​កោះថ្ម​» តាម​គំនិត​របស់​នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​លោក ទៀ បាញ់​ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស ក្រសួង​ការពារជាតិ ជាមួយ​នឹង​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។

លោក​ ពង្សរ៉ាស៊ី ថ្លែងថា «​មជ្ឈមណ្ឌល​ឯកសារ​កោះថ្ម​» រៀបចំ​ដាក់តាំង​ពិព័រណ៍​បង្ហាញ​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​រូបភាព​ចំនួន​ ១០៧ ​សន្លឹក​រូបគំនូរ​ចំនួន​ ៣៦ ​ផ្ទាំង​ និង​ផែនទី​ចំនួន ៦ ​ផ្ទាំង​។ ការរៀបចំ​តាំងពិព័រណ៍​នេះ​ធ្វើ​ឡើង​នៅក្នុង​បន្ទប់​ចំនួន​ ២ ​នៃ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម​ស្ថិត​នៅ​ក្នុងភូមិ​កោះថ្ម ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ តាម​ការស្នើសុំ​របស់លោក​ សៅ សុខា អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​មាន​ការយល់ព្រម​ពី​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​។

ឯកសារ​ដែលមាន​ដាក់តាំង​នៅ​មជ្ឈមណ្ឌល​នេះ​រួមមាន​ឯកសារ​ដែល​យក​ចេញពី​ឯកសារ​ខ្មែរក្រហម ឯកសារ​អាមេរិក និង​ឯកសារ​វៀតណាម និង​រូបភាព​ទាំងឡាយ​ផ្តើម​ចេញពី​អ្នកថតរូប និង​គូររូប​ចំនួន​ ៥ ​រូប​៕