ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លុបចោល និង​លើក​ពេល​ចូលរួម​កម្មវិធី​ដែល​បាន​គ្រោងទុក​មួយចំនួន ដើម្បី​បន្តធ្វើ​ចត្តាឡីស័ក បើទោះបី​ជា​រូបលោក និង​អ្នក​ប៉ះពាល់​ប្រមាណ ៦២៨ ​នាក់​ដែលជា​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស ហុងគ្រី ត្រូវ​បាន​ធ្វើតេស្ត​អវិជ្ជមាន​ទាំងអស់​ពី​ជំងឺ​កូវីដ​១៩​ក៏ដោយ​។

លោក ហ៊ុន សែន បាន​បញ្ជាក់​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ពុធ​ថា ទោះបី​លោក​មិនមាន​ឆ្លង​កូវីដ​១៩​ក្តី តែ​ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​ដែល​គ្រូពេទ្យ​តម្រូវ​ឱ្យ​លោក​រស់នៅ​ដាច់​ដោយ​ឡែក​រយៈពេល​ ១៤ ​ថ្ងៃ​ សូម្បីតែ​ភរិយា កូន និង​ចៅ​របស់លោក​ក៏​មិនអាច​ជួប​បានដែរ​។

ដូច្នេះ​លោក​សូម​ព្រះរាជទាន​ទោស​ពី​អង្គព្រះមហាក្សត្រ និង​ហ្លួងម៉ែ​ដែល​មិនអាច​ដង្ហែ​ព្រះអង្គ​ទាំង​ទ្វេ យាង​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដង្ហែ​ព្រះអង្គ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ ៩ វិច្ឆិកា​ បាន​។ បន្ថែម​ពីនេះ​លោក​បាន​លុបចោល​ដំណើរ​ចុះ​ជួប​ប្រជាពលរដ្ឋ និង​បាន​លើក​ពេល​កម្មវិធី​មួយចំនួន​ទៀត​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សូម​អភ័យទោស​ពី​បងប្អូន​ជនរួមជាតិ​នៅ​ខេត្តពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ​ដែល​ខ្ញុំ​មិនអាច​ចូលរួម​ចែក​ស្រូវពូជ និង​ជំនួយ​សង្គ្រោះ​បាន​ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ទៅ​ចែក​ជំនួស​។ សូម​លើក​ពេល​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ខេត្ត​សៀមរាប​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ ១៦ ​វិច្ឆិកា ២០២០ ​ទៅ​ពេល​ក្រោយ​វិញ​»​។

លោក​ថ្លែងថា​៖ «​សូម​អធ្យាស្រ័យ​ពី​សំណាក់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ខ្ញុំ​មិនអាច​ចូលរួម​ប្រជុំបាន​ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ចូលរួម​ពីថ្ងៃ​ ១២ ​ដល់​ថ្ងៃ​ ១៥ វិច្ឆិកា​ ២០២០ ​ខាងមុខនេះ​។ ទោះ​ត្រូវ​អាក់ខាន​ចេញ​ពី​ផ្ទះ​ដែល​ជា​ការតម្រូវ​របស់​គ្រូពេទ្យ​ក្នុង​ការធ្វើ​​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ តែ​ខ្ញុំ​នៅតែ​បំពេញ​ការងារ​ដោយ​ពិនិត្យ​សម្រេច​ និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​របស់​រាជរដ្ឋាភិបាល​បាន​ដដែល​»​។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី​លោក​នឹង​យក​ពេលវេលា​ក្នុងអំឡុង​ពេលធ្វើ​ចត្តាឡីស័ក​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ក្នុង​បរិវេណ​ផ្ទះ​ដោយ​មិនឱ្យ​មនុស្ស​ដទៃ​មក​ជិត​ឡើយ តែ​លោក​អនុញ្ញាត​ដល់​សមាជិក​រាជរដ្ឋាភិបាល អភិបាលខេត្ត និង​មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ នៅតែ​អាច​រាយការណ៍ ឬ​សុំ​យោបល់​ពី​លោក​បាន​ដដែល​។

លោក​មាន​ប្រសាសន៍​ថា​៖ «​នេះ​ជា​វិធី​ដែល​ល្អ​បំផុត ដើម្បី​សុវត្ថិភាព និង​សុខភាព​ទាំងអស់​គ្នា​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ដែល​បារម្ភ​ពី​សុខភាព​ខ្ញុំ​ និង​ជូនពរ​ដល់​ខ្ញុំ​»​។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ស្តីពី​ករណី​ជំងឺ​កូវីដ​ ១៩ លើ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ថៃ​គឺ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាមៗ រក​អ្នក​ប៉ះពាល់​ជាមួយ​គាត់ អំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

ក្រសួង​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ម៉ោង ១១ យប់ ថ្ងៃទី​ ៤ ខែវិច្ឆិកា មាន​អ្នកប៉ះពាល់​សរុប ៦២៨ នាក់ ​ត្រូវ​បាន​ធ្វើតេស្ត​វត្ថុ​សំណាក​ដោយ​វិទ្យាសាស្ត្រ​ប៉ាស្ទ័រ​កម្ពុជា ដែល​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ទាំងអស់​គ្នា​។ ក្រសួង​កំពុង​បន្ត​ការស្រាវជ្រាវ និង​ជម្រាបជូន​សាធារណជន នៅពេល​ទទួល​បាន​លទ្ធផល​វិភាគ​វត្ថុ​សំណាក​ជា​បន្តបន្ទាប់​ទៀត​»​។

ជាមួយ​គ្នា​នេះ​ដែរ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ៤ ខែ​វិច្ឆិកា បាន​ប្រកាស​ឱ្យ​គ្រឹះស្ថានសិក្សា​ដែលមាន​បុគ្គល ឬ​សិស្សានុសិស្ស​មាន​ការពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​នៃ​ប្រទេស​ហុងគ្រី​ត្រូវ​ផ្អាក​ដំណើរការ​សិក្សា​រយៈពេល​ ១៤ ​ថ្ងៃ​សិន​។ ក្រសួង​អប់រំ​បាន​អះអាង​ថា ក្រៅពី​ផ្អាក​រយៈពេល​ ១៤ ថ្ងៃ ចំពោះ​បុគ្គលិក និង​អ្នកពាក់ព័ន្ធ​ទាំងអស់ អ្នក​ទាំងនោះ​ត្រូវធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួនឯង ១៤ ថ្ងៃ​ផងដែរ ខណៈ​កម្មវិធី​រៀន​តាម​អនឡាន​ចំពោះ​គ្រឹះស្ថាន​ដែល​បាន​ផ្អាក​គឺ​នៅ​ដំណើរការ​ជាធម្មតា​។

ក្រសួង​បញ្ជាក់​ទៀត​ថា​៖ «​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក សិស្សានុសិស្ស និស្សិត មាតាបិតា និង​អ្នក​អាណាព្យាបាល​នៅ​តាម​គ្រឹះស្ថានសិក្សា​ខាងលើ​ត្រូវ​លើក​កម្ពស់​ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់បំផុត និង​បន្ត​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​។ ក្នុងករណី​ដែល​សង្ស័យ​ត្រូវ​ទាក់ទង​ទៅ​ក្រសួង​សុខាភិបាល​»​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា លោកស្រី និង​អ្នក​ដទៃទៀត​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ពី​ការធ្វើតេស្ត​កូវីដ​១៩ ប៉ុន្តែ​លទ្ធផល​នេះ​មិន​បានន័យថា យើង​អាច​ចេញ​ដើរ​ដូច​ធម្មតា​បាន​ឡើយ​។

លោកស្រី​និយាយ​បន្ថែមថា​៖ «​អ្នកផ្ទះ​ខ្ញុំ​ទាំងអស់​នឹង​រង់ចាំ​ថ្ងៃទី​ ១៣ ដើម្បី​ធ្វើតេស្ត​ម្ដងទៀត​ដែល​ជា​លទ្ធផល​សម្រេច​។ ក្នុង​នាម​ជា​អាណាព្យាបាល​សិស្ស ខ្ញុំ​យល់​ពី​ការព្រួយបារម្ភ​របស់​ពួកគាត់ (​កូនៗ​) ​នឹង​សូម​អរគុណ​សាលា​របស់​ពួកគាត់​ដែល​បាន​ចាត់វិធានការ​ត្រឹមត្រូវ​ និង​ទាន់​ពេលវេលា​»​។

តាម​តួលេខ​ចុងក្រោយ​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី ​៥ វិច្ឆិកា កម្ពុជា មិន​មាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩ ថ្មី​នោះ​ទេ​ដោយ​មាន​អ្នក​ឆ្លង​សរុប​ទូទាំង​ប្រទេស​ចំនួន ២៩២ ​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ​ចំនួន ៣ នាក់​បន្ថែមទៀត​ដែល​នាំឱ្យ​អ្នក​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ២៨៦ ​នាក់​៕