ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចចិត្តលុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល ២ ដាច់ដោយឡែកពីគ្នាដែលធ្វើឡើងនៅក្នុងទីក្រុង ប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដោយហេតុម្ដាយក្មេករបស់លោកកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ដែលលោកពិនិត្យឃើញថាពិបាកនឹងសង្គ្រោះ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងឲ្យដឹងជាសាធារណៈកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ថា៖ «ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំ កំពុងស្ថិតនៅសង្គ្រោះបន្ទាន់ និងពិនិត្យឃើញថា ពិបាកនឹងសង្គ្រោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុង ប៊ូសាននៃសាធារណរដ្ឋកូរ៉េ»។
លោកក៏បានឲ្យដឹងទៀតថា៖ «ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន និងឯកឧត្តម ប្រាយុធ ចាន-អូចា នាយករដ្ឋមន្ត្រីថៃដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត ចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំង ២ ខាងលើ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា៖ «គាត់ (ម្ដាយក្មេកសម្ដេចតេជោ) ចាស់អាយុ ៩៧ ឆ្នាំ ហើយគាត់មានជំងឺចាស់ជរា។ ខ្ញុំអត់ដឹងទេខ្ញុំគ្រាន់តែដឹងថា សម្តេចបានសរសេរនៅលើហ្វេសប៊ុករបស់សម្តេចថា (ម្តាយក្មេករបស់លោក) គាត់កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ គាត់ (សម្តេច) មិនហ៊ានទៅណា (ដោយហេតុ) ដើម្បីនៅលើកទឹកចិត្តម្ដាយលោក»។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលទទួលបានការតែងតាំងពីនាយករដ្ឋមន្ត្រីកាលពីម្សិលមិញបានដឹកនាំគណៈប្រតិភូចេញដំណើរឆ្ពោះទៅទីក្រុង ប៊ូសាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កូរ៉េ និងមេគង្គកូរ៉េជាបន្តចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ វិច្ឆិកា។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានអះអាងថា៖ «(កិច្ចប្រជុំ) ដំណើរការរលូនធម្មតាអត់មានបញ្ហាអ្វីទេ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំនួសមុខតំណាងសម្តេចតេជោដើម្បីមកចូលរួមកម្មវិធីដូច្នេះមិនមានអ្វីផ្លាស់ប្តូរទេ»។
លោក ឌីម៉ង់ ថ្លែងថា៖ «កម្ពុជា និងសាធារណរដ្ឋកូរ៉េ បាននិងកំពុងស្វះស្វែងរកលទ្ធភាពលើកកម្ពស់កម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រីកនូវសក្តានុពលភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាដើម»។
លោកបានបន្តថា៖ «ឥឡូវនេះយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២។ ពិតណាស់មកដល់ពេលនេះយើងមិនទាន់ក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឡើយទេ ប៉ុន្តែយើងកំពុងធ្វើកិច្ចសហប្រតិបត្តិការគ្នាលើច្រើនវិស័យនេះ ហើយត្រូវការទៅវិញទៅមក។ យើងគិតថា មិនយូរមិនឆាប់ទេ លទ្ធភាពរៀបចំឱ្យទៅជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ នេះមិនអាចខកខានបានទេ ព្រោះសព្វថ្ងៃនេះប្រទេសអាស៊ានស្របនឹងនយោបាយទិសខាងត្បូង (New Southern Policy) របស់កូរ៉េនេះ យើងនឹងមានការឈានទៅចាប់ដៃគ្នាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា តំណាងលោកនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាអំពីទិសដៅអនាគតក្នុងកិច្ចខិតខំដើម្បីសម្រេចឲ្យបាននូវសមាហរណកម្មតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌នឹងថ្លែងពីផែនការឆ្ពោះទៅមុខដែលស្របជាមួយគោលនយោបាយភាគខាងត្បូងថ្មី។ ព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដើម្បីជំរុញបន្ថែមនូវភាពជាដៃគូរវាងកម្ពុជា និងបណ្ដាប្រទេសមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ប្រយោជន៍ប្រជាជនខ្លួន»៕