ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តដល់យុវជនកម្ពុជាឲ្យត្រៀមប្រវត្តិរូប និងរៀបចំខ្លួន ដើម្បីដាក់ពាក្យ និងទទួលបានការសម្ភាសភ្លាមៗដើម្បីបានធ្វើការងារក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០១៩ ដែលមានក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិជាង ១៥០ ក្រុមហ៊ុន និងឱកាសការងារប្រមាណ ២ ម៉ឺនកន្លែង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធថា នេះគឺជាឱកាសការងារសម្រាប់យុវជននៅក្នុង «ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ ២០១៩ ចាប់ពីថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះនៅមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកថា៖ «នេះជាឱកាសដ៏ល្អបំផុតសម្រាប់យុវជនដែលបម្រុងរកការងារធ្វើ។ ឱកាសការងារល្អៗគ្រប់ប្រភេទជាង ២ ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗជាង ១៥០ កំពុងរង់ចាំយុវជនយុវនារីក៏ដូចជានិស្សិតរបស់យើង នៅក្នុងពិព័រណ៍ការងារប្រចាំឆ្នាំនេះ»។
លោក ហ៊ុន សែន បានថ្លែងថាទាំងនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីមុខរបរ និងការងារក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវដំណើរការទីផ្សារការងារកាត់បន្ថយភាពមិនស៊ីគ្នារវាងតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម។ លោកបន្តថា វាក៏មានគោលដៅបង្កើនប្រសិទ្ធភាពទីផ្សារការងារ អប់រំបណ្តុះបណ្តាលជំនាញ និងការផ្តល់នូវព័ត៌មានទីផ្សារការងារជាដើម ដើម្បីទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
លោកបន្តថា៖ «ក្មួយៗយុវជនយុវនារីអាចត្រៀម CV និងរៀបចំខ្លួន ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗនៅកន្លែងតែម្តងនៅក្នុងពិព័រណ៍ការងារនោះ។ សូមជូនពរក្មួយៗយុវជនទទួលបានការងារធ្វើគ្រប់ៗគ្នា»។
ពិព័រណ៍ការងារ និងផលិតភាពជាតិគឺជាព្រឹតិ្តការណ៍មួយដែលចាប់ផ្ដើមពីថ្ងៃទី ២-៣ ខែវិច្ឆិកា ដើម្បីផ្តល់នូវទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នករកការងារធ្វើ និងកម្មករនិយោជិតក្នុងការទទួលបានឱកាសការងារជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារថានេះគឺជាលើកទី ៩ ហើយដែលកម្ពុជាបានរៀបចំឲ្យមានពិព័រណ៍ការងារ និងផលិតភាពជាតិ បន្ទាប់ពីលើកដំបូងបានចាប់ផ្តើមតាំងពីឆ្នាំ ២០១១ ដែលឆ្នាំនេះត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយកម្មវិធីចាប់ផ្តើមដំណើរការចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់។
លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារបានលើកឡើងក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថា ឱកាសការងារសរុបជាង ២ ម៉ឺននឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗជាង ១៥០ មកពីវិស័យសំខាន់ៗដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងបដិសណ្ឋារកិច្ចទូរគមនាគមន៍ ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជននៅក្នុងបញ្ជរសរុបចំនួន ៣០។
ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែងលោក ហៃ ហ៊ុនឡេង ឲ្យដឹងដែរថា អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការតម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគតកម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍន៍ជំនាញ។
បើតាមសេចក្តីប្រកាសព័ត៌មាន មហាព្រឹត្តិការណ៍នេះនឹងរៀបចំផងដែរនូវសិក្ខាសាលាស្តីពីផលិតភាព ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីផលិតភាព ការបង្ហាញអំពីវិធីសាស្ត្របំពេញការងារ គំនិតច្នៃប្រឌិតថ្មី ជំនាញនិងឧបករណ៍បច្ចេកវិទ្យាស្របតាមការវិវត្តនៃបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មទី ៤ ដែលពឹងផ្អែកជាចម្បងលើប្រព័ន្ធឌីជីថល។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សថ្លែងពីម្សិលមិញថា កម្លាំងពលកម្មដែលហក់ចូលក្នុងទីផ្សារការងារគឺមានប្រមាណ ៤០ ម៉ឺននាក់ក្នុង ១ ឆ្នាំៗ ខណៈឆ្នាំនេះយុវជនកម្ពុជាប្រមាណ ៧ ម៉ឺននាក់បានបញ្ចប់ការសិក្សាកម្រិតទុតិយភូមិដែលពួកគេភាគច្រើនបានហក់ចូលទីផ្សារការងារតែម្តង។
លោកបន្តថា ដូច្នេះការដែលយុវជនបានដឹងព័ត៌មានជុំវិញពីការងារគឺជារឿងសំខាន់ហើយពិព័រណ៍ការងារនេះ ក៏ជាផ្នែកមួយជួយឲ្យយុវជនកម្ពុជាបានទទួលឱកាសការងារ និងដឹងពីព័ត៌មានផ្សេងៗផងដែរ។
ប៉ុន្តែលោកយល់ថា៖ «មិនមែនតែរឿងពិព័រណ៍ការងារតែមួយមុខទេ ព្រោះអ្នកស្វែងរកការងារធ្វើគឺមានជារៀងរាល់ថ្ងៃដែលក្នុង ៤០ ម៉ឺននាក់ក្នុង ១ ឆ្នាំៗ។ កន្លងមកយើងធ្លាប់ដឹងថា មានវេបសាយប្រកាសពីរឿងការងារនេះរបស់ក្រសួងការងារខ្លះដែរ ប៉ុន្តែអ្វីដែលខ្ញុំសម្គាល់ឃើញគឺគុណភាពនៃការងារក្នុងន័យលក្ខខណ្ឌការងារប្រាក់ឈ្នួល។ល។ ប្រហែលជាមិនទាន់បានឆ្លើយតបកម្រិតរបស់យុវជនយើងទេ»៕