The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ហ៊ុន សែន លើក​ពី​គុណសម្បត្តិ​ជប៉ុន ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា

លោក ហ៊ុន សែន លើក​ពី​គុណសម្បត្តិ​ជប៉ុន ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា

Content image - Phnom Penh Post
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Norikazu Suzuki។ រូប SPM

លោក ហ៊ុន សែន លើក​ពី​គុណសម្បត្តិ​ជប៉ុន ក្នុង​ការ​ស្វែងរក​សន្តិភាព​សម្រាប់​កម្ពុជា

ភ្នំពេញៈ ក្នុង​ជំនួប​ទ្វេភាគី ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ​ថ្ងៃទី ២១ ​សីហា ​ក្រៅ​ពី​ដើម្បី​បន្ត​ ពង្រឹង​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​មេ​ដឹកនាំ​កម្ពុជា ​ក៏​បាន​លើក​ពី​គុណ​សម្បត្តិ​របស់​ជប៉ុន ​ដែល​បាន​ជួយ​កម្ពុជា ​នាពេល​កន្លង​មក ​ទាំង​ការស្វែង​រក​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ ខណៈ​អ្នក​វិភាគ​យល់​ថា ​ការ​ជួយ​របស់​ជប៉ុន​ហាក់​មិនមាន​ការ​ជ្រៀតជ្រែក​ក្នុង​នយោបាយ​កម្ពុជា​ធំ​ដុំ​នោះ​ទេ។

យោង​តាម​ហ្វេសប៊ុក ​កាល​ពី​ថ្ងៃទី ២១ ​ខែ សីហា ​របស់​លោក ​ហ៊ុន សែន ​បាន​សរសេរ​ថា ​អនុរដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុន ​លោក Norikazu Suzuki បាន​លើក​ឡើង​ពី​គម្រោង​ជប៉ុន​ ដែល​បាន​ជួយ​ដល់​កម្ពុជា​នាពេល​កន្លង​មក ​ដូច​ជា​ផ្លូវ​ជាតិ​លេខ ១​ ផ្លូវ​ជាតិ​លេខ ៥ ​គម្រោង​អភិវឌ្ឍន៍​នៅ​ភ្នំពេញ​ ការ​ជួសជុល​ប្រាសាទ ​និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ផ្លូវ ​ស្ពាន​ជាដើម។

ជា​ការ​បន្ថែម​ទៅ​អ្វី​ដែល​ អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លើក​ឡើង​នេះ ​លោក ​ហ៊ុន សែន ​ក៏​បាន​តប​ទៅ​នឹង​ភាគី​ជប៉ុន​វិញ​ថា​ ប្រទេស ​ជប៉ុន ​កន្លង​មក​តែងតែ​ជួយ​ដល់​ប្រទេស ​កម្ពុជា ​ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព ​និង​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​កម្ពុជា ​និង​បាន​ចូលរួម​អភិវឌ្ឍ​កំពង់ផែ​ខេត្ត​ព្រះសីហនុ។

បើ​តាម​ហ្វេសប៊ុក ​លោក ​ហ៊ុន សែន​​បញ្ជាក់​ថា​៖ «ភាព​រីក​ចម្រើន​របស់​ប្រទេស ​កម្ពុជា ​ក៏​មាន​ការ​ចូលរួម​ពី​ប្រទេស ​ជប៉ុន ​យ៉ាង​ច្រើន​ផង​ដែរ​ទៅ​លើ​វិស័យ​ផ្សេងៗ»​។

លោក ​ហ៊ុន សែន ​បន្ត​ទៀត​ថា​ ក្រៅ​ពី​ជំនួយ​កម្ចី​សម្បទាន ​ជប៉ុន​ក៏​បង្កើន​ការ​វិនិយោគ​នៅ​កម្ពុជា។ ភ្ញៀវ​ទេសចរ​ជប៉ុន​បាន​កើន​ឡើង​ជា​លំដាប់។ លោក​បន្ថែម​ថា ​ជប៉ុន​បាន​ធ្វើ​ការ​សិក្សា​រក​ដំណោះស្រាយ​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅ​ភ្នំពេញ។ ​ភ្នំពេញ​បច្ចុប្បន្ន​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ​ហើយ​លោក​ស្នើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មក​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅ​ភ្នំពេញ​នេះ​ឱ្យ​បាន​ឆាប់។

លោក ​កេត សោផាន់ ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃទី ​២០​ សីហា ​ថា​ទស្សនកិច្ច​របស់​អនុរដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ ​«ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​និង​ទំនាក់ទំនង​ទ្វេភាគី»​ រវាង​ប្រទេស​ទាំង ​២។

លោក ​មាស នី ​អ្នក​វិភាគ​នយោបាយ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ​លោក​ទទួល​ស្គាល់​ការ​ជួយ​ជ្រោមជ្រែង​របស់​ជប៉ុន​ចំពោះ​កម្ពុជា។ ជប៉ុន​ក៏​ជា​ប្រទេស​ធំ​ទី២ ​ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​ដែល​មាន​ទំហំ​ទឹក​ប្រាក់ប្រមាណ ​១ ៧០០ លាន​ដុល្លារ ​មក​ដល់​ពេល​នេះ ​បន្ទាប់​ពី​ចិន។ ទី៣ ​គឺ​បារាំង ​ហើយ​ទី៤ ​គឺ​ប្រទេស ​កូរ៉េ។ ជំនួយ​ជប៉ុន​ភាគ​ច្រើន​ផ្តល់​ទៅ​លើ​វិស័យ​ដឹក​ជញ្ជូន​ សេវាកម្ម​សាធារណៈ ​ជា​ពិសេស​ការ​ពង្រីក​ទីក្រុង។

លោក ​មាស នី ​បន្ថែម​ថា ​បើ​មើល​ពី​ផល​ប្រយោជន៍​នៃ​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ជប៉ុន ​កាល​ណា​ជប៉ុន​ជួយ​សាងសង់​ផ្លូវ​ថ្នល់​ដល់​កម្ពុជា ​ជប៉ុន​នឹង​ទទួល​ផល​ចំណេញ​ធំ​ពី​ការ​លក់​រថយន្ត​មក​ឱ្យ​កម្ពុជា​វិញ។ នៅ​កម្ពុជា​គម្រោង​វិនិយោគទុន​ប្រមាណ​ជាង ​៤០ គម្រោង ​ភាគ​ច្រើន ​៩០ ភាគរយ ​គឺ​ជា​គម្រោង​របស់​ចិន ​ហើយ​ជប៉ុន​មាន​តែ ​២ ​ទៅ ​៣ ភាគរយ​ប៉ុណ្ណោះ។

លោក ​មាស នី ​បាន​ថ្លែង​ថា​៖ «​ក៏​ប៉ុន្តែ ​យើង​សង្កេត​ឃើញ​មាន​ចរន្ត​មួយ​ត្រង់​ថា ​ការ​ជួយ​របស់​ជប៉ុន​នេះ ហាក់​ដូចជា​មិន​មាន​ការ​ជ្រៀតជ្រែក​អ្វី​ធំ​ដុំ​មក​លើ​ប្រព័ន្ធ​នយោបាយ​ក្នុង​ស្រុក​របស់​យើង​ទេ។ ប៉ុន្តែ ​ខុស​គ្នា​ពី​ចិន។ យើង​ឃើញ​ថា​ ចិន​នៅ​ពេល​ដែល​ចិន​ចាប់​ផ្តើម​ពង្រឹង​ទំនាក់ទំនង​កាន់​តែ​ជិត​ជាមួយ​កម្ពុជា គឺ​យើង​ឃើញ​ថា ​ការ​ផ្លាស់ប្តូរ​នូវ​ប្រព័ន្ធ​រចនា​សម្ព័ន្ធ​នយោបាយ​ក្នុង​ប្រទេស ​កម្ពុជា ​ក៏​ប្តូរ​លឿន​ដែរ។ ដូច​ជា​យើង​ឃើញ​ហើយ​ថា ​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​ពហុបក្ស​មក​ឯកបក្ស ​មក​បក្ស​តែ​មួយ​អីហ្នឹង​គឺ​សុទ្ធ​តែ​ជា​ឥទ្ធិពល​ដែល​កើត​ឡើង​ក្រោយ​ពី​ការ​ទាក់ទង​រវាង​ចិន​ហើយ​និង​កម្ពុជា»។

លោក ​មាស នី ​បាន​បញ្ជាក់​ថា ​ជប៉ុន​នៅ​តែ​ថ្លែង​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហើយ​ជប៉ុន​នៅ​តែ​ចង់​ឃើញ​កម្ពុជា​វិល​ត្រឡប់​ទៅ​រក​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​អនុវត្ត​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ទៅ​វិញ។

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​រាល់​ជំនួយ​ទាំង​អស់​ស្ថិត​​ក្នុង​ទិសដៅ​កិច្ច​សហប្រតិបត្តិការ​ មិនមែន​ចាប់​បង្ខំ​ដើម្បី​ឱ្យ​ជ្រៀតជ្រែក​យក​ផល​ប្រយោជន៍​ពី​នេះ ​ឬ​ពី​នោះ​ទេ។

លោក ​ស៊ីផាន ​ថ្លែង​ថា​៖ «មុន​នឹង​បាន​ទទួល​ជំនួយ​មួយៗ​គេ​មាន ​MoU (អនុស្សរណៈ​យោគយល់​គ្នា) ​របស់​វា។ MoU សរសេរ​ច្បាស់​ណាស់។ មិន​មែន​ជំនួយ​ឱ្យ​ប៉ុន​នេះ​ ទៅ​យក​កោះ​នោះ​មួយ។ ឬ​ជំនួយ​ប៉ុន​នេះ​ឱ្យ​ដី​ហ្នឹង​មួយ​ដុំ។ គឺ​អត់​មាន​ទេ»។

អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​ជប៉ុន​លោក​ Norikazu SUZUKI បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ ៣ ​ថ្ងៃ ​នៅ​កម្ពុជា ​គឺ​ចាប់ពី​ថ្ងៃទី ២១ ​ដល់​ថ្ងៃទី ២៣ ​ខែ សីហា ​ឆ្នាំ ២០១៩ ដោយ​ជួប​ជាមួយ​​ ​លោក ​ហ៊ុន សែន លោក ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍