ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា​នៅ​ថ្ងៃនេះ​លោក​ត្រូវ​ជួប​មេដឹកនាំ​ទូត​ចំនួន​ ៣ ​រូប​ដូចជា អគ្គរាជទូត​ជប៉ុន អគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​អគ្គរដ្ឋទូត​នៃ​សហរដ្ឋ​អាមេរិក​ដែល​ទើប​ថ្វាយ​សារតាំង​ព្រះមហាក្សត្រ​ថ្មីៗ​នេះ​ដោយ​លោក​ថ្លែងថា កម្ពុជា​នៅ​តែ​មាន​ទំនាក់ទំនង​ការទូត​ល្អ​ជាមួយ​សហគមន៍​អន្តរជាតិ ហើយ​ចាត់ទុក​អ្នក​រិះគន់​ដែល​​ថា​ទំនាក់ទំនង​ធ្លាក់ចុះ​នោះ​ថា ជា​ការរិះគន់​បែប​ល្ងីល្ងើ​។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​បៀលប្រាយ ចំនួន​ ៤ ០៣៨ ​នាក់​ ដែល​ប្រារព្ធ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា ប្រទេស​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​រកស៊ី​ជាមួយ​ប្រទេស ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​មាន​អ្នកខ្លះ វិភាគ​ថា​ឯង​យក​ខាង​កើត​ទៅ​ទប់​ខាងលិច ហើយ​ទប់​វា​មិន​ឈ្នះ​ទេ ពីព្រោះ​ខាងលិច​វា​ខ្លាំង​ជាង​។ ប្រទេស​នៅ​ខាងលិច​ជាច្រើន​និយាយ​រួម​ឲ្យ​ចំ​តែម្តង មាន​អាល្លឺម៉ង់ និង​បារាំង​ប្រាប់​យើង​ថា គេ​បន្ត​ការរកស៊ី​ជាមួយ​យើង​។ ស្ថាប័ន​អឺរ៉ុប​ទាំងអស់​ទាំង​ធនាគារ​អឺរ៉ុប ទាំង​ស្អីហ្នឹង​គេ​ធ្វើការ​ជាមួយ​យើង​»​។

លោក​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ពុធ​នេះ​លោក​នឹង​ជួប​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​លោក Christian Berge ឯកអគ្គ​រដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា និងលោក Patrick Murphy ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ដែល​ទើប​ថ្វាយ​សារតាំង​ព្រះមហាក្សត្រ​នាពេល​ថ្មីៗ​នេះ​។ លោក​ចាត់ទុក​ការលើក​ឡើង​ដែល​ថា ​ប្រទេស​ កម្ពុជា​ មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​​ប្រទេស​អឺរ៉ុប​មួយចំនួន​ និង​សហរដ្ឋ​អាមេរិក​នោះ​ថា ជា​ការលើក​ឡើង​បែប​ល្ងីល្ងើ​ពកថ្ងាស​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ត្រូវ​ទទួល​ទូត​រហូត​ដល់​ទៅ​ ៣ ​ពីព្រោះ​ទូត​ទាំង​ ៣ ​នេះ​បាន​ជូន​សារតាំង​ហើយ​។ រង់ចាំ​ការជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ស្អែក​ហ្នឹង​។ ដំបូង​គេ​គឺ​ទូត​ជប៉ុន​ថ្មី​ពេលព្រឹក​ម៉ោង​ ៩ ហើយ​ ម៉ោង​ ១០ ​ព្រឹក​ទទួល​ទូត​អាល្លឺម៉ង់ ហើយ​ល្ងាច​ទទួល​អាមេរិក​ទើប​តែ​ថ្វាយ​សារតាំង​ថ្មីៗ​នេះ​។ គេ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ហ៊ុន សែន ឲ្យ​វា​យល់ បើ​ភ្លើ​ណាស់​ទៅ​រៀន​ឲ្យ​វា​ចេះ​ទៅ កុំ​ចេះតែ​ស្រែក​។ នេះ​គឺជា​ស្ថាប័នរដ្ឋ ហើយ​នេះ​តំណាង​ឲ្យ​ជាតិខ្មែរ​»​។

លោក​បន្តថា​៖ «​អាទិត្យ​ក្រោយ​ចូល​ទៅ​ដល់​អាស៊ាន​ទៀតហើយ ហើយ​អាស៊ាន​វា​ត្រូវ​មាន​បូក បូក​ ៣ បូក​ ១...​ ហ៊ុន សែន ទៅ​ថ្លែង​ពេញសិទ្ធិ ពេញ​មុខ​មាត់ នៅ​កន្លែង​ហ្នឹង ហ្អែង​និយាយ​ឲ្យ​ច្បាស់​មើល៍​។ កុំ​ភ្លេច​ឲ្យ​សោះ​ណា អាស៊ាន​ធ្វើការ​តាម​កុង​សង់ស៊ីស​។ ឲ្យ​ចេះ​យល់ កុំ​ចេះតែ​ពភ្លីពភ្លើ ហើយ​តាំង​ខ្លួន​ជា​បញ្ញវន្ត ហើយ​ខ្ញុំ​ឃើញ​វា​ខ្សោយ​ពេក ហើយ​គិត​តែ​មក​បន្ទោស បង្អាប់​ប្រព័ន្ធ​អប់រំ​របស់​យើង​ទៅវិញ តែ​ខ្លួនឯង​វិញ​ល្ងង់​ពកថ្ងាស ពាក្យ​ខ្មែរ​អាល្ងង់​ពកថ្ងាស​គឺ​យ៉ាប់​ណាស់​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បន្ត​ថា​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រជុំ​អាស៊ីអឺរ៉ុប​នៅ​ឆ្នាំក្រោយ​ផងដែរ​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា​លើកឡើង​ថា ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក Patrick Murphy អគ្គរដ្ឋទូត​ថ្មី​របស់​អាមេរិក​នឹង​ផ្តោត​ទៅ​លើ​ការប្តេជ្ញាចិត្ត​របស់​លោក​ក្នុង​ការពង្រឹង​ទំនាក់ទំនង ការលើកកម្ពស់​ពាណិជ្ជកម្ម ការអភិរក្ស​លើ​វិស័យ​វប្បធម៌ និង​បរិស្ថាន​រវាង​ប្រទេស​ទាំង​ ២ ហើយ​លោក​អាច​នឹង​ចៀសវាង​លើក​នូវ​បញ្ហា​រសើប​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​ទូត​ថ្មី​របស់​សហរដ្ឋអាមេរិក គាត់​នឹង​មិន​លើក​ប្រធានបទ ដែល​មាន​លក្ខណៈ​រសើប​ដែល​ធ្វើឲ្យ​ខូច​ទំនាក់ទំនង​ទេ ពីព្រោះ​តាមរយៈ​សារ Twitter របស់​គាត់ ហើយ​និង​សារ​ដែល​បាន​បញ្ចេញ​នៅលើ​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​គឺជា​សារ​ដែល​បង្ហាញ​ពី​ការថ្នាក់ថ្នម​នូវ​ទំនាក់ទំនង​។ ដូច្នេះ​ក្នុង​ជំនួប​ដំបូង​នេះ ខ្ញុំ​យល់​ថា​អគ្គរដ្ឋទូត​ថ្មី​ដែល​មាន​បទពិសោធ​ខាង​ការទូត គាត់​មិន​លើក​ឡើង​រឿង​ក្តៅក្រហាយ​ណាមួយ​ដែល​នាំឲ្យ​មើលមុខ​គ្នា​មិន​ត្រង់​នោះទេ​»​។

កាលពី​ថ្ងៃ​សៅរ៍​ទី​ ១៩ ខែ​តុលា ​លោក Patrick Murphy បាន​ចូល​បង្គំ​គាល់​ថ្វាយ​សារតាំង​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី មួយ​ខែ​បន្ទាប់ពី​លោក​បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៩ ខែ​កញ្ញា​។ លោក​ថា​លោក​រង់ចាំ​ជួប​សមាជិក​នានា​របស់​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​ពី​កិច្ចប្រឹងប្រែង​ក្នុង​ការពង្រឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២​។

លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​បាន​ថ្លែង​តាមរយៈ​អ៊ីមែល​ថា លោក​ឯកអគ្គរដ្ឋទូត​ថ្មី​អាមេរិក​រង់ចាំ​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​មន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត បន្ទាប់ពី​លោក​បាន​ថ្វាយ​សារតាំង​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​។

ទំនាក់ទំនង​កម្ពុជា-អាមេរិក​ បាន​ល្អក់កករ​តិចតួច ជាពិសេស​នៅពេល​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​ដោយសារ​មិន​ពេញចិត្ត​ពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។

សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​អាមេរិក​មួយ​ក្រុម​បាន​ធ្វើ​ច្បាប់​ជំរុញ​ឲ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ​មក​លើ​កម្ពុជា​។ ប៉ុន្តែ​មកទល់​ពេល​នេះ​ច្បាប់​នោះ​មិន​ទាន់​ចូល​ជា​ធរមាន​ទេ ហើយ​ក៏​បាន​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ទៅលើ​ថ្នាក់ដឹកនាំ​កម្ពុជា​តាមរយៈ​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ការបដិសេធ​ទិដ្ឋាកា​មិន​ឱ្យ​ជាន់​ទឹកដី​អាមេរិក​ផងដែរ​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ មិន​បាន​ឆ្លើយតប​នូវ​ការសុំ​អត្ថាធិប្បាយ​ពី​ភ្នំពេញប៉ុស្តិ៍​ទេ​ពី​ម្សិលមិញ​៕