ភ្នំពេញៈ ជាមួយ​នឹង​ការអះអាង​ពី​គូប្រជែង​របស់​ខ្លួន​ដើរ​ជាន់​អន្ទាក់​ខ្លួនឯង​ក្នុង​ល្បែងភ្នាល់​លើ​សំណុំ​រឿង​លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​ការពារ​ភាព​ស្រប​ច្បាប់​ក្នុង​ការលេង​ល្បែង​ភ្នាល់​នេះ​ដោយ​លោក​ថា​ល្បែង​នេះ​មិន​បាន​បំពាន​សមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ ខណៈ​លោក​ សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ក៏​បាន​អះអាង​ថា​នាយករដ្ឋមន្ត្រី​ក៏​បាន​ដើរចូល​អន្ទាក់​របស់​ខ្លួន​ដែរ​នោះ​។

កាលពី​ចុង​សប្ដាហ៍​មុន​ទាំង​លោក​ សម រង្ស៊ី និង​លោក​ ហ៊ុន សែន បាន​ប្រកាស​លេងល្បែង​ភ្នាល់​ដាក់​ជីវិត​នយោបាយ​លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ផ្ទះ​លើ​សំណុំ​រឿង​ «​ក្បត់ជាតិ​» ​ដ៏សម្រូងចម្រាស​។ លោក​ សម រង្ស៊ី បាន​សន្យា​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ រីឯ​លោក​ ហ៊ុន សែន សន្យា​ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី បើ​គូប្រជែង​នយោបាយ​ណា​មួយ​ចាញ់​ការ​ភ្នាល់​គ្នា​ដែល​ថា​លោក​ កឹម សុខា នឹង​ត្រូវ​ដោះលែង​ចន្លោះ​ពី​ថ្ងៃ​ទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ដល់​ថ្ងៃទី​ ៣ ខែ​មីនា ឆ្នាំ​ ២០១៩​។

ក្នុង​បទសម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​សប្ដាហ៍​មុន​លោក​ សម រង្ស៊ី អះអាង​ថា​លោក​ ហ៊ុន សែន បាន​ដើរ​ «​ចូល​អន្ទាក់​» របស់​លោក​ក្នុង​ការ​ទទួល​យក​ល្បែងភ្នាល់​ដែល​បង្ហាញ​ថា លោក​នាយក​រដ្ឋមន្ត្រី​គឺជា​ជន​ «​ផ្ដាច់ការ​ដែល​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​នយោបាយ​»​។

ទោះ​យ៉ាង​ណា​បន្ទាប់ពី​បាន​ឆ្លងឆ្លើយ​សារ​នយោបាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វាយបក​គ្នា​ទៅវិញ​ទៅមក​ជាមួយ​លោក​ សម រង្ស៊ី រួច​មក​លោក​ ហ៊ុន សែន កាលពី​យប់​ថ្ងៃ​អាទិត្យ​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​អម​ដោយ​វីដេអូ​ឃោសនា​ដែល​មាន​រូបលោក​ សម រង្ស៊ី ផង​នោះ​អះអាង​ថា​លោក​មិន​បាន​បំពាន​លើ​អំណាច​តុលាការ​ឡើយ​ក្នុង​ការ​ភ្នាល់​នយោបាយ​ជាមួយ​លោក សម រង្ស៊ី​។

លោក​សរសេរ​ថា​៖ «​ការបកស្រាយ​ក្នុង​វីដេអូ​ឃ្លីប​នេះ​គឺ​បាន​បង្ហាញ​នូវ​ហេតុផល​ត្រឹមត្រូវ​ខាង​ផ្លូវ​ច្បាប់​ដែល​ខ្ញុំ​បាន​និយាយ​ទាក់ទង​ជាមួយ​ដែន​សមត្ថកិច្ច​របស់​នាយករដ្ឋមន្ត្រី​ដែល​គ្មាន​ចំណុច​ណា​មួយ​បំពាន​ដល់​សមត្ថកិច្ច​របស់​តុលាការ​ទាល់​តែ​សោះ​»​។

លោក​ពន្យល់​ថា​នាយក​រដ្ឋមន្ត្រី​ពុំ​មាន​សិទ្ធិ​ស្នើសុំ​លើកលែង​ទោស​ឲ្យ​អ្នក​ដែល​មិន​ទាន់​បាន​កាត់ទោស ឬ​សាលក្រម​មិន​ទាន់​ចូល​ស្ថាពរ​នោះ​ទេ​ (​ទោះ​សេះ​ដុះ​ស្នែង​ក៏​មិន​កើត​ឡើង​ទេ​)​។

លោក​បន្ថែម​ថា​៖ «​តែ​មនុស្ស​ដែល​ចូលចិត្ត​វាយប្រហារ​ខ្ញុំ​គេ​អត់​ចេះ​ស្តាប់ និង​សិក្សា​ពី​សម្តី​ដែល​បង្កប់​ដោយ​ន័យ​នយោបាយ និង​ផ្លូវច្បាប់​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ទេ​ដូចនេះ​ទើប​គេ​រៀប​អន្ទាក់​ដាក់​ខ្ញុំ ពេល​នេះ​គេ​ដើរ​ជាន់​អន្ទាក់​ខ្លួនឯង​ហើយ​។ ដោយសារ​ការ​ភ្នាល់​លើក​នេះ​ជា​ការ​ភ្នាល់​ដាក់​ជីវិត​នយោបាយ​ដែល​អ្នក​បបួល​ខ្ញុំ​ភ្នាល់​គឺជា​ជនពាល​ខាង​នយោបាយ​ដូចនេះ​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​មាន​ភ័ស្តុតាង និង​សូម​ស្នើ​ឲ្យ​មេធាវី​ខ្ញុំ​រក្សាទុក​ភ័ស្តុតាង​នេះ​តាម​ផ្លូវ​ច្បាប់​»​។

ការលេង​ល្បែងភ្នាល់​របស់​អ្នក​នយោបាយ​ចាស់វស្សា​ទាំង​ ២ មិន​ទទួល​បាន​ការស្វាគមន៍​ឡើយ ផ្ទុយ​ទៅ​វិញ​ការរិះគន់ និង​ការ​ថ្កោលទោស​បាន​ធ្លាក់​ចុះ​មក​ជា​បន្តបន្ទាប់​ពី​អ្នក​ឃ្លាំមើល​សង្គម​ស៊ីវិល និង​ថ្នាក់ដឹកនាំ​នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​។

លោក​ សួន សូរីដា អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ថ្កោលទោស​នូវ​ទង្វើ​ភ្នាល់​ជា​ល្បែង​រវាង​លោក​ ហ៊ុន សែន និង​លោក ​សម រង្ស៊ី ដោយ​រំលោភ​លើ​សិទ្ធិសេរីភាព​បុគ្គល​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា​ (COMFREL) បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ធ្វីធើរ និង​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​អាទិត្យ​ថា ការលេង​ល្បែងភ្នាល់​បែប​នេះ​គឺជា​ការរំលោភ​លើ​អំណាច​តុលាការ​។

លោក​សរសេរ​ថា​៖ «​នាយករដ្ឋមន្ត្រី​បន្ត​រំលោភ​អំណាច​លើ​ប្រព័ន្ធ​តុលាការ​ដែល​ធ្វើឲ្យ​យុត្តិធម៌​នយោបាយ​ និង​នីតិរដ្ឋ​កាន់តែ​ចុះខ្សោយ​ និង​ខ្សោយ​ទៅ​ទៀត​។ គ្មាន​សិទ្ធិ និង​អំណាច​ក្នុង​ការ​សម្រេច​ដាក់ទោស ឃុំ​មេដឹកនាំ​នយោបាយ​រហូត​ និង​គ្មាន​ពេល​កំណត់​ទេ​»​។

ឯ​លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​៖ «​មិនមែន​យក​បញ្ហា​មនុស្ស​ម្នាក់​យក​មក​លេងសើច​ទេ យើង​ត្រូវ​គិត​លើ​យន្តការ​មួយ​ដែល​អ្នក​នយោបាយ​ឲ្យ​តម្លៃ​គ្នា គោរព​គ្នា នៅក្នុង​ក្របខ័ណ្ឌ​អ្នក​នយោបាយ ទោះបី​ជា​គាត់​ជាប់​ការចោទប្រកាន់​ក៏ដោយ ក៏​តម្លៃ​មនុស្ស​នៅ​មាន​ដដែល​ទេ​»​៕