ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើក​ឡើង​ទាក់ទង​នឹង​ការ​បើក​ឡើង​វិញ នូវ​វិធានការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី ០៥ ខែ​ឧសភា​នេះ ខណៈ​ពេល​ដែល​គណៈកម្មការ​បិទ​ខ្ទប់ (ក.ប.ខ) នឹង​បើក​កិច្ច​ប្រជុំ ដើម្បី​ពិភាក្សា​លើ​ករណី​នេះ មុន​ពេល​កាល​បរិច្ឆេទ​នៃ​ការ​បញ្ចប់​នេះ​មក​ដល់។

លោក ហ៊ុន សែន នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​សួរ​ពី​ពលរដ្ឋ​ម្នាក់​ក្នុង​បណ្តាញ​ហ្វេសប៊ុក​ថា តើ​ថ្ងៃទី ០៥ ខែ​ឧសភា ខាន​ស្អែក​នេះ អាច​នឹង​បើក​ផ្លូវ​ឡើង​វិញ​មែន​ទែន ឬ​យ៉ាងណា? លោក​នាយក​រដ្ឋមន្រ្តី​បាន​ឆ្លើយ​ថា លោក​ពុំ​មាន​ហេតុផល​បន្ត​បិទ​ទៀត​នោះ​ទេ។

លោក​បាន​សរសេរ​ដូច​នេះ​ថា៖ «ពុំ​មាន ហេតុផល​បន្ត​បិទ​ទេ យើង​នឹង​បើក​តែ​ខេត្ត ឬ​រាជធានី។ អាច​បិទ​តំបន់​តូចៗ​ដែល​នៅ​មាន​ហានិភ័យ​លើ​ការ​ឆ្លង​ខ្ពស់»។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បន្ត​ថា៖ «ការ​បិទ​កន្លង​មក​នេះ គឺ​ជា​ការ​បង្ខំ​ចិត្ត​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង និង​ការ​ស្លាប់​របស់​ប្រជាជន​យើង។ សូម​យោគយល់​ដល់​ការ​លំបាក​រួម​របស់​យើង»។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា បាន​ចេញ​សេចក្តី​សម្រេច​បន្ត​ធ្វើ​ការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ រហូត​ដល់​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១។

ទាក់ទង​នឹង​ការ​បង្ហើប​ពី​លោក​នាយក​រដ្ឋមន្រ្តី ក្នុង​ការ​បើក​ឡើង​វិញ​នូវ​ការ​បិទ​ខ្ទប់​នេះ លោក ហុក គឹមចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​ចន្ទ ទី ០៣ ខែ​ឧសភា នេះ​ថា គណៈកម្មការ​បិទ​ខ្ទប់ (ក.ប.ខ) នឹង​បើក​កិច្ច​ប្រជុំ​ក្នុង​គណៈកម្មការ​ពាក់ព័ន្ធ​សំខាន់ៗ​ទាំង​អស់ ដើម្បី​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​បើក​ឡើង​វិញ​នូវ​ការ​បិទ​ខ្ទប់​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «គណៈកម្មការ​បិទ​ខ្ទប់​រួម​នឹង​គណៈកម្មការ​សំខាន់ៗ​ផ្សេង​ទៀត​នឹង​មាន​ការ​ពិចារណា​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដាក់​ជូន​ប្រមុខ​រាជរដ្ឋាភិបាល។ ដូច​នេះ ខ្ញុំ​គិត​ថា នឹង​មាន​ការ​គិតគូរ​ច្បាស់លាស់​មួយ​នៅ​ក្នុង​ការ​សម្រេច​ចិត្ត ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា តើ​នឹង​មាន​ការ​សម្រេច​ចិត្ត​យ៉ាង​ណា​ទៀត​ទេ គឺ​អាស្រ័យ​លើ​គណៈកម្មការ​ទាំង​នេះ ដើម្បី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បិទ​ខ្ទប់​នេះ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត»។

លោក ហុក គឹមចេង យល់​ឃើញ​ថា ទោះបី​ជា​មាន​ការ​បិទ​ខ្ទប់​ ​ឬ​យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​តែ​ប្រកាន់​យក​នូវ​វិធានការ​អនុវត្ត​ជា​ប្រចាំ​នូវ «៣ ការពារ ៣ កុំ» ហើយ​គោរព​ទៅ​តាម​វិធានការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល។

លោក​បន្ថែម​ថា៖ «ទោះបី​ជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​ត្រូវ​តែ​រៀន​រស់ និង​រស់​នៅ​ក្នុង​របៀប​មួយ​ដោយ​ប្រុងប្រយ័ត្ន​ការពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង។ នេះ គឺ​ជា​ចំណុច​សំខាន់»។

ទន្ទឹម​នឹង​នេះ​ដែរ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ ស្ដីពី​ការ​ត្រួត​ពិនិត្យ​ការងារ​ការ​អនុវត្ត​សេចក្ដី​សម្រេច​ការ​បិទ​ខ្ទប់​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​នាព្រឹក​ថ្ងៃ​ចន្ទ ទី ០៣ ខែ​ឧសភា នេះ​ថា ទោះបី​ជា​ការ​បិទ​ខ្ទប់​នឹង​បញ្ចប់​នៅ​ថ្ងៃទី ០៥ ខាង​មុខ​នេះ​ក៏​ដោយ ប៉ុន្តែ​សម្រាប់​រាជធានី​ភ្នំពេញ គឺ​នៅ​តែ​រក្សា​តំបន់ ៣ សំខាន់​ដដែល គឺ​តំបន់​ក្រហម លឿងទុំ និង​តំបន់​លឿង ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូវីដ ១៩ ដោយ​គ្រាន់តែ​ធ្វើ​ការ​បង្រួម​តំបន់​លឿងទុំ និង​តំបន់​ក្រហម មក​នៅ​តូច​ជាង​មុន​ប៉ុណ្ណោះ។

យោង​តាម​ការ​ស្រង់​សំដី​របស់​លោក ឃួង ស្រេង តាមរយៈ​បណ្តាញ​ព័ត៌មាន​ហ្វេសញូវ​បាន​ឱ្យ​ដឹង​ថា៖ «រាជរដ្ឋាភិបាល​នឹង​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ឡើង​វិញ​នៅ​ទូទាំង​ប្រទេស​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នៅ​ថ្ងៃទី ៦ ខែ​ឧសភា។ ប៉ុន្តែ​សម្រាប់​ភ្នំពេញ​នៅ​រក្សា​តំបន់ ៣ ដដែល និង​ត្រូវ​ពង្រឹង​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ទីតាំង​ដែល​បាន​កំណត់ ចៀស​វាង​ការ​បន្ត​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ទៅ​តំបន់​ផ្សេង​ទៀត»។

លោក ឃួង ស្រេង បាន​ធ្វើ​ការ​ពន្យល់​ថា ចំពោះ​តំបន់​លឿង និង​លឿង​ទុំ នៅ​រក្សា​ការ​អនុវត្ត​វិធានការ​ដដែល ប៉ុន្តែ​សម្រាប់​តំបន់​ក្រហម គឺ​ជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ហើយ​អ្វី​ដែល​ត្រូវ​អនុវត្ត គឺ​ការ​បង្រួម​ការ​បិទ​ខ្ទប់ តំបន់​ប្រឈម​ឲ្យ​មក​នៅ​ទ្រង់​ទ្រាយ​តូច​ជាង​មុន។

ពលរដ្ឋ​មួយ​រូប អ្នកស្រី សាយ ផល្លា ដែល​ស្ថិត​ក្នុង​តំបន់​ក្រហម ក្នុង​ខណ្ឌ​មានជ័យ​បាន​ប្រាប់​ថា ទោះបី​ជា​រាជរដ្ឋាភិបាល​បើក​ការ​បិទ​ខ្ទប់​នេះ​ឡើង​វិញ ក៏​អ្នក​ស្រី​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ដែរ ដោយសារ​តែ​ចំនួន​នៃ​អ្នក​ឆ្លង​នៅ​មាន​ច្រើន​ជា​រៀងរាល់​ថ្ងៃ ហើយ​អ្នកស្រី​ខ្លាច​ឆ្លង​វីរុស​នេះ​ពេល​ចេញ​ទៅ​ខាង​ក្រៅ។

អ្នកស្រី​ថា៖ «ខ្ញុំ​គិត​ថា នៅ​ក្នុង​ផ្ទះ​សុវត្ថិភាព​ជាង​ចេញ​ក្រៅ ប៉ុន្តែ​ខ្ញុំ​គាំទ្រ​ចំពោះ​ការ​គ្រោង​នឹង​បើក​ឱ្យ​ធ្វើ​ចរាចរណ៍​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ឱ្យ​បងប្អូន​អាជីវករ និង​អ្នក​លក់ដូរ​មួយ​ចំនួន គាត់​រក​ចំណូល​បាន​វិញ។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ក៏​នៅ​មាន​អារម្មណ៍​ខ្លាច​ការ​ឆ្លង​ដដែល ព្រោះ​ថា​បើ​យើង​ក្រឡេក​ទៅ​មើល​ចំនួន​តួលេខ​អ្នក​ឆ្លង​ គឺ​មិន​ទាន់​មាន​ការ​ថយចុះ​នៅ​ឡើយ អ្វី​ដែល​បារម្ភ គឺ​ខ្លាច​តែ​បើក​ឡើង​វិញ​ហើយ​មាន​ការ​ជួបជុំ ហើយ​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​ទប់​លែង​ជាប់»៕