បន្ទាយមានជ័យៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយបក​លើ​អ្នក​រិះគន់​ម្នាក់​ដែល​រិះគន់​ការចូលរួម​វិភាគទាន​របស់​សប្បុរសជន​នានា​ក្នុង​ហេតុការណ៍​គ្រោះមហន្តរាយ​នានា​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា ការចូលរួម​របស់​សប្បុរសជន គឺជា​ទឹកចិត្ត​របស់​គេ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅក្នុង​ពេល​លោក​ចុះ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​មក​តាមផ្លូវ​មិញ ឃើញ​អាមួយ​ណា​នោះ​បង្ហោះ​ហ្វេសប៊ុក​គេ​ថា បក្ស​ដ៏អស្ចារ្យ​នេះ​ជំនន់​ក៏​រៃលុយ បាក់​អគារ​ក៏​រៃ​លុយ​។ សុំ​ផ្ដាំ​ទៅ​ពួកឯង​វិញ​ទៅ បើ​ឯង​ចង់​ធ្វើ​សត្រូវ​ជាមួយ​លុយ ឯង​ធ្វើខ្លួន​ឯង​ទៅ​។ អញ​មិន​ធ្វើ​សត្រូវ​ជាមួយ​លុយ​ទេ ហើយ​ពេល​សប្បុរសជន​ចូលរួម​ជា​ទឹកចិត្ត​របស់​គេ យើង​ទទួល​នេះ​ជា​ទឹកចិត្ត​របស់​គេ គេ​ចង់​ចូលរួម​។ គេ​ថា​ទិញ​ឡាន​ក៏​រៃ​លុយ ពេល​កូវីដ​ក៏​រៃ​លុយ ពេល​ទឹកជំនន់​ក៏​រៃ​លុយ ធ្វើ​អី​ក៏​រៃ​លុយ​ដែរ​។ អត់​ទេ សុំ​ផ្ដាំ​ទៅ​អាអ្ហែង​វិញ​»​។

លោក​បន្តថា​៖ «​សប្បុរសជន​គេ​ចង់ចូល ចូល​ប៉ុន្មាន ទទួល​ប៉ុណ្ណឹង​។ ចូល​ ១ ​រៀល​ក៏​យក ១ ​រយ ក៏​យក ១ ​ពាន់​ក៏​យក ១០ ​លាន​ក៏​យក​។ បើ​គេ​ឱ្យ​ហើយ យក​មក​ជួយ​ប្រជាជន​នេះ​ជា​ទឹកចិត្ត​សប្បុរស​របស់គេ តែ​ពួក​ឯង​ទេ ដែល​រៃ​លុយ​​អាស្រោម​សំបុត្រ​រួច​យក​ញាត់​ហោប៉ៅ​ខ្លួនឯង​នោះ​។ វា​ឆ្ងាញ់​អា​គេ​ថត​បាន​យក​ញាត់​ហោប៉ៅ​ខ្លួនឯង​។ ឱ្យតែ​ចាប់ផ្ដើម​កម្មវិធី​អី អា​ក្រុម​ហ្នឹង​កម្មវិធី​មួយៗ សុទ្ធ​តែ​ទិញ​សំបុត្រ​ចូល​រួចហើយ​មាន​ស្រោមសំបុត្រ​ជូន​មេ​»​។

គិត​ចាប់ពី​ពេល​មាន​ទឹកជំនន់ ថវិកា​សប្បុរសជន​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​មាន​ចំនួន​ជិត​ ៨ លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ុន សែន​។

ពាក់ព័ន្ធ​នឹង​ការបរិច្ចាគ​របស់​សប្បុរសជន​ជាមួយ​នឹង​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ លោក ហ៊ុន សែន បញ្ជាក់​ថា​លោក​មិនបាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ទេ​គឺ​ព្រះករុណា​ព្រះមហាក្សត្រ​ព្រះអង្គ និង​សម្តេច ព្រះមហាក្សត្រី​​នរោត្តម​មុនិនាថ​សីហនុ ព្រះអង្គ​បាន​ចូលរួម​ថវិកា ដែល​ជា​ការលើក​ទឹកចិត្ត​ឱ្យ​ពលរដ្ឋ និង​ឧកញ៉ា​ចូលរួម​តាម​ក្រោយ​ជា​ហូរហែ​។ ថវិកា​សប្បុរសជន​សម្រាប់​ប្រឆាំង​កូវីដ​ ១៩ មាន​ប្រមាណ ជិត​ ២០ ​លាន​ដុល្លារ​។

ក្រៅពី​ចូលរួម​ឧបត្ថម្ភ​ក្នុង​ឧប្បត្តិហេតុ​ផ្សេងៗ​ឧកញ៉ា​ជាច្រើន​ក៏បាន​ចូលរួម​ក្នុង​ការកសាង​ខឿន​ការពារជាតិ​ផងដែរ​។ លោក​ ហ៊ុន សែន បាន​ឱ្យ​ដឹងថា រថក្រោះ​ដែល​រដ្ឋាភិបាល​បាន​ទិញ​កាលពី​កន្លងទៅ​ទទួល​បាន​ការឧបត្ថម្ភ​ពី​ឧកញ៉ា​មួយ​ចំនួន​ដោយ​ឧកញ៉ា​ខ្លះ​ទិញ​​រហូត​ដល់​ទៅ​ ១០ ​គ្រឿង ហើយ​ឧកញ៉ា​មួយ​ចំនួន​ទិញ ៥ ​គ្រឿង​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​បាន​យក​រថក្រោះ​មក​ប្រើ​អត់​មាន​ចំណាយលុយ​ជាតិ​ទេ ឧកញ៉ា​ជួយ​ទិញ អញ​នៅ​តែ​យក អញ​ប្រាប់​ឱ្យ​ហើយ​។ ត្រូវការ​រថក្រោះ កាំភ្លើង​ធំ លុយ​ជាតិ​មួយ​ចំណែក ប៉ុន្តែ​អ្នក​ទាំងអស់​នោះ​គេ​មាន​សមានចិត្ត​ជួយ​។ បន្ទាយ​ទាហាន​ធ្វើតាម​ទល់ដែន ភាគច្រើន​គឺ​សប្បុរសជន​ធ្វើ​ខ្លះ​ជួយ​ ២០ ​ខ្នង ខ្លះ​ជួយ ៣០ ​ខ្នង​។ មួយខ្នង​ប៉ុន្មាន ប៉ុន្មាន អាហ្នឹង​កិច្ចការ​ទាំងអស់​គ្នា​។ អាហ្នឹង​ហើយ​ដែល​គេ​ហៅថា ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​មិនមែន​សម្រាប់​តែ​កងទ័ព​ទេ​»​។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែង​ថា​វប្បធម៌​នៃ​ការផ្ដល់​ជំនួយ សម្រាប់​សេចក្ដី​ត្រូវការ​ចាំបាច់​មិនមែន​ជា​បញ្ហា​អ្វី​ទេ​។ បញ្ហា​គឺ​នៅត្រង់​ថា អ្នកនយោបាយ​ជាច្រើន​បាន​ធ្វើ​នយោបាយ​ទៅលើ​អំពើ​សប្បុរសធម៌​នោះ​ដោយ​ប្រើប្រាស់​វា​ដើម្បី​ទាក់ទាញ​ការបោះឆ្នោត​គាំទ្រ​។

លោក​បាន​ថ្លែងថា វិធី​កាន់តែ​ប្រសើរ​គឺ​កាត់ផ្ដាច់​រឿង​នយោបាយ​ចេញពី​អំពើ​សប្បុរសធម៌ និង​ពី​កាកបាទ​ក្រហម​កម្ពុជា​ហើយ​អនុញ្ញាត​ឱ្យ​កាកបាទ​ក្រហម​ប្រមូល​ការបរិច្ចាគ និង​រៀបចំ​ជំនួយ​មនុស្សធម៌​នោះ​។ អនុញ្ញាត​ឱ្យ​កាកបាទក្រហម​យាង​ព្រះមហាក្សត្រ សម្ដេចម៉ែ នាយករដ្ឋមន្ត្រី ឬ​មន្ត្រី​សាធារណៈ​ល្បីៗ​ធ្វើ​ជា​អធិបតី​សម្រាប់​ពិធី​ចែក​អំណោយ​។

លោក​បញ្ជាក់ថា​៖ «​វា​ជា​រឿង​មិន​ប្រកប​ដោយ​ក្រម​សីលធម៌​ទេ ដែល​យើង​ត្រូវ​ឈ្លោះ​គ្នា​នៅពេល​ជាតិ​របស់​យើង​បាន​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ហើយ​កំពុង​ត្រូវការ​ជំនួយ​ចាំបាច់​ជាបន្ទាន់​នោះ​»៕