ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញ បានសម្ដែងការធុញទ្រាន់នឹងប្រទេសខ្លះ និងអ្នកប្រឆាំងខ្លះដែលអះអាងថា កម្ពុជាអនុញ្ញាតឱ្យចិនបោះមូលដ្ឋានយោធានៅក្នុងដែនដីកម្ពុជា។ លោកប្រាប់ឱ្យអ្នកដែលចោទប្រកាន់បែបនេះត្រូវបង្ហាញភ័ស្តុតាងឱ្យបានច្បាស់។
លោកបានថ្លែងដូច្នេះក្នុងពេលលោកធ្វើជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរាទៅផ្លូវជាតិលេខ ១។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា៖ «តើចិនមានកងទ័ពនៅកម្ពុជាទេ? កម្ពុជាឱ្យសិទ្ធិចិនបោះទ័ពនៅកម្ពុជាពីអង្កាល់ណា? ខ្ញុំបញ្ជាក់ឡើងវិញ ខ្ញុំធុញទ្រាន់ជាមួយជនបរទេសមួយចំនួនបូកនឹងខ្មែរយើងរុញអាសភាពការណ៍ហ្នឹង។ សូមបញ្ជាក់ណា យើងធុញទ្រាន់ណាស់ហើយ អស់លោកអ្នក។ នាយករដ្ឋមន្ត្រីនិយាយមិនស្ដាប់ លោកឯងមានភ័ស្តុតាងឯណា បញ្ចេញមក ថាកម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិន ប្រើប្រាស់ផ្ដាច់មុខនូវកំពង់ផែរាមរយៈពេល ៣០ ឆ្នាំ។ ចេញមក បញ្ចេញភ័ស្តុតាងនោះមក! បើអ្នកឯងមិនបញ្ចេញភ័ស្តុតាងហ្នឹង មានន័យថា អ្នកឯងភូតកុហក»។
លោកបន្តថា៖ «ហើយរឿងនេះនៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រី ខ្ញុំបាននិយាយថា កុំភ្លេចណា ឆ្នាំ ១៩៧០ ទម្លាក់ព្រះករុណាបិតា ដោយរដ្ឋប្រហារឆ្នាំ ១៩៧០ ក្រោមហេតុផលប្រឆាំងយៀកកុងនៅលើទឹកដីកម្ពុជា ឥឡូវអ្នកឯងប៉ុនប៉ងធ្វើអីចំពោះខ្ញុំ បានជាម្ដងហើយម្ដងទៀត វត្តមានចិនៗ ហើយពួកអាក្រុមក្បត់ជាតិនេះបង្ខំមនុស្សឱ្យធ្វើសកម្មភាព ប្រឆាំងទូតចិននៅភ្នំពេញក៏វាធ្វើ»។
លោក ហ៊ុន សែន បានបញ្ចេញឈ្មោះលោក ហូរ វ៉ាន់ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយថាជាអ្នកដែលបញ្ជាឱ្យធ្វើបាតុកម្មនៅមុខស្ថានទូតចិន និងស្ថានទូតសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៣ តុលា ទៅប្រឆាំងនឹងវត្តមានយោធាចិននៅកម្ពុជា បើទោះបីជាគ្មានយោធាចិននៅកម្ពុជាក៏ដោយ។
លោកថ្លែងដោយសម្ដីធ្ងន់ៗថា៖ «រឿងអីអាហែងមកបញ្ជាធ្វើបាតុកម្មប្រឆាំងទូតចិន ប្រឆាំងវត្តមានយោធាចិន? ពួកអាហែងឆ្កួត ប្រយ័ត្នប្រពន្ធអាហែង កូនអាហែងដេកអត់សុខ កំពុងតែភ័យ។ អាហែងឈប់បាន ឈប់ទៅ ចំណាស់ប៉ុណ្ណឹងហើយ បើទោះបីអាហែងដណ្ដើមអំណាចបាន គេក៏មិនឱ្យអាហែងធ្វើកុងសីដែរ»។
លោកថា៖ «ពិតហើយកូនប្រុសរបស់ខ្ញុំក៏ធ្លាប់ទៅលេងជាមួយប្រពន្ធ ហូ វ៉ាន់ ប៉ុន្តែឯងត្រូវដឹងណា ប្រពន្ធកូនអាហែងកំពុងតែនៅភ្នំពេញ អាហែងជាមេខ្លោងនៃអំពើក្បត់ អ៊ីចឹងរឿងអីដែលមិនចាត់ការពួកអាក្បត់នៅខាងក្នុង បើអាពួកក្បត់នៅខាងក្នុងទទួលបទបញ្ជាពីអាមេក្បត់។ អ៊ីចឹង អាជ្ញាធរ ឬតុលាការគេចាត់ការ អាហ្នឹងរឿងត្រឹមត្រូវតាមច្បាប់ព្រោះអាមេចោរ រត់គេចខ្លួនដល់បញ្ជាកូនចោរធ្វើសកម្មភាពមិនអាកូនចោរជាប់គុក។ អ៊ីចឹង អាហែងកុំរុញគេឱ្យជាប់គុកណា! អាហែងត្រូវចាំ»។
លោកបន្តថា៖ «មានអាមួយនោះដែលមានប្រពន្ធដូរលុយនៅផ្សារក៏ត្រូវប្រយ័ត្នដែរអាហែង ប្រពន្ធកូនអាហែងនៅភ្នំពេញនៅឡើយ និយាយចឹង ថាទេយកពួកវាធ្វើចំណាប់ខ្មាំង គំរាមក្រុមគ្រួសារគេ អត់ទេប្រពន្ធកូនអាហែងនៅនេះ បានសេចក្ដីសុខតើ»។
លោកបានចាក់សំឡេងលោក ហូរ វ៉ាន់ ដែលបានបញ្ជាដល់អ្នកតវ៉ានៅមុខស្ថានទូតចិន និងនៅមុខទូតសហរដ្ឋអាមេរិកឱ្យទៅធ្វើបាតុកម្ម ដោយមានការបន្ថែមប្រាក់ឱ្យពួកគេចំនួន ២០០ ដុល្លារ។ ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភរិយារបស់លោក ហូរ វ៉ាន់ មិនធ្វើជាភ្នាក់ងារបែងចែកលុយដល់ពួកឧទ្ទាមក្នុងស្រុកនោះទេ។
លោកចាត់ទុកការចោទប្រកាន់រឿងវត្តមានយោធាចិនថា ជាជំហានមួយឆ្ពោះទៅរកការផ្ដួលរំលំរដ្ឋាភិបាល ប្រសិនបើពួកគេប្រមូលកម្លាំងបាន។ លោក ហ៊ុន សែន បញ្ជាក់ច្បាស់ថា គ្មានវត្តមានកងទ័ពចិននៅកម្ពុជាទេ មានតែអ្នកជំនួញ និងអ្នកវិនិយោគិនចិន ដូចនៅប្រទេសផ្សេងទៀតដែរ។ លោកដាច់ខាតត្រូវតែការពារសន្តិភាពឱ្យខាងតែបាន។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ថ្លែងថា មកទល់ពេលនេះលោកមិនទាន់អាចសន្និដ្ឋានថា វាជាការពិតឬយ៉ាងណាទេចំពោះការចោទប្រកាន់បែបនេះ។ ប៉ុន្តែការចោទប្រកាន់បែបនេះនាំឱ្យមានការយល់ខុស និងមានទំនាស់ផ្ទៃក្នុង។
លោកស្នើឱ្យរដ្ឋាភិបាលពន្យល់ឱ្យបានច្បាស់។ ប្រសិនបើរដ្ឋាភិបាលបានពន្យល់ច្បាស់លាស់ហើយ លោកឯកភាពជាមួយលោក ហ៊ុន សែន ដែលទាមទារឱ្យអ្នកធ្វើការចោទប្រកាន់នោះត្រូវបង្ហាញភ័ស្តុតាង។ ប៉ុន្តែ លោកមិនយល់ស្របទេចំពោះការចាប់ខ្លួនពលរដ្ឋនៅពេលពួកគេធ្វើការតវ៉ាប្រឆាំងនឹងវត្តមានយោធាចិននៅកម្ពុជា ប្រសិនបើដឹងថា មានមេខ្លោងនៅពីក្រោយ រដ្ឋាភិបាលគួរតែចាប់មេខ្លោងនោះ។
លោកថ្លែងថា៖ «វាទាមទារឱ្យមានការអប់រំ ការពន្យល់គាត់ ដើម្បីកុំឱ្យគាត់មានការយល់ខុស។ ដូច្នេះបើរដ្ឋាភិបាលនិយាយថាមិនពិត មិនមានវត្តមានយោធាចិនលើទឹកដីខ្មែរ បើពលរដ្ឋនិយាយមិនពិត រដ្ឋាភិបាលត្រូវពន្យល់គាត់ថា រឿងនេះមិនពិត ហើយអប់រំណែនាំគាត់ទៅ។ មិនបាច់ចាប់ មិនបាច់ចងគាត់ទេ ព្រោះគាត់ធម្មតាគាត់ចេះតែឮតពីគេ ហើយការឮតគ្នាដែលគ្មានមូលដ្ឋានច្បាស់លាស់គឺជាបញ្ហា»។
លោក គង់ គាំ អតីតទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិដែលបច្ចុប្បន្ននេះជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរបានប្រៀបធៀបការចោទប្រកាន់នេះទៅនឹងសុភាសិតខ្មែរមួយដែលថា «ចោទឆ្កែថាឆ្កួតដើម្បីវាយឆ្កែជា»។ លោកពន្យល់ថា បរទេសបានចោទកម្ពុជាថា មានមូលដ្ឋានយោធាចិន ប៉ុន្តែការពិតមិនមានទេ វាគ្រាន់តែជាការស្មាន និងសង្ស័យ ឬជាការទស្សន៍ទាយសម្រាប់ពេលអនាគតដែលគ្មានមូលដ្ឋានជាក់ស្ដែង។ ការចោទប្រកាន់នេះគឺជាការបន្លាច និងជាការបំភិតបំភ័យ។
លោកបន្តថា សហរដ្ឋអាមេរិកដែលមាននិន្នាការទៅក្រុមអ្នកនយោបាយប្រឆាំងដែលបំពងសំឡេងដើម្បីចោទប្រកាន់កម្ពុជា។ យ៉ាងណាក៏ដោយ លោកថាមានតែពលរដ្ឋខ្មែរទេជាអ្នកកំណត់ការពិត ដោយមិនប្រែប្រួលទៅតាមខ្យល់នៃមហាអំណាចដែលមានគំនិតប្រឆាំងកម្ពុជា។ កម្ពុជាត្រូវមានភាពច្បាស់លាស់ ប្រកាន់ស្មារតីរដ្ឋធម្មនុញ្ញ មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសណានៅលើទឹកដីខ្លួន។
លោកថ្លែងថា៖ «ខ្ញុំអំពាវនាវដល់ក្រុមអ្នកមនុស្សភ្នែកភ្លឺតែធ្វើខ្វាក់ មនុស្សត្រចៀកឮតែធ្វើថ្លង់ និងមនុស្សដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយចោទប្រកាន់ផ្ដេសផ្ដាសនោះឱ្យឈប់គិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ងាកមកគិតពីប្រទេសជាតិ និងគិតពីប្រជាពលរដ្ឋភាគច្រើនទូទៅនៅក្នុងប្រទេសដែលគេមិនបម្រើបរទេសអំពីការចោទប្រកាន់រឿងវត្តមានយោធាចិននេះ។ សូមកុំប្រើប្រាស់បញ្ហានេះដើម្បីបំផ្លាញសេចក្ដីសុខប្រជាពលរដ្ឋខ្លួនឯង»។
លោក ម៉ៅ មុន្នីវណ្ណ អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ យល់ឃើញថា កម្ពុជាជាប្រទេសប្រកាន់នូវអព្យាក្រឹតភាពមិនចូលបក្សសម្ព័ន្ធ។ ដូច្នេះកម្ពុជាត្រូវគោរពតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយមេដឹកនាំវៃឆ្លាតត្រូវចេះទាញប្រយោជន៍ពីមហាអំណាច។
អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ ថ្លែងពីម្សិលមិញដែរថា លោកមិនអាចសន្និដ្ឋានថា មានឬគ្មានវត្តមានមូលដ្ឋានទ័ព ឬយោធាចិននៅកម្ពុជា ដូចការសង្ស័យទេ។ លោកស្នើថា ប្រសិនបើកម្ពុជាកំពុងជាប់ផុងនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិននោះ វាអាចជាការប្រសើរប្រសិនបើកម្ពុជាស្នើសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបង្កើតគណៈកម្មាធិការអព្យាក្រឹតសម្រាប់កម្ពុជា។ គណៈកម្មការនេះមានភារកិច្ចពិនិត្យការអនុវត្តលក្ខខន្តិកៈនៃកិច្ចព្រមព្រៀងអំពីអព្យាក្រឹតភាព ស្ដីពីការហាមមិនឱ្យមានមូលដ្ឋានយោធា និងទ័ពបរទេសនៅកម្ពុជា។
លោកថ្លែងថា៖ «វាអាចមានប្រសិទ្ធភាពក្នុងការរំដោះខ្លួនចេញពីភក់ជ្រៅដែលកម្ពុជាបានជាប់ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ មក»។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក ឌៀប សុផល ពន្យល់ថា ការចោទប្រកាន់ថាមានវត្តមានយោធាចិននៅកម្ពុជា ប្រៀបបាននឹងការចោទប្រកាន់កាលពីឆ្នាំ ១៩៧០ អំពីវត្តមានពួកយៀកកុងនៅកម្ពុជាដើម្បីទម្លាក់សម្ដេចព្រះនរោត្តមសីហនុពីអំណាច។ ការចោទប្រកាន់ទាំង ២ នេះមានគោលដៅដូចគ្នា គឺដើម្បីទម្លាក់រដ្ឋាភិបាល។ ប៉ុន្តែភាពខុសគ្នានោះគឺកាលពីឆ្នាំ ១៩៧០ ពិតជាមានវត្តមានពួកយៀកកុងនៅលើដីកម្ពុជាមែន ខណៈពេលដែលការចោទប្រកាន់បច្ចុប្បន្នវិញ មិនមានវត្តមានយោធាចិននៅកម្ពុជាទេ។
លោកថា៖ «អ្នកដែលចោទនោះសុទ្ធតែមានទិសដៅ។ អ្នកចោទពីមុន គឺដើម្បីទម្លាក់សម្ដេចព្រះនរោត្តមសីហនុពីតំណែង ចុះឥឡូវចោទហើយ ហើយត្រូវបានបង្ហាញថាអត់មានទេ ម៉េចក៏នៅតែចោទទៀត?»។ លោកបានរំឭកអំពីការចោទប្រកាន់របស់សហរដ្ឋអាមេរិកថាអ៊ីរ៉ាក់មានអាវុធប្រល័យលោក ប៉ុន្តែក្រោយមករកមិនឃើញអាវុធនោះទេ។
លោកថ្លែងថា៖ «តើកម្ពុជាអាចអ៊ីចឹងដែរអត់? វាអាស្រ័យលើអាមេរិកទេ ហើយនិងអាស្រ័យលើមនសិការរបស់ខ្មែរយើង។ បើសិនជាអត់មានហើយនៅតែនិយាយអ៊ីចឹងទៀត តើអ្នកនោះមានបំណងអី? មានបំណងចង់កម្ទេចប្រទេសខ្មែរដូចអ៊ីរ៉ាក់ឬយ៉ាងម៉េច?»។
ភ្នំពេញ ប៉ុស្តិ៍ បានសុំការអត្ថាធិប្បាយពីសំណាក់លោក ហូរ វ៉ាន់ និងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកមិនឆ្លើយតប៕