ភ្នំពេញៈ នៅក្នុង​ខួប​ ១៥ ​ឆ្នាំ​ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្តែង​ការសប្បាយ​រីករាយ​ និង​អបអរសាទរ​ជាថ្មី បើទោះបី​ជា​ឆ្នាំនេះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មិន​មាន​រៀបចំ​ប្រារព្ធ​ពិធី​រំឭក​ខួប​នេះ ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។

តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​លើកឡើង​ថា ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ គឺជា​ខួប​ទី​ ១៥ ​ឆ្នាំ​ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​សិល្បៈ​ល្ខោនស្បែក​ធំ​មាន​ប្រវត្តិ និង​អាយុកាល​ជា​យូរលង់​ណាស់​មកហើយ​លើ​ទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​សកលលោក​ទទួល​ស្គាល់ និង​ឱ្យ​តម្លៃ​ថា ជា​សម្បត្តិ​មនុស្សជាតិ​ដ៏អស្ចារ្យ និង​បាន​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ខាង​បេតិកភណ្ឌ​បញ្ចេញ​សំឡេង​ និង​អរូបី​របស់​មនុស្សជាតិ​ក្នុង​ឆ្នាំ​ ២០០៥ របស់​អង្គការ​យូណេស្កូ​ដែល​នេះ​ជា​មោទនភាព​ជាតិ​មួយ​ដ៏ត្រចះត្រចង់​មិន​អាច​កាត់ថ្លៃ​បាន​» ។

បើ​តាម​លោក ហ៊ុន សែន ​ល្ខោន​ស្បែកធំ​អាច​ត្រូវបាន​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀតថា​ «​ណាំង​ស្បែក​ធំ​» ហើយ​វា​ជា​សិល្បៈ​ស្រមោល​មួយបែប ដែល​ប្រើប្រាស់​ផ្ទាំង​រូប​ឆ្លាក់​ពី​ស្បែក មក​សម្តែង​ជា​ឈុត​ឆាក​សាច់រឿង ហើយ​រូប​ឆ្លាក់​ពី​ស្បែក​ទាំងនោះ​ត្រូវ​គេ​ដាប់​ និង​ឆ្លាក់​ជា​រូប​អាទិទេព ដែល​ភាគច្រើន​ជា​រឿង​បែប​ព្រហ្មញ្ញសាសនា​។

ល្ខោនស្បែក​ធំ គឺជា​សិល្បៈ​​មួយ​មាន​ប្រវត្តិ​នៅពេល​ព្រហ្មញ្ញសាសនា​ចូល​មក​ទឹកដី​ខ្មែរ​។ កាលពី​ដើម​ឡើយ​សិល្បៈ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ឃើញ សម្តែង​ក្នុង​ពិធី​តែ​ ២ ឬ​ ៣ ​ប៉ុណ្ណោះ​ក្នុង​ ១ ​ឆ្នាំ​ហើយ​កម្រ​សម្តែង​ជា​សាធារណៈ​ណាស់​។ ពិធី​ទាំងនោះ​មានដូចជា ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ និង​ពិធី​គ្រងរាជ្យ​ ឬ​ក្នុង​ពិធី​សក្ការៈ​របស់​ឥស្សរជន​ល្បីៗ​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ម្សិលមិញ​ថា នៅ​ឆ្នាំ​ ២០២០ ​នេះ​មិន​មាន​ការរៀបចំ​ជា​ពិធី​ដូច​រាល់​ឆ្នាំ​ដែល​មាន​ទីតាំង​ដើម្បី​បង្ហាញ​ ឬ​សម្តែង​សិល្បៈ​ផ្សេងៗ​ទេ ព្រោះតែ​បញ្ហា​កូវីដ​ ១៩​។

លោក​ថ្លែង​​ថា​៖ «​ប៉ុន្តែ​មាន​បង្កើតជា​វីដេអូ​សម្រាប់​ផុស​តាម​បណ្តាញ​សង្គម យើង​មាន​រៀបចំ​ជា​ទម្រង់​អី​អ៊ីចឹង​ទៅ​ហើយ​បង្ហោះ​តាម​ហ្នឹង ខាង​ភាពយន្ត​គេ​នឹង​ចាក់​រំលេច​ជា​ស្ប៉ត ជា​ឃ្លីប​អី​... លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​»​។

បើតាម​លោក ប៉ុណ្ណាស៊ីរីវត្ថ ការ​រំឭក​ខួប​នៃ​ការដាក់បញ្ចូល​សម្បត្តិ​វប្បធម៌​ជា​បេតិកភណ្ឌ​ពិភពលោក​នេះ​ធ្វើ​ឡើង ដើម្បី​បញ្ជាក់​បង្ហាញ​អំពី​ការចូលរួម​នៅក្នុង​កិច្ច​អភិរក្ស​ថែរក្សា ព្រោះ​សម្បត្តិ​វប្បធម៌​ដែល​ដាក់បញ្ចូល​នោះ​មិនមែន​ត្រឹមតែ​ជា​របស់​ខ្មែរ​នោះទេ ប៉ុន្តែ​វា​ជា​តម្លៃ​សកល​សម្រាប់​មនុស្សជាតិ​លើ​ពិភពលោក​។

លោក​បញ្ជាក់ថា​៖ «​កិច្ចការ​នេះ វា​ជា​មោទនភាព​របស់​ជាតិ​ផង ជា​កាតព្វកិច្ច​ដែល​មនុស្ស​ជាតិ​ទូទៅ​ត្រូវ​ចូលរួម​ចំណែក​នៅក្នុង​ការថែរក្សា លើកកម្ពស់​ឱ្យ​សម្បត្តិ​ហ្នឹង​ឱ្យ​កាន់តែ​មាន​ភាពប្រសើរ ហើយ​មាន​ការរស់នៅ​យូរអង្វែង​តទៅ​ទៀតផង​»​។

ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ ១៥ ​ឆ្នាំ​ នៃ​ការដាក់បញ្ចូល​ល្ខោន​ស្រមោល​ស្បែក​ធំ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​នេះ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្ប:​បាន​ចាក់ផ្សាយ​វីដេអូ​ឯកសារ​ស្តីពី​ការចម្លង​ឡើងវិញ​ស្បែក​ធំ​ ១ ​ឈុត​ចំនួន​ ៩០ ​ផ្ទាំង​ ដែល​ជា​ព្រះ​រាជូបត្ថម្ភ​របស់​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​។ វីដេអូ​នោះបាន​បង្ហោះ​ផ្សាយ​លើ​ផេច​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប:​នៅ​ថ្ងៃ​ពុធ ទី​ ២៥ ខែវិច្ឆិកា​៕