ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​សម្រេច​ឱ្យមាន​ការបូជាសព បើ​ក្នុង​ករណី​មានការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង ហើយ​លោក​បានស្នើ​ឱ្យមាន​ការរៀបចំ​ទីប៉ាឆា​នៅ​តាម​រាជធានី-ខេត្ត ខណៈ​ចំនួន​អ្នកឆ្លង​កូវី​ដដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​រហូត​ដល់ ៥២១ ​នាក់​។

យោងតាម​សារ​ជា​សំឡេង​របស់លោក​ ហ៊ុន សែន នៅ​ថ្ងៃទី​ ៩ ខែមីនា បានឱ្យ​ដឹងថា ដោយ​កន្លងមក​មិន​ទាន់​មាន​សភាពការណ៍​កម្រិតធ្ងន់ មិនទាន់​មាន​វិធានការ​មួយ​ដែល​ជា​វិធានការ​ចាំបាច់​ចុងក្រោយ​នោះ គឺ​ករណី​មរណភាព​ចំពោះ​អ្នកជំងឺ​កូវីដ​ដែលជា​បញ្ហា​ចោទឡើង​ថា តើ​ត្រូវ​បូជា ឬ​កប់​?

លោក​បាន​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង ដោយ​សម្រេច​ថា​ត្រូវតែ​បូជា​។ លោក​ថ្លែងថា​៖ «​សម្រាប់​យើង យើង​ប្រើប្រាស់​វិធាន​ការដុត​ ឬ​បូជា ដែល​ជា​វិធានការ​ងាយស្រួល​ក្នុង​ការគ្រប់គ្រង ហើយ​ខ្ញុំ​ក៏​សុំ​ស្នើ​ឱ្យ​មាន​ការចាត់ចែង​រៀបចំ​នូវ​បច្ឆា​សម្រាប់​បូជាសព​នៅតាម​រាជធានី-ខេត្ត ក្នុង​ករណី​មាន​ការស្លាប់ ដោយសារ​ជំងឺ​កូវីដ​ ១៩ និង​ត្រូវធ្វើ​នៅ​ទីតាំង​ឆ្ងាយ​ពី​កន្លែង​ដែល​ប្រជាពលរដ្ឋ​រស់នៅ​»​។

លោក​ ហ៊ុន សែន​ក៏បាន​ស្នើឱ្យ​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រួម​នឹង​សហការី​ដែល​ទទួលបន្ទុក​តាក់តែង​អនុក្រឹត្យ​ពាក់ព័ន្ធ​ជាមួយនឹង​ការចាត់​វិធានការ​តាមផ្លូវ​អនុក្រឹត្យ​ដែល​ច្បាប់​ប្រគល់ឱ្យ​ទៅលើ​ភាពលម្អិត​នៃ​វិធានការ​សុខាភិបាល រៀបចំ​នូវ​អនុក្រឹត្យ​មួយ​ស្តីពី​ការបូជា​សព អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ដោយ​បញ្ជាក់​ពី​ការកំណត់​ចំនួន​មនុស្ស​ក្នុង​ការចូលរួម​ពិធី​បូជាសព​នេះ​។

លោក​ថា​៖ «​យើង​ក៏ត្រូវ​កំណត់​នូវ​វិធានការ ថា​តើ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ការស្លាប់​នឹង​ត្រូវ​យក​ទៅ​បូជា ដោយសារ​នេះ​ជា​កិច្ចការ​វិធានការ​សុខាភិបាល ដើម្បី​ចៀសវាង​ការឆ្លង​រាលដាល​ដទៃទៀត​»​។

ចំណែក​រដ្ឋបាល​ខេត្តកណ្តាល​បាន​សម្រេច​ធ្វើការ​បិទ​ជា​បណ្តោះអាសន្ន​នូវ​កាស៊ីណូ​ចំនួន​ ៦ និង​បិទ​ការធ្វើដំណើរ​ចេញចូល​នៅ​តំបន់​ទីប្រជុំជន​ជ្រៃ​ធំ​ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បន្ទាប់ពី​ជនបរទេស​ចំនួន​ ៦ ​នាក់​ ត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩​។

លោក​ គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា កាស៊ីណូ និង​សណ្ឋាគារ​ទាំង​ ៦ ​នេះ​ត្រូវ​បាន​ដាក់​ជា​កន្លែង​ចត្តាឡីស័ក និង​ធ្វើតេស្ត​អ្នក​ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់​ដែល​មាន​ប្រមាណ ៦៥៩៧ ​នាក់ ដែល​ពួកគាត់​មួយចំនួន​បាន​ធ្វើ​តេស្ត​ ២ ​ដង​ហើយ ហើយ​បាន​រកឃើញ​មនុស្ស​ចំនួន​ ៦ ​នាក់ (​ចិន​ ៤ ​នាក់ និង​វៀតណាម​ ២ ​នាក់​) វិជ្ជមាន​កូវីដ ១៩​។

លោក​ប្រាប់ថា​៖ «​អ្នក​ទាំងនេះ​មាន​ជនជាតិ​ចម្រុះ​ដូចជា ខ្មែរ ចិន វៀតណាម និង​ឥណ្ឌូនេស៊ី​។ ដោយសារ​តែ​ទីតាំង​នេះ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ ធានា​សន្តិសុខ​ទាំង​ខាងក្នុង និង​បរិវេណ​ខាងក្រៅ ទើប​យើង​សម្រេចយក​ទីតាំង​នោះ​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក​តែម្តង​»​។

លោក​អភិបាល​បន្តថា គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​សំណាក​ប្រមាណ​ជា ១ ៦០០ ​នាក់​ត្រូវបាន​យក ហើយ​ក្រុម​ការងារ​បន្ត​យក​សំណាក​ទៅធ្វើការ​ពិនិត្យ​បន្តទៀត ដែល​អាច​នឹង​បញ្ចប់​នៅ​ថ្ងៃ ទី​ ១០ ឬ​ទី​ ១១ ខែមីនា​។

លោក​ គង់ សោភ័ណ្ឌ ​បន្ថែម​ថា អាជ្ញាធរ​បិទ​ជា​បណ្តោះអាសន្ន​មិន​ឱ្យ​ជនបរទេស និង​អ្នក​ពាក់ព័ន្ធ​ក្នុង​កាស៊ីណូ​ធ្វើដំណើរ​ចេញ-ចូល​ទីប្រជុំជន​ជ្រៃធំ​នេះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ផ្សេងទៀត​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ដដែល​រួមនឹង​ការចរាចរណ៍​ទំនិញ​ដែរ​។

រីឯ​អភិបាលខេត្ត​សៀមរាប​លោក​ ទៀ សីហា បាន​ប្រាប់​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​រួមជាមួយ​នឹង​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ដាក់​បារ៉ាស់​ត្រួតពិនិត្យ​នៅតាម​ច្រក​ចូល​មក​ក្នុង​ខេត្តសៀមរាប​ទាំងអស់ ដើម្បី​ធ្វើការ​ស្រង់​ទិន្នន័យ​ពី​គោលដៅ​របស់​អ្នកធ្វើ​ដំណើរ​។ ខេត្ត​នឹងមាន​ការដាក់​បារ៉ាស់​នៅតាម​ផ្លូវ​មួយចំនួន​ដែល​ឆ្លងកាត់​តាម​ស្រុក​ស្ទោង ស្រុក​ជីក្រែង ស្រុក​ក្រឡាញ់ ស្រុក​ព្រះនេត្រព្រះ​រួម​នឹង​តាមផ្លូវ​ទឹក​ផងដែរ​។

លោក​ ទៀ សីហា បាន​បន្ថែមថា នេះ​ជា​វិធានការ​ក្នុង​ការបង្ការ​នូវ​ហានិភ័យ​នៃ​ការចម្លង​កូវីដ​ចូលមកក្នុង​ខេត្ត​នេះ​។ ប្រសិនបើ​រកឃើញ​មាន​អ្នកដំណើរ​មកពី​តំបន់​ហានិភ័យ ដូចជា​ទីក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តព្រៃវែង​នោះ​ពួកគាត់​នឹងត្រូវ​នាំ​ខ្លួន​យក​ទៅ​ធ្វើ​ចត្តាឡីស័ក និង​យក​សំណាក​ដើម្បី​ធ្វើតេស្ត​រក​កូវីដ​ ១៩​។ សម្រាប់​អ្នក​ដែល​មកពី​ខេត្ត​ផ្សេងៗ​គឺ​អាច​នឹងមាន​ការវាស់​កម្ដៅ និង​ស្កេន QR Code ដើម្បី​ធ្វើការ​តាមដាន​។

ដោយឡែក​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​ទីតាំង​ចំនួន​ ២៣ ​កន្លែង ដែល​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ឆ្លង​កូវីដ ១៩ ​បើក​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃ​ម្សិលមិញ​បន្ទាប់ពី​ត្រូវបាន​ផ្អាក​ដំណើរការ​មួយរយៈ​។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទីតាំង​អាជីវកម្ម​ចំនួន​ ២៣ ​កន្លែង​ ត្រូវបាន​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ​ត្រូវគោរព​តាម​លក្ខខណ្ឌ និង​វិធាន​សុខាភិបាល​។

លិខិត​នេះ​បាន​លើកឡើង​ថា៖ «​រដ្ឋបាល​ខណ្ឌ​ត្រូវធ្វើ​កំណត់ហេតុ​ជាមួយ​ម្ចាស់​ទីតាំង​ដោយ​ត្រូវ​ណែនាំ​ឱ្យ​គោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ដូចជា គោរព​វិធាន​ ៣​ កុំ ៣​ ការពារ អនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ពេលវេលា ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ការពារ និង​ទប់ស្កាត់​ការរីករាលដាល​មេរោគ​កូវីដ ​១៩»​។

នៅ​ថ្ងៃ​ម្សិលមិញ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូវីដ​ ១៩ ​ចំនួន​ ៤៩ ​នាក់​បន្ថែម​ទៀត ​ក្នុងនោះ​អ្នក​ដែល​បាន​ឆ្លង​ថ្មី​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ មាន​ចំនួន​ ៤៨ ​នាក់​ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​នេះ​មាន​រហូត​ទៅដល់​ ៥៤៩ ​នាក់​។

អ្នកជំងឺ​ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ទាំងនោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន ​១៩ ​នាក់ ជនជាតិ​ចិន​ចំនួន​ ២៨ ​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​ចំនួន ១ ​នាក់​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩​ សរុប​ចំនួន​ ១ ០៦០ ​នាក់ ក្នុង​នោះ​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ៥៣៨ ​នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៥២១ ​នាក់​។

ជាមួយ​គ្នា​នេះដែរ​ក្រសួង​សុខាភិបាល​កំពុង​ធ្វើការ​ផ្ទៀងផ្ទាត់​អ្នកជំងឺ​កូវីដ​ចំនួន ៦០ ​នាក់​ផ្សេងទៀត ដោយ​ក្នុងនោះ​អ្នក​ជំងឺ​ចំនួន​ ១៩ ​នាក់​ ត្រូវបាន​បញ្ជូនទៅ​បន្ត​ស្នាក់នៅ​តាមដាន​សុខភាព​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​ ១១ ​នាក់​ទៀត​នៅ​វិទ្យាល័យ​បុរី​ ១០០ ​ខ្នង​រាជធានី​ភ្នំពេញ​។ រីឯ​អ្នកជំងឺ​កូវីដ​មួយចំនួន​ផ្សេងទៀត​កំពុង​តែ​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត ដើម្បី​ពិនិត្យមើល​នូវ​ភាពត្រួត​ស៊ីគ្នា​នៃ​អ្នកជំងឺ​ដែល​អាចមាន​ឈ្មោះ​ដូចគ្នា ឬ​ប្រហាក់ប្រហែល​គ្នា ឬមួយ​ខុស​ភេទ​គ្នា ឬ​ឈ្មោះ​ដូចគ្នា តែ​ខុស​អាសយដ្ឋាន​គ្នា​ដែល​អាច​កើតមាន​នៅក្នុង​ការកត់ត្រា​៕

វីដេអូ៖