ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យក្រុមអ្នកច្បាប់សិក្សាច្បាប់ដើម្បីពិចារណាដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប្រសិនបើការអំពាវនាវរបស់លោកក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ មិនមានប្រសិទ្ធភាព។
លោកបានថ្លែងដូច្នេះក្នុងពេលសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ ១៩ ចំនួន ៤២២ នាក់មុនពេលពួកគេចេញបំពេញការងារជាមួយក្រសួងសុខាភិបាល។ លទ្ធភាពដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ ធ្វើឡើងមួយផ្នែកដោយសារតែការអំពាវនាវរបស់លោកមិនមានប្រសិទ្ធភាពដូចជាការឡើងថ្លៃម៉ាស់ជាដើម។
លោកមានប្រសាសន៍ថា៖ «ខ្ញុំកំពុងឲ្យពិនិត្យនូវលទ្ធភាពមាត្រា ២២ នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិនចង់ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំគ្មានប្រសិទ្ធភាព មាត្រាទី ២២ ដែលចែងថាក្នុងប្រទេសដែលមានមហន្តរាយមានន័យថា ការជួបនឹងគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រីពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ដូច្នេះខ្ញុំក៏អាចស្នើសុំព្រះមហាក្សត្រសុំការឯកភាពពីប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន»។
ប៉ុន្តែលោកថ្លែងថា វិសាលភាពនៃមាត្រា ២២ នេះមិនទាន់មានច្បាប់មួយដោយឡែកដែលកំណត់ពីវិសាលភាពរបស់វាទេ ដូច្នេះហើយលោកកំពុងឲ្យក្រុមការងារសិក្សាលើវិសាលភាពរបស់វា។
លោកថ្លែងថា៖ «នេះជាការចន្លោះប្រហោងរបស់យើង ដោយយើងមិនគិតថា ប្រទេសរបស់យើងអាចនឹងមានការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ បើដាក់ប្រទេសក្នុងគ្រាមានអាសន្ន សិទ្ធិស៊ីវិលត្រូវបានកាត់ហើយ។ ជាក់ស្ដែងប្រទេសនានាបានយកវិធានការយកទាហានយកប៉ូលិស។ ប្រទេសខ្លះប្រជាពលរដ្ឋមិនព្រមស្ដាប់ដល់ពេលមិនព្រមស្ដាប់ ប្រើទាហាន ប្រើប៉ូលិស។ ប៉ុន្តែយើង យើងនិយាយគ្នាបាន។ ប៉ុន្តែខ្ញុំមិនចោលលទ្ធភាពដែលខ្ញុំនឹងប្រើប្រាស់នូវមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ»។
លោកប្រាប់ទៅអ្នកវិភាគថា វិធីនេះមិនមែនជាការបង្ក្រាបទៅលើមនុស្សនោះទេ ប៉ុន្តែជាវិធានការការពារមនុស្សកុំឲ្យស្លាប់ដោយប្រើវិធានការតឹងរ៉ឹង ខណៈប្រទេសខ្លះបានអនុវត្តរួចហើយដូចជា ថៃ និងឥណ្ឌា។
លោកព្រលយថា បើសិនជាដាក់ប្រទេសក្នុងគ្រាអាសន្នត្រូវបានធ្វើឡើងនោះនឹងមានការហាមជួបជុំ ហាមចេញពីផ្ទះ និងការហាមជាច្រើនទៀតតាមដែលអ្នកច្បាប់អាចពិនិត្យឃើញ។ លោកចាត់ទុកថា ការដាក់ប្រទេសក្នុងគ្រាអាសន្នគឺជាការបង្ខាំងមនុស្សក្នុងទ្រង់ទ្រាយធំស្របនឹងរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «អ៊ីចឹងសុំអ្នកវិភាគកុំចេញមកវិភាគថា លោក ហ៊ុន សែន ឆ្លៀតប្រើមាត្រាទី ២២ ដើម្បីបំពានសិទ្ធិពលរដ្ឋ។ កុំស្តង់ដា ២ ណា ចិនបិទហឺប៉ី និងវូហាន ថាចិនរឹតត្បិតដល់ប្រទេសលោកខាងលិចបិទប្រទេសថា អានោះវិធានការការពារជំងឺ។ កុំឲ្យស្តង់ដាទ្វេ»។
ទន្ទឹមនឹងលទ្ធភាពដាក់ប្រទេសក្នុងគ្រាអាសន្ននេះលោក ហ៊ុន សែន ក៏ប្រកាសពីយុទ្ធនាការបន្តដែលកម្ពុជាត្រូវធ្វើដើម្បីប្រយុទ្ធនឹងជំងឺកូវីដ ១៩ នេះ។ វិធានការដែលបានធ្វើហើយ តែត្រូវបន្តធ្វើតទៅទៀតនោះគឺការព្យាយាមទប់ស្កាត់ការឆ្លងពីខាងក្រៅ និងយកចិត្តទុកដាក់ទប់ស្កាត់ការចម្លងខាងក្នុង។
បន្ថែមពីលើនេះ កម្ពុជាមិនមានគោលការណ៍ជម្លៀសនិស្សិតកម្ពុជាពីចិន កូរ៉េ និងប្រទេសអាស៊ាន និងប្រទេសដែលមានជំងឺនេះរាប់ទាំងអាមេរិក និងអឺរ៉ុបនោះទេ ពីព្រោះការជម្លៀសពលរដ្ឋត្រឡប់មកវិញមានហានិភ័យនាំជំងឺចូលស្រុក។ លោកស្នើសុំឲ្យនិស្សិតខ្មែរ ១២ នាក់នៅអាមេរិកកុំត្រឡប់មកវិញក្នុងពេលនេះ។
កិច្ចការបន្ទាន់មួយទៀតដែលអាជ្ញាធរត្រូវធ្វើគឺត្រូវគ្រប់គ្រងពលករដែលមកពីថៃ ដែលបានចូលស្រុកខ្មែររួចហើយដោយអាជ្ញាធរខេត្តត្រូវចុះទៅតាមផ្ទះ ហើយឲ្យពួកគេនៅដាច់ដោយឡែកនៅតាមផ្ទះ។ លោកដាក់បញ្ជាឲ្យផ្អាកការបញ្ជូនមន្ត្រីចេញទៅប្រជុំខាងក្រៅ ហើយផ្អាកការប្រជុំអន្តរជាតិទាំងអស់នៅកម្ពុជា។ សូម្បីតែកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ក៏អាចត្រូវពន្យារផងដែរ បើស្ថានការណ៍មិនមានភាពប្រសើរឡើង។
លោកថាការងារអាទិភាពមួយទៀតគឺធ្វើការជាមួយភាគីថៃ ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលករខ្មែរប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយដែលអាចពិនិត្យសុខភាពបាន។
លោកថ្លែងថា៖ «អាជ្ញាធរតាមព្រំដែនកម្ពុជា-ថៃ ត្រូវទទួលខុសត្រូវលើការងារនេះ។ ឥឡូវអ្នកដែលមករួចហើយ គឺយើងត្រូវតាមស្វែងរកអ្នកទាំងនោះ ប៉ុន្តែអ្នកដែលមិនទាន់មក ក្រសួងការបរទេសខ្ញុំប្រគល់ការងារឲ្យ។ យប់មិញប្រគល់ការងារឲ្យទៅ ៤ នាក់ សម្ដេចក្រឡាហោម ស ខេង គឺប្រគល់ឲ្យបញ្ជាទៅខេត្តរបស់យើង។ ក្រសួងការបរទេសត្រូវធ្វើការងារ (ជាមួយ) ក្រសួងការបរទេសថៃ។ ក្រសួងការងារត្រូវធ្វើការងារទាក់ទងនឹងពលករ និងក្រសួងសុខាភិបាលធ្វើការទាក់ទងនឹងការពិនិត្យ [ជំងឺ]»។
លោកបានដាក់បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបន្តរុករកអ្នកដែលឆ្លងដែលមិនទាន់បានពិនិត្យ ហើយយកពួកគេមកដាក់នៅកន្លែងព្យាបាល ឬដាក់នៅដោយឡែក ១៤ ថ្ងៃ។ អ្នកដែលត្រូវតាមរកគឺអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ។ នៅពេលតាមរកគាត់ឃើញត្រូវយកគាត់ដាក់នៅដោយឡែក មុនពេលដឹងពីលទ្ធផលនៃការធ្វើតេស្ត ប៉ុន្តែមិនទាន់បញ្ជូនចូលមន្ទីរពេទ្យទេ។ ដោយសារមានការអនុវត្តលើសបទបញ្ជា ដោយបានបិទទាំងហាងលក់បាយ គុយទាវ ហាងកាហ្វេ លោក ហ៊ុន សែន បានរៀបរាប់សាជាថ្មីអំពីកន្លែងដែលត្រូវបិទ រួមមានការប្រជុំ ការជួបជុំខាងសាសនាគ្រប់ប្រភេទ KTV ក្លិបរាត្រី កន្លែងកម្សាន្ត សារមន្ទីរ រោងភាពយន្ត ការប្រគំតន្ត្រីនៅកន្លែងសាធារណៈ។
លោកបញ្ជាក់ថា៖ «តែសុំបញ្ជាក់ថា រាជរដ្ឋាភិបាលគ្មានផែនការបិទទីផ្សារលក់ដូរ ភោជនីយដ្ឋាន ហាងកាហ្វេ ពិសេសរោងចក្រ។ រាជរដ្ឋាភិបាលនៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំ តែហាមការជួបជុំមនុស្សច្រើន។ យកល្អសប្បាយជាមួយក្រុមគ្រួសារតាមផ្ទះរៀងៗខ្លួន»។
លោកក៏ស្នើកុំឲ្យមានការប្រើអបិយជំនឿដើម្បីទៅបណ្ដេញមេរោគ កូវីដ១៩។ លោកស្នើឲ្យអាជ្ញាធរផ្សព្វផ្សាយអំពីអនាម័យ និងឲ្យក្រុមហ៊ុន រោងចក្រយកចិត្តទុកដាក់សុខភាពបុគ្គលិក និងកម្មករឲ្យបានខ្ពស់។ ពេលនេះកម្ពុជាមានកន្លែងសម្រាប់ដាក់អ្នកជំងឺ និងអ្នកដែលត្រូវនៅដាច់ដោយឡែកជាង ៣ ០០០ បន្ទប់។
លោកថ្លែងថា៖ «សារមួយព្រឹកនេះជាអគ្គបញ្ជាការនៃយុទ្ធនាការប្រឆាំងកូវីដ១៩ ចេញមកបញ្ជា ហើយត្រង់ទៅអនុវត្តជាក់ស្ដែងរបៀបណាគឺក្រសួងសុខាភិបាលយកទៅធ្វើទៅ ប៉ុន្តែការចង្អុលទិសជាក្របខ័ណ្ឌគោលនយោបាយ និងការបែងចែកធនធាន រៀបចំទីតាំងមានអស់ហើយ។ នេះជាដំណាក់កាលប្រយុទ្ធដ៏ស្រួចស្រាល់មួយ ហើយយើងជឿជាក់ថា យើងនឹងឈ្នះលើកូវីដ ១៩»៕
វីដេអូ៖