ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន ​ស្នើ​​ដល់​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​​ឲ្យ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​ ​ដើម្បី​ការ​អភិវឌ្ឍ​ ​និង​ភាព​រីក​ចម្រើន​របស់​អាស៊ាន​ទាំង​មូល ​ខណៈ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថ្លែង​ថា​ អាស៊ាន​កំពុង​ខិតខំ​ដើម្បី​ធានា​ឲ្យ​បាន​ថា​ ​សមុទ្រ​ចិនខាង​ត្បូង​នៅ​តែ​ជា​ «​សមុទ្រ​នៃ​សន្តិភាព»។

​លោក​ ​ហ៊ុន​ ​សែន​ បាន​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​ នៅ​ទី​ក្រុង​បាង​កក​ ប្រទេស ​ថៃ​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ចាប់​ពី​ថ្ងៃ​ទី​ ២២ ដល់​ ២៣​ ខែ​ មិថុនា​។ លោក​បាន​ថ្លែង​ថា​ ​កន្លង​មក​នេះ​ កម្ពុជា​បាន​គោរព​ទៅ​តាម​គោល​ការណ៍​ និង​កាតព្វ​កិច្ច​របស់​ខ្លួន​ ក្នុង​ការ​ចូល​រួម​ជា​សមា​ជិក​អាស៊ាន​នេះ ​ពិសេស​ការ​ចូល​រួម​ថែ​រក្សា​សន្តិ​សុខ ស្ថិរភាព​ ​ការ​អភិ​វឌ្ឍ ​និង​វិបុលភាព។​

យោង​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ ​២ ​ថ្ងៃ​ ថ្នាក់​ដឹក​នាំ​អាស៊ាន​បាន​ផ្តោត​​ការ​​យក​ចិត្តទុក​ដាក់​ទៅ​លើ​បញ្ហា​ស្នូល​របស់​អាស៊ាន​ ការ​ពង្រឹង​កសាង​សមត្ថ​ភាព​របស់​អាស៊ាន​ ជា​ពិសេស​ការ​ចូល​រួម​កាត់​បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​អាស៊ាន​ ក្នុង​ការ​ពង្រឹង​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ផ្ទៃ​ក្នុង​អាស៊ាន​ ដើម្បី​ធ្វើ​យ៉ាង​ណា​ ជំរុញ​ឲ្យ​អាស៊ាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រ​ឈម​នៃ​គ្រោះ​មហន្ត​រាយ​ដោយ​ការ​ប្រែ​​ប្រួល​អាកាស​ធាតុ​ ជា​ពិសេស​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​គ្រប់​គ្រង​សំរាម​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​រាត​ត្បាត​នៅ​​តាម​ឆ្នេរ​កោះ​នៃប្រ​​ទេស​សមាជិក​អាស៊ាន។​

ហ្វេស​ប៊ុក​លោក​ ​ហ៊ុន​ សែន​ បន្ត​ថា ​មេដឹក​នាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ ក៏​បាន​ផ្លាស់​ប្ដូរ​មតិ​យោបល់​ពិ​ភាក្សា​លើ​បញ្ហា​ប្រឈម​លើ​ការ​គ្រប់​គ្រង​បញ្ហា​ប្រែ​ប្រួល​អាកាស​ធាតុ​ និង​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​​អាស៊ាន​ដើរ​តួនា​ទី​សំខាន់​ក្នុង​យន្ត​ការ​សាម​គ្គី​ភាព ​ការ តភ្ជាប់​អាស៊ាន​ ​ជាពិ​សេស​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជ​ក​ម្ម​ វិនិ​យោគ​ ទេស​ចរណ៍ ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឱ្យ​អា​ស៊ាន​នេះ​ ឆ្លើយតប​នឹង​អ្វី​ដែល​អាស៊ាន​កំពុង​តែ​កសាង​សហគម​ន៍​នេះ។​ កម្ពុជា​ក៏​បាន​គោរព​ទៅ​តាម​គោល​ការណ៍​ពាក់​ព័ន្ធ​ទៅ​នឹង​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​តំបន់​អាស៊ាន​ដែល​អាណត្តិ​នេះ​នឹង​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

​លោក​ ​ហ៊ុន​ ​សែន​ ក៏​បាន​ជួប​​សំណេះ​សំណាល​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ សិង្ហ​បុរី ​លោក​ លី ​ស៊ាន​ឡុង​ នៅ​ក្នុង​ជំនួប​ទ្វេភា​គី​ដាច់ ដោយ​ឡែក។​ នាយក​រដ្ឋ​មន្ត្រី​ទាំង​ ២ បាន​​ឯកភាព​ក្នុង​ការ​បន្ត​កិច្ច​សហ​ប្រតិ​បត្តិការ​កាន់​តែ​ខ្លាំង​ និង​ដោយ​ភាត​រភាព​រវាង​ប្រទេស​ទាំង ២។​ ​

កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​ លោក​ លី​ ស៊ាន​ឡុង​ បាន​ថ្លែង​ពាក់​ព័ន្ធ​នឹង​ប្រវត្តិ​សាស្ត្រ​ដ៏​ចម្រូង​ចម្រាស​​អំពី​វត្តមាន​របស់​កង​ទ័ព​វៀត​ណាម​នៅ​ក្នុង​ការផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។​ អត្ថា​ធិប្បាយ​របស់​នាយក​រដ្ឋ​មន្ត្រី ​សិង្ហ​បុរី​បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​កម្ពុជា។​

​ប៉ុន្តែ​ក្នុង​ជំនួប​ផ្ទាល់​​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ កាល​ពីម្សិល​មិញ ​លោក​ លី​ ស៊ាន​ឡុង​ បាន​ថ្លែង​ថា​៖​ ​«វា​ជា​សុបិន​អាក្រក់​រយៈ​ពេល​ខ្លី​នៅ​ក្នុង​ទំនាក់​​ទំនង​ការ​ទូត​របស់​យើង»។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ប្រាក់​ សុ​ខុន​ ​ប្រាប់​ដល់​សារ​ព័ត៌​មាន​ CNC។​

​លោក​ ប្រាក់​ សុខុន​ បន្ត​ថា​ ក្នុង​ជំនួប​​នោះ ​ភាគី​ទាំង​ ២ បាន​ចាត់​ទុកថា​ បញ្ហា​កាល​ពី​អតីត​កាល​ថា​ ជា​ទស្សនៈ​ខុស​គ្នា​ហើយ​ភាគី​ម្ខាង​មិន​អាច​កែ​ប្រែ​នូវ​ទស្សនៈ​របស់​ភាគី​ម្ខាង​ទៀត​បាន​ទេ។ លោក​ ប្រាក់​ សុខុន​ បន្ត​ថា​ ទោះ​យ៉ាង​ណា ​ភាគី​ទាំង​ ២ បាន​ឯក​ភាព​គ្នា​ដើ​រ​ទៅ​មុខ​ ចាប់​ដៃ​គ្នាដើម្បី​ភាព​វិជ្ជ​មាន​ទាំងអស់​គ្នា។​

ពាក់​ព័ន្ធ​នឹង​កិច្ច​ប្រជុំ​អាស៊ាន​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ ​ក្រសួង​ការ​បរ​ទេស ​និង​សហ​ប្រតិ​បត្តិ​ការ​អន្ត​រ​ជាតិ​ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​អំពី​ការ​ចូលរួម​ប្រជុំ​​ចំនួន​ ៣ ​របស់​លោក ​ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃ​ទី​ ២២ ​ខែ ​មិថុនា​ ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​លើក​ទី៣៤។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​ ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា​ សម្រាប់​ការ​កសាង​សហ​គមន៍​អាស៊ាន​ លោក​ ប្រាក់​ សុខុន​ ​បាន​សង្កត់​ធ្ងន់​ពី​សារៈ​​សំខាន់​នៃ​ចក្ខុ​វិស័យ​ «ភាព​ជា​ដៃ​គូ​សម្រាប់​ចីរភាព»​ និង​ទស្សន​វិស័យ​អាស៊ាន​ ស្តី​ពី​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​ ​លោក​​បាន​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដោយ​លោក​បាន​លើក​ឡើង​ថា​៖​ ​«​អាស៊ាន​កំពុង​ខិត​ខំ​ដើម្បី​ធានា​ឲ្យ​បាន​ថា ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​ជា​ «​សមុទ្រ​នៃ​សន្តិភាព»។​

អាស៊ាន​ និង​ចិន​គួរ​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ ដើម្បី​ធានា​បាន​នូវ​ការ​កសាង​ទំនុក​ចិត្ត​ សំដៅ​សម្រេច​បាន​នូវ​ការ​បញ្ចប់​ការ​ចរចា​អំពី​ក្រម​សីល​ធម៌ (COC)​ ដែល​មាន​ប្រសិទ្ធ​ភាព»។​ ​

លោក​ ប្រាក់​ សុខុន​ ថ្លែង​ថា​ ​ចិន​និង​អាស៊ាន​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​ «ស្មារ​តី​ទីក្រុង​បា​លីសៀម​រាប​ដែល​សង្កត់​ធ្ងន់​លើ​ភាព​បត់​បែន​ និង​ការសម្រប​សម្រួល​ទៅវិញ​ទៅមក»។​

​លោក ​ប្រាក់​ សុខុន​ ប្ដេជ្ញា​ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​អំពើ​ភេរវ​កម្មនៅ​ក្នុង​គ្រប់​ទម្រង់​ទាំងអស់៕