
លោក ហ៊ុន សែន ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ពីម្សិលមិញ។ រូបថត SPM
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឱ្យប្រទេសរុស្ស៊ី ជួយផ្ដល់ជំនួយជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ មកកម្ពុជា ខណៈដែលប្រទេសរុស្ស៊ី គ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងនេះទ្រង់ទ្រាយធំលើពលរដ្ឋរបស់ខ្លួននៅក្នុងខែតុលា ខាងមុខ។
ការស្នើរបស់លោក ហ៊ុន សែន នេះ បានធ្វើឡើងកាលពីម្សិលមិញ ខណៈដែលលោកបានជួបស្វាគមន៍ និងពិភាក្សាជាមួយលោក ANATOLY BOROVIK ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរស្ស៊ីថ្មីប្រចាំកម្ពុជា។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរថា លោកបានអបអរសាទរប្រទេសរុស្ស៊ី ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងជំងឺឆ្លងកូវីដ ១៩ ដែលលោកយល់ឃើញថា ការរកឃើញវ៉ាក់សាំងនេះ នឹងអាចជួយពិភពលោកប្រយុទ្ធប្រឆាំងជំងឺ ដែលកំពុងធ្វើឱ្យមានបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាសេដ្ឋកិច្ច សង្គម និងទំនាក់ទំនងរវាងប្រទេសជាច្រើននៅក្នុងពិភពលោក។ ទំព័រហ្វេសប៊ុកនេះបន្តថា៖ «ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានស្នើសុំដល់រុស្ស៊ី ផ្តល់នូវជំនួយថ្នាំវ៉ាក់សាំងកូវីដ ១៩ ដល់កម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេស»។
កាលពីពាក់កណ្ដាលខែសីហា គឺមិនដល់ ២ ខែបន្ទាប់ពីការសាកល្បងវ៉ាក់សាំងលើមនុស្ស លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីបានប្រកាសថា ប្រទេសរបស់លោកបង្កើតបានវ៉ាក់សាំងឈ្មោះ Sputnik-V សម្រាប់ការពារជំងឺឆ្លងកូវីដ ១៩ និងបានអនុម័តឱ្យប្រើប្រាស់នៅក្នុងប្រទេស ហើយរុស្ស៊ីគ្រោងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងនេះ ទ្រង់ទ្រាយធំលើពលរដ្ឋនៅក្នុងខែតុលា ខាងមុខ។
ទោះយ៉ាងណា អ្នកជំនាញមួយចំនួនព្រួយបារម្ភអំពីសុវត្ថិភាពនៃវ៉ាក់សាំងដែលបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ដោយប្រទេសរុស្ស៊ី យ៉ាងឆាប់រហ័ស បន្ទាប់ពីសាកល្បងក្នុងរយៈពេលខ្លីនេះ ហើយអង្គការសហប្រជាជាតិក៏បានទទូចដល់ប្រទេសនេះឱ្យគោរពតាមគោលការណ៍អន្តរជាតិក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលធ្លាប់បានបញ្ជាក់ថា កម្ពុជានឹងទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ពីប្រទេសណាមួយ ដែលបានការទទួលស្គាល់ និងប្រកាសអនុញ្ញាតឱ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។
នៅក្នុងជំនួបកាលពីម្សិលមិញ លោក ហ៊ុន សែន ក៏បានលើកឡើងអំពីជំនួយរបស់រដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលបានផ្ដល់មកកម្ពុជានាពេលកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ គឺអំឡុងពេលកម្ពុជាកំពុងជួបវិបត្តិជាច្រើនក្រោយពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងស្របពេលមានប្រទេសតិចតួចណាស់ដែលទទួលស្គាល់កម្ពុជាក្នុងសម័យនោះ។
លោក ហ៊ុន សែន បានចាត់ទុកជំនួយរបស់ប្រទេសរុស្ស៊ី មកកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាពិសេសការផ្ដល់ជំនួយលើវិស័យអប់រំ ដែលបានបណ្តុះបណ្តាលនូវធនធានមនុស្សល្អៗ សម្រាប់បម្រើការងារនៅក្នុងប្រទេសកម្ពុជា ហើយបានជួយជំរុញឱ្យកម្ពុជារីកចម្រើនរហូតមកដល់ពេលនេះ។
ចំណែក ANATOLY BOROVIK បានប្រាប់លោក ហ៊ុន សែន ថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងដ៏ល្អ ដែលមានជាមួយគ្នាអស់រយៈពេល ៦៤ ឆ្នាំមកហើយ ហើយនៅឆ្នាំក្រោយនេះ គឺជាខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។ លោកបញ្ជាក់ថា នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនខ្លាំងថែមទៀត ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀត ដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង ២។
លោក ANATOLY BOROVIK ក៏បានអបអរសាទរការប្រារព្ធខួបទី២៧ ឆ្នាំនៃថ្ងៃបង្កើត និងការប្រើប្រាស់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ផងដែរ៕
វីដេអូ៖