The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ ហ៊ុន សែន ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ ​១៩​ ពី​ប្រទេស​ឥណ្ឌា




លោក​ ហ៊ុន សែន ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ ​១៩​ ពី​ប្រទេស​ឥណ្ឌា

Content image - Phnom Penh Post
លោក​ ហ៊ុន សែន ក្នុងជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណា្ឌ​ពី​ម្សិលមិញ​។ រូបថត​ (SPM)

លោក​ ហ៊ុន សែន ស្នើសុំ​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ ​១៩​ ពី​ប្រទេស​ឥណ្ឌា

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើសុំ​ជំនួយ​វ៉ាក់សាំង​កូវីដ​ ១៩ ​ពី​ប្រទេស​ឥណ្ឌា ដោយសារ​ប្រទេស​នេះ​បាន​ផលិត​វ៉ាក់សាំង​បាន​ដោយ​ខ្លួនឯង ដែល​គ្រោង​នឹងធ្វើ​ការចាក់​ជូន​ពលរដ្ឋ​ឥណ្ឌា​ប្រមាណ​ជាង​ ៣០០ ​លាន​នាក់​ក្នុងឆ្នាំនេះ​។ ការស្នើ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​ពី​ម្សិលមិញ​។

លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា Devyani Uttamkhobragade បាន​សម្ដែង​ការអបអរសាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្តបាន​យ៉ាង​ល្អប្រសើរ​ចំពោះ​ការទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន ក៏បាន​អបអរសាទរ​ផងដែរ​ចំពោះ​ប្រទេស​ឥណ្ឌា​ដែល​បាន​ផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​ បាន​ជោគជ័យ និង​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នាពេល​ថ្មីៗ​នេះ​។ លោក​ក៏បាន​ស្នើសុំ​ប្រទេស​ឥណ្ឌា​ឧបត្ថម្ភ​វ៉ាក់សាំង​កូវីដ ​១៩ ដល់​ប្រទេស​កម្ពុជា​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ ព្រោះ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ពី​មិត្ត​ចិន​អាច​នឹងមិន​គ្រប់គ្រាន់​។

កាលពី​ចុង​សប្តាហ៍​មុន​លោក​ ហ៊ុន សែន លើកឡើងថា ចិន​បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១​ លាន​ដូស​ដល់​កម្ពុជា ហើយ​លោក​ក៏បាន​ប្រកាស​ចាក់​វ៉ាក់សាំង​នេះ​មុនគេ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​។

ក្នុង​ការចុះ​បំពេញ​ទស្សនកិច្ច​ការងារ​នៅតាម​បណ្តា​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​ពួកគាត់​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​លោកស្រី​ស្នើឱ្យ​ក្រុមគ្រូពេទ្យ​នៅតាម​ព្រំដែន​ទាំងអស់​ត្រូវ​បង្កើន​វិធាន​សុវត្ថិភាព​មុនពេល​ចេញទៅ​ព្យាបាល​អ្នកជំងឺ​កូវីដ ​១៩​។

លោកស្រី​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ពី​ខេត្ត​ប៉ៃលិន​ថា​៖ «​អ្វី​ដែល​យើង​សង្កេតឃើញ គឺ​មន្ទីរ​សុខាភិបាល​នៃ​ខេត្ត​ទាំង​ ៣ ​នេះ​គឺ​ពួកគាត់​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ទាំងយប់​ទាំង​ថ្ងៃ​។ ពួកគាត់​ត្រូវ​គ្រប់គ្រង​នៅតាម​ច្រកចូល​សម្រាប់​ពិនិត្យ​សុខភាព​របស់​ពលករ​ដែល​មកពី​ប្រទេស​ថៃ​ ចូលក្នុង​ប្រទេស​កម្ពុជា​»​។ លោកស្រី​បន្តថា​ក្រុមគ្រូពេទ្យ​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការនាំ​ពលករ​ដែលមាន​វីរុស​កូវីដ​ ១៩ ទៅ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ដែល​បាន​កំណត់​ច្បាស់លាស់​។

លោកស្រី​ ឱ វណ្ណឌីន មាន​ប្រសាសន៍​ថា​៖ «​មន្ទីរ​សុខាភិបាល​ក្នុង​ខេត្ត​ទាំងនេះ​គិតពី​មន្ត្រី​សុខាភិបាល​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ការប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​កូវីដ​ ១៩​ ឱ្យ​ពួកគាត់​មាន​ភាពកក់ក្តៅ កុំ​ឱ្យ​ពួកគាត់​ភ័យខ្លាច ហើយ​អ្វីដែល​សំខាន់​គឺ​ធ្វើ​យ៉ាងណា​កុំឱ្យ​ឆ្លង​កូវីដ​ ១៩​ នេះ​មក​ក្រុមគ្រូពេទ្យ​របស់​យើង​»​។

លោកស្រី​បន្ថែមថា​៖ «​ឯ​ចំណុច​សំខាន់​មួយទៀត គឺ​មន្ទីរ​សុខាភិបាល​បាន​ខិតខំ​ក្នុង​ការគ្រប់គ្រង​សំណាក​របស់​អ្នកដំណើរ ដោយសារ​សំណាក​ទាំងនោះ​យើង​មិនដឹងថា អ្នកណា​មាន ឬ​អត់​មាន​វីរុស​កូវីដ​ ១៩ ​ទេ​។ ដូចនេះ​បើ​ការគ្រប់គ្រង​មិនបាន​ល្អ​ទេនោះ លទ្ធភាព​នៃ​ការចម្លង​វីរុស​កូវីដ​ ១៩ អាច​នឹង​កើតមានឡើង​»​។

បើតាម​មន្ត្រី​នាំពាក្យ​រូបនេះ ក្រុមគ្រូពេទ្យ​ជំនាញ​ដែល​មកពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដែល​មាន​ចំណេះ​ជំនាញ និង​បទពិសោធ​ខ្លាំង​ក្នុង​ការពិនិត្យ និង​ព្យាបាល​ជំងឺ​កូវីដ​ ១៩​ នេះ​គឺ​ពួកគាត់​បាននិង​កំពុង​ជួយ​គាំទ្រ ពង្រឹង​សមត្ថភាព​គ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យ​បង្អែក​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​។

ក្នុង​ឱកាស​នោះដែរ លោកស្រី​ ឱ វណ្ណឌីន សង្កេតឃើញ​អាជ្ញាធរ​មាន​ការចាត់ចែង​គ្រប់គ្រង​ម៉ឺងម៉ាត់ និង​តឹងតែង ដើម្បី​ធានាថា មិន​ឱ្យ​មាន​អ្នកមាន​ផ្ទុក​វីរុស​កូវីដ​ ១៩​ របូត​ចេញ​ទៅ​ទេ​។ លោកស្រី​បង្ហាញ​ភាពកក់ក្តៅ ដែល​អាជ្ញាធរ​រង់ចាំ​ជួយ​ពលករ​ខ្មែរ​វិល​មកពី​ប្រទេស​ថៃ​ទៅ​ធ្វើ​ចត្តាឡីស័ក ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩​។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ១៨ មករា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នកជំងឺ​កូវីដ​ ១៩​ ចំនួន​ ៤៣៩ ​នាក់ ​អ្នកជា​សះស្បើយ​ចំនួន​ ៣៨៦ ​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ៥៣ ​នាក់​។

ពី​ម្សិលមិញ បុរស​ជា​ពលករ​ខ្មែរ​អាយុ​ ៣៨ ​ឆ្នាំ​ ដែល​ទើបតែ​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​នៅ​យប់​ថ្ងៃទី​ ១៧ មករា តាម​ច្រក​ចំបក់​ស្ថិត​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​បានទទួល​មរណភាព បន្ទាប់ពី​គាត់​បាន​ដួល​បោក​ក្បាល​ទៅលើ​ថ្ម ពេល​បុរស​រូបនេះ​ដើរទៅ​បត់ជើង​តូច មុន​ពេល​ដែល​គាត់​ឡើង​រថយន្ត​កងទ័ព​ដើម្បី​ទៅកាន់​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​។

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ម្សិលមិញ បញ្ជាក់ថា នៅពេល​ដែល​គាត់​ដួល​ភ្លាម​មាន​ពលករ​ម្នាក់ទៀត ដែល​រួម​ដំណើរ​ជាមួយ​បាន​ទៅ​ជួយ​លើក​បុរស​នោះ​។ ​ពលករ​ដែល​រងគ្រោះ​នោះ​និយាយ​ថា​គាត់​អស់កម្លាំង​ហើយ​បាន​ហូប ស្រាបៀរ​លីអូ​ថៃ​អស់​ ២ ​កំប៉ុង​។

នៅពេលនោះ កម្លាំង​នគរបាល​ឈរជើង​នៅ​នោះ​បាន​ជួយ​សង្គ្រោះ និង​បាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ម៉ាឡៃ​។ ពេទ្យ​បាន​ដេរ​របួស​ក្បាល និង​បាន​ដាក់ឱ្យ​សម្រាក តាមដាន​សុខភាព​ជាធម្មតា​។ ប៉ុន្តែ​ពលករ​រូបនេះ​មាន​អាការ​ប្រែប្រួល វិលមុខ ក្អួត​រហូតដល់​សន្លប់​បាត់ស្មារតី​តែម្តង រួច​គ្រូពេទ្យ​បាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​អ្នកជំងឺ​បាន​បាត់បង់​ជីវិត​មុនពេល​មកដល់​មន្ទីរពេទ្យ​។

រដ្ឋបាលខេត្ត​បញ្ជាក់ទៀត​ថា ពលករ​រូបនេះ​មិន​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ទេ គឺ​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​ដួល​បោកក្បាល​៕

អត្ថបទគួរចាប់អារម្មណ៍