ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ប្រទេស​ក្នុង​អាស៊ាន​ដាក់ចេញ​សេណារីយ៉ូ​ដើម្បី​បើក​ការធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ជា​បណ្តើរៗ និង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ស្តារ​វិស័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​កូវីដ ​១៩​ ឡើងវិញ​។

លោក​អះអាង​ថា អាស៊ាន​ទទួល​បាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​បើ​ប្រៀបធៀប​នឹង​តំបន់​ផ្សេងៗ​ទៀត​។ ការស្នើ​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៦ ក្រោម​មូលបទ ភាពស្អិតល្មួត និង​ការឆ្លើយតប​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ (Video Conference) នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​ ២៦ មិថុនា​។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដូចជា​បញ្ហា​សុវត្ថិភាព​សុខភាព​សាធារណៈ ការបង្អាក់​ការប្រមូលផ្តុំ និង​ដំណើរការ​នៃ​ចង្វាក់​ផ្គត់ផ្គង់​សកល ក៏ដូចជា​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សង្គម និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកលលោក​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ការឆ្លើយតប​រួម និង​សាមគ្គីភាព​ជា​សកល​លើ​មូលដ្ឋាន​ពហុភាគី​និយម ជាពិសេស​ក្រោម​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ពិតជា​មាន​ភាពចាំបាច់​មិនអាច​ខ្វះ​បាន​ក្នុង​កម្រិត​តំបន់​អាស៊ាន ពិតជា​មាន​មោទនភាព​ដែល​បាន​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ នេះ បើ​ប្រៀបធៀប​នឹង​តំបន់​ផ្សេងៗ​ទៀត​»​។

លោក​ថ្លែងថា​៖ «​អាស៊ាន​មាន​កាលានុវត្តន៍​ថ្មី​ក្នុង​ការពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​របស់ខ្លួន​។ នេះ​គឺជា​កិច្ចការ​ចាំបាច់​ចំពោះ​មុខ​ដោយ​ខ្ញុំ​យល់​ឃើញ​ថា ការតភ្ជាប់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​នឹង​​អាចឱ្យ​អាស៊ាន​សម្រេច​នូវ​សក្តានុពល​របស់​ខ្លួន ខណៈ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​ ១០ ​មាន​ឧត្តមភាព​ប្រៀបធៀប (Comparative advantage) ផ្សេងៗ​គ្នា​»​។

លោក​បន្តថា​៖ «​លើស​ពី​នេះ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​នឹង​អាច​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​មាន​លទ្ធភាព​ផ្គត់ផ្គង់​គ្នា​ទៅវិញ​ទៅមក ហើយ​ប្រែក្លាយ​អាស៊ាន​ទៅ​ជា​តំបន់​មួយ​ដែល​អាច​ពឹងផ្អែក​លើ​ខ្លួនឯង​បាន​។ ការណ៍​នេះ​មិនមែន​មាន​ន័យថា អាស៊ាន​នឹង​កាត់ផ្តាច់​ខ្លួន​ពី​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​នោះទេ ប៉ុន្តែ​វា​ជា​ការលើកកម្ពស់​ភាពប្រកួតប្រជែង​របស់​សហគមន៍​អាស៊ាន​នៅលើ​ឆាក​អន្តរជាតិ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា អាស៊ាន​គ្រប់គ្រង​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ បាន​ល្អ​ជាងគេ បើ​ប្រៀបធៀប​ជាមួយ​តំបន់​ផ្សេងទៀត​។ អាស៊ាន​គួរតែ​មាន​វិធានការ​ជាក់លាក់ ហើយ​បើក​ការធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ជា​បណ្តើរៗ​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​ត្រូវមាន​វិធានការ​បង្ការ និង​ឆ្លើយតប​ច្បាស់លាស់​ចំពោះ​កូវីដ​១៩​។ អាស៊ាន​មានការ​ចាំបាច់​ត្រូវតែ​ពិនិត្យមើល​ឡើងវិញ​ទៅលើ​ការដោះដូរ​ពាណិជ្ជកម្ម​ផ្ទៃក្នុង​។

លោក ភា ថ្លែង​ថា​៖ «​កន្លង​មក​នេះ យើង​ឃើញ​ថា អាស៊ាន​គាត់​ផ្តោត​ខ្លាំង​ទៅ​លើ​ទីផ្សារ​ក្រៅ​តំបន់ ប៉ុន្តែ​គាត់​ភ្លេច​គិតដល់​មនុស្ស​ ៦០០ ​លាន​នាក់​នៅក្នុង​តំបន់​របស់​ខ្លួន​។ ដល់ពេល​យើង​មាន​វិបត្តិ​ទៅ​ភាព​អាស្រ័យ​នៃ​ការនាំចេញ​របស់​យើង​ខ្លាំងពេក​ទៅលើ​ទីផ្សារ​ក្រៅ​តំបន់​ហ្នឹង​ធ្វើឱ្យ​យើង​ប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​របស់​យើង​»៕

វីដេអូ៖