ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​ក្រសួង​ព័ត៌មាន លុបបំបាត់​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ការផ្ទុះ​ឡើង​វីរុស​កូរ៉ូណា ខណៈ​លោក​បាន​ស្ដីបន្ទោស​ខ្លាំងៗ​ដល់​ស្ថាប័ន​សារព័ត៌មាន អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម និង​អ្នកលេង​ហ្វេសប៊ុក​មួយចំនួន​ដែល​បាន​ផ្សាយ​ខុស​អំពី​វីរុស​កូរ៉ូណា​ដែល​ជា​ហេតុ​ធ្វើឱ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​មិន​ពិត មាន​ការភ័យខ្លាច​អំពី​វីរុស​កូរ៉ូណា​កើតឡើង​នៅ​កម្ពុជា​។

លោក​ ហ៊ុន សែន បាន​ស្នើឱ្យ​ក្រសួង​ព័ត៌មាន​ត្រូវ​ចាត់​វិធានការ​ចាំបាច់​ក្នុងការ​ទប់ស្កាត់​ការផ្សាយ​ព័ត៌មាន​ខុសពី​ការពិត ខណៈ​លោក​បាន​ស្ដីបន្ទោស​ដល់​សារព័ត៌មាន​ដើម​អំពិល​ការផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​របស់​លោក ឃឿន សូឡា ហៅ K01 និង​លោក ហេង ឡុង ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​ថា​បាន​ផ្សាយ​ព័ត៌មាន​ខុសពី​ការពិត​ និង​គ្មាន​ការទទួល​ខុសត្រូវ​ដែលនាំឱ្យ​ប្រជាពលរដ្ឋ​មាន​ការភិតភ័យ​ខ្លាំង​ហួសហេតុ​អំពី​ការកើតមាន​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​។

លោក​ថា​៖ «​ជា​អកុសល​ណាស់ សូម្បីតែ​អា​ដើម​អំពិល​របស់ សយ សុភាព ​នេះ​វា​ធ្វើ​ទៅរួច​។ វិជ្ជាជីវៈ​គ្រាន់បើ​នឹង​គេ​ដែរ ឥឡូវ​ក៏​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ BTV ហើយ​ខ្ញុំ​កំពុង​តែ​គិតថា តើ​លោក សយ សុភាព សមហេតុ​សមផល ដើម្បី​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ​ទូរទស្សន៍​មួយ​ដែល​ជំនាញ​ខាង​ផ្នែក​ព័ត៌មាន​ដែរឬទេ​? ខ្ញុំ​នឹង​ពិចារណា​លើ​បញ្ហា​នេះ ហើយ​នេះ​ចេះ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ BTV បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់ BTV ប៉ុន្តែ​គ្រាន់តែ​ជាការ​បំផ្លាញ​កេរ្តិ៍​របស់​ដើម​អំពិល​ប៉ុណ្ណោះ ហើយ​ខ្លួន​ក៏​បាន​សុំទោស​លើ​បញ្ហា​នេះហើយ​ដែរ​»​។

លោក ហ៊ុន សែន បន្ត​ថា​៖ «​សុំឱ្យ​ក្រសួង​ព័ត៌មាន​ចាត់វិធានការ​ចាំបាច់​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​។ ឃើញ​ដូចជា​ម៉ាឡេស៊ី​ចាប់​អ្នកសារព័ត៌មាន​ចំនួន​ ៣​ នាក់ យើង​អត់​ទាន់​មាន​ចាប់​ទេ ប៉ុន្តែ​ប្រសិន​បើ​មិន​រាងចាល​ទេ ក៏​ត្រូវ​តែ​ធ្វើ​ដែរ​។ ខេត្ត​សៀមរាប និង​ពោធិ៍សាត់​ដែល​ផ្សាយ​ព័ត៌មាន​មិន​ពិត​មក​ផូស្ត​ (​តាម​ហ្វេសប៊ុក​) ​ក៏ត្រូវ​បាន​គេ​ (​ប៉ូលិស​) ​យក​មក​ចុះហត្ថលេខា​ទទួល​កំហុស​ហើយ ហើយ​ក៏​សូមបញ្ជាក់ថា ព័ត៌មាន​ដែល​អាច​យក​បាន​គឺ​ក្រសួងសុខាភិបាល​ជា​អ្នក​នាំចេញ​ ឬ​ផ្ដល់ព័ត៌មាន មិនមែន​ប្រតិកម្ម​រហ័ស មិនមែន​ក្រសួង​ព័ត៌មាន ឬ​ក្រសួង​ណា​ក្រៅពី​ស្ថាប័ន​ដែល​ច្បាប់​បានប្រគល់​នោះទេ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បន្តថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការធ្វើ​អត្ថាធិប្បាយ​ហួសហេតុ​របស់​អ្នកសារព័ត៌មាន​តាម​បណ្ដាញ​សង្គម​ទាំងនេះ គឺជា​ហេតុ​ធ្វើឱ្យ​ពលរដ្ឋ​មាន​ការភ័យខ្លាច​ខ្លាំង​ដែល​មិនមែន​ជា​រឿង​ពិត​។ លោក​បន្តថា ការបំពុល​ព័ត៌មាន​គឺ​ធ្វើឱ្យ​ពលរដ្ឋ​ត្រូវ​ខាតបង់​ពេលវេលា បំពេញការងារ ខណៈ​ពលរដ្ឋ​គ្រប់រូប​គឺ​អាច​បញ្ចៀស​ការឆ្លង​មេរោគ​គ្រប់​ប្រភេទ​បាន​រួមទាំង​វីរុស​កូរ៉ូណា​ជាដើម​តាមរយៈ​ការធ្វើ​អនាម័យ​ក្នុង​ការរស់នៅ ទទួលទាន និង​ការធ្វើដំណើរ​ជាដើម​។

លោក​ថា​៖ «​មិនអាច​មាន​ការភ័យខ្លាច​ហើយ​បិទ​ស្ថាប័ន​ធ្វើការ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ អ៊ីចឹង​ទេ​! ស្ថាប័នរដ្ឋ​ទាំងអស់ រោងចក្រ សហគ្រាស ផ្សារ​លក់ដូរ វត្ត​អារាម ទាំង​ព្រះពុទ្ធ អ៊ិស្លាម និង​គ្រិស្ដ គឺ​មិនត្រូវ​បិទ​ទេ​។ អាណាព្យាបាល​ត្រូវបញ្ជូន​កូន​មក​រៀន​ធម្មតា​។ ត្រូវ​រៀបចំ​អនាម័យ​ឱ្យបាន​ល្អ​តាម​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​។ ក្រសួង​អប់រំ​ត្រូវ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​ចុះ​អប់រំ​តាម​សាលា​»​។

លោក​បន្តថា​៖ «​បញ្ហាសំខាន់​នៅពេល​នេះ​គឺ​នៅ​តាម​សាលា​ត្រូវ​មាន​អនាម័យ​ឱ្យ​បាន​ល្អ​បំផុត ដើម្បី​ផ្ដល់​ជំនឿ​ទុកចិត្ត​ទៅ​ដល់​មាតាបិតា អាណាព្យាបាល​សិស្ស ហើយ​ខ្ញុំ​សូម​កោតសរសើរ​អាណាព្យាបាល​សិស្ស​ដែល​កន្លងទៅ​ទោះបី​ជាមាន​ពាក្យ​ចចាមអារ៉ាម​បំភិតបំភ័យ​ ប៉ុន្តែ​នៅតែ​បញ្ជូន​កូន​ទៅ​រៀនសូត្រ​ហើយ​សង្ឃឹមថា អ្នក​មាន​ការភ័យខ្លាច​ក៏​សូមឱ្យ​បញ្ឈប់​ការភ័យខ្លាច​ហើយ​បញ្ជូន​កូនចៅ​ទៅ​ទទួល​បាន​ការរៀនសូត្រ​ឡើងវិញ​»​។ លោក​ ហ៊ុន សែន ​ក៏បាន​អំពាវនាវ​កុំឱ្យ​មាន​ការឆ្លៀត​ឱកាស​លក់​ម៉ាស់​ឡើងថ្លៃ ហើយ​បាន​ស្នើឱ្យ​រោងចក្រ​ជួយ​ដេរ​ម៉ាស់​លក់​ឱ្យ​រដ្ឋ ឬ​ជួយ​ដល់​ប្រជាជន​ដែល​មាន​តម្រូវការ​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ថ្លែងថា ក្រសួង​ព័ត៌មាន​គឺ​យក​វិធានការ​អប់​រំជា​ចម្បង​ចំពោះ​ស្ថាប័ន​ដែល​ផ្សាយ​ព័ត៌មាន​ខុស ហើយ​ក្រសួង​ក៏​បាន​ចេញ​សេចក្ដី​ជូនដំណឹង​រួចហើយ​ដែរ ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​វីរុស​កូរ៉ូណា​មិនបាន​ត្រឹមត្រូវ​។ លោក​ថា​៖ «​ដូច​ប្រសាសន៍​សម្ដេច​ព្រឹក​មិញ​ (​ថ្ងៃ​ព្រហស្បតិ៍​) ​អ៊ីចឹង គឺ​យើង​យក​វិធានការ​អប់រំ​ជា​ចម្បង​»​។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​ចេញពី​ថ្ងៃទី​ ២៩ ខែ​មករា​សរសេរ​ថា​៖ «​ចំពោះ​ស្ថាប័ន អង្គភាព​សារព័ត៌មាន​សូម​មានការ​ប្រុងប្រយ័ត្ន​នៅក្នុង​ការផ្សាយ​ព័ត៌មាន​អំពី​ការឆ្លង​រីក​រាលដាល​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ (2019-nCoV) ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រភពព័ត៌មាន​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បាន​ច្បាស់លាស់​មុន​នឹង​ចេញផ្សាយ និង​ត្រូវធ្វើ​ការកែតម្រូវ​ឱ្យបាន​ទាន់ពេលវេលា​រាល់​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​គ្មាន​ប្រភព​ច្បាស់លាស់​អាច​ឈាន​ទៅដល់​មាន​ភាពចលាចល​ក្នុងសង្គម​។ ជន​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ចែក​ផ្សាយ​បន្ត​ (Share) ​នូវ​ព័ត៌មាន​មិន​ពិត​ ឬ​អង្គភាព​សារព័ត៌មាន​ដែល​មិន​ព្រម​កែតម្រូវ​នូវ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​នឹង​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។

លោក​ ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM) លើកឡើងថា ដើម្បី​កាត់បន្ថយ​ព័ត៌មាន​មិន​ពិត គឺ​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ត្រូវតែ​មាន​ការផ្សព្វផ្សាយ​បន្ថែម​ពី​ក្រមសីលធម៌​ ឬ​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​។ ​«​មិន​ត្រឹមតែ​មានការ​កែតម្រូវ​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា​ភាគី​ពាក់ព័ន្ធ​ទាំង​រដ្ឋាភិបាល​ទាំង​អ្នកសារព័ត៌មាន​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ច្រើន​អំពី​ការអប់រំ ក្រមសីលធម៌ វិជ្ជាជីវៈ និង​តួនាទី​របស់​អ្នក​សារព័ត៌មាន រួមទាំង​ច្បាប់​ផ្សេងទៀត​...»៕