កំពតៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងសកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការទៅតាមរយៈការស្នើសុំរបស់សាមីខ្លួន មេធាវី ឬក្រុមគ្រួសារជាអ្វីដែលលោកហៅថា ជាកិច្ចការចាំបាច់ត្រូវធ្វើក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋដោយសារអ្នកទាំងនោះចាញ់បោកមេខ្លោង។
ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «អ៊ីចឹងទេ សុំឱ្យតុលាការព្រះរាជអាជ្ញាហើយ ជាពិសេសក្រសួងយុត្តិធម៌ ធ្វើការណែនាំទៅ។ ឧទាហរណ៍ កំពតមានប៉ុន្មាននាក់? ធ្វើការទៅ មិនចាំបាច់ក្រសួងយុត្តិធម៌ក៏បានដែរនៅទីនេះ ព្រោះខ្ញុំបានបញ្ជានៅទីនេះហើយ។ ទៅវិញមានប៉ុន្មាននាក់ដែលបានចាប់ខ្លួនក្នុងរឿងក្តីនេះ? តែក្នុងរឿងក្តីរដ្ឋប្រហារនេះទេណា! តែរឿងគ្រឿងញៀន ឬចាប់រំលោភ អាហ្នឹងអត់ទេណា។ អត់ចូលក្នុងសំណុំរឿងហ្នឹងទេ។ មានចាប់ប៉ុន្មាននាក់នៅទីនេះ ឱ្យគេនៅក្រៅឃុំទៅ»។
បើតាមលោកនាយករដ្ឋមន្ត្រីរហូតមកដល់ពេលនេះ អាជ្ញាធរបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិប្រមាណជាង ៧០ នាក់ ក្រោមបទចោទ «រួមគំនិតក្បត់» បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានប្រកាសពីផែនការវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា។
លោក ហ៊ុន សែន ថ្លែងបន្តថាទោះបីជាដោះលែងឱ្យនៅក្រៅឃុំក៏ដោយ រឿងក្តីរបស់សកម្មជនដែលត្រូវបានចាប់ខ្លួននោះមិនទាន់ត្រូវបានបញ្ចប់នោះទេគឺត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។ ប្រសិនបើពួកគេចង់ចេញទៅក្រៅប្រទេសគឺត្រូវសុំច្បាប់អនុញ្ញាត តែនៅក្នុងប្រទេស ពួកគេអាចធ្វើដំណើរទៅទីណាក៏បាន និងប្រកបមុខរបររកស៊ីអ្វីក៏បាន។
លោក ហ៊ុន សែន បានស្នើឱ្យដោះលែងសកម្មជនអតីតបក្សប្រឆាំង ២ នាក់នៅខេត្តកំពតមុនគេនៅថ្ងៃម្សិលមិញ ប្រសិនបើតុលាការធ្វើកិច្ចការនេះបានទាន់ពេលដើម្បីឱ្យឃើញពីប្រសិទ្ធភាពនៃសម្ដីរបស់លោក។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា ការដែលលោកហ៊ាននិយាយបែបនេះ ព្រោះប្រព័ន្ធតុលាការកម្ពុជាអនុញ្ញាតឱ្យនីតិប្រតិបត្តិក្តាប់នយោបាយព្រហ្មទណ្ឌតាមរយៈដាក់ព្រះរាជអាជ្ញាឱ្យនៅក្រោមការពិនិត្យមើលរបស់ក្រសួងយុត្តិធម៌។
លោក ថ្លែងថា៖ «អ៊ីចឹងក្រសួងយុត្តិធម៌វាជានរណា? ក្រសួងយុត្តិធម៌វាជាក្រសួងមួយចំណុះឱ្យរាជរដ្ឋាភិបាល។ ដូច្នេះរាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី មានសិទ្ធិនឹងនិយាយ»។
ជាមួយគ្នានេះផងដែរ លោកក៏បានអំពាវនាវដល់សកម្មជន អតីតបក្សប្រឆាំង ដែលបានរត់គេចខ្លួនទៅកាន់ប្រទេស ថៃ និងលាក់ខ្លួនក្នុងប្រទេសកម្ពុជាឱ្យត្រឡប់ចូលមកក្នុងប្រទេស និងផ្ទះវិញដោយមិនមានទោសពៃរ៍ និងការចាប់ខ្លួននោះទេ។
លោកបានបញ្ជាក់ថា៖ «ហ៊ុន សែន បញ្ជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់មិនត្រូវចាប់ចងអ្នកដែលបានទៅលាក់ខ្លួននៅក្នុងប្រទេសថៃនោះទេ។ អ្នកដែលមានដីកាចាប់ខ្លួនហើយសូមអំពាវនាវឱ្យក្រសួងយុត្តិធម៌បញ្ជាប្រាប់ទៅ ព្រោះអានេះ ខ្ញុំបញ្ជាក់ប្រើពាក្យអ៊ីចឹង ព្រោះអ៊ីចេះ! ហេតុអីខ្ញុំករុណាខ្ញុំត្រូវប្រើពាក្យអ៊ីចឹង។ ប្រទេសរបស់យើង គឺអនុវត្តប្រព័ន្ធតុលាការតាមបែបបារាំង ដោយរដ្ឋាភិបាលក្តាប់នូវនយោបាយព្រហ្មទណ្ឌ។ ដូច្នេះរដ្ឋមន្ត្រីយុត្តិធម៌មានសិទ្ធិធ្វើការជាមួយនឹងព្រះរាជអាជ្ញា។ អ៊ីចឹងព្រះរាជអាជ្ញាដែលបានចេញដីកាចាប់ខ្លួនមនុស្សមួយចំនួន គប្បីត្រូវដក លុបដីកានោះចេញ ដើម្បីអនុញ្ញាតឱ្យគេវិលមកស្រុក»។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា នេះមិនមែនជាការជ្រៀតជ្រែកនៅក្នុងប្រព័ន្ធតុលាការនោះទេ តែនេះគឺជាសំណូមពររបស់លោក ហ៊ុន សែន ឱ្យតុលាការពិនិត្យលទ្ធភាព និងអនុវត្តទៅតាមនីតិវិធីច្បាប់ ដែលមានជាធរមាន។ នេះមិនមែនជារឿងថ្មីនោះទេ ព្រោះតុលាការបានអនុវត្តនីតិវិធីនេះកន្លងមកហើយ ជាពិសេសគឺផ្អែកទៅលើមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ ខណៈអ្នកដែលចូលសារភាពកន្លងមករាប់រយនាក់ គឺបានរួចផុតពីបទចោទ និងទោសទណ្ឌទាំងអស់ហើយអ្នកដែលត្រូវចោទប្រកាន់ហើយគឺត្រូវបានអនុគ្រោះឱ្យនៅក្រៅឃុំ។
លោក ម៉ាលីន ថ្លែងថា៖ «អ្វីដែលនាយករដ្ឋមន្ត្រីគាត់លើកនេះគឺគាត់ជាសំណូមពរក្នុងការអនុវត្តទៅតាមនីតិវិធីច្បាប់ បញ្ញតិដែលមានជាធរមានបន្តទៀតទេដើម្បីជាការអនុគ្រោះដល់បងប្អូនយើងដែលចាញ់បោកទណ្ឌិត សម រង្ស៊ី ដោយមើលឃើញផែនការបរាជ័យ ហើយផែនការនេះជាការបោកប្រាស់។ អ៊ីចឹង គាត់លើកទឹកចិត្តឱ្យមានការចូលសារភាពទៀត ហើយតុលាការអនុវត្តទៅតាមនីតិវិធី បញ្ញតិច្បាប់ដែលមានធរមាន»។
អ្នកស្រី មាន សៀងលីម ភរិយា របស់លោក លី ម៉េងឃាង ដែលកំពុងរង់ចាំការដោះលែងស្វាមីនៅមុខពន្ធនាគារ នៅស្រុកស្អាង ខេត្តកណ្តាល កាលពីល្ងាចម្សិលមិញបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា អ្នកស្រីមានសេចក្តីត្រេកអរយ៉ាងខ្លាំងដែលប្តីរបស់អ្នកស្រីត្រឡប់មកផ្ទះវិញ ដើម្បីបានមកជួបជុំគ្រួសារ។ អ្នកស្រីចង់ឲ្យស្វាមីនៅក្រៅឃុំ ព្រោះអ្នកស្រីមានកូនតូចចំនួន ២ នាក់ និងកំពុងមានផ្ទៃពោះ ៧ ខែទៀត។ អ្នកស្រីនិយាយថា បើស្វាមីអ្នកស្រីនៅបន្តជាប់ឃុំឃាំង អ្នកស្រីនឹងជួបការលំបាក។
លោកស្រី មាន សៀងលីម ថ្លែងថា៖ «ហើយគាត់បង្គោលគ្រួសារ គាត់មេគ្រួសារ ហើយកូនខ្ញុំតូចៗ។ មួយ ៥ ឆ្នាំ។ មួយ ៩ ឆ្នាំ ហ្នឹង។ អ៊ីចឹងបានគាត់មកទៀតបានគាត់ជួយមើលថែពេលខ្ញុំកូនខ្ចី»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានថ្លែងកាលពីថ្ងៃម្សិលមិញថា ប្រសិនបើលោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះ ហើយព្រះរាជអាជ្ញាអនុវត្តតាមអនុសាសន៍របស់លោកមែន នោះស្ថានភាព និងបរិយាកាសនៃការតានតឹង និងការចាប់ខ្លួនសកម្មជនអតីតគណបក្សប្រឆាំងអាចមានភាពធូរស្បើយ និងអាចជំរុញឱ្យមានការកែលម្អលើសេរីភាពនៅកម្ពុជាឱ្យមានបរិយាកាសល្អប្រសើរ។
លោកបន្តថា ជាងនេះទៅទៀតបន្ទាប់ពីមានការបន្ធូរបន្ថយទោសទៅលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលនេះជាយន្តការមួយដែលឈានទៅរកភាពល្អប្រសើរទៅថ្ងៃខាងមុខ៕