ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​នានា​ពង្រឹង​តម្លៃ​សន្ដិភាព សេចក្ដី​ថ្លៃថ្នូរ និង​សាមគ្គីភាព និង​ត្រូវ​សហការ​ដោយ​ស្មើភាព និង​គោរព​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ និង​ការភ័យខ្លាច​ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​បំបែកបំបាក់​ពិភពលោក និង​ដើម្បី​ស្ដារ​វិបុលភាព​សម្រាប់​តំបន់ និង​ពិភពលោក​ឡើងវិញ​។

លោក​ ហ៊ុន សែន លើកឡើង​ថា ប្រទេស​នីមួយៗ​ត្រូវ​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យ​កាន់តែ​សកម្ម និង​អន្តរ​សកម្ម​ក្នុង​អភិបាលកិច្ច​សកល​ប្រកប​ដោយ​ភាពទន់ភ្លន់ ស្ថាបនា ការទទួលខុសត្រូវ រួមទាំង​ការរួមចំណែក​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក​ ដើម្បី​ថែរក្សា​ឱ្យបាន​នូវ​សន្ដិភាព​ និង​សន្តិសុខ ដែលជា​បុរេលក្ខខណ្ឌ​ដ៏​មាន​សារៈ​សំខាន់​បំផុត​ចំពោះ​ពាណិជ្ជកម្ម កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​វិបុលភាព​យូរអង្វែង​របស់​ពិភពលោក​។

លោក​ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ការថ្លែង​សុន្ទរកថា​ នៃ​កិច្ចប្រជុំ​កំពូលកម្មន្តសាល និង​ឧស្សាហូបនីយកម្ម​សកល​ឆ្នាំ​ ២០២០ ​កាលពី​ថ្ងៃ​សៅរ៍​ដែល​រៀបចំ​ដោយ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​សហប្រជាជាតិ​ (UNIDO) និង​ក្រសួង​ថាមពល និង​ឧស្សាហកម្ម​នៃ​សហភាព​អារ៉ាប់រួម​ស្ដីពី​ «​ការស្ដារ​ឡើងវិញ​នូវ​វិបុលភាព​ក្នុង​ពិភពលោក​ក្រោយ​ជំងឺ​ឆ្លង​រាតត្បាត​»​។

លោក ហ៊ុន សែន បន្ត​ថា​ ប្រទេស​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​សកលភាវូពាណិជ្ជកម្ម​ដែល​កន្លងមក​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​បាន​បង្កើត​លក្ខខណ្ឌ​មិន​ធ្លាប់មាន សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​។ ប្រាកដ​ណាស់​ថា នៅក្នុង​ចរន្ត​នៃ​សកលភាវូបនីយកម្ម អ្វីៗ​គ្រប់យ៉ាង​សុទ្ធតែ​ផ្សារភ្ជាប់​គ្នា និង​មាន​អន្តរសកម្ម​ជាមួយ​គ្នា​។

លោក​ថា​៖ «​ក្នុង​បរិការណ៍​នេះ យើង​ត្រូវ​ធានា​ឱ្យបាន យន្តការ​កិច្ចសហប្រតិបត្តិការ​របស់​យើង នៅតែ​រក្សាបាន​នូវ​ស្មារតី​បើកចំហ និង​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ជាពិសេស​ពន្លឿន​ការតភ្ជាប់​រវាង​សង្គម និង​សេដ្ឋកិច្ច​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​»​។

លោក​បន្ថែម​ទៀត​ថា ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​ អស់​រយៈពេល​ជាង​ ៩ ​ខែ​មកនេះ​បាន​ធ្វើឱ្យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ទៅលើ​សង្គម និង​សេដ្ឋកិច្ច​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្វើ​ឱ្យ​សកលលោក ធ្លាក់​ចុះ​នៃ​ចង្វាក់​តម្លៃ និង​ចង្វាក់​ផលិតកម្ម ការថមថយ​លំហូរ​មូលធន​ដោយសារ​ការធ្លាក់ចុះ​នូវ​តម្រូវការ​វិនិយោគ និង​លំហូរ​មនុស្ស និង​ការកើនឡើង​វិសមភាព​សង្គម រួមទាំង​ការប៉ះពាល់​ធ្ងន់ធ្ងរ​ការអភិវឌ្ឍ និង​ការអនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម និង​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​តិចតួច​។

ជំងឺ​កូវីដ ​១៩ ត្រូវបាន​គេ​ប្រកាស​ថា បាន​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ និង​បាន​រាលដាល​ទៅ​ទូទាំង​ពិភពលោក ដែល​បាន​ឆ្លង​មនុស្ស​រាប់លាន​នាក់ និង​ស្លាប់​រាប់សែន​នាក់​។ កម្ពុជា​ដែល​បាន​រកឃើញ​ករណី​ជំងឺ​ដំបូង​កាលពី​ថ្ងៃទី​ ២៧ ​មករា ​គឺ​មកដល់​ពេល​នេះ​មាន​ករណី​ឆ្លង​សរុប​ទាំងអស់​ចំនួន​ ២៧៤ នាក់ ​ក្នុងនោះ​ព្យាបាល​ជា​សះស្បើយ​ចំនួន​ ២៧២ ​នាក់ និង​នៅសល់​អ្នក​ឈឺ​សម្រាក​ព្យាបាល​ចំនួន​ ២ ​នាក់​។ គិត​ចាប់តាំងពី​ថ្ងៃទី​ ១៥ ខែសីហា​ កម្ពុជា​បាន​រកឃើញ​ករណី​កូវីដ​ថ្មី​តែ​ម្នាក់​គត់​ដែល​ជា​ករណី​នាំចូល​ពី​ប្រទេស​បារាំង​ ក្រោយពី​បាន​ប្រកាស​បិទ​ជើងហោះហើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​ដែល​ជា​ប្រទេស​នាំចូល​ជំងឺ​ច្រើន​បំផុត​មក​ប្រទេស​កម្ពុជា​។

នៅក្នុង​សុន្ទរកថា​របស់​លោក ហ៊ុន សែន ​បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​បាន​គ្រប់គ្រង​យ៉ាង​មាន​ប្រសិទ្ធភាព​ចំពោះ​សភាពការណ៍​ជំងឺឆ្លង​កូវីដ​១៩ ដោយ​មិនមាន​ករណី​ឆ្លង​ចូល​ទៅក្នុង​សហគមន៍ និង​មិនបាន​បិទ​ប្រទេស​ដូច​បណ្ដា​ប្រទេស​មួយចំនួន​។ ប៉ុន្តែ​លោក​ថា ជំងឺ​នេះ​បាន​បង្ក​ឱ្យ​មាន​បញ្ហា​ស្រួចស្រាល់​មួយចំនួន ចំពោះ​វិស័យ​វាយនភណ្ឌ ទេសចរណ៍ អាកាសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​។

លោក​បន្តថា កម្ពុជា​គឺ​បាន​ចេញ​វិធានការ​មួយចំនួន ដើម្បី​ជួយ​រក្សា​លំនឹង​ផលិតកម្ម អាជីវកម្ម និង​លំនឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដូចជា​តាមរយៈ​ការអនុគ្រោះ​ពន្ធ ការផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍ ការរៀបចំ​ហិរញ្ញប្បទាន​ពិសេស​ដើម្បី​ស្ដារ និង​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ជាដើម​។

រដ្ឋាភិបាល​បាន​ប្រកាស​បន្ធូរ​វិធានការ​មួយចំនួន​ជា​បន្តបន្ទាប់ ដូចជា​ឱ្យ​ពលរដ្ឋ​ឈប់សម្រាក​សង​ចូលឆ្នាំ​ ៥ ​ថ្ងៃ​កាលពី​ខែ​សីហា បន្ទាប់មក​បាន​ឱ្យ​សាលារៀន​បើក​ដំណើរការ​ជា​ដំណាក់កាលៗ បើក​សារមន្ទីរ កាស៊ីណូ ក្លិបកម្សាន្ត​ឱ្យ​ទៅ​ជា​ភោជនីយដ្ឋាន រោងកុន និង​រោង​សម្ដែង​សិល្បៈ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ឱ្យ​សាសនិក​អ៊ិស្លាម​អាច​ប្រមូល​ផ្ដុំគ្នា​នៅតាម​ព្រះវិហារ​ឡើងវិញ​ជាដើម​៕