ភ្នំពេញៈ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ពន្លឿន​ការកាត់​ក្ដី​ ដើម្បី​កុំ​ឲ្យ​ពន្ធនាគារ​ចង្អៀត​ណែន ខណៈ​ដែល​បច្ចុប្ប​ន្ន​ មាន​អ្នក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគារ​រហូត​ដល់ ៣១ ៤​០​០ នាក់ ក្នុង​នោះ​មាន ២ ភាគ ​៣​ គឺ​ជា​ជន​ដែល​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់​ទោស។

លោក​ ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ជាង ​១ ៧០០​ នាក់ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ លោក​បាន​ថ្លែង​ថា ទណ្ឌិត​ពិត​ប្រាកដ ឬ​អ្នក​​ដែល​ត្រូវ​បាន​កាត់​ទោស​រួច​ហើយ​​នៅ​តាម​បណ្ដា​ពន្ធនាគារ​ទូទាំង​ប្រទេស ​មាន​​តែ ​១ ​ភាគ ​៣ ​ទេចំណែក​ពិរុទ្ធជនឬ​ជន​ដែ​ល​មិន​ទាន់​ត្រូវ​បាន​កាត់​ទោស​មា​ន​រហូត​ដល់​ទៅ​ ​២ ភាគ ៣។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​​បញ្ហា​នេះ​ តុលាការ​គ្រប់​ជាន់​ថ្នាក់​រដ្ឋ​មន្ត្រី​យុតិ្តធម៌ ​ត្រូវ​ធ្វើ​ការ​​ងារ​ នេះឲ្យ​លឿន​បើ​មិន​អ៊ីចឹង ​មាន​តែ​ចាប់​គេ​យក​ទៅ​ឃុំ​ខុស​។​កាល​ប៉ុន្មាន​ឆ្នាំ​មុន​ (ខ្ញុំ)​ នៅ​ចាំ ចំណោទ​កើត​ឡើង​ថា ខ្វះ​កន្លែង​សវនាការ។ កាលហ្នឹង​ខ្ញុំ​បាន​ឲ្យ​ជួល​កន្លែង​នានា​ ធ្វើ​កន្លែង​សវនាការ​កុំ​ឲ្យ​និយាយ​ ​ពី​រឿង​ខ្វះ​កន្លែង​សវនាការ»។

លោក​បាន​ថ្លែង​បន្ត​ថា៖ «អ៊ីចឹង​បា​នថា ចុះ​មន្ទីរឃុំ​ឃាំង​អី​ក៏​វា​ណែន​ម្ល៉េះ? ដល់​ទៅ​មើល​ស្លា​ប់​ហើយ! ថ្ងៃ​មុន​គេ​ទៅ​ទាំងគណៈកម្មការ​សិទ្ធិ​មនុស្ស​រប​ស់​ កែវ រ៉េមី ទៅ​ជាមួយ​នឹង​ក្រសួង​កិច្ច​ការ​នារី ទៅ​ទាំង​ជាមួយ​នឹង​មេធាវី។ ទៅ​ ដល់​បាន​ឃើញ។ ចំណុច​ដែល​មិន​​ទាន់​កាត់​ក្តី​ គឺ​វា​រឿង​ច្រើន​ពេក។

ប៉ុន្តែ​ខ្ញុំ​ឲ្យ​អាទិភាព​ជាមួយ​ នឹង​ស្ត្រី​ក្រី​ក្រ»​។ លោក​ថា​ ការឃុំ​ខ្លួន​​​ពិរុទ្ធជន​ហួស​កំណត់ គឺ​ «យើង​ជា​អ្នក​ខុស»។ លោក​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ បន្ត​កិច្ច​ការ​ងារ​នេះ​តទៅ​ទៀត​ ជាមួយ​នឹង​ស្ថាប័ន​ពាក់ព័ន្ធ។

លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​រំឭក​ថា លោក​ធ្លាប់​បាន​រុញ​មេធាវី​ទៅ​ជួយ​ដល់​ស្ត្រី​តាម​រយៈ​​គណៈ​មេធាវី​កម្ពុជា និង​​តាម​រយៈ ​​ក្រសួង​កិច្ច​ការ​នារី ប៉ុន្តែ​នា​ពេល​ ថ្មីៗ​នេះ​ លោក​បាន​បង្កើត​ក្រុម​មេធាវី​របស់​លោក​ផ្ទាល់ ដោយ​មាន​វត្តមាន​ ២ ​រូប​​ក្នុង ​១ ​ខេត្ត​​ ដើម្បី​ពន្លឿន​ការ​កាត់​ក្ដី ដោយ​ផ្ដល់​អាទិភាព​លើ​ស្ត្រី​ក្រីក្រ។

លោក​បាន​បញ្ជាក់​ថា នៅពេល ​នេះ​ ថវិកា​សម្រាប់​ក្រុម​មេធាវី​របស់​លោក​ បាន​កើន​ដល់​​ជាង​ ៦​ ពាន់​លាន​រៀល​ ឬ​ស្មើ​នឹង​ជាង ​១,៥​​ លាន​ដុល្លារ​។

លោក​បន្តថា ៖ «មាន​ពេល​ខ្លះ​ពរ​កូន​ឲ្យខ្វង់ៗ​ នៅ​ក្នុង​ពន្ធនា​​គារ​។ មាន​ពេល​ខ្លះ​មាន ផ្ទៃ​ពោះ​នៅ​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ​ យើង​មិន​លើក​លែង​ជាមួយ​នឹង​អ្នក​ ខ្លះ​ចូល​រួម​ក្នុង​ការ​ធ្វើ​ឃាតកម្ម»។

​ចំពោះ​អ្នក​ទោស​ស្ត្រី​ ដែល​កាត់ទោស​រួច​ហើយ លោក​ស្នើ​ឲ្យ​រៀប​ចំ​ជា​បញ្ជី​ដោយ​ឡែក ដើម្បី​ស្នើ​សុំ​ការ​លើក​លែង​ទោ​ស​ តាម​ កាល​កំណត់​ ដូច​ជា​បុណ្យ​អុំទូក ជាដើម។

លោក បេ ទាឡេង អគ្គនាយ​ក​រង​ នៃ​​អគ្គនាយក​ដ្ឋានពន្ធនាគារ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា បច្ចុប្បន្ន​នេះ អ្នក​ជាប់​ពន្ធនាគារ​សរុប​មាន ៣១ ៤០០ នាក់ដែ​ល​ក្នុង​នោះ​មាន​ស្ត្រី​ ២ ៤​៤០ នាក់​។ ក្នុង​ចំនួន​នេះ ជន​ត្រូវ​ចោទមាន​ ៧ ៧៦៧ ​នាក់ ជន​ជាប់​ចោទ​មា​ន​ ៣ ៦៤៣​ នាក់។ ចំណែក​ពិរុទ្ធជន​មាន ​១០ ៨៩០ នាក់ ហើយ​ទណ្ឌិត​មាន​ចំនួន ៩ ១៣៧ នាក់។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ក៏​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ដែរ​ថា ក្រសួ​ង​យុត្តិធម៌បាន​សហការ​ជាមួយ​តុលាការ​គ្រប់​រាជធានី​ ខេត្ត​ ដើម្បី​ពន្លឿន​នីតិវិធី​កាត់​ក្ដី​។​ លោក​ថា ​ក្រោយ​ពេលមាន​​ការស្នើ​ឲ្យ​ពន្លឿន​របស់​លោក ហ៊ុន សែន ក្រសួង​យុត្តិធម៌​ នឹង​បើក​កិច្ច​ប្រជុំ​មួយ​ ជា​មួយ​តុលាការ​និង​ព្រះ​រាជ​អាជ្ញា​នៅ​តុលាការ​ទូទាំង​ប្រទេស ​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ពិនិត្យ​រក​វិធី​ពន្លឿន​ការ​កាត់​ក្ដី​ហើយ​ចេញ​សាល​ក្រ​ម​ស្ថាពរ​ដោយ​ផ្អែក​លើ​គោ​លការណ៍​មនុស្ស​ធម៌។

ចំពោះ​ពិរុទ្ធជន​ ដែល​ជា​ស្ត្រី​ដែល​មិន​ទាន់​ទទួល​បាន​សា​ល​​ក្រម​ស្ថាពរ ហើយ​ជាប់​ក្នុង​បទ​​ល្មើស​ស្រាល​នោះ ក្រសួង​នឹង​ពិនិត្យ​រក​វិធី​ស្នើ​សុំ​ឲ្យ​ទទួល​បាន ​ការ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ទៅ​តាម​លក្ខខណ្ឌ​ដែល​ច្បាប់​បាន ​ចែង។

លោក​ថ្លែង​ពន្យល់​ថា៖ «ភាព​យឺតយ៉ាវ​នៃ​ការ​អនុវត្តនីតិវិធី​នេះ​ ដែល​នាំ​ឲ្យ​មាន​ពិរុទ្ធជន​ច្រើន​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​គឺ​មួយ​ផ្នែក​ដោ​យ​សារ​តែ​ការ​កើន​ឡើង​អ្នក​ជាប់​ឃុំ​ដោយ​សារ​បញ្ហា​គ្រឿង​ញៀ​ន​។ ២​ ភាគ​ ៣ ​គឺ​ដោយ​សារ​គ្រឿង​ញៀន​ហើយ ដោយ​សារ​យុទ្ធនា​​ការ​​ទ្រង់​ទ្រាយ​ធំ​ដំណា​ក់​កាល​ទី ១ ដំណាក់​កាល​ទី ២ ​កន្លង​មក»។

លោក​បន្ត​ថា កត្តា​ទី ​២​ ដែល​រួម​ចំណែក​ដល់​ការ​កើន​ឡើង​អ្នក​ជាប់ឃុំ គឺ​​ដោយ​សារ​ធន​ធាន មាន​កំណត់​ ដូច​សាលា​ឧទ្ធរណ៍​​សព្វ​ថ្ងៃ​មាន​តែ​ ១ ចំនួន​ចៅក្រម ​ព្រះ​រាជ​អាជ្ញា​មាន​​កំណត់ ការ​ផ្លាស់​ប្ដូរ​ចៅក្រម និង​ព្រះ​រាជ​អាជ្ញា​​រៀងរាល់​ ៤ ​ឆ្នាំ​ម្ដង​ពី​ខេត្ត​មួយ​ទៅ​​ខេត្តមួយ ដែល​តម្រូវ​ឲ្យ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​សិក្សា​លើ​សំណុំ​រឿង​ដែល​នៅ​តុលាការ​នោះ។

បើ​ទោះ​បី​ជា​ស្ត្រី​ត្រូវ​បាន​ផ្ដល់​អាទិភាព​ក៏​ដោយ លោក ជិន​ ម៉ាលីន​បញ្ជាក់​ថា ក្រសួង​និង​តុលាការ​គ្រប់​ខេត្ត​ក្រុង​នឹង​ធ្វើ​ការ​យ៉ាង​ហ្មត់​ចត់ ​ដើម្បី​ចៀស​​វាង​ភាព​មិន​ប្រក្រតី​ដែល​នាំ​ឲ្យ​មាន​​ការ​រត់​ការ​ដោះ​លែង​ស្ត្រី​ដែល​ជា​ពិរុទ្ធជន។

លោក គី តិច ដែល​ដឹក​នាំ​ក្រុម​មេធាវី​​របស់​លោក​នាយករដ្ឋ​មន្ត្រី​ បាន​ថ្លែង​​ថា៖ «នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស មាន​បង​ប្អូន​នារី​ ដែល​ជា​ស្ត្រី​ក្រីក្រ​ នៅ​តាម​ខេត្ត តំបន់​ដាច់​ស្រយាល​ និង​កម្មការិនី​រោង​ចក្រ សរុប​ជា​រួម​គឺ​​ ៥០​ ករណី​ហើយ (ដែល​បាន​ទទួល​សេវា)»។

លោក គី តិច បាន​​ពន្យល់​បន្ថែម​ថា ការ​ជួយ​​ផ្នែក​ច្បាប់​ ទៅ​ដល់​ស្ត្រី​ក្រីក្រ​នេះ​មិន​សំដៅ​​ទៅ​លើ​តែ​ការ​ការ​ពារ​ក្នុង​រឿង​ក្តី​តែមួយ​មុខ​នោះ​ទេ ប៉ុន្តែ​ក្រុម​មេធាវី​ ក៏បាន​ផ្ដល់​ការ​ពិគ្រោះ​យោប​ល់​ដល់​ពួក​គាត់ក្នុង​ករណី​ដែល​ពួកគាត់​មិន​យល់​អំពី​នីតិវិធី ឬ​អំពី​ច្បាប់ ឬ​សិទ្ធិ​ការពារ​ខ្លួន នៅ​ក្រៅ​ប្រព័ន្ធ​តុលាការ​ទៀត​ផង៕