
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ឱ្យបន្តស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ ១៩ ដែលការអំពាវនាវនេះធ្វើឡើងស្របពេលដែលក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ ១៩ ដែលនៅសល់ ២ នាក់ គឺត្រូវបានព្យាបាលជាសះស្បើយម្នាក់ទៀត។
ក្រសួងសុខាភិបាលប្រកាសកាលពីម្សិលមិញថា អ្នកជំងឺកូវីដ១៩ ដែលទើបត្រូវបានព្យាបាលជាសះស្បើយម្នាក់ទៀតនេះគឺជាបុរសអាយុ ៧៥ ឆ្នាំ ដែលត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីការធ្វើតេស្ដចំនួន ២ លើកមានលទ្ធផលអវិជ្ជមានជាមួយកូវីដ ១៩។
តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារទី ១២ ឧសភា លោក ហ៊ុន សែន បានលើកឡើងថា ពិភពលោកនៅតែមានការព្រួយបារម្ភអំពីការឆ្លងជំងឺកូវីដ១៩ ដោយសារត្រឹមតែមួយប៉ប្រិចភ្នែកចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងពិភពលោកបានកើនជាង ៤ លាននាក់។ លោកបន្តថា ថ្វីដ្បិតកម្ពុជាមិនកើតមានករណីឆ្លងថ្មីក្នុងរយៈពេលជិត ១ ខែមកនេះក្ដី ប៉ុន្តែពលរដ្ឋត្រូវតែយកចិត្តដាក់ខ្ពស់ដើម្បីអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាលបន្តទៀត។
លោកថា៖ «ចំពោះនៅប្រទេសយើងវិញ ទោះបីចំនួនអ្នកដែលបានព្យាបាលជាសះស្បើយបានច្រើន ហើយពុំមានអ្នកឆ្លងថ្មីក៏ដោយគឺសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាពជាប្រចាំ ដូចជាត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុល ឬជែលសម្លាប់មេរោគនឹងត្រូវពាក់ម៉ាស់ ឬក្រមាកុំឲ្យឆ្លងរោគពីយើងទៅគេ និងពីគេមកយើង ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់»។
បើតាមក្រសួងសុខាភិបាលបុរសអាយុ ៧៥ ឆ្នាំ នៅខេត្តកំពង់ឆ្នាំងដែលទើបជាសះស្បើយ និងស្ដ្រីអ្នកជំងឺកូវីដ ១៩ នៅខេត្តបន្ទាយមានជ័យដែលកំពុងបន្តសម្រាកព្យាបាលគឺត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តមកកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅភ្នំពេញនៅថ្ងៃទី ៨ ខែឧសភា ក្រោយពីពួកគេបានចំណាយពេលសម្រាកព្យាបាលយូរជាងអ្នកជំងឺដទៃទៀតក្នុងចំណោមអ្នកជំងឺសរុប ១២២ នាក់។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ ១៩ កាលពីថ្ងៃម្សិលមិញថា កិច្ចប្រជុំបានសម្រេចឯកភាពគ្នា ដើម្បីរៀបចំនូវជម្រើសវិធានការមួយចំនួនក្នុងការកែតម្រូវដើម្បីស្នើសុំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចមុននឹងត្រូវប្រកាសឱ្យអនុវត្ត។
លោកស្រីបានថ្លែងថា កិច្ចប្រជុំអន្តរក្រសួងនេះគឺបានឯកភាពនូវគំនិតរួមគឺការបន្តប្រុងប្រយ័ត្នខ្ពស់ និងត្រូវការពារឱ្យបានដើម្បីកុំឱ្យមានរលកទី ២ នៃការឆ្លងជំងឺកូវីដ ១៩ និងពិភាក្សាគ្នាលើចំណុចនៃការរិះរក និងកែតម្រូវវិធានការដែលកំពុងដាក់ឱ្យអនុវត្ត ដើម្បីឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ នៅក្នុងបរិបទនៃការរស់នៅរបស់ពលរដ្ឋនៅក្នុងគន្លងថ្មី និងដើម្បីសម្រាលផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិដែលបង្កឡើងពីជំងឺកូវីដ ១៩។
លោកស្រីបញ្ជាក់ថា វិធានការខ្លះដែលត្រូវជ្រើសរើសកែតម្រូវនោះគឺត្រូវតែឆ្លងកាត់ការសិក្សាវាយតម្លៃឱ្យបានហ្មត់ចត់ជាមុនដើម្បីធ្វើយ៉ាងណាការពារកុំឲ្យកើតមានរលកទី ២ នៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅកម្ពុជា។
លោកស្រីថា៖ «ជម្រើសនោះ គឺខ្ញុំអត់ទាន់អាចជម្រាបជូនបានទេ ព្រោះក្រុមការងារគាត់នៅត្រូវការជាបន្តទៀត។ ប៉ុន្តែយើងនឹងរៀបចំជាជម្រើស ហើយមានការកំណត់ជាពេលវេលា ថាតើសេវាណា ដែលយើងគួរអនុញ្ញាតហើយអនុញ្ញាតត្រឹមណា ហើយសេវាផ្សេងទៀតត្រូវគិតយ៉ាងមេច និងត្រូវដាក់អីថែមអី»។ ទោះជាយ៉ាងណាលោកស្រីបានបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតែអំពាវនាវឱ្យពលរដ្ឋត្រូវបន្តអនុវត្តឱ្យបានជាប់ជាប្រចាំនូវ ៣ ចំណុចជាចាំបាច់ គឺការសម្អាតដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទ លោកស្រី Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាព្រមានថា ការបើកដំណើរការសេដ្ឋកិច្ចលឿនពេកដោយមិនធ្វើតាមដំណាក់កាល និងការខ្វះការប្រុងប្រយ័ត្នពេករបស់ពលរដ្ឋនឹងអាចធ្វើឱ្យកម្ពុជាកើតមានការឆ្លងរាលដាលទ្រង់ទ្រាយធំបំផុតនៅក្នុងសហគមន៍នាពេលខាងមុខ។
ក្នុងសន្និសីទនោះលោកស្រី ឱ វណ្ណឌីន ក៏បញ្ជាក់ដែរថា កម្ពុជាមិនទាន់ចាកផុតពីជំងឺកូវីដ១៩នៅឡើយទេ ថ្វីបើមានការវិលត្រឡប់មកស្ថានភាពធម្មតាវិញក្ដី។ លោកស្រីបញ្ជាក់ថា បទបញ្ជា និងវិធានការណែនាំនានារបស់ក្រសួងសុខាភិបាលគឺនៅតែមានសុពលភាពនៅឡើយ និងមិនទាន់មានការប្រកាសឱ្យបន្ធូរបន្ថយនៅឡើយទេ។
កាលពីថ្ងៃម្សិលមិញ ស្ថានទូតចិនប្រចាំកម្ពុជាបានប្រកាសថា សម្ភារទប់ស្កាត់នឹងជំងឺកូវីដ ១៩ ដែលជាជំនួយថ្មីមួយទៀតរបស់ចិនជូនកម្ពុជាបានមកដល់មុនការគ្រោងទុកគឺនៅយប់ថ្ងៃទី ១១ និង ១៣ ខែឧសភា។ សម្ភារទាំងនោះរួមមានសារធាតុតេស្តរកជំងឺវីរុស ៥០ ០១៦ សម្រាប់ សម្លៀកបំពាក់ការពារ ១៨ ០០០ កំប្លេ វ៉ែនតាការពារ ៣០ ០០០ និងប្រដាប់វាស់កម្ដៅចំនួន ២០០ គ្រឿង។ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស់ និងសម្ភារផ្សេងទៀតជាបន្តបន្ទាប់ក្នុងការគាំទ្រកិច្ចប្រឹងប្រែងទប់ស្កាត់វីរុសមួយនេះ។
បើតាមលោកស្រី ឱ វណ្ណឌីន ស្ដ្រីអ្នកជំងឺកូវីដ ១៩ ដែលជាករណីចុងក្រោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺត្រូវការពេលវេលាយូរដើម្បីព្យាបាល ដោយសារតែស្ដ្រីរូបនេះកើតមានបញ្ហាផ្លូវចិត្តហើយមិនទទួលទានដំណេក៕