ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ជា​ក្រុម​មាន​អាទិភាព​ក្នុង​ការទទួល​បាន​នូវ​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​ការលើកឡើង​នេះ​ត្រូវបាន​ស្វាគមន៍ និង​សាទរ​ពី​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ក្នុងការ​ទទួលបាន​នូវ​វ៉ាក់សាំង​នេះ​។ ​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ល្ងាច​ថ្ងៃទី​ ០៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១ បន្ទាប់ពី​ទទួលបាន​​វ៉ាក់សាំង​កូវីដ​១៩​ចំនួន​ ៦០ ​ម៉ឺនដូស​ ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​ ហ៊ុន សែន ​បាន​ស្នើឱ្យ​ក្រសួងសុខាភិបាល​ចាត់ទុក​ក្រុម​អ្នកយកព័ត៌មាន​ជា​ក្រុម​ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ ដោយសារ​អ្នកយកព័ត៌មាន​ក៏​ជា​ក្រុម​ដែល​មាន​ហានិភ័យ​មួយ​ដែរ ដែល​ពួកគាត់​ត្រូវ​ស្វះ​ស្វែងរក​ព័ត៌មាន​នៅ​គ្រប់​ទីកន្លែង​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​៖ «​អ៊ីចឹង​! ខ្ញុំ​សុំឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ដែលមាន​អាយុ​ត្រឹម​ ៥៩ ​ឆ្នាំ​ចុះមក​ទទួល​យក​វ៉ាក់សាំង​កូវីដ​ ១៩ ដោយ​ធ្វើការ​ចុះឈ្មោះ​តាម​អនឡាញ ហើយ​ត្រូវ​មើល​នៅក្នុង​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​អ្នក​ដែល​មិនអាច​ទទួល​វ៉ាក់សាំង​នេះ​បាន​»​។

ជាមួយ​គ្នា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ក្រសួងសុខាភិបាល​ធ្វើការ​ជាមួយ​នឹង​ក្រសួង​ព័ត៌មាន​ដើម្បី​ធ្វើការ​លើ​រឿងនេះ ប៉ុន្តែ​លោក​គិតថា​ប្រសិនបើ​អ្នកសារព័ត៌មាន​ទាំងឡាយ​ផ្តួចផ្តើម​ធ្វើ​កិច្ចការងារ​នេះ​ជាមួយ​នឹង​ស្ថាប័ន​របស់ខ្លួន​ជាមួយនឹង​ក្រសួង​សុខាភិបាល​ផ្ទាល់​ក៏បាន​ក្នុង​ការទទួល​បាន​នូវ​វ៉ាក់សាំង​នេះ​។

លោក​ ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (​ស.ស.ស.ក​) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា លោកនាយ​រដ្ឋមន្ត្រី​តែងតែ​យកចិត្តទុកដាក់​ទៅដល់​អ្នកសារព័ត៌មាន ដែល​នេះ​ជា​កិច្ចការ​សំខាន់ និង​ជាការ​លើក​ទឹកចិត្ត​ដ៏ធំ​សម្រាប់​អ្នកសារព័ត៌មាន​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​សាទរ​ចំពោះ​អ្នក​សារព័ត៌មាន​ទាំងអស់​ផងដែរ​ដែល​ទទួល​បាន​ការយកចិត្តទុកដាក់​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​បាន​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូលទៅក្នុង​ក្រុម​អាទិភាព​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩​នេះ​»​។

លោក​ ហ៊ុយ វណ្ណៈ បាន​ធ្វើការ​អំពាវនាវ​ទៅដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ដែលមាន​គ្រប់​លក្ខខណ្ឌ​តាម​ក្រសួង​សុខាភិបាល​ទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​នេះ​។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ខេមបូចា) លោក​ ណុប វី បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ម្សិលមិញ ដោយ​ថ្លែង​អំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ខាង​ក្រសួង​ព័ត៌មាន​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​សុវត្ថិភាព​ចំពោះ​ក្រុម​អ្នកសារព័ត៌មាន​។

លោក​បាន​ប្រាប់ថា​៖ «​នេះ​គឺជា​ការបង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ដល់​សុវត្ថិភាព​របស់​អ្នកសារព័ត៌មាន​។ ខេមបូចា​នឹង​បន្ត​សហការ​ជាមួយ​នឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅដល់​សមាជិក​របស់​យើង​»​។

លោក​ ណុប វី ​បាន​បន្តថា លោក​នឹង​ផ្តល់​ការសម្រេច​ ឬ​ការស្ម័គ្រចិត្ត​ទៅ​ទទួលយក​វ៉ាក់សាំង​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ដែលជា​សមាជិក​របស់​ខេមបូចា​។

លោក​ថា វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​សមាជិក​ដើម្បី​ទៅ​ទទួលយក​វ៉ាក់សាំង​។

លោក សម សារ៉ន ការីនិពន្ធ​របស់​វេបសាយ First News ក៏បាន​បង្ហាញ​ពី​អំណរគុណ​ទៅដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យកចិត្ត​ទុកដាក់​ទៅលើ​សុខភាព​របស់​អ្នកសារព័ត៌មាន ប៉ុន្តែ​លោក​មិនទាន់​សម្រេចចិត្តថា​នឹង​ចាក់​វ៉ាក់សាំង​នេះ​ឬ​យ៉ាងណា​នៅឡើយ​ទេ​។

លោក​បាន​ប្រាប់ថា​៖ «​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ដែល​គិតគូរ​ពី​អ្នកសារព័ត៌មាន ពិសេស​អ្នកសារព័ត៌មាន​ជួរមុខ​ដែល​ចេញ​យក​ព័ត៌មាន ប៉ុន្តែ​ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ចំពោះ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់ឱ្យ​ពួកគាត់​ (​អ្នកសារព័ត៌មាន​)​។ គួរតែ​ជ្រើសរើស​យក​វ៉ាក់សាំង​ណា​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​»​។

សម្រាប់​លោក​ សម សារ៉ន គឺ​នៅមាន​ការស្ទាក់ស្ទើរ​ចំពោះ​ការសម្រេចចិត្ត​ថា​តើ​លោក​នឹង​ចាក់​វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន​។ លោក​បាន​ប្រាប់​ពី​មូលហេតុ​ថា​វ៉ាក់សាំង​កូវីដ​ស៊ីណូហ្វាម​នេះ​មិនទាន់​មាន​ការទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ជា​ផ្លូវការ​នៅឡើយ​ហើយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ ក៏​មិនទាន់​ដឹងថា​មាន​ប្រសិទ្ធភាព​កម្រិតណា​ផងដែរ​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ៨ ខែកុម្ភៈ បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដោយបាន​កំណត់​នូវ​ពេលវេលា​ និង​ទីកន្លែង​ចំនួន​ ៤ ​ទីតាំង​ សម្រាប់ធ្វើ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​។ ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នឹង​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​ Sinopharm សម្រាប់​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ជូន​ដល់​ឥស្សរជន​ជាន់ខ្ពស់​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ​ដល់​ ៥៩ ​ឆ្នាំ ​ដោយ​ការស្ម័គ្រចិត្ត​។

លោក​ ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា​៖ «​ការចាក់​វ៉ាក់សាំង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ នៅតាម​ទីតាំង​ចំនួន​ ៤ ​ផ្សេង​គ្នា ក្នុងនោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​។ នៅ​មន្ទីរពេទ្យ​អង្គឌួង​សម្រាប់​ឥស្សរជន​ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ​»​។

លោក​បាន​បន្តថា សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈអភិបាល​រាជធានី-ខេត្ត​នឹង​ចាក់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ឯ​ទីតាំងទី​ ៤ ​គឺ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នក​សារព័ត៌មាន​៕