ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អបអរសាទរ​លោក Joe Biden ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី ៤៦ របស់​សហរដ្ឋអាមេរិក ដោយ​លោក​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្ដេជ្ញា​ធ្វើការ​ជាមួយ​រដ្ឋបាល​របស់​លោក Biden ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យដល់​កម្រិត​កាន់តែ​ប្រសើរ​។

តាមរយៈ​លិខិត​របស់​លោក​ចុះ​ថ្ងៃទី​ ១៥ ធ្នូ ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទើប​ទទួលបាន​ពី​ម្សិលមិញ​លោក ហ៊ុន សែន បញ្ជាក់ថា បទពិសោធ​ដ៏ច្រើន​ និង​ការដឹកនាំ​ដោយ​ឈ្លាសវៃ​របស់​លោក Biden គឺជា​កត្តាកំណត់​ក្នុង​ការទទួល​បាន​ការជឿ​ទុកចិត្ត​ពី​ប្រជាជន​អាមេរិកាំង​។ លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​ក្នុង​នាម​ប្រធានាធិបតី​របស់លោក Biden សហរដ្ឋ​អាមេរិក​នឹង​រីកចម្រើន​ជឿនលឿន និង​ចូលរួម​ឱ្យមាន​ស្ថិរភាព​កាន់តែ​ប្រសើរ និង​មាន​វិបុលភាព​សម្រាប់​ពិភពលោក​។

លោក ហ៊ុន សែន សរសេរ​ថា​៖ «​ប្រជាជន និង​រដ្ឋាភិបាល​កម្ពុជា​តែងតែ​ភ្ជាប់​សារៈសំខាន់​ទៅនឹង​ការពង្រឹង និង​ធ្វើឱ្យ​ស៊ីជម្រៅ​ទំនាក់ទំនង​មិត្តភាព​ដ៏យូរអង្វែង រវាង​ប្រទេស​ទាំង​ ២ ដែល​ពេលនេះ​យើង​កំពុងស្ថិត​ក្នុងការ​ប្រារព្ធ​ខួប​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​របស់​យើង​។ សូម​លោក [Biden] ជឿជាក់ថា រដ្ឋាភិបាល​របស់ខ្ញុំ ប្ដេជ្ញាចិត្ត​មុតមាំ​ក្នុង​ការធ្វើការ​ជាមួយ​រដ្ឋបាល​របស់​លោក ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​ឱ្យដល់​កម្រិត​កាន់តែ​ប្រសើរ​»​។

លោក​ ហ៊ុន សែន ​បន្តថា​៖ «​ក្នុងឱកាស​ដ៏ល្អ​នេះ​ខ្ញុំ​សូម​ជូនពរ​ដល់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត និង​រដ្ឋបាល​របស់​លោក​ទទួល​បាន​ជោគជ័យ​ក្នុង​ការបំពេញ​ភារកិច្ច​ដ៏​ប្រវត្តិសាស្ត្រ​នេះ​ក្នុង​ការដឹកនាំ​សហរដ្ឋអាមេរិក​»​។

លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់ថា លិខិត​នេះ​ពិតជា​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី​មែន​។

លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ម្សិលមិញ​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ហើយ​បង្វែរ​សំណួរ​ទៅ​ក្រុម​ការងារ​បណ្តោះអាសន្ន​របស់​ប្រធានាធិបតី​នៅ​ក្រុង​វ៉ាស៊ីនតោន​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា ដរាបណា​កម្ពុជា​នៅតែ​មាន​ទំនោរ​ទៅរក​ចិន ហើយ​មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទេ​នោះ វា​នៅតែ​ជា​ចម្ងល់​ថា​តើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ នឹង​អាច​ប្រសើរឡើង​ដែរ​ឬ​យ៉ាងណា​?​។

ប៉ុន្តែ​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ការផ្ញើ​លិខិត​អបអរសាទរ​នៅពេល​នេះ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ការប្រកាស​លទ្ធផល​បោះឆ្នោត​សហរដ្ឋអាមេរិក​ទើបតែ​ចូល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ១៤ ​ធ្នូ​។ ចំពោះ​ខ្លឹម​សារលិខិត​នេះ​លោក​យល់ថា កម្ពុជា​តែងតែ​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​ការកសាង​ទំនុកចិត្ត និង​ការជឿជាក់​គ្នា​ទៅវិញ​ទៅមក​។ វា​អាស្រ័យ​លើ​សហរដ្ឋអាមេរិក​ទេ ថា​តើ​គេ​នឹងមាន​ភាពស្មោះត្រង់​ជាមួយ​កម្ពុជា ហើយ​គោរព​គ្នា​ទៅវិញ​ទៅមក​ឬ​អត់​?​។

លោក​ថ្លែងថា​៖ «​សម្រាប់​កម្ពុជា យើង​ចង់ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​រីកចម្រើន រឹងមាំ ហើយ​ឈរលើ​គោលការណ៍​គោរព​ផលប្រយោជន៍ អធិបតេយ្យភាព ឯករាជភាព​របស់​គ្នា​ទៅវិញទៅមក​»​។

ដោយឡែក​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង យល់ឃើញ​ថា នៅពេល​ប្រធានាធិបតី​សហរដ្ឋ​កើត​ចេញ​ពី​គណបក្ស​ប្រជាធិបតេយ្យ នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​មិន​សូវ​ជា​តឹងរ៉ឹង​ដូច​ពី​ខាង​សាធារណរដ្ឋ​ទេ​។ នៅ​តំបន់​អាស៊ី​ហាក់ដូចជា​ពឹង​អាស្រ័យ​ខ្ពស់ លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ក៏​មិន​ខុសគ្នា​ដែរ គឺ​ដូច​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​។ ខ្ញុំ​ជឿថា ទំនាក់​ទំនង​នឹង​ល្អ​ជាង​មុន ប៉ុន្តែ​គ្រាន់តែ​ថា ទំនាក់ទំនង​ទន់ភ្លន់​នោះ​វា​មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​ឬ​អត់​?​។ ជាទូទៅ​ប្រទេស​អាមេរិក ទោះបី​គណបក្ស​ណា​ជាប់ឆ្នោត​ក៏ដោយ គោលនយោបាយ​របស់​គេ គឺ​អត់​មានអី​ប្រែប្រួល​ទេ រឿង​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស វា​នៅ​ដដែល​ហ្នឹង​។ កិច្ចការ​បរទេស​ក៏​នៅ​ដដែល គ្រាន់តែ​ទំនាក់ទំនង​វា​ទន់ភ្លន់​ជាង​មុន​»៕