កំពង់ស្ពឺៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនីរោងចក្រកាត់ដេរ សម្លៀកបំពាក់និងស្បែកជើង កុំឱ្យបិទផ្លូវ ដើម្បីធ្វើការតវ៉ាផ្សេងៗ នៅពេលម្ចាស់រោងចក្ររត់ចោល ដែលមិនបានបើកប្រាក់ខែឲ្យ ដោយលោកបញ្ជាក់ថា រដ្ឋាភិបាល នឹងជាអ្នកផ្តល់ប្រាក់ឲ្យកម្មករ ជំនួសថៅកែដែលរត់ចោលនោះ។
លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពេលចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅស្រុកគងពិសី ចំនួន ២៧៤៤៤ នាក់ មកពីរោងចក្រចំនួន ២៤ នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០១៨។
លោក ហ៊ុន សែន បាននិយាយសំដៅទៅដល់ហេតុកាណ៍មួយ កាលពីថ្ងៃទី ១៧ ខែកញ្ញា ដែលមានកម្មករ-កម្មការិនីនៅរោងចក្រ «ជីម លី» ប្រមាណ ៧០០ នាក់ បាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីទាមទារប្រាក់ខែ បន្ទាប់ពីរោងចក្របិទទ្វារ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក បានចំណាយអស់ប្រមាណ ២២ លានដុល្លាររួចហើយ គ្រាន់តែថៅកែរត់ចោលកម្មករ ដែលថៅកែមិនបានបើកប្រាក់ខែ និងអត្ថប្រយោជន៍ដល់កម្មករ។
លោក ថ្លែងថា៖«ខ្ញុំក៏មិនយល់ដែរថា កាលពីម្សិលមិញមានកម្មករបិទផ្លូវ។ «ក្មួយៗ តាមរោងចក្រនានា ពូស្នើសុំដោយត្រង់ ពូមិនឲ្យក្មួយៗ អត់លុយទេ ចេញអស់ ២២ លានដុល្លារ សហរដ្ឋអាមេរិករួចហើយ គ្រាន់តែថៅកែរត់ចោល ឥឡូវបើថៅកែរត់ចោល យើងទៅបិទផ្លូវទៀត មិនមែនសម្លាប់ថៅកែឯណា សម្លាប់អ្នកធ្វើចរាចរណ៍...លុយគង់តែដោះស្រាយទេ»។
លោកបន្ថែមថា៖« បើយើងបិទផ្លូវភ្លាម ខុសច្បាប់នោះវាខុសទៅហើយ ក៏ប៉ុន្ដែខាងផ្នែកសីលធម៌ យើងក៏ត្រូវយល់ នៅត្រង់ថា ស្រាប់តែកំពុងធ្វើចរាចរណ៍ មនុស្សដែលកំពុងគ្រោះថ្នាក់ ត្រូវការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យត្រូវគាំងផ្លូវដោយសារតែកម្មករបិទផ្លូវ អ្នកឆ្លងទន្លេ កើតកូនមិនរួច ត្រូវទៅមន្ទីរពេទ្យ ដើម្បីវះកាត់ បែរជាស្លាប់នៅលើរថយន្ដ…»។
នៅពិធីជួបសំណេះសំណាល ជាមួយកម្មករកម្មការិនី នេះ លោក ហ៊ុន សែន ក៏បានប្រគល់ស្រោមសំបុត្រជាសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះចំនួន ១៣៧២ នាក់ផងដែរ។
អ្នកស្រី ខន ធារី អាយុ ៣៥ ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរជីមលី បាននិយាយថា មន្ត្រីមកពីក្រសួង មិនអើពើនឹងពាក្យបណ្តឹងរបស់កម្មករទេ ដូច្នេះហើយទើបកម្មករឈានទៅដល់ការបិទផ្លូវ ខណៈដែលបានធ្វើបាតុកម្មតវ៉ាចាប់តាំងពីថ្ងៃទី ១៥ ខែសីហាម្លេ៉ះ ប៉ុន្តែគ្មានស្ថាប័នណាមួយចេញមុខជួយដោះស្រាយឡើយ។
អ្នកស្រីបន្ថែមថា៖«នេះគឺជាជម្រើសចុងក្រោយរបស់ពួកយើង យើងបានទៅកាន់ក្រសួងពីរដងរួចហើយ ប៉ុន្តែក្រសួង មិនមានចំណាត់ការសម្រាប់ពួកយើងទេ។ ពួកយើងដឹងថា វាខុសច្បាប់ ប៉ុន្តែយើងគ្មានជម្រើស ទេ…នៅពេលដែលមន្រ្តីក្រសួង ហាក់ដូចជានៅខាងរោងចក្រ។ ដោយសារតែក្រសួង មិនមានចំណាត់ការនេះហើយ ទើបពួកយើងសម្រេចបិទផ្លូវ»។
លោក ហែម ហឿន មន្ត្រីជាន់ខ្ពស់ ក្រសួងការងារបានថ្លែងថា ក្រុមការងាររបស់លោក បានជួបកម្មកររួចហើយ ហើយបានប្រាប់ពួកគេ ឲ្យរក្សាភាពស្ងៀមស្ងាត់។
លោកបន្ថែមថា៖«ពេលនេះ ក្រសួងកំពុងធ្វើការដោះស្រាយឱ្យពួកគេ។ ដីដែលក្រុមហ៊ុនចាស់របស់ពួកគេជួលបានផុតកំណត់ហើយ។ ឥឡូវនេះ យើងកំពុងពិនិត្យមើលលើបញ្ហានេះ ថាបើរោងចក្របិទទ្វារ តើផលប្រយោជន៍អ្វីខ្លះ ដែលអាចផ្តល់ឱ្យកម្មករបាន ហើយបើមិនបិទទ្វារ ថាតើរោងចក្របានសន្យាអ្វី»៕ NS