ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យមានការតក់ស្លុត ចំពោះជំងឺឆ្កែឆ្កួត រហូតដល់សម្រុកទៅចាក់ថ្នាំការពារជំងឺនេះ ស្ទើរតែមិនអាចផ្តល់សេវាជូនទាន់ ខណៈដែលក្នុងមួយថ្ងៃៗមានពលរដ្ឋប្រមាណពី ៥០០ ទៅ ៦០០ នាក់បានសម្រុកទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រ។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងនៅក្នុងពិធីអបអរទិវាជាតិទីក្រុងស្អាត លើកទី៧ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីម្សិលមិញ។
លោកថ្លែងថា៖ «អំពាវនាវចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស សុំកុំឲ្យមានការតក់ស្លុត និងភ័យខ្លាចរហូតទៅដល់វិទ្យាស្ថានប៉ាស្ទ័រ និងទីកន្លែងនានា ដែលមានមនុស្សទៅកកកុញ ដើម្បីទទួលយកសេវាវ៉ាក់សាំង ដែលមិនមែនជាសេចក្តីត្រូវការចាំបាច់របស់ខ្លួន»។
លោកបន្តថា អ្នកដែលមិនមានឆ្កែខាំ ក៏ទៅរកចាក់វ៉ាក់សាំងនេះដែរដែលធ្វើឲ្យមានការកកស្ទះ បើទោះជាក្រសួងសុខាភិបាល ធ្លាប់បានធ្វើការអំពាវនាវរួចមកហើយ ថា ពលរដ្ឋមួយចំនួនដែលសម្រុកមកចាក់វ៉ាក់សាំងនេះ មិនមានរោគសញ្ញានៃជំងឺនេះទេ។
លោកថា៖ «អ្វីដែលសំខាន់ គឺអ្នកដែលមិនមានឆ្កែខាំ ឬឆ្មាខាំនោះបែរជានាំគ្នាទៅកកកុញកន្លែងទទួលវ៉ាក់សាំង ហើយរហូតទៅដល់ប្រទេចផ្ដាសា ជេរបញ្ចោរ ទៅលើវិទ្យាស្ថានប៉ាស្ទ័រ និងទិតៀនទៅលើក្រសួងសុខាភិបាលផង»។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ៊ីចឹងបានថា នេះគឺដូចទៅហ្នឹងក្រសួងសុខាភិបាលបានអំពាវនាវ ការការពារកុំឲ្យមានជំងឺឆ្កែឆ្កួត ឬសត្វខាំ វិធីដែលល្អជាងគេ គឺកុំឲ្យឆ្កែខាំ អាហ្នឹងគឺមានតែប៉ុណ្ណឹងទេ គឺល្អជាងគេហើយ។ កុំទៅប្រឡែងជាមួយឆ្កែជាសត្វដែលមានពិសនិយាយយ៉ាងដូច្នេះ ចៀសវាងមិនបានទេ ជួនកាលនៅទីជនបទ គឺឆ្កែវាការពារកូនរបស់វា ក៏វាចេញមកខាំក៏មាន ដែលអ្នកទាំងអស់ហ្នឹងហើយដែលត្រូវការបន្ទាន់»។
ក្រៅពីអំពាវនាវទៅកាន់ពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ក៏ស្នើឲ្យក្រសួងសុខាភិបាល ពង្រាយនូវសេវានេះ សម្រាប់មន្ទីរពេទ្យមួយចំនួន ដែលមានលទ្ធភាពផ្តល់សេវានេះ ហើយក៏អាចផ្តល់លទ្ធភាព ទៅឲ្យគ្លីនិកឯកជន ដើម្បីជួយផ្តល់សេវាវ៉ាក់សាំងទាំងនេះផងដែរដោយត្រូវផ្តល់សេវាពិគ្រោះយោបល់ឲ្យបានល្អត្រឹមត្រូវជូនពលរដ្ឋ ចៀសវាងឲ្យពួកគាត់មានភាពតក់ស្លុត ដូចករណីស្លាប់កុមារីម្នាក់នៅខេត្តស្វាយរៀងកាលពីថ្មីៗនេះ។
បើតាម លោក លី សុវត្ថិ វេជ្ជបណ្ឌិតផ្នែកសុខភាពសាធារណៈនៃវិទ្យាស្ថានប៉ាស្ទ័រ ជារៀងរាល់ថ្ងៃ ក៏ដូចជាកាលពីថ្ងៃម្សិលមិញដែរ វិទ្យាស្ថានប៉ាស្ទ័រ មានមនុស្សយ៉ាងណែនតាន់តាប់ ចន្លោះពី ៥០០ ទៅ ៦០០ នាក់បានសម្រុកមកទទួលសេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត បន្ទាប់ពីមានព័ត៌មានក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់បានទទួលមរណភាពកាលពីពេលថ្មីៗនេះដែលមានប្រវត្តិឆ្មាខ្វាចតាំងពីខែធ្នូឆ្នាំមុន។
ដោយសារតែចំនួនប្រជាពលរដ្ឋនៅតែសម្រុកមកទទួលសេវានេះ លោក លី សុវត្ថិ បញ្ជាក់ថា៖ «ខ្ញុំកំពុងដាក់ផែនការសម្រាប់ថ្ងៃស្អែក (ថ្ងៃនេះ) ដោយសារយើងរៀបចំកន្លែងថ្មីសម្រាប់ទទួលពួកគាត់ឲ្យបានទូលាយជាងមុន ព្រោះមានអ្នកមកច្រើន ពេញកន្លែងហ្នឹង ច្រើនរយនាក់»។
ចំណែកលោក លី សុវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងយ៉ាងខ្លីថា ក្រសួងសុខាភិបាល ទើបពង្រីកសេវាចាក់វ៉ាក់សាំងនេះនៅខេត្តបាត់ដំបង និងខិតខំពង្រីកបន្ថែមទៀតក្នុងពេលអនាគត។
បើតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលកាលពីថ្ងៃទី ២៣ ខែកុម្ភៈ បានណែនាំជាថ្មី ដល់ពលរដ្ឋដែលមានហានិភ័យខ្ពស់ ដូចជាអ្នកដែលត្រូវបានសត្វឆ្កែ ឬឆ្មាខាំ មានរោគសញ្ញាហានិភ័យ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលត្រូវចាក់ទៅតាមកាលវិភាគនៃដូសវ៉ាក់សាំង នឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ ដូចតាមការណែនាំ។
ចំណែកអ្នកដែលមិនទាន់មានសត្វខាំ ឬខាំយូរថ្ងៃមកហើយ ដែលមិនមានរោគសញ្ញាហានិភ័យអ្វីនោះ ក្រសួងស្នើឲ្យពួកគេរង់ចាំបន្តិចសិន ដើម្បីចៀសវាងកុំឲ្យមានការរង់ចាំកកកុញនៅវិទ្យាស្ថានប៉ាស្ទ័រនេះយូរពេក។
វិទ្យាស្ថានប៉ាស្ទ័រ ដែលជាកន្លែងផ្តល់ការចាក់វ៉ាក់សាំងនេះ ក៏ធ្លាប់បានអំពាវនាវឲ្យពលរដ្ឋយោគយល់ នៅពេលរង់ចាំយូរក្នុងការមកទទួលសេវានេះ។
តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ជារៀងរាល់ឆ្នាំ ជំងឺឆ្កែឆ្កួតបានសម្លាប់មនុស្សពី ៣៥ ០០០ ទៅ ៥០ ០០០ នាក់ នៅទូទាំងពិភពលោក។
ចំពោះកម្ពុជាវិញ ការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័របានរកឃើញថា ក្នុងមួយឆ្នាំៗ មានមនុស្សប្រមាណ ៦ សែននាក់ ត្រូវបានឆ្កែខាំខណៈដែលវិទ្យាស្ថានប៉ាស្ទ័រ បានផ្តល់វ៉ាក់សាំងបានត្រឹមតែ ២២ ០០០ នាក់ប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋត្រូវបានឆ្កែខាំ៕