ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​គ្រប់​គណបក្ស​នយោបាយ​ឈប់​ប្រើ​ពាក្យ​ «​បន្តុះបង្អាប់​» ​គណបក្ស​ ឬ​បេក្ខជន​គណបក្ស​នយោបាយ​ផ្សេង​ទៀត​ដែល​ការអំពាវនាវ​នេះ​ផ្ទុយ​នឹង​អ្វី​ដែល​ថ្នាក់ដឹកនាំ​បក្សនយោបាយ​មួយ​ចំនួន​គាំទ្រ​ឲ្យ​មាន ​«​ការរិះគន់​» ​ក្នុង​ន័យ​ស្ថាបនា​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ម្សិលមិញ​ថា​៖ «​ខ្ញុំ​គិត​ថា សូម​ឲ្យ​អ្នក​នយោបាយ​នានា​តាំង​ខ្លួន​ជា​អ្នក​លក់​ទំនិញ​។ ឃោសនា​តែ​ពី​ទំនិញ​របស់​ខ្លួន​បាន​ហើយ កុំ​បង្អាប់​ទំនិញ​អ្នកដទៃ អ្នក​នឹង​បង្កើត​រឿង​ជាមួយ​អ្នក​ដទៃ​ហើយ​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា​វា​ជា​សិទ្ធិ​របស់​បុគ្គល​នយោបាយ​ក្នុង​ការបញ្ចេញ​ទស្សនៈ​។

លោក​ថ្លែង​ថា​៖​ «​អា​នេះ​ជា​ការឃោសនា​។ បើ​ឃោសនា​បែប​អវិជ្ជមាន វាយប្រហារ​ទៅ​លើ​គោលនយោបាយ​បក្ស​ដទៃ ប្រជាពលរដ្ឋ​គាំទ្រ​ខ្លួន អាហ្នឹង​គេ​ធ្វើ​ទៅ វា​ជា​សិទ្ធិ​របស់​គេ​។ ប៉ុន្តែ​បើ​គិត​ថា​អាហ្នឹង​អាច​ប៉ះពាល់​វា​មិន​ចំណេញ​នយោបាយ​ទេ ធ្វើ​របៀប​ឃោសនា​បែប​វិជ្ជមាន​វិញ​»​។

ដោយ​ឡែក​លោក​ យ៉ង សាំងកុមារ ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​យល់ស្រប​នឹង​លោក​ ហ៊ុន សែន ប៉ុន្តែ​ថា ទោះ​យ៉ាង​ណា​វា​ជា​រឿង​គេច​មិន​រួច​ពី​ការរិះគន់​ពី​ចំណុច​ខ្វះខាត ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​។

លោក​បន្ត​ថា​៖ «​បើ​កាលណា​យើង​និយាយ​ពី​គោលនយោបាយ យើង​ត្រូវ​និយាយ​បញ្ហា​ និង​ដំណោះស្រាយ​។ អ៊ីចឹង​វា​នឹង​មាន​ការប៉ះពាល់​គេច​មិន​រួច​ទេ តែ​សំខាន់​យើង​ត្រូវ​រក្សា​ក្រមសីលធម៌​រៀងៗ​ខ្លួន​»​។

លោក​ ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា បង្កើត​បក្ស​នយោបាយ​មក​ធ្វើ​អ្វី បើ​គ្មាន​ការរិះគន់​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​នោះ​៕