បន្ទាយមានជ័យៈ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ជាថ្មីទៀត ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូវីដ​ ១៩ បើ​ទោះបី​ជា​កន្លងមក​រដ្ឋាភិបាល​បាន​ត្រួតត្រា​សភាពការណ៍​បាន​យ៉ាង​ល្អ​ក្នុង​ការទប់ស្កាត់​ជំងឺ​នេះ​ក្តី ខណៈ​ក្រសួង​សុខាភិបាល​បានប្រកាស​ពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ប៉ូឡូញ អាយុ​ ៤៧ ​ឆ្នាំ​ម្នាក់ទៀត​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ឱកាស​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ម្សិលមិញ​ថា៖ «​សម្រាប់​យើង យើង​បាន​ត្រួតត្រា​សភាពការណ៍​នេះ​បានល្អ​ហើយ តែ​ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង មិន​ថា​នៅទីនេះ ឬ​នៅ​កន្លែង​ណា​ទេ គឺ​ត្រូវខិតខំ​បន្ត​ទៅ​ទៀត តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដែល​យើង​បានធ្វើ​ក្នុង​រយៈពេល​កន្លងទៅ​»​។

លោក​បន្តថា ទន្ទឹម​នឹង​ដោះស្រាយ​ទឹកជំនន់​នៅទីនេះ ទាំង​អ្នក​ជួប​នឹង​គ្រោះទឹកជំនន់ ទាំង​អ្នក​ជួយ​អន្តរាគមន៍​ក៏ត្រូវ​ប្រយ័ត្ន​ប្រយែង​ដោយសារ​កូវីដ​មិន​រើសមុខ​ទេ រួមទាំង​នាយករដ្ឋមន្ត្រី ប្រធានាធិបតី រដ្ឋមន្ត្រី​នៅ​តាម​ប្រទេស​នានា​ឆ្លង​ច្រើនណាស់​។

លោក​ថ្លែងថា​៖ «​ទោះបី​ជា​ខ្លួន​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី មិន​ប្រាកដ​ថា មិនមាន​លទ្ធភាព​ឆ្លង​កូវីដ​ទេ​ដូចនេះ​កុំ​ទុកចិត្ត​ខ្ញុំ​ពេក​។ យើង​មិន​ប៉ះ​ដៃ​គ្នា មិនមែន​បាន​ន័យ​ថា យើង​មិន​រាប់អាន​គ្នា​នោះ​ទេ​...​។ យើង​ត្រូវ​រួមគ្នា​បន្ត​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​១៩​បន្ថែមទៀត​»​។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ពី​ម្សិលមិញ​បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់​ដែលមាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​ ១៩ ខែ​ តុលា ឆ្នាំ​ ២០២០ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​នេះ​គឺ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​។

បច្ចុប្បន្ន​បុរស​រូបនេះ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។ ក្រៅពីនេះ​អ្នក​ដំណើរ​តាម​យន្តហោះ​ជាមួយ​ជនជាតិ​ប៉ូឡូញ​រូបនេះ សរុប​មាន​ចំនួន​ ៥៨ ​នាក់​ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ត្រូវ​បាន​ដាក់ឱ្យ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​នៅក្នុង​សណ្ឋាគារ​ផ្សេងៗ​គ្នា​ក្នុង​ក្រុងភ្នំពេញ និង​នៅ​មណ្ឌល​កងទ័ព​ជើង​អាកាស​។

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ម៉ោង​ ៧ ​ព្រឹក ថ្ងៃទី​ ២១ ខែ​តុលា ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ២៨០ ​នាក់ (​ស្មើនឹង​ ៩៧,៩០%) ក្នុងចំណោម​អ្នកជំងឺ​សរុប​ ២៨៦ ​នាក់​។ បច្ចុប្បន្ន​មាន​អ្នកជំងឺ​ចំនួន​ ៦ ​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក្នុងនោះ​មាន​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ បុរស​ខ្មែរ​ ២ ​នាក់ ស្ត្រី​ខ្មែរ​ម្នាក់ ស្ត្រី​បារាំង​ម្នាក់ និង​បុរស​ប៉ូឡូញ​ម្នាក់​៕

វីដេអូ៖