ភ្នំពេញៈ ក្នុងឱកាស​ទិវា​នារី​អន្តរជាតិ ៨ ​មីនា​លើក​ទី​ ១០៩ ​នេះ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន​ទាំងអស់​ត្រូវ​រួមគ្នា​យកចិត្ត​ទុកដាក់ ចំពោះ​ការបង្កើន​ចំនួន​ស្ត្រី​ឲ្យ​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​នៅតាម​វិស័យ​ផ្សេងៗ និង​គ្រប់​កម្រិត​ខណៈ​ដែល​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​អាទិភាព​លើ​សិទ្ធិ​ស្ដ្រី​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​តាមរយៈ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ៨ ខែមីនា​ថា ទិវា​នារី​អន្តរជាតិ ៨ ​មីនា​ត្រូវ​បាន​ពិភពលោក​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ ដើម្បី​រំឭក​នូវ​​ការតស៊ូ និង​គំរូ​វីរភាព​របស់​នារីៗ​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព និង​គេច​ផុតពី​ទង្វើ​ជិះជាន់​នានា​។ សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ព្រមទាំង​ស្ត្រី​ផង​បាន​កើតមាន​ជាថ្មី ក្រោយ​របប​ដ៏យង់ឃ្នង​របស់ ប៉ុល ពត ត្រូវ​បាន​វាយ​ផ្តួលរំលំ​នៅ​ថ្ងៃទី​ ៧ ខែ​មករា ឆ្នាំ​ ១៩៧៩​។

ចាប់តាំងពី​ថ្ងៃ​រំដោះ​រហូត​ដល់ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​តែង​បាន​យកចិត្ត​ទុកដាក់​ជានិច្ច​ក្នុង​ការលើកកម្ពស់​ស្ត្រី​រហូត​បង្កើត​បាន​ជា​ពាក្យ​ស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ជាតិ​»​។

លោក​ថ្លែងថា​៖ «​មាន​សន្តិភាព​មាន​ការលើក​កម្ពស់ មាន​សមភាព​យេនឌ័រ គឺជា​ប្រធានបទ​ដ៏មាន​អត្ថន័យ​នៃ​ទិវា​អន្តរជាតិ​នារី ៨ ​មីនា​លើក​ទី​ ១០៩ ដែលជា​ការបង្ហាញ​ឱ្យ​ឃើញ​ពី​ការដើរ​តួនាទី​យ៉ាង​សំខាន់​របស់​សុខសន្តិភាព​នៅក្នុង​សង្គមជាតិ ជាពិសេស​សុខសន្តិភាព​ដែល​កម្ពុជា​រកបាន​យ៉ាង​លំបាក​ក្នុង​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មកនេះ​ជា​បុព្វ​លក្ខខណ្ឌ​មិនអាច​ប្រកែក​បានឡើយ​ក្នុង​ការរួមចំណែក​ជួយ​ដល់​ការលើកកម្ពស់​សិទ្ធិសេរីភាពរ​បស់​ស្ត្រី​ និង​ជួយ​ឱ្យ​ស្ត្រី​មានតម្លៃ​កាន់តែ​ខ្ពស់​ឡើង​នៅក្នុង​សង្គម​»​។

នៅក្នុង​ពិធី​អបអរសាទរ ទិវា​នារី​អន្តរជាតិ​ ៨ ​មីនា​កាលពី​ថ្ងៃ​សុក្រ​ទី​ ៦ ខែមីនា លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ជនរួមជាតិ​ទាំងអស់ អនុវត្ត​នូវ​ចំណុច​សំខាន់ៗ​ដូចជា ត្រូវ​រួមគ្នា​យកចិត្តទុកដាក់​តាមរយៈ​ការផ្តល់​អាទិភាព ចំពោះ​ការបង្កើន​ចំនួន​ស្ត្រី​ដែល​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​នៅតាម​វិស័យ​ផ្សេងៗ និង​គ្រប់​កម្រិត​។

អ្នកចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ម្សិលមិញ​។ហុង មិនា

លោក​បន្តថា ត្រូវ​រួមគ្នា​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ពន្លឿន​ដំណើរការ​កាត់ក្តី​ស្រី្ត​ដែល​ជាប់ទោស​ឱ្យទាន់​ពេលវេលា​។ គ្រប់គ្រង​ការប្រើប្រាស់​ប្រព័ន្ធ Internet នៅ​ទូទាំង​ប្រទេស​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ទៅនឹង​អំពើហិង្សា ការ​កេងប្រវ័ញ្ច​លើ​ស្ត្រី និង​ក្មេងស្រី​តាម​ប្រព័ន្ធ Internet និង​បណ្ដាញ​ផ្សព្វផ្សាយ​ជាច្រើន​ដែល​ធ្វើឱ្យ​បាត់​សណ្ដាប់ធ្នាប់​សង្គម​។

លោក​ថ្លែងថា ក្រសួង​អប់រំ​យុវជន និង​កីឡា​ត្រូវធ្វើ​ការណែនាំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ឱ្យ​អនុវត្ត​វិន័យ ផ្ដល់​ឱកាស​ដល់​ក្មេងស្រី​នៅ​គ្រប់​កម្រិត ជាពិសេស​ឪពុកម្តាយ​ត្រូវ​អប់រំ​កូនចៅ​ឱ្យមាន​សីលធម៌​ល្អ​នៅក្នុង​សង្គម​។ ត្រូវ​បន្ត​ការវិនិយោគ​លើ​ការសិក្សា​របស់​ក្មេងស្រី​នៅ​គ្រប់​កម្រិតសិក្សា ជាពិសេស​ក្នុង​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បី​ធ្វើឱ្យ​ដើរ​ទាន់សម័យ​បច្ចេកវិទ្យា​ជឿនលឿន​នៃ​សង្គមជាតិ​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន និង​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង និង​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​យើង​តាមរយៈ​ការបង្កើត​កម្មវិធី​អប់រំ ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​ស្ត្រី​ខ្មែរ ជាពិសេស​តាមរយៈ​ការ​ស្លៀកពាក់​ប្រកប​ដោយ​ភាពថ្លៃថ្នូរ និង​មាន​លក្ខណៈ​ជា​ស្ត្រី​ខ្មែរ​។ រួមគ្នា​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍​ថ្មី និង​កុំឱ្យ​មាន​ការរើសអើង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​រួមទាំង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​»​។

ក្នុងឱកាស​នៃ​ទិវា​នារី​អន្តរជាតិ​នេះដែរ អង្គការ​សង្គម​ស៊ីវិល​រួមមាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) NGO-CEDAW មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង DanChurchAid (DCA) បានចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដោយ​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​អាទិភាព​លើ​សិទ្ធិ​ស្ដ្រី​។

សេចក្ដី​ថ្លែងការណ៍​រួម​នេះ​លើក​ឡើង​ថា​៖ «​យើងខ្ញុំ​ជា​អង្គការ​សង្គមស៊ីវិល សូម​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​អាទិភាព​លើ​សិទ្ធិ​ស្ដ្រី តាមរយៈ​ការចាត់វិធានការ​បន្ទាន់ និង​ជាក់លាក់​ក្នុង​ការអនុវត្ដ​អនុសាសន៍​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​យក​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​នៃ​ការពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ជុំ​ទី​ ៣ ​របស់​កម្ពុជា និង​អនុសាសន៍​ដែលមាន​លើកឡើង​ក្នុង​សេចក្ដី​សង្កេត​សន្និដ្ឋាន​របស់​គណៈកម្មាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​លើ​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​ស្ដ្រីភេទ (​ស៊ីដ​) ​ដែល​បានចេញ​បន្ទាប់ពី​ការពិនិត្យ​ជា​ទៀងទាត់​លើ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩»​។

លោកស្រី​ ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​លោកស្រី​កាលពី​ម្សិលមិញ​ថា ការលើក​កម្ពស់​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​គុណតម្លៃ​សម្រាប់​ស្ត្រី​មិនអាច​មាន​ប្រសិទ្ធភាព​ត្រឹមតែ​ការ​ថ្លែងសារ​តាម​មាត់​ប៉ុណ្ណោះ​ទេ​ហើយក៏​មិន​អាស្រ័យ​តែ​លើ​ការវិនិច្ឆ័យ​របស់​សង្គម​ក្នុង​ការដាក់​គំនាប​ ឬ​បន្តុះបង្អាប់​បន្ថែម លើ​ស្ត្រី​ដែលជា​ជនរងគ្រោះ​ពី​ការរំលោភបំពាន​នោះដែរ ប៉ុន្តែ​ទាមទារ​នូវ​ការគោរព និង​គាំពារ​ជាក់ស្តែង ដោយ​ធានាថា​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​ស្ត្រី​គ្រប់រូប​អាច​ចូលរួម​ដោយ​សកម្ម​ក្នុង​ជីវភាព​សង្គម វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ​។

លោកស្រី​បញ្ជាក់ថា​៖ «​ការធានា​នូវ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការជួបជុំ ប្រមូលផ្តុំ និង​បញ្ចេញមតិ គឺជា​ការធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ត្រូវ​ធានា​ការពារ​មិនមែន​រារាំង និង​រំលោភបំពាន​នោះដែរ​។ ខ្ញុំ​សូម​ឧទ្ទិស​ទិវា​នេះ​ជូន​ដល់​ស្ត្រី​គ្រប់រូប​ដែល​បាន​ពលី​កម្លាំងកាយ ស្មារតី និង​បេះដូង ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស​សម្រាប់​សហគមន៍ និង​មនុស្សជាតិ​ទាំងអស់​លើ​ពិភពលោក និង​ជាពិសេស​ប្រទេស​កម្ពុជា​នៃ​មាតុភូមិ​របស់​យើង​ទាំងអស់​គ្នា​»៕