
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួនទោះបីជាសភាពការណ៍នៅលើសកលលោក ក៏ដូចជាក្នុងប្រទេសកំពុងប្រឈមនឹងការរីករាលដាលនៃការឆ្លងកូវីដ-១៩ទៅក្នុងសហគមន៍ក៏ដោយ។
លោកនាយករដ្ឋមន្ត្រីលើកឡើងបែបនេះក្នុងសារលិខិតផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» កាលពីថ្ងៃទី ១៩ ខែធ្នូ កន្លងមកដែលវេទិកានេះធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹងរបស់អ្នកសារព័ត៌មានក្នុងការបំពេញការងារតាមក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព គុណតម្លៃ កិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងសេរីភាពខាងសារព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន។
លោកថ្លែងថា៖ «ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល រងគ្រោះដោយជំងឺកូវីដ១៩ ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួនបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានា ផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិត បំប៉ោងសភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលស្របច្បាប់»។
លោក ហ៊ុន សែនក៏បានស្នើឱ្យស្ថាប័នសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ដើម្បីបន្សាប និងបំផ្លាញចោលលើព័ត៌មានក្លែងក្លាយរបស់ «ក្រុមអគតិ» ក្រុមឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានាដើម្បីបំពុលបរិយាកាសសង្គម និងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មាន ធ្វើសកម្មភាពខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តតាមវិជ្ជាជីវៈត្រឹមត្រូវ។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.អ.ក) បានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ ដោយចាត់ទុកថា វិបត្តិកូវីដ១៩ គឺជាវិញ្ញាសាដ៏សំខាន់មួយសម្រាប់វិស័យសារព័ត៌មាននៅទូទាំងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជា ដែលអ្នកសារព័ត៌មានត្រូវដកពិសោធ និងត្រូវត្រៀមសម្រាប់ប្រឈមមុខនៅពេលដែលវិបត្តិបែបនេះកើតមាននៅពេលក្រោយ។
វេទិកានិពន្ធនាយកបញ្ជាក់ថា៖ «ចាប់ពីពេលនេះទៅអ្នកសារព័ត៌មានក៏ដូចជាម្ចាស់ស្ថាប័នសារព័ត៌មាននីមួយៗត្រូវត្រៀមខ្លួនឱ្យបានល្អថែមមួយកម្រិតទៀត ដើម្បីប្រឈមមុខជាមួយហានិភ័យដែលអាចកើតមានជាយថាហេតុ ពិសេសជំងឺឆ្លងសកលកាចសាហាវណាមួយផ្សេងទៀតនាពេលខាងមុខ»។
វេទិកានិពន្ធនាយកលើកឡើងថា ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយក៏សារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈដោយមិនបន្ធូរដៃឡើយ ពីព្រោះវាជាតម្លៃ និងជាជំនឿរបស់មហាជនដែលមិនអាចបោះបង់បានក្នុងគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងនៅក្នុងវេទិកានោះថា ប្រព័ន្ធព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្គម ឬការងារសង្គម ដោយលោកបានកោតសរសើរដល់ក្រុមការងារព័ត៌មានដែលមានជំនាញច្បាស់លាស់ក្នុងការបំពេញការងារ ហើយរាល់ការផ្សាយ និងនិយាយពីបញ្ហាអ្វីមួយគឺមានការទុកចិត្ត។ «អ្នកសារព័ត៌មានត្រូវរកប្រភពព័ត៌មានដែលពិតត្រឹមត្រូវ ហើយអាជ្ញាធរត្រូវឆ្លើយតបឱ្យបានឆាប់រហ័សវិញផងដែរ នៅពេលមានបញ្ហាអ្វីកើតឡើង»។
លោក ខៀវ កាញារីទ្ធ បង្ហើបឱ្យដឹងផងដែរថាពិធីជួបអ្នកសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីនាដើមខែមករា ឆ្នាំ ២០២១ ខាងមុខនេះត្រូវលុបចោលដោយសារបញ្ហាកូវីដ១៩ ប៉ុន្តែក្រសួងព័ត៌មាននៅតែទទួលយកសំណូមពររបស់អ្នកសារព័ត៌មានដើម្បីដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច និងជួយដោះស្រាយ។
លោករដ្ឋមន្ត្រីក៏កំពុងពិចារណាលើច្បាប់ការងារដែលតម្រូវឱ្យម្ចាស់ស្ថាប័នទទួលខុសត្រូវដល់អ្នកសារព័ត៌មាន តាមរយៈមានបណ្ណសមធម៌ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីគាំពារផ្នែកសុខភាព។
លោកបានប្រាប់អ្នកកាសែតថា៖ «កាលពីឆ្នាំកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់មេធាវីស្ម័គ្រចិត្តជួយការពារអ្នកកាសែតដែលបំពេញការងារត្រឹមត្រូវតាមវិជ្ជាជីវ: ប៉ុន្តែសម្រាប់ឆ្នាំនេះការស្នើសុំឱ្យអ្នកកាសែតចូលជាសមាជិក ប.ស. ស កំពុងដំណើរការរៀបចំ បើចប់រួចរាល់ អ្នកសារព័ត៌មានដែលមានបណ្ណ ប.ស.ស គឺសម្រាកព្យាបាលជំងឺ មិនគិតថ្លៃនោះទេ»៕