ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាជន​រួមគ្នា​ទប់ស្កាត់​គ្រោះមហន្តរាយ​ដែល​បណ្តាល​ពី​គ្រោះធម្មជាតិ​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ១៣ តុលា ក្រោម​ប្រធានបទ «​ការរស់នៅ​ដោយ​សុវត្ថិភាព និង​ភាពធន់​គ្រោះមហន្តរាយ​»​។

ការបង្កើត​ឱ្យ​មាន​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គឺជា​ការបំផុស​ស្មារតី​យកចិត្ត​ទុកដាក់​ពី​ប្រជាជន​កម្ពុជា​រួម​ជាមួយ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ក៏ដូចជា​នៅលើ​ពិភពលោក​ក្នុង​ការប្រុងប្រយ័ត្ន​ទប់ស្កាត់​ផលវិបាក​នៃ​គ្រោះមហន្តរាយ​នៅលើ​សង្គម​សេដ្ឋកិច្ច និង​លើកកម្ពស់​ការយល់ដឹង​អំពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារលិខិត​ក្នុង​ថ្ងៃ​ទិវា​នេះ​ថា​៖ «​ជោគជ័យ​ត្រចះត្រចង់​ដែល​រដ្ឋាភិបាល​សម្រេចបាន​កន្លងមក​គឺ​អាស្រ័យ​ដោយ​មូលដ្ឋានគ្រឹះ​សន្តិភាព​ដែលជា​គុណ​តម្លៃ​សម្រាប់​ប្រជាជន​កម្ពុជា​។ «​អរគុណ​សន្តិភាព​» បើ​គ្មាន​សន្តិភាព​នោះ​ការប្រឈម​ទៅនឹង​មហន្តរាយ​កាន់តែ​ខ្លាំង ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស និង​ការអភិវឌ្ឍ​។ ហេតុ​នេះ​ហើយ​យើង​ត្រូវ​បន្ត​ថែរក្សា​សន្តិភាព ទោះ​ជា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​»​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា ជាក់ស្តែង​តាមរយៈ​ព្រឹត្តិការណ៍​មិន​ប្រក្រតី​នៃ​គ្រោះមហន្តរាយ​បង្ក​ដោយ​ខុស​សញ្ញា​គ្រោះថ្នាក់​ធម្មជាតិ ដូចជា​ទឹកជំនន់ រាំងស្ងួត ខ្យល់​កន្ត្រាក់ ជំងឺ​រាតត្បាត​ដែល​កើតមាន​ស្ទើរតែ​រាល់​ឆ្នាំ ធ្វើឱ្យ​មាន​ការខូចខាត​ជា​រូបវន្ត ខាតបង់​ថវិកា ប៉ះពាល់​លើ​សេដ្ឋកិច្ច សង្គម និង​ជីវភាព​ប្រជាជន​។

លោក​ថា ការចូលរួម​ការពារ​អាយុជីវិត​មនុស្ស​ពី​គ្រោះ​មហន្តរាយ​ចាំបាច់​មនុស្ស​ម្នាក់ៗ​មាន​ការត្រៀម​បង្ការ និង​ចូលរួម​អនុវត្ត វិធានការ​ទាំងឡាយ ដែល​ស្ថាប័ន​មាន​សមត្ថកិច្ច​ដាក់ចេញ​ក្នុង​ការទប់ស្កាត់​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​មុខសញ្ញា​គ្រោះធម្មជាតិ និង​មនុស្ស​។

លោក​បាន​បន្ថែមថា​៖ «​ភាពមិន​ប្រាកដប្រជា​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅពេល​អនាគត និង​ការមិន​អាច​ព្យាករ​បាន​គឺ​មាន​តែ​ការរួម​គំនិត​គ្នា​ខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​ផ្តើម​ចេញពី​ប្រជាពលរដ្ឋ​ម្នាក់ៗ និង​គ្រួសារ​នីមួយៗ​ចូលរួម​ក្នុង​ភាព​ជា​ម្ចាស់​របស់​មូលដ្ឋាន​សហគមន៍ ដើម្បី​ការរស់នៅ​ដោយ​សុវត្ថិភាព និង​ភាពធន​គ្រោះមហន្តរាយ​»​។

ក្នុងនោះ​លោក ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត​ចែករំលែក​ចំណេះដឹង​រវាង​គ្នា និង​គ្នា​ក្នុង​ការជំរុញ​សកម្មភាព​ការពារ​សុខភាព អនាម័យ​ផ្ទាល់ខ្លួន​រស់នៅ​ស្អាត បរិស្ថាន​ល្អ​នៅតាម​មូលដ្ឋាន​ផង​ដែរ​។ បន្ថែម​ពីនេះ ចំពោះ​កម្លាំង​គ្រប់​ជាន់ថ្នាក់​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​បាន​រួចជាស្រេច ដើម្បី​ឆ្លើយតប​គ្រោះមហន្តរាយ​ដែល​កើត​មានឡើង​។

លោក ហែម ឧត្តម អ្នក​ជំនាញ​ផ្នែក​បរិស្ថាន​បាន​ឱ្យ​ដឹងថា ការកាត់បន្ថយ​គ្រោះមហន្តរាយ​ដែល​កំពុង​កើតមាន​ត្រូវការ​ការចូលរួម​ពី​គ្រប់ភាគី​។ រដ្ឋាភិបាល​គួរតែ​មាន​ការសិក្សា​ឱ្យបាន​ស៊ីជម្រៅ និង​ការពារ​គម្រប​ធម្មជាតិ ដូចជា​ព្រៃឈើ ទន្លេ បឹង និង​ធនធាន​ដទៃ​ទៀត​ឱ្យបាន​គង់វង្ស ហើយ​ត្រូវ​ស្តារឡើង​វិញ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ចៀស​ផុស​ពី​គ្រោះមហន្តរាយ​ ក្នុង​ពេល​ខាងមុខ​។

លោក​ថ្លែង​ថា​៖ «​បើជា​គ្រោះមហន្តរាយ​នេះ​គឺជា​ធម្មជាតិ​ហើយ ប៉ុន្តែ​បើសិន​ជា​កើតឡើង​ដោយសារ​តែ​មនុស្ស​ដែរ​នោះ​ជា​អ្វីដែល​យើង​ត្រូវ​ជជែក​គ្នា​ឱ្យបាន​ដិតដល់​ទៀត ពីព្រោះ​នៅក្នុង​នេះ​ថ្នាក់ដឹកនាំ​បាន​លើកឡើង​ពី​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​»៕