ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារក្នុងទិវាអន្ដរជាតិស្តីពីគ្រួសារនៅថ្ងៃទី ១៥ ខែឧសភា ដោយបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលទាំងជាតិ និងអន្តរជាតិ និងផ្នែកឯកជន បន្តគាំទ្រលើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅកម្ពុជាឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា គ្រប់ភាគី ទាំងរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ និងឯកជនត្រូវចូលរួមជំរុញចលនាលើកកម្ពស់ដល់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យខ្លាំងតាមគ្រប់រូបភាព។
ទិវាអន្ដរជាតិស្តីពីគ្រួសារថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីគ្រួសារ ជាទិវាមួយមានសារៈសំខាន់នៅកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ការលើកកម្ពស់វប្បធម៌ សន្តិភាព សាមគ្គីភាព កម្លាំងសេវាសង្គម និងសុខដុមនីយកម្មគ្រួសារ ដើម្បីឈានឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ និងឈ្នះលើការកាត់ផ្តាច់នូវការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា»។
លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញនូវការគាំទ្រដល់កម្លាំងសេវាសង្គម គឺជាក្រុមជនអ្នកមានជំនាញផ្នែកផ្តល់សេវាសង្គម ដូចជាការងារសង្គមកិច្ច អប់រំ សុខាភិបាល យុត្តិធម៌ ការងារ និងការគ្រប់គ្រងមូលដ្ឋានក្នុងការជួយគាំទ្រដល់គ្រួសារដែលជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌។
លោកថ្លែងថា៖ «ជាតិមួយមានការរីកចម្រើនប្រកបដោយចីរភាពនោះ គ្រួសារនីមួយៗត្រូវបន្តលើកកម្ពស់ការថែទាំ ការអប់រំទូន្មានប្រៀនប្រដៅ និងការបណ្តុះបណ្តាលដល់សមាជិកក្នុងគ្រួសារគ្រប់រូបឱ្យមានអត្តចរិតល្អ ចំណេះដឹង ចំណេះធ្វើ ជំនាញវិជ្ជាជីវៈ និងសមត្ថភាពខ្ពង់ខ្ពស់ ក្នុងការកសាងជីវភាពរស់នៅសមរម្យប្រកបដោយសេចក្តីថ្លៃថ្នូរចូលរួម ចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ស្ថិរភាពនយោបាយ និងរក្សានូវតម្លៃនៃវប្បធម៌ ប្រពៃណីជាតិ»។
លោក ហ៊ុន សែន ក៏បានទទួលស្គាល់កាកបាទក្រហមកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន លើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរស្ត្រី និងកុមារ និងបានជួយរំលែកទុក្ខលំបាករបស់ប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេស។
លោកស្រី រស់ សុភាព នាយិកានៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អះអាងនៅថ្ងៃទី ១៦ ឧសភាថាសង្គមស៊ីវិល ក៏បានដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាសង្គមដល់ក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកស្រីបានថ្លែងថា៖ «យើងឃើញមានកម្មវិធីជាច្រើនរបស់សង្គមស៊ីវិលដែលជាអង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីសំខាន់ច្រើនក្នុងនោះយើងធ្វើការ ដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីឈានទៅរកការលុបបំបាត់អំពើហិង្សាក្នុងសង្គម និងការរើសអើង យើងធ្វើការងារនេះមិនមែនធ្វើតែឯងទេ ដោយផ្អែកទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោកស្រីបានថ្លែង ដោយជំរុញដល់រាជរដ្ឋាភិបាលផ្តល់ភាពយុត្តិធម៌សង្គម ជាពិសេសយុត្តិធម៌សម្រាប់ជនក្រីក្រដែលតែងរងនូវភាពអយុត្តិធម៌ពីអ្នកមានអំណាច ដែលបញ្ហានេះត្រូវទាមទារផ្តល់សន្តិភាពផ្លូវចិត្តដល់ក្រុមគ្រួសារ៕