បន្ទាយមានជ័យៈ លោកនាយក​​​​​​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​កន្ត្រាក់ មួ​យ​​​ថ្ងៃ​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​​​ ២ នាក់ បាន​​បាត់បង់​ជីវិតដោយ​សារ​​រន្ទះបាញ់​ ហើយ​ផ្ទះ​សា​លា​រៀន និង​កុដិ​ព្រះសង្ឃ​ជាច្រើន​ខ្នង​បាន​រង​ការ​ខូច​ខាត ​ដោយសារ​ខ្យល់​កន្ត្រាក់​ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។

ការ​អំពាវ​នាវ​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង​នៅ​​ក្នុង​ពិធី បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរ​ជាតិ​ស្ទឹង​បត់ និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ ៥ នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​ម្សិល​មិញ។

លោកថ្លែង​ថា​៖ «​យប់​មិញ​នេះ គឺ​មាន​ការ​ស្លាប់​បាត់បង់​ជីវិត​​ប្រជា​ពលរដ្ឋ​របស់​យើង​ រហូត​ទៅដល់​ ២ នាក់​ ដែល​បណ្តាល​មកអំពី​ភ្លៀង និង​ខ្យល់​ខ្លាំង។ មាន​ស្លាប់​ដល់​ ២ ​នាក់ ប៉ុន្តែ​ម្សិល​មិញ​នេះ គឺផ្ទះ​រលំទៅ​ដល់ ១៥៦ ខ្នង​នៅទូទាំង​ខេត្ត ស្លាប់ ២​ នាក់​ដោយ​សារ​រន្ទះ ហើយ​​បើគិត​តាំង​ពី​ចូលឆ្នាំ​រហូត​មក​ដល់​ពេល​នេះ គឺខូច​ខាត​ផ្ទះ​រហូត​ទៅ​ដល់​ ៥៩​៣ ខ្នង សាលារៀន​ ៣ ខ្នង កុដិ​លោក ២ និង​មាន​កន្លែង​មួយ​ចំនួន​ផ្សេង​ទៀត។ នេះ​ក៏សូម​សម្ដែង​នូវ​ការ​សោក​ស្តាយ​ និង​ចូល​រួម​មរណទុក្ខ​ចំពោះ​គ្រួសារ​សព»។

លោក ហ៊ុន សែន ក៏បាន​ឱ្យ​លោក កែ គឹម​យ៉ាន ឧបនាយក​រដ្ឋមន្ត្រី និង​ជាប្រធាន​ក្រុម​ការងារ​​ចុះ​ជួយ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បន្ត​ខិតខំ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់អាវុធ​ដែល​មាន​ទាំង​កង​ទ័ព នគរ​បាល​ និង​កង​រាជអាវុធ​ហត្ថ ចូល​​រួម​ដោះស្រាយ​បញ្ហាជូន​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​គ្រោះ​ ធម្មជាតិ​ទាំង​នេះ និង​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​កន្ត្រាក់។

លោក អ៊ុំ រាត្រី បញ្ជាក់​ថា​៖​ «ហើយ​ឯកឧត្តម​ឧប (ឧប​នាយក​រដ្ឋ​មន្ត្រី) កែ គឹម​យ៉ាន បាន​ផ្តល់​ស័ង្កសីជាប់​ជា​ប្រចាំ។ សម្រាប់​ដោះស្រាយ​បញ្ហា​ហ្នឹង​គឺគាត់​ដាក់​ប្រចាំ​ម្តង ២ ០០០​ សន្លឹក ៣ ០០០ សន្លឹក។ ប៉ុន្តែ​ដោយ​មាន​ការ​រួម​គ្នារ​វាង​ក្រុម​ការងារ​គ្រប់​ថ្នាក់​ អាជ្ញាធរ​គ្រប់​ថ្នាក់​ហ្នឹង ប្រជា​ពលរដ្ឋ​ថ្វី​ដ្បិត​​តែ​គាត់​មាន​កើត​ហេតុ​ពាក់ព័ន្ធ​នឹង​ខ្យល់​កន្ត្រាក់​មែន​ ប៉ុន្តែ​យើង​បាន​ដោះ​ស្រាយជួយ​សម្រប​សម្រួល​ពួកគាត់​ទាន់​ពេល​វេលា អត់​ឱ្យ​មាន​ការ​លំបាក​ទេ»។

លោក អ៊ុំ រាត្រី បញ្ជាក់​ថា​៖​ «ហើយ​ឯកឧត្តម​ឧប (ឧប​នាយក​រដ្ឋ​មន្ត្រី) កែ គឹម​យ៉ាន បាន​ផ្តល់​ស័ង្កសីជាប់​ជា​ប្រចាំ។ សម្រាប់​ដោះស្រា​យ​បញ្ហា​ហ្នឹង​គឺគាត់​ដាក់​ប្រចាំ​ម្តង ២ ០០០​ សន្លឹក ៣ ០០០ សន្លឹក។ ប៉ុន្តែ​ដោយ​មាន​ការ​រួម​គ្នារ​វាង​ក្រុម​ការងារ​គ្រប់​ថ្នាក់​ អាជ្ញាធរ​គ្រប់​ថ្នាក់​ហ្នឹង ប្រជា​ពលរដ្ឋ​ថ្វី​ដ្បិត​​តែ​គាត់​មាន​កើត​ហេតុ​ពាក់ព័ន្ធ​នឹង​ខ្យល់​កន្ត្រាក់​មែន​ ប៉ុន្តែ​យើង​បាន​ដោះ​ស្រាយជួយ​សម្រប​សម្រួល​ពួកគាត់​ទាន់​ពេល​វេលា អត់​ឱ្យ​មាន​ការ​លំបាក​ទេ»។

កាល​ពីល្ងាច​ថៃ្ង​ទី ២១ ខែ​ មេសា ឆ្នាំ ២០១៩ នៅ​ភូមិ​ឈូក ឃុំ​ចង្ហា​ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ប្រជា​ពលរដ្ឋ​ ២​ នាក់​បាន​​ស្លាប់​ និង​ម្នាក់​​រងរបួស​ដោយ​សារ​រន្ទះ​បាញ់។ ក្នុង​នោះ​ដែរ ផ្ទះ​ ២៣ ខ្នង នៅភូមិ​ពង្រ និង​ភូមិ​កណ្តាល​ ឃុំ​សិង្ហ​ក៏​​រងការ​ខូច​ខាត ​ដោយ​សារ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​នេះ​ផង​ដែរ​។ នេះបើ​​យោង​តាម​ទំព័រ Facebook របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។​​

យោង​តាម​គេហទំព័រ​របស់​នគរបាល​ជាតិ បានឱ្យ​ដឹង​ថា ផ្ទះ​ ២២២​ ខ្នង​ បានរង​ការខូចខាត (​ធ្ងន់ធ្ងរ​​ ២២ ខ្នង)​ ដោយសារ​ខ្យល់​កន្ត្រាក់ ហើយ​មនុស្ស​ ២​ នាក់​ បាន​ស្លាប់​ដោយ​សារ​រន្ទះបាញ់​នៅ​ក្នុង​ក្រុង​ ស្រុកទាំង ​៧ ​របស់​ខេត្ត​បន្ទាយ​មានជ័យ នៅ​ថ្ងៃ​ទី ២១ ខែ​ មេសា។​

កម្តៅ​នៅ​កម្ពុជា អាច​ឡើង​ដល់​​ចាប់​ពី​ ៤០ ទៅ​ ៤១ អង្សាសេក្នុង​សប្តាហ៍​នេះ​។ នេះ​បើ​តាម​ការព្យា​ករ​អាកាស​ធាតុ​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុ​និយម កាល​ពីថ្ងៃទី​ ២២ ខែ មេសា។ ភ្លៀង​ធ្លាក់​កាន់​តែ​ខ្សោយ ហើយ​រន្ទះ និង​ខ្យល់​កន្ត្រាក់​​កើត​ឡើង​ញឹក​ញាប់ និង​មាន​កម្លាំង​ខ្លាំង។ ​​ក្រសួង​ក៏អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ទាំង​ ២ នេះ និង​យកចិត្ត​ទុក​ដាក់​ចំពោះ ​សុខ​ភាព​ដោយ​សារ​ការ​កើន​ឡើង​នៃ​កម្តៅ​នេះ​ផងដែរ។​

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ថា ក្រុមការងារ​មូល​ដ្ឋាន នៃខេត្ត​បន្ទាយ​មាន​ជ័យ​​​ បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​ត្រៀម​ទឹក​ទុក​សម្រាប់​ការពារ និង​​​ ថែរក្សា​អនា​ម័យ​នៅ​តាម ផ្ទះ​ដើម្បី​ការពារ​កុំឱ្យ​មាន​បញ្ហា​សុខភាព​ចំពោះ​ការ​កើន​ឡើង​កម្តៅ​នេះ។

លោក កែវ វី អ្ន​ក​នាំពាក្យ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ត​រាយ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ ថា ក្នុង​រយៈពេល ៤ ខែ​ដើម​ឆ្នាំ ២០១៩​ នេះ (ដើម​ខែ​មករា ដល់​ ២២ ខែ​មេសា) ករណី​ខ្យល់​ព្យុះ​ និងរន្ទះ​បាន​កើត​មាន​ឡើង​​ចំនួន​ ៨៣ លើក នៅរាជ​ធានី ខេត្ត​ចំនួន ២៣ លើក​លែង​តែ​ខេត្ត​កំពត និង​ខេត្ត​ត្បូងឃ្មុំ។

ការខូច​ខាត​​មាន​ផ្ទះរលំ និង​ខូច​ខាត​ធ្ងន់ធ្ងរ​ចំនួន ៣៨៩ ខ្នង។ ផ្ទះ​ដែល​របើក​ដំបូល និង​ខូច​ខាត​មធ្យម​មាន ១ ៩០២ ខ្នង។ ខូច​តូប​លក់​ដូរ តាម​ឆ្នេរ​សមុទ្រ​មាន ៩៥ តូប។ របើក​ដំបូល​សាលា​រៀន ២០​ អគារ។ របើក​ដំបូល​រោង​ស្តុក​កសិផល រោង​ម៉ាស៊ីន​កិន​ស្រូវ សាលា​ឆទាន សាលា​ស្រុក និង​មន្ទីរ​បក្សមាន ៧ កន្លែង។

លោក កែវ វី បន្តថា ការរង​គ្រោះ​ដោយ​សារ​រន្ទះបាញ់​មាន​ស្លាប់ ១២ នាក់ (ស្រី​ ២​ នាក់ ក្មេង ៣​ នាក់) របួស​ ១៧​ នាក់។ ងាប់​គោក្របី​ ១៦​ ក្បាល៕