ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​សន្ដិភាព​ឱ្យបាន​គង់វង្ស ដើម្បី​ការពារ​កុំ​ឱ្យ​របប​ប្រល័យពូជសាសន៍ វិល​ត្រឡប់​មក​កម្ពុជា​សាជាថ្មី ដែល​ការអំពាវនាវ​ជាថ្មីទៀត​នេះ​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ជាង​ ៣ ​លាន​នាក់​ ក្នុង​របប​ខ្មែរក្រហម​ចាប់ពី​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៩​។

ទំព័រ​ហ្វេសប៊ុក​របស់លោក​ ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រំឭក​ដល់​ពលរដ្ឋ​គ្រប់រូប មិន​ត្រូវ​បំភ្លេចចោល​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ​ឧសភា ​ឡើយ ព្រោះ​ជា​ថ្ងៃ​ដែល​ត្រូវ​ចងចាំ​អំពី​អំពើ​ឃោរឃៅ និង​ខ្មៅ​ងងឹត​ដែល​បាន​កើតឡើង​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃ​ទី​ ១៧ ខែមេសា ឆ្នាំ​ ១៩៧៥ ដល់​ថ្ងៃទី​ ៦ ខែ មករា ឆ្នាំ​ ១៩៧៩ ដែល​បានសម្លាប់​មនុស្ស​អស់​ជាង​ ៣ ​លាន​នាក់​។

ទំព័រ​ហ្វេសប៊ុក​បន្តថា​៖ «​ដើម្បី​កុំ​ឲ្យ​របប​នេះ​វិល​ត្រឡប់​មក​វិញ (​ពលរដ្ឋ​ត្រូវ​)​ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស​ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​»​។

រដ្ឋាភិបាល​បានប្រកាស​ផ្អាក​រៀបចំ​ការ​ប្រារព្ធ​ទិវា​ចងចាំ​ថ្ងៃ​ ២០ ​ឧសភា​ នៅក្នុង​ឆ្នាំ ២០២០ ​នេះ​ដោយសារ​មាន​ការផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្រៅពី​ការសរសេរ​សារ​រំឭក​ទៅដល់​ពលរដ្ឋ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ក៏បាន​បង្ហោះ​ឡើងវិញ​នូវ​ខ្សែ​វីដេអូ​ដែល​មាន​រយៈពេល​ជិត​ ១ ​ម៉ោង​ រៀបរាប់​អំពី​ប្រវត្តិ​តស៊ូ​របស់​លោក ហ៊ុន សែន ដែល​បាន​សម្រេចចិត្ត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២០ ខែ​ មិថុនា ឆ្នាំ​ ១៩៧៧ ចូលទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​កងទ័ព​វៀតណាម ដើម្បី​ចូលរួម​ក្នុង​ចលនា​រំដោះប្រទេស​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​របស់​ក្រុម​ប៉ុលពត​។

នៅក្នុង​វីដេអូ​នោះបាន​បញ្ជាក់​ថា លោក​ ហ៊ុន សែន បាន​ចាកចេញ​ពី​កម្ពុជា​ជាមួយ​សមមិត្ត​ ឬ​កម្មាភិបាល​ចំនួន​ ៤ ​នាក់​ទៀត​ ដែល​មាន​កាំភ្លើង​ចំនួន​ ៣ ​ដើម និង​គ្រាប់បែក​ ២ ​គ្រាប់​បាននាំគ្នា​ដើរ​ឆ្លងកាត់​ព្រំដែន​ពី​ខេត្ត​កំពង់ចាម​ចូលទៅ​កាន់​ខេត្ត​សុងប៊ែ​របស់​ប្រទេស​វៀតណាម​ ដោយ​ផ្សងព្រេង​នៅក្នុង​ព្រៃ រួម​ទាំង​ការប្រឈម​នឹង​ការបាញ់​សម្លាប់​ពី​ក្រុម​ប៉ុលពត ការជាន់​មីន និង​ការបាញ់​សម្លាប់​ពី​កងទ័ព​វៀតណាម​។ ការចាកចេញ​នៅពេល​នោះ​គឺ​ខណៈ​ដែល​ភរិយា​របស់លោក​គឺ​លោកស្រី ប៊ុន រ៉ានី កំពុង​មាន​ផ្ទៃពោះ​ ៥ ​ខែ​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា ទិវា​ចងកំហឹង និង​ក្រោយមក​ហៅថា ជា​ទិវា​ជាតិ​នៃ​ការចងចាំ​គឺ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​តាំងពី​ក្រោយ​ឆ្នាំ​ ១៩៧៩ ដើម្បី​រំឭក​អំពី​ទុក្ខលំបាក​របស់​ប្រជាជន ដែល​ស្ថិត​នៅក្នុង​របប​ប្រល័យពូជសាសន៍​របស់​ក្រុម​ប៉ុលពត​។

លោក​ថ្លែងថា​៖ «​ការចងចាំ​នេះ​មិនមែន​សម្រាប់តែ​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​របប​ ៣ ​ឆ្នាំ​ ៨ ​ខែ ២០ ​ថ្ងៃនេះ​ទេ គឺថា​វា​ឆ្លង​មកដល់​ក្មួយៗ និង​ចៅៗ​ជំនាន់​ក្រោយ ពីព្រោះ​ថា​បើ​គ្មាន​ថ្ងៃ​ ៧ ​មករា ក្មួយៗ និង​ចៅៗ​ទាំងអស់​ហ្នឹង ក៏​មិនអាច​សល់​ជីតា​ជីដូន និង​ឪពុកម្ដាយ​ដែរ ហើយ​ក៏​គ្មាន​កំណើត​យើង​មកដល់​សព្វថ្ងៃ​នេះដែរ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ទិវា​ជាតិ​នៃ​ការចងចាំ​គឺ​មាន​អត្ថន័យ​ ២ ​សំខាន់​គឺ​ទី​ ១ ​ជា​សារ​នយោបាយ ដើម្បី​ឲ្យ​ពលរដ្ឋ និង​ថ្នាក់ដឹកនាំ​របស់​ខ្មែរ​ទាំងអស់​ត្រូវតែ​រៀនសូត្រ​នូវ​ប្រវត្តិសាស្ដ្រ​ដែល​កន្លងផុត​អំពី​ការបែកបាក់​សង្គម និង​ការហែកហួរ​គ្នា​រវាង​ខ្មែរ ដែល​នាំឱ្យ​មាន​សោកនាដកម្ម និង​វិនាសកម្ម​សម្រាប់​ប្រទេសជាតិ​ទាំងមូល និង​ទី​ ២ ជា​សារ​ ១ ​ដើម្បី​នាំគ្នា​ឱ្យ​តម្លៃ​ចំពោះ​សន្ដិភាព​។

លោក​បញ្ជាក់​ថា​៖ «​យើង​ឃើញថា​ទិវា​ជាតិ​នៃ​ការចងចាំ​គឺ​មាន​ភាពចម្រូងចម្រាស​គ្នា​រវាង​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន និង​គណបក្សប្រឆាំង​ដែល​គេ​ (​គណបក្ស​ប្រឆាំង​) ​ហៅថា ទិវា​នេះ​គឺជា​ការរំឭក​អំពី​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន ដែល​មាន​ប្រៀប​លើ​ខ្មែរក្រហម និង​ទៅជា​ឧបករណ៍​ឃោសនា​ឱ្យ​គណបក្ស​ប្រជាជន​ទៅវិញ​។ ប៉ុន្តែ​ខ្ញុំ​យល់​ថា យើង​មិនគួរ​បំភ្លេចចោល និង​ជជែក​បញ្ហា​លើ​ថ្ងៃនេះ​ទេ ពីព្រោះ​បទពិសោធ​នៃ​សង្គ្រាម​មិនមែន​សម្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​សម្រាប់​ប្រជាជន​ខ្មែរ​ទាំងមូល​។ ប្រសិន​បើ​យើង​មិន​យក​ការចងចាំ​មួយ ដើម្បី​រំឭក​យើង​ទេ​គឺ​យើង​អាច​នឹង​បំភ្លេច និង​អាច​ធ្វើឱ្យ​ប្រទេស​យើង​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​សាជាថ្មី​»៕