ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​វីរុស​កូរ៉ូណា ជាពិសេស​ការធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ដែល​កំពុង​ឆ្លង​វីរុស​នេះ ខណៈ​ដែល​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា មន្ត្រី​កំពុង​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​អំពី​វិធានការ​ត្រួតពិនិត្យ​សុខភាព​របស់​អ្នកដំណើរ​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ និង​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​។

លោក​ ហ៊ុន សែន បាន​ស្នើឱ្យ​ពលរដ្ឋ​គួរប្រើ​ម៉ាស់​ពាក់​ការពារ​ច្រមុះ ឬ​លាងដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល​សម្លាប់​មេរោគ​ឱ្យបាន​ញឹកញាប់ និង​កុំ​នៅក្បែរ​អ្នក​ដែល​មាន​អាការ ដូចជា​ផ្ដាសាយ ហៀរ​សំបោរ ក្អក ឈឺក្បាល ក្ដៅខ្លួន​ខុសធម្មតា និង​កុំ​នៅ​ជិត​សត្វពាហនៈ ឬ​កសិដ្ឋាន​ចិញ្ចឹមសត្វ​។ បន្ថែម​ពីនេះ​ត្រូវ​បរិភោគ​អាហារ​ដែល​ចម្អិន​ឆ្អិន​គ្រប់​ពេលវេលា​។

លោក​បាន​សរសេរ​នៅក្នុង​ហ្វេសប៊ុក​ម្សិលមិញ​ថា​៖ «​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ដ៏កាច​សាហាវ​នេះ ក្រសួងសុខាភិបាល​កម្ពុជា​បាន​បំពាក់​ម៉ាស៊ីន​ស្កេន​ (Scan) រក​មេរោគ​ប្រចាំការ ២៤ ​ម៉ោង​ដើម្បី​ស្កេន​គ្រប់​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ចូលមក​កម្ពុជា​»​។

លោក​បន្តថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ក្នុង​ពេល​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស និង​ក្នុងប្រទេស​ដែល​កំពុងមាន​មេរោគ​កូរ៉ូណា​ឆ្លង​។ ប្រសិនបើ​បងប្អូន​សង្ស័យថា មាន​ឆ្លង​វីរុស​ផ្លូវដង្ហើម កូរ៉ូណា​នេះ​សូម​ទាក់ទង​មក​គ្រូពេទ្យ​ដែល​នៅ​ជិត​កន្លែង​ជាបន្ទាន់ ឬ​មក​កាន់​មន្ទីរពេទ្យ ឬ​ទូរស័ព្ទ​មក​លេខ ១១៥ ជាបន្ទាន់​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​ក្រសួង​សុខាភិបាល​ក៏​បាន​ប្រាប់​ពី​វិធី​ការពារ​ជំងឺ​នេះ​មួយចំនួន ដូចជា ចៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ការប៉ះពាល់​ជិតស្និទ្ធ​ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​វូហាន​ត្រូវ​លាងដៃ​ឱ្យ​បាន​ទៀងទាត់ បន្ទាប់ពី​ការប៉ះពាល់​សត្វ​ត្រូវ​បរិភោគ​អាហារ​ឆ្អិន​ជាពិសេស​សាច់ និង​ស៊ុត​ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រមា កន្សែង ឬ​ក្រដាស​នៅពេល​ក្អក ឬ​កណ្ដាស់ និង​ត្រូវ​ស្ថិតនៅ​ចម្ងាយ​ជាង​ ១ ​ម៉ែត្រ​ពី​បុគ្គល​ដែល​មាន​រោគសញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាល់​។

សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ បាន​សរសេរថា​៖ «​សូម​អំពាវនាវ​ឱ្យ​អ្នកធ្វើដំណើរ​ទៅ​ ឬ​វិលត្រឡប់​មកពី​ទីក្រុង​វូហាន ខេត្ត​ហ៊ុយបេ សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ដោយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ដោយ​អនុវត្ត​នូវ​វិធានការ​សាមញ្ញៗ​ដូចខាងក្រោម​នេះ​។ ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា ដូចជា​គ្រុនក្ដៅ ក្អក និង​ពិបាក​ដកដង្ហើម ទាំង​មុន ឬ​ក្នុង​អំឡុងពេល​ធ្វើដំណើរ ឬ​បន្ទាប់ពី​ការវិលត្រឡប់​មកពី​កន្លែង​ដែល​បាន​ជម្រាប​ខាងលើ​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត និង​ប្រាប់​ព័ត៌មាន​ដល់​គ្រូពេទ្យ​អំពី​ប្រវត្តិ​នៃ​ការធ្វើដំណើរ និង​រោគសញ្ញា​របស់​លោកអ្នក​»​។

ជាមួយ​គ្នា​នេះ​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រសួង​សុខាភិបាល​បាន​ចាត់វិធានការ​ចាំបាច់​តាម​លក្ខណៈ​បច្ចេកទេស ដូចជា​ការដាក់​ម៉ាស៊ីន​ស្គែន​កម្ដៅ​នៅតាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ គឺ​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ច្រក​អាកាសយានដ្ឋាន​ខេត្ត​សៀមរាប និង​ច្រក​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​។ ការដាក់​ម៉ាស៊ីន​ស្គែន​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង និង​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត​។

លោកស្រី​បន្តថា​៖ «​ក្រៅពី​នោះ​យើង​ក៏បាន​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ទាំង​ ២៥ ជាពិសេស​ខេត្ត​ដែល​មាន​ច្រកចេញចូល​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការងារ​ឱ្យបាន​ខ្ពស់​ជាទីបំផុត​។ ក្រសួង​ក៏បាន​ត្រៀម​រៀបចំ​បន្ទប់​ដាក់​ដាច់​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​ ឬ​អ្នក​សង្ស័យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​សម្រាប់​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប​គឺ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប និង​មន្ទីរពេទ្យ​នៅ​ខេត្ត​ព្រះសីហនុ​។ ខេត្ត​ផ្សេង​ទៀត​ដែល​មាន​ច្រកចេញចូល​ក៏​បាន​ណែនាំ​ឱ្យ​រៀបចំ​បន្ទប់​ព្យាបាល​ដាច់ដោយឡែក​នេះដែរ​»​។

លោកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​ និង​ឯកឧត្តម ម៉ម ប៊ុនហេង បាន​ចុះទៅ​ពិនិត្យ ដើម្បី​ពង្រឹង​ការងារ​នៅ​ច្រក​ទាំង​ ៣ ​រួចហើយ ហើយ​យើង​ក៏បាន​ត្រៀមលក្ខណៈ​សម្ភារ​ពេទ្យ និង​ឱសថ​ចាំបាច់ៗ​សម្រាប់​ជួយសង្គ្រោះ​បងប្អូន​របស់​យើង ប្រសិន​បើ​ករណី​សង្ស័យ​កើតឡើង​»​។

លោក ប៉ែន បារាំង និស្សិត​ខ្មែរ​នៅក្នុង​ទីក្រុង​វូហាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា និស្សិត​ខ្មែរ​នៅក្នុង​ទីក្រុង​វូហាន​គឺមាន​ចំនួន ២០ ​នាក់​ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​ចិន​បាន​បិទ​មិន ឱ្យ​ពលរដ្ឋ​ណា​ម្នាក់​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​នេះឡើយ​។

លោក​បន្តថា ក្រុមនិស្សិត​ទាំងនេះ​នឹង​ធ្វើ​តាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​។ លោក​និយាយថា​៖ «​ជូនដំណឹង​គ្នា​ទៅវិញ​ទៅមក​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក​ព្យាយាម​និយាយ​អី​ឱ្យ​សប្បាយៗ តាមដាន​សុខភាព​គ្នា​ទៅវិញ​ទៅមក​តាម​វីឆាត ហើយ​ទាក់ទង​នឹង​គ្រួសារ ដូចជា​ម្ដាយ​ខ្ញុំ គាត់​បារម្ភ ព្រោះ​ខ្ញុំ​ជា​កូនទោល ប៉ុន្តែ​គាត់​កម្រ​បង្ហាញ​ភាព​បារម្ភ​ហ្នឹង​ឱ្យ​ខ្ញុំ​ឃើញ​ណាស់ តែ​ខ្ញុំ​អាច​ដឹង​។ ខាង​ស្ថានទូត​នៅ​ប៉េកាំង​បាន​ជួយ​យ៉ាង​សស្រោកសស្រាំ ដោយ​បាន​ជួយផ្ដល់​អ្នក​ប្រឹក្សា​មក​ពួក​ខ្ញុំ ហើយ​ខាង​សមាគមនិស្សិត​ក៏​ជួយ ហើយ​ក៏​មាន​ការជ្រោមជ្រែង​ជួយ​ពី​ខាង​ឯកឧត្តម ហ៊ុន ម៉ាណែត​»​។

នៅ​ថ្ងៃ​ម្សិលមិញ​លោក ប៉ែន បារាំង ក៏​បាន​សរសេរ​បង្ហោះ​នៅតាម​ហ្វេសប៊ុក​ដោយ​សង្ឃឹម​ថា​នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​អំពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បាន​វិល​មក​កម្ពុជា​វិញ​។

ភ្នំពេញ​ប៉ុស្ដិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួងការបរទេស​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នកទទួល​។ ចំណែក​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បញ្ជាក់ថា លោក​មិន​មាន​តួលេខ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុងស្ថិត​ក្នុង​ខេត្ត​ហ៊ុយបេ​ប្រទេស​ចិន​នោះ​ទេ​។

យោង​តាម​សារព័ត៌មាន South China Morning Post បាន​ផ្សាយ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៦ ខែមករា​ម្សិលមិញ​អ្នកស្លាប់​ដោយសារ​វីរុស​កូរ៉ូណា​ថ្មី​នៅក្នុង​ខេត្ត​ហ៊ុយបេ​ប្រទេស​ចិន​មាន​ចំនួន ៥៦ ​នាក់ ​ហើយ​តួលេខ​ឆ្លង​នៅ​ទូទាំង​ពិភពលោក​គឺ​ មាន​ចំនួន ២០៧៧ នាក់ ខណៈ​វីរុស​នេះ​បាន​ឆ្លង​ពី​ទីក្រុង​វូហាន​ប្រទេស​ចិន​ទៅ​ដល់​ប្រទេស​មួយចំនួន ដូចជា​ប្រទេស ថៃ ជប៉ុន កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី នេប៉ាល់ ម៉ាឡេស៊ី និង​ក៏មាន​រាលដាល​ទៅ​តំបន់​អឺរ៉ុប អាមេរិក​ខាង​ជើង និង​អូស្ដ្រាលី​ផងដែរ​។

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​ថា គិត​ត្រឹម​ម៉ោង​ ១១ ​ថ្ងៃត្រង់​ម្សិលមិញ​ គឺ​កម្ពុជា​ពុំទាន់​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​លើទឹក​កម្ពុជា​នៅឡើយ​ទេ​៕