ភ្នំពេញៈ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃទី ៨ ឧសភានេះបានអំពាវនាវតាមរយៈសារពិសេសផ្ញើជូនជនរួមជាតិដែលនៅមានលទ្ធភាពកុំទៅដណ្តើមជំនួយពីអ្នកអត់ ខណៈរាជរដ្ឋាភិបាលកំពុងបន្ដចុះចែកជូនស្បៀងដល់ពលរដ្ឋខ្វះខាតក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ។
លោកនាយករដ្ឋមន្ដ្រីបានលើកឡើងថា លោកបានទទួលព័ត៌មាន និងរូបភាពមួយចំនួនបង្ហាញថា ពលរដ្ឋមួយចំនួននៅតំបន់បិទខ្ទប់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទ្រទ្រង់ជីវភាព ប៉ុន្ដែពួកគេនៅតែទាមទារជំនួយពីអាជ្ញាធរ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកដែលមានលទ្ធភាពកុំមកដណ្តើមយកជំនួយអ្នកដែលត្រូវការជួយកំពុងទាមទារឱ្យជួយក្នុងពេលយើងមានលទ្ធភាពគ្រប់គ្រាន់ហើយ បែរជាទាមទារសមធម៌។ នេះជាការគួរឱ្យខ្មាសអៀនសម្រាប់អ្នកដែលមានលទ្ធភាព»។
បើតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ដ្រី ការចែកស្បៀងអាហារនេះមិនងាយស្រួលនោះទេ ដើម្បីចែកស្បៀងជូនពលរដ្ឋឱ្យបានមួយថ្ងៃ ២ ម៉ឺនគ្រួសារគឺប្រើកម្លាំងជាច្រើនក្នុងការវេចខ្ចប់ និងដឹកជញ្ជូនឱ្យបានដល់ពលរដ្ឋ។
យ៉ាងណាក្ដី លោកនាយករដ្ឋន្ដ្រីសង្ឃឹមថា អ្នកដែលមានលទ្ធភាពនឹងមិនដណ្តើមជំនួយនោះឡើយ ដើម្បីទុកឱ្យអាជ្ញាធរអាចចែកជូនអ្នកខ្វះលទ្ធភាពបានលឿន។
ជាមួយគ្នានេះលោកក៏បានសូមការយោគយល់ពីពលរដ្ឋដែលមិនទាន់បានជំនួយផងដែរ ព្រោះថាការចែកមានចំនួនច្រើន និងមានការលំបាក ព្រោះកន្លែងចែកមានច្រើន និងប្រឈមការឆ្លងជំងឺកូវីដ១៩ខ្លាំង៕