មណ្ឌលគិរីៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​ឯកភាព​លើ​សំណើ​របស់​រដ្ឋមន្ត្រី​កសិកម្ម លោក​ វេង សាខុន ដែល​ស្នើ​ចាត់វិធានការ​លើ​ការរំលោភ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ ២ ដីចម្ការស្រល់​រដ្ឋ និង​ដីចម្ការ​ស្រល់​រុក្ខទិវា​ជាតិ​ដែល​ព្រះមហាក្សត្រ​បាន​ដាំ​នៅ​ឆ្នាំ ២០០៥ ក្នុង​ស្រុក​អូររាំង និង​ក្រុង​សែនមនោរម្យ​។

តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​ ១៣ មករា លោក វេង សាខុន បាន​ស្នើសុំ​គោលការណ៍​គាំទ្រ​លើ​វិធានការ​ចំពោះ​ការរំលោភ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន វូជីសាន អិលអេសគ្រុប​ខូអិលធីឌី​ និង​ក្រុមហ៊ុន​ហួរលីង​ខេមបូឌា អ៊ីនធឺណេ​សិនណល​អ៊ីនសឺរេន ដីចម្ការ​ស្រល់​រដ្ឋ​ និង​ដីចម្ការ​ស្រល់​រុក្ខទិវា​ជាតិ​។ ទីតាំង​ដី​ទាំងនេះ​ស្ថិត​នៅ​ស្រុក​អូររាំង និង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​។

លោក​រៀបរាប់​ថា ក្រុមហ៊ុន​ទាំង​ ២ ​នេះ​ទទួលបាន​កិច្ចសន្យា​ស្ដីពី​ការវិនិយោគ​ដាំ​ដើម​ស្រល់​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ឆ្នាំ ២០០៥ ​និង​ឆ្នាំ ២០១០​។ បន្ទាប់ពី​ទទួល​បាន​ការវិនិយោគ​រួចហើយ​ក្រុមហ៊ុន​បាន​ដាំ​ដើម​ស្រល់​ដូច​ក្នុង​កិច្ចសន្យា​ ប៉ុន្តែ​ផ្ទៃដី​ដែល​បាន​ដាំ​ដើម​ស្រល់​នេះ ត្រូវបាន​រំលោភ​យក​ជា​បន្តបន្ទាប់​អស់​ជាច្រើន​ពាន់​ហិកតា​។

ការរំលោភ​កាន់កាប់​ដីធ្លី​នេះ​ធ្វើ​ឡើង​ដោយ​ជន​ ១ ​ក្រុម​តូច ដោយ​បំពាន​សិទ្ធិ​ស្របច្បាប់ ដោយ​គ្មាន​ខ្លាចរអែង​ច្បាប់ និង​ក្រុមហ៊ុន​វិនិយោគ​។ ទីតាំង​ខ្លះ មាន​ការបញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋាន​ពី​ការទិញ-លក់​ដី​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត ហើយ​កន្លែង​ខ្លះ​មាន​ទាំង​បណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ទៀតផង​។ ការរំលោភ​នេះ​ក៏​ធ្វើទៅ​លើដី​ដែល​ត្រូវបាន​រក្សាទុក​នៅតាម​ជ្រលង​ដងអូរ​ក្នុង​តំបន់​សម្បទាន​ឱ្យ​ក្រុមហ៊ុន​ទាំង​ ២​។

ក្រៅពី​ការរំលោភ​យក​ដី​នៅក្នុង​ក្រុមហ៊ុន​ក៏​មាន​ការកាប់​រាន​ដី និង​ហ៊ុមព័ទ្ធ​យក​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​ទៅលើ​ដីចម្ការ​ឈើ​ស្រល់​របស់​រដ្ឋ និង​ដីចម្ការ​ស្រល់​ដែល​ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ដាំ​នៅ​ឆ្នាំ ២០០៥ ផងដែរ​។ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការរំលោភ​កាន់កាប់​ដី​ទាំងនេះ និង​ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកវិនិយោគ លោក​រដ្ឋមន្ត្រី វេង សាខុន ស្នើសុំ​គោលការណ៍​គាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី​ជាច្រើន​ចំណុច​។

លោក​ស្នើថា​៖ «​រដ្ឋបាលខេត្ត​ត្រូវ​ចេញ​លិខិតនិរាករណ៍​លើ​លិខិត​ទាំងឡាយណា​ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត មាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី​ទាំងនេះ មកជា​សម្បត្តិ​រដ្ឋ​វិញ​»​។

លោក​រដ្ឋមន្ត្រី​ស្នើឱ្យ​រដ្ឋបាលខេត្ត​សហការ​ជាមួយ​ក្រសួងកសិកម្ម ដើម្បី​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ បុគ្គល​រឹងទទឹង​ដែល​មិន​ព្រម​អនុវត្តតាម​វិធាន​នានា​ដែល​បាន​ដាក់ចេញ និង​ការចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មិន​ប្រក្រតី​។

លោក​បន្តថា​៖ «​រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​បើក​យុទ្ធនាការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ​លើ​ការរំលោភ​ទន្ទ្រាន ហ៊ុមព័ទ្ធ​ដី​រដ្ឋ​ខុសច្បាប់ តាម​គ្រប់​រូបភាព ដោយ​មាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​»​។ លើសពីនេះ ក្រសួង​កសិកម្ម​នឹង​ពិនិត្យមើល​លទ្ធភាព​ធ្វើ​និយតកម្ម ឬ​ប្ដឹង​ទៅ​តុលាការ​ឱ្យធ្វើ​មោឃភាព​វិញ្ញាបនបត្រ​ដែល​ចេញ​ដោយ​ខុស​នីតិវិធី​។

លិខិត​របស់​រដ្ឋមន្ត្រី វេង សាខុន បាន​ចូលដល់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ១៥ មករា ដោយ​នៅលើ​លិខិត​នេះ​លោក ហ៊ុន សែន ​បាន​ចារ​ថា​ «​យល់ព្រម​»​។

យោងតាម​ទិន្ន័យ​អំពី​ការអភិវឌ្ឍ ក្រុមហ៊ុន វូជីសាន អិលអេសគ្រុប​ខូអិលធីឌី ទទួល​បាន​កិច្ចសន្យា​ដី​សម្បទាន​កាលពី​ឆ្នាំ​ ២០០៥ ក្នុង​ទំហំ​ផ្ទៃដី​ ១ ​ម៉ឺន​ហិកតា ដើម្បី​ដាំ​ដើម​ស្រល់ បន្លែ និង​ផ្លែឈើ និង​រោងចក្រ​កែច្នៃ​។ ចំណែក​ក្រុមហ៊ុន​ហួរលីង​ខេមបូឌា​អ៊ីនធឺណេសិនណល​អ៊ីនសឺរេន ទទួល​បាន​កិច្ចសន្យា​នៅ​ឆ្នាំ​ ២០១០ ​លើ​ផ្ទៃដី​ ៨ ៤០០ ​ហិកតា ​ដើម្បី​ដាំ​ដើម​ស្រល់​។

នៅពេល​ទាក់ទង​សុំ​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​នេះ​លោក ស្រី វុទ្ធី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ស្នើឱ្យ​សួរ​ទៅ​រដ្ឋបាល​ព្រៃឈើ​។

លោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​មណ្ឌលគិរី​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការរំលោភ​យក​ដី​នេះ​កើតឡើង​មិនយូរប៉ុន្មាន​ទេ ប៉ុន្តែ​នាពេល​នេះ សកម្មភាព​រំលោភបំពាន​ហាក់​នៅ​ទ្រឹង​។ លោក​មិនទាន់​ច្បាស់​ពី​ទំហំ​ដី​ដែល​ត្រូវបាន​រំលោភ​យក​នោះ ឬ​ចំនួន​បណ្ណ​កម្មសិទ្ធិ​ទេ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​ម៉េច​ដឹង​យើង​អត់​ទាន់​ប្រាកដ​ក្នុង​ដៃ ព្រោះ​យើង​អត់​ទាន់​ដឹង​ច្បាស់​។ អត់​មាន​គោលការណ៍​យ៉ាងម៉េច​ទេ ចាំមើល​ក្រុមការងារ​ធំ​ចុះ​មក​បានដឹងថា ត្រូវ​ចាត់វិធានការ​របៀប​ម៉េច​។ យើង​កំពុង​រង់ចាំ​មើល​ចំណាត់ការ​»​។

លោក​ ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ពិតជា​មាន​ការរំលោភ​ដីចម្ការ​ស្រល់​ខ្លះ​មែន​។ លោក​បញ្ជាក់ថា​៖ «​រឿង​ [​ចេញ​បណ្ណ​] ​កម្មសិទ្ធិ​មិនមែន​ខុសច្បាប់​ទេ ធម្មតា​កម្មសិទ្ធិ​ទាល់តែ​ស្របច្បាប់​បាន​គេ​ចេញ​។ ប៉ុន្តែ​ក្នុង​ហ្នឹង​ក៏​វា​មានការ​បញ្ជាក់​មួយចំនួន ដែល​វា​មិនទាន់​ស្រប អាហ្នឹង​ហើយ​ដែល​យើង​កំពុងតែ​ដោះស្រាយ​»​។

លោក​បន្តថា​៖ «​វា​មាន​ស្របច្បាប់ វា​មិនមែន​ខុស​ទាំងស្រុង ហើយ​ក៏​រំលោភ​ទាំងស្រុង​ទេ វា​មាន​ស្រប​ [​ច្បាប់​] ហើយ​វា​ក៏មាន​កន្លែង​ខ្លះ​វា​ខុស​ខ្លះ ដែល​យើង​កំពុង​ដោះស្រាយ ចាត់វិធានការ​ទប់ស្កាត់​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​ភូមិភាគ​ឦសាន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​រំលោភ​ដីធ្លី​នេះ កើត​មាន​យូរ​មកហើយ ប៉ុន្តែ​ត្រូវបាន​គេ​លាក់លៀម​។ លោក​យល់ថា ការរំលោភ​យក​ដី​រដ្ឋ​រហូត​ដល់​មាន​ការចេញ​បណ្ណ​កម្មសិទ្ធិ​នេះ មិនមែន​ពលរដ្ឋ​ធម្មតា​អ្នករំលោភ​ទេ គឺ​មាន​តែ​អ្នកធំ​មានអំណាច​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​បើ​យើង​និយាយ​តាមផ្លូវ​ច្បាប់ វា​ជា​ទោស​ព្រហ្មទណ្ឌ ព្រោះ​ជា​ការឃុបឃិត​គ្នា ហើយ​វា​កើតឡើង​ពី​អំពើ​ពុករលួយ​។ បើ​អ្នកធំ​យក​អំណាច​ទៅប្រើ​ក៏​មិនអាច​ទេ ទាល់តែ​ថែម​សំណូក​ដែរ​បាន​ជំនាញ​ទៅ​ដែរ​។ អ៊ីចឹង​បាន​ខ្ញុំ​ថា អ្វីៗ​សម្រេច​បាន​វា​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​»​។ លោក​គាំទ្រ​ការចាត់​វិធានការ​លើ​ករណី​នេះ និង​ស្នើសុំ​ឱ្យ​មាន​ការស្រាវជ្រាវ​លើ​ការចេញ​បណ្ណ​កម្មសិទ្ធិ​លើដី​ព្រៃ​នៅ និង​នៅ​ដែនជម្រក​សត្វព្រៃ​នៅ​ទូទាំង​ប្រទេស​។

ប៉ុន្តែ​នៅពេល​សុំ​ការបញ្ជាក់​បន្ថែម​លើ​បញ្ហា​នេះ​ថា តើ​អ្នកណា​ជា​អ្នករំលោភ​បំពាន​យក​ដី​ទាំងនោះ​លោក អ៊ុំ វណ្ណសុភៈ ថ្លែងថា​៖ «​រឿងនេះ​ពិបាក​និយាយ​ណាស់ ប្រជាពលរដ្ឋ​ខ្លះទៅ​ពេល​ខ្លះ​អ្នក​ក្រៅ​បន្តិច​ទៅ ប្រជាពលរដ្ឋ​យើង​បន្តិច​ទៅ យើង​អត់​ច្បាស់ ទាល់តែ​យើង​ដាក់​កម្មវិធី​ចាត់ការដំណើរ​ការអនុវត្ត​ទើប​ដឹង​ច្បាស់​ថា វា​យ៉ាងម៉េច​»៕

វីដេអូ៖