ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យកម្មកររោងចក្រផ្នែកវាយនភ័ណ្ឌកាត់ដេរត្រូវពង្រឹងការងារផ្នែកកាត់ដេរឱ្យមានគុណភាពខ្ពស់ដើម្បីរក្សារោងចក្រឱ្យឋិតថេរដោយលោកបារម្ភថាអ្នកវិនិយោគមួយចំនួននឹងដកខ្លួនចេញពីកម្ពុជាទៅប្រទេសផ្សេងបើផលិតភាពយើងខ្សោយខណៈប្រាក់ឈ្នួលអប្បបរមាកម្មករខ្ពស់ជាងប្រទេសមួយចំនួន។
តែតំណាងសហជីព និងកម្មករយល់ថាប្រាក់ឈ្នួលអប្បបរមាឆ្នាំក្រោយក៏នៅតែមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែរ តែប្រសើរជាងឆ្នាំមុនៗបន្តិចប៉ុណ្ណោះ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុនិស្សិត និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅកោះពេជ្រកាលពីម្សិលមិញលោក ហ៊ុន សែន ថ្លែងប្រាប់ថាប្រាក់ឈ្នួលរបស់កម្មករនៅកម្ពុជាបានដំឡើងតាំងពី ៣០ ដុល្លាររហូតដល់ ១៥៣ ដុល្លារសម្រាប់ឆ្នាំ ២០១៧ ដែលប្រាក់ឈ្នួលនេះខ្ពស់ជាងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស។ យ៉ាងណាក៏លោកស្នើឱ្យកម្មករ កម្មការិនីប្រឹងប្រែងធ្វើការងារឱ្យមានគុណភាពខ្ពស់ជាងនេះ។
លោកថ្លែងថា៖ «នៅពេលខាងមុខនេះកម្មករកម្មការិនីនៅតាមរោងចក្រសហគ្រាសក្មួយៗទាំងឡាយត្រូវចាំថាខំរក្សាការងាររបស់យើងដែលមានសព្វថ្ងៃនេះប្រទេសដែលនឹងទាញយករោងចក្រចេញពីយើងមានមីយ៉ាន់ម៉ាប្រាក់ខែចន្លោះ ៦០ ទៅ ៨០ ដុល្លារនៅឡាវ ១០០ ដុល្លារនៅបង់ក្លាដែសប្រមាណ ១០០ ដុល្លារទេចឹងរោងចក្រអាចចេញផុតពីប្រទេសរបស់យើង»។«អ៊ីចឹងយើងត្រូវពង្រឹងសមត្ថភាពបច្ចេកទេសចំពោះកម្មករដែលមានស្រាប់ដើម្បីធ្វើឱ្យផលិតផលកាន់តែខ្ពស់ទៅៗគុណភាពកាន់តែល្អដើម្បីរក្សាបណ្តារោងចក្រនៅកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សរបស់យើងដើម្បីទទួលយកនូវការវិនិយោគថ្មីៗក្នុងវិស័យឧស្សាហកម្ម»។
ទាក់ទងនឹងប្រាក់ឈ្នួលកម្មករនេះកន្លងទៅលោកស្រី អ៊ុងសាន ស៊ូជី ប្រមុខរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាដែលទើបតែឈ្នះការបោះឆ្នោតបានផ្ញើសារទៅកាន់ពលរដ្ឋខ្លួនដែលកំពុងធ្វើចំណាកស្រុកទៅប្រទេសថៃឱ្យត្រឡប់ទៅផ្ទះវិញ «តោះ!ត្រឡប់ទៅផ្ទះយើងវិញ!» សារមួយនេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែររិះគន់រដ្ឋាភិបាលកម្ពុជាមិនខិតខំបង្កើតការងារក្នុងស្រុកដែលធ្វើឱ្យពលរដ្ឋធ្វើចំណាកស្រុកទៅក្រៅប្រទេសជាច្រើន។
ករណីនេះលោកនាយករដ្ឋមន្ត្រីថ្លែងថាមានមនុស្សមួយក្រុមតូចដែលលោកហៅក្រុមប្រឆាំងនិយាយបែបនេះខណៈលោកថាពលរដ្ឋមីយ៉ាន់ម៉ានឹងមិនត្រឡប់ទៅប្រទេសរបស់ខ្លួនឡើយព្រោះប្រាក់ឈ្នួលតិចតួច។
លោកបញ្ជាក់ថា៖ «ថ្ងៃនេះខ្ញុំគួរតែនិយាយបើកចំហដើម្បីឲ្យតាមដានមើលទាំងអស់គ្នាព្រោះឥឡូវគេប្រើធ្វើជាមធ្យោបាយដើម្បីវាយប្រហារខ្ញុំទៅវិញតាមរយៈដែលលោកជំទាវ អ៊ុងសាន ស៊ូជី ថាទៅយើងត្រឡប់ទៅប្រទេសវិញទាំងអស់គ្នាកាប់ថ្មចំណាំត្រឡប់ទៅវិញកាប់ថ្មចំណាំតើប្រជាជនមីយ៉ាន់ម៉ានឹងវិលត្រឡប់ទៅមីយ៉ាន់ម៉ាវិញពីប្រទេសថៃអស់ឬទេ? នៅក្នុងប្រទេសថៃអាចរកបានពី ២០០ ទៅ ៣០០ ដុល្លារក្នុងមួយខែទោះចំណាយខ្លះក៏នៅសល់មួយចំនួន តើគេសុខចិត្តបោះបង់ចោលអាហ្នឹងទៅយកអា ៨០ ដុល្លារ) ឬ ៦៧ តាមជើងលេខដែលបញ្ចេញតាមវិបសាយមកទេហើយនៅមីយ៉ាន់ម៉ាបង្កើតការងារគ្រប់ទេ”?
លោក ហ៊ុន សែន ក៏បានប្រតិកម្មថា «អ្នកដែលទិតៀនខ្ញុំនៅពេលដែលលោកជំទាវ អ៊ុងសានស៊ូជី ថាទៅយើងត្រឡប់ទៅប្រទេសវិញបែរជាអ្នកនៅក្នុងប្រទេសរបស់យើងបង្ហោះតាម ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅយើងទៅប្រទេសថៃរកការងារធ្វើមកបង្អាប់ឯងលេងទៅអ៊ីចឹងណាសូមកុំប្រមាថទៅលើបញ្ហាទាំងអស់នេះអស់លោកមិនទាន់ធ្លាប់គ្រប់គ្រងអំណាចវាយ៉ាងម៉េចទេគ្រប់គ្រងប្រទេសវាយ៉ាងម៉េចទេ។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា ថ្លែងថាទោះជាមានការដំឡើងប្រាក់ឈ្នួលឆ្នាំក្រោយមិនតែទាន់សមមាត្រទៅនឹងតម្លៃទំនិញទីផ្សារខណៈលោកថាការបិទរោងចក្រនៅកម្ពុជាកន្លងមកមិនមែនមកពីប្រាក់ឈ្នួលកម្មករខ្ពស់នោះតែអាចជាកត្តាពុករលួយលុយក្រោមតុផ្លូវថ្នល់ និងអគ្គិសនីមានតម្លៃខ្ពស់ជាដើម។
លោកថា៖ «អ្វីដែលសំខាន់បំផុតអ្នកវិនិយោគមួយចំនួនបានលើកឡើងជុំវិញបញ្ហាថ្លៃដឹកជញ្ជូនតម្លៃអគ្គិសនីនៅមានកម្រិតខ្ពស់ជាងប្រទេសមួយចំនួន»។ «ធាតុពិតរោងចក្របិទមិនមែនទើបមានឥឡូវទេគឺមានយូរហើយតែមិនមែនបិទរោងចក្រធំៗទេគ្រាន់តែជារោងចក្រស៊ីឈ្នួលឧទាហរណ៍រោងចក្រធំមួយចុះបញ្ជីនៅខ្មែរតែវាមានមែកធាងតូច ២ ទៀតដល់ពេលមានការដំឡើងប្រាក់ឈ្នួលទើបគេបិទដល់អ៊ីចឹងទៅ GMAC គេប្រមូលទិន្នន័យតិចតួចហ្នឹងថាពាក់ព័ន្ធការដំឡើងប្រាក់ឈ្នួលតែមិនមែនទេ»។
តែលោកមើលឃើញថាបើទោះជាផលិតភាពកម្ពុជាបច្ចុប្បន្ននៅមានលក្ខណៈល្អប្រសើរក្តី កម្មករខ្លួនឯងក៏ត្រូវពង្រឹងគុណភាព និងផលិតភាពបន្ថែមទៀតដើម្បីងាយស្រួលចរចាប្រាក់ឈ្នួលជាមួយថៅកែ។
លោកថ្លែងថា៖ «អ្វីដែលសំខាន់កម្មករយើងគួរតែបង្កើតផលិតភាពបន្ថែមទៅលើអ្វីដែលយើងកំពុងតែមានឱ្យល្អជាងនេះដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារប្រកួតប្រជែងដើម្បីឱ្យឆ្នាំបន្តបន្ទាប់ឈានដល់ការជជែកជំរុញបញ្ហាប្រាក់ឈ្នួលកុំឱ្យថៅកែចេះតែត្អូញត្អែរជុំវិញផលិតភាព» ។
កម្មកររោងចក្រត្រីប៉ុស្តិ៍ដេរស្បែកជើងស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងអ្នកស្រី កែវ ស៊ីណាន ថ្លែងថាសម្រាប់ប្រាក់ឈ្នួលអប្បបរមា ១៥៣ ដុល្លារនៅមានកម្រិតទាបនៅឡើយខណៈទំនិញទីផ្សារចេះតែឡើងថ្លៃ។ អ្នកស្រីបានបញ្ជាក់ថា៖ «ប្រាក់ឈ្នួលខ្ពស់ជាងមុនតិចមែនតែបើថាឱ្យចាយគ្រប់គ្រាន់គឺមិនគ្រប់ទេព្រោះឡានក៏ឡើងថ្លៃ ថ្លៃទឹកភ្លើងហើយខ្ញុំចាយមួយថ្ងៃត្បិតត្បៀតអស់ ១ ម៉ឺនរៀល»។
អ្នកស្រីបន្តថាប្រសិនបើប្រាក់ឈ្នួលគោលទទួលបាន ២០០ ដុល្លារទើបធ្វើឱ្យកម្មករមានជីវភាពរស់នៅសមរម្យ។ ប្រាក់ឈ្នួលអប្បបរមាកម្មកររោងចក្រសម្រាប់ឆ្នាំ ២០១៧ ត្រូវបានគណៈកម្មការប្រឹក្សាការងារកាលពីអំឡុងខែកញ្ញាកំណត់យកត្រឹម ១៥៣ ដុល្លារដែលឆ្នាំនេះបានត្រឹម ១៤០ ដុល្លារ៕