
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសុន្ទរកថា នៅក្នុងពិធីមួយ កាលពីថ្ងៃទី ២៦ ខែមីនា។ SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមិទ្ធផលរួមគ្នាជាច្រើន ជាមួយនឹងអង្គការអន្តរជាតិខាងការងារ ILO ដែលបានផ្តល់ការងារ ដល់កម្មករសម្រាប់សហគ្រាសក្នុងប្រព័ន្ធប្រមាណ ១ លាន ៥ សែននាក់ និងបានប្រកាសឲ្យត្រៀមរៀបចំព្រឹត្តិការណ៍ធំសម្រាប់ទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែ ឧសភា ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព»។
សារាចរណែនាំរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ បានណែនាំឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំកម្មវិធីខួប ១០០ ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប ៥០ ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជានៅអង្គការអន្តរជាតិខាងការងារ ក្រោមប្រធានបទ «បង្កើតយុត្តិធម៌សង្គមលើកកម្ពស់ការងារសមរម្យ» និងប្រកាសឱ្យប្រើប្រាស់កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣ នៅថ្ងៃទី ២៨ ខែ មីនា ខាងមុខនេះ។
ចំណែកខួបអនុស្សាវរីយ៍លើកទី ១៣៣ នៃទិវាពលកម្មអន្តរជាតិ ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១ខែឧសភាក្រោមប្រធានបទ «កិច្ចគាំពារសង្គម ដើម្បីផលិតភាព» ដោយត្រូវរៀបចំសិក្ខាសាលានានា ដើម្បីលើកកម្ពស់វិស័យការងារនេះ លើកបដាពាក្យស្លោក និងចូលរួមការពារសន្តិសុខដល់អ្នកពាក់ព័ន្ធជុំវិញការរៀបចំអបអរព្រឹត្តិការណ៍នេះទូទាំងប្រទេស។
លោក ហ៊ុន សែន សរសេរនៅក្នុងសារលិខិតដាច់ដោយឡែកមួយទៀតរបស់លោកកាលពីថ្ងៃចន្ទថា នេះគឺជាឱកាសមួយ ដើម្បីវាយតម្លៃពីវឌ្ឍនភាពរវាងកម្ពុជាជាមួយអង្គការ ILO ដែលបានធ្វើការរួមគ្នាក្នុងការលើកកម្ពស់វិស័យនេះ នាពេលកន្លងមក។
លោកថា កម្ពុជាគឺជាប្រទេសមួយ ក្នុងតំបន់អាស៊ាន ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលខាងការងារដល់ទៅចំនួន ៨ សម្រាប់ដាក់បញ្ចូលទៅក្នុងច្បាប់កម្ពុជាដែលធ្វើឲ្យវិស័យនេះ មានការអភិវឌ្ឍដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបន្តថា សមិទ្ធផលទាំងនោះមានដូចជា ការបង្កើតយន្តការត្រីភាគីសម្រាប់សំវាទសង្គម និងការដោះស្រាយបញ្ហាជាច្រើន ទាក់ទងទៅនឹងសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក ការបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ការអនុវឌ្ឍរបបសន្តិសុខសង្គម របបហានិភ័យសម្រាប់មន្ត្រីរាជការ ជាដើម។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនឹងបន្តផ្តល់នូវកិច្ចសហការជាមួយនឹងអង្គការអន្តរជាតិខាងការងារ និងដៃគូអភិវឌ្ឍន៍នានា ឲ្យបានជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ UN និងដើម្បីសម្រេចមហិច្ឆតាប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
លោក ទុន សុភ័ណ អ្នកសម្របសម្រួលជាតិនៃអង្គការ ILO ប្រចាំកម្ពុជា បានលើកឡើងថា សមិទ្ធផលទាំងនេះគឺជាជោគជ័យធំ ដែលរដ្ឋាភិបាលបានធ្វើរួមគ្នា ដើម្បីលើកកម្ពស់វិស័យការងារនៅកម្ពុជា។ ជាមួយនឹងសមិទ្ធផលទាំងនេះ លោករំពឹងថា រដ្ឋាភិបាលនឹងបន្តរួមគ្នាថែមទៀត ដោយអនុវត្តច្បាប់ដែលមានស្រាប់ និងគោលនយោបាយ ក្នុងការលើកកម្ពស់វិស័យការងារ ដោយផ្តោតលើផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឲ្យពួកគាត់ទទួលបាននូវអត្ថប្រយោជន៍នានា ដែលពួកគាត់ មិនទាន់បានទទួលនាពេលកន្លងមក។
លោកបញ្ជាក់ថា៖ «គឺការពង្រីកកិច្ចគាំពារសង្គម របបសន្តិសុខសង្គម និងផលប្រយោជន៍ផ្សេងទៀត ទៅកាន់អ្នកធ្វើការក្រៅប្រព័ន្ធ ព្រោះពួកគេមិនទាន់បានទទួលអ្វីនោះទេ ។ ម្យ៉ាងទៀត ត្រូវយកចិត្តទុកដាក់បន្តទៀតចំពោះបញ្ហាប្រាក់ឈ្នួលអប្បបរមាក្រៅពីវិស័យកាត់ដេរ ដោយពង្រីកទៅវិស័យផ្សេងទៀត»។
តាមសារលិខិតរបស់លោក ហ៊ុន សែន កម្ពុជាបានបង្កើតការងារធ្វើ ក្នុងអត្រា ៩៩,៣ % នៃកម្លាំងពលកម្មសរុប ១០ លាននាក់ ក្នុងនោះគ្រឹះស្ថានសហគ្រាសក្នុងប្រព័ន្ធ មានចំនួនជិត ១ ម៉ឺន ៣ ពាន់ ដែលមានកម្មករប្រមាណ ១ លាន ៥ សែននាក់ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជិត ៦ សែន ដែលមានកម្មករជិត ២ លាន ៤ សែននាក់ ។ ចំណែកវិស័យកសិកម្ម ប្រមាណជាង ៤ លាននាក់ និងពលករទៅធ្វើការនៅក្រៅប្រទេសមានប្រមាណ ១ លាន ២ សែននាក់ បូករួមនឹងមន្ត្រីសាធារណៈប្រមាណ ៥ សែននាក់៕