តាកែវៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានថ្លែងទៅកាន់សាធារណជនដោយបានស្នើទៅកាន់រដ្ឋមន្ត្រីពាក់ព័ន្ធឲ្យតុលាការទម្លាក់បទចោទ ឬតម្កល់ទុកមិនចាត់ការលើសំណុំរឿងប្តឹងមេដឹកនាំសហជីពកម្មករមួយចំនួនដែលបានធ្វើការនៅតាមរោងចក្រនានាដើម្បីបើកចំហសេរីភាពសម្រាប់កម្មករ ខណៈពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនៃផលិតផលនាំចូលពីកម្ពុជា ដោយសារតែបានខ្វែងគំនិតគ្នាលើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរួមទាំងសិទ្ធិការងារ។
ការផ្ដល់ភាពអនុគ្រោះពីលោក ហ៊ុន សែន គឺបានឲ្យដឹងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង ២៣០០០ នាក់នៅខេត្តតាកែវកាលពីថ្ងៃពុធម្សិលមិញដោយលោកមានប្រសាសន៍ថា៖ «អ៊ីចឹងសុំឲ្យឯកឧត្តម អ៊ិត សំហេង (និង) ឯកឧត្តម អង្គវង្ស វឌ្ឍានា ជម្រាបទៅតុលាការថា ឲ្យពិនិត្យមើលរឿងបណ្ដាសហជីព ប្រធានសហជីពមានរឿងស្អីៗ។ រឿងណាដែលគួរចាត់ការក៏ចាត់ការឲ្យវាស្រូតទៅ។ រឿងណាដែលវាមិនចាត់អាចគេហៅថា លើកលែងការចោទប្រកាន់ ឬតម្កល់ទុកមិនចាត់ការ។ អ៊ីចឹងទេឲ្យវាចប់រឿងទៅ ដើម្បីឲ្យសហជីពទាំងនោះកុំឲ្យមានអារម្មណ៍ថា ទេអញធ្វើការរាល់ថ្ងៃដូចជាចំណាប់ខ្មាំងអញធ្វើមិនស្រួលគេយកអញទៅកាត់ទោស»។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីកម្មករសហជីព និងម្ចាស់រោងចក្រសាមគ្គីគ្នាដោយពិភាក្សាចរចាគ្នាដោះស្រាយបញ្ហាជាជាងយកបញ្ហាទៅតុលាការ។ លោកក៏បានស្នើទៅភាគីសហជីព និងអង្គការសង្គមស៊ីវិលកុំឲ្យប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹងនេះក៏សង្ឃឹមថា នេះជាការបើកចំហសេរីភាពនៃសហជីពមួយដែរក្នុងចំណោមបញ្ហាដែលវាកើតមាន។ ព្រោះឥឡូវនេះសហជីពនីមួយៗចេះគ្រប់គ្រងខ្លួនឯង សហជីពនីមួយៗចេះសាមគ្គីជាមួយកម្មករ សហជីពនីមួយៗចេះចរចាជាមួយថៅកែរោងចក្រ ថៅកែរោងចក្រក៏ចេះធ្វើការជាមួយនឹងកម្មករហើយជាមួយសហជីព។ ដូច្នេះយកការស្រុះស្រួលយកការយោគយល់គ្នាជាសំខាន់»។
លោកបានឲ្យដឹងថា៖ «កាលពីមុនឮថាស្អីលោក មឿន តុលា អ៊ីចឹងជាប់បណ្ដឹងមួយទៅរួចហើយគ្រាន់តែលើកលែងការចោទប្រកាន់ចំពោះលោក មឿន តុលា មួយឃើញគេនាំគ្នាស្វាគមន៍ បើអ៊ីចឹងខ្ញុំក៏នឹកឮថា អាត់ ធន់ ក៏មាន យាំង សុភ័ណ្ឌ ក៏មាន»។
លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅកម្មករថា ពួកគេត្រូវផ្តោតការយកចិត្តទុកដាក់លើការងារ និងការរក្សាសន្តិភាព ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងដែលកម្មករមានប្រាក់ខែទាបជាងកម្ពុជាមានដូចជាបង់ក្លាដែស ឡាវ វៀតណាម មីយ៉ាន់ម៉ា ស្រីលង្កា ឥណ្ឌា ប៉ាគីស្ថាន ជាដើម។
លោកថ្លែងថា៖ «ហើយបើរវល់ទ្រឹលចុះទ្រឹលឡើង (ទ្រេតទ្រោត) គេដករោងចក្រចេញទៅវិនិយោគប្រទេសដទៃដែលមានស្ថិរភាពជាងនេះ»។
មេសហជីពធំៗចំនួន ៣ កាលពីម្សិលមិញសម្ដែងការស្វាគមន៍ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដោយពួកគេចាត់ទុកថាវាជាអ្វីដែលពួកគេបានស្នើសុំជាយូរមកហើយ។
លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាដែលមានសហជីពនៅតាមរោងចក្រចំនួន ៤៨ ក្នុងចំណោមរោងចក្រដែលមាននៅក្នុងប្រទេស បានឲ្យដឹងថាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីធ្វើឲ្យសហជីពរបស់លោកអាចធ្វើការបម្រើផលប្រយោជន៍កម្មករដោយគ្មានការភ័យខ្លាចការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់គំនាបលើសហជីព។
លោក ស៊ីណា បានអះអាងថាលោកបានជាប់បណ្ដឹងចំនួន ៧ ដែលមានបទចោទប្រកាន់ពាក់ព័ន្ធជាមួយការញុះញង់ ក្លែងឯកសារ និងរារាំងអាជ្ញាធរសាធារណៈ។
ស្រដៀងគ្នានេះលោក អាត់ ធន់ ប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរដែលមានកម្មករ ៨ ម៉ឺននាក់ជាសមាជិកបានថ្លែងថា លោកបានជាប់បណ្ដឹងចំនួនប្រមាណ ៧ ដែរ ដែលមានបទញុះញង់ បទបង្ករបួសស្នាមលើកម្មករ និងបទរារាំងអាជ្ញាធរសាធារណៈ។ ក្រៅពីបណ្ដឹងទាំង ៧ លើរូបលោក ក៏មានបណ្ដឹងប្រមាណ ៤០ ទៀតដែលបានប្តឹងលើសហជីពមូលដ្ឋានដែលនៅក្រោមចំណុះរបស់លោក។
លោក អាត់ ធន់ និយាយថា៖ «ខ្ញុំសប្បាយចិត្តពេលថ្នាក់ដឹកនាំនិយាយដូច្នេះ។ យើងបានស្នើសុំយូរហើយ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាលោកទើបសម្រេចចិត្តពេលនេះទេ។ ខ្ញុំគិតថា រដ្ឋាភិបាលប្រហែលជាដឹងថាអ្វីដែលគាត់បានធ្វើពីមុនគឺជាការរឹតត្បិតសេរីភាពរបស់កម្មករ ហើយពេលនេះគាត់ចង់ផ្ដល់សេរីភាពដល់កម្មករ»។
ទោះយ៉ាងណាលោក អាត់ ធន់ ថ្លែងថាដើម្បីឲ្យកម្មករមានសេរីភាពពេញលេញក្នុងការទាមទារសិទ្ធិសេរីភាពការងារ រដ្ឋាភិបាលត្រូវតែធ្វើវិសោធនកម្មលើមាត្រាជាច្រើននៅក្នុងច្បាប់ស្តីពីសហជីព ជាពិសេសមាត្រា១៣ និង ១៤ ដែលលោកអះអាងថា មានការរឹតត្បិតក្នុងការបង្កើតសហជីព និងរារាំងការធ្វើបាតុកម្មទាមទារផលប្រយោជន៍របស់កម្មករ។
ខណៈលោកស្រី យាំង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពជាតិកម្ពុជាថ្លែងថា លោកស្រីជាប់បណ្ដឹងចំនួន ៧ ដែរដោយមានមួយបណ្ដឹងនោះលោកស្រីត្រូវបានកាត់ឲ្យចាញ់ក្តីដោយត្រូវបង់ប្រាក់សំណងប្រមាណ ៤០ ម៉ឺនដុល្លារ។ ប៉ុន្តែលោកស្រីបានប្តឹងឧទ្ធរណ៍រួចហើយករណីនេះ។
លោកស្រីរំពឹងថាប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវបានមន្ត្រីថ្នាក់ក្រោមអនុវត្តតាមដោយលោកស្រីថ្លែងថា៖ «ខ្ញុំសប្បាយចិត្តប្រសិនបើករណីទាំងអស់ត្រូវបានដោះស្រាយ។ អ្វីដែលខ្ញុំធ្វើរាល់ថ្ងៃនេះគឺដូចជាការងារស្ម័គ្រចិត្ត ពីព្រោះដើម្បីផលប្រយោជន៍សង្គមឲ្យសង្គមរីកចម្រើនដោយការគោរពសិទ្ធិកម្មករ។ យើងអត់ប្រឆាំងនឹងច្បាប់ទេ»។
ទោះជាយ៉ាងណាក៏ដោយសហភាពអឺរ៉ុបកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA ពីកម្ពុជាដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ រួមទាំងសិទ្ធិការងារផងដែរ។ ប៉ុន្តែសហភាពអឺរ៉ុបនៅតែទុកឱកាសឲ្យកម្ពុជាកែប្រែស្ថានភាពនយោបាយ និងសិទ្ធិមនុស្សបច្ចុប្បន្នមុនពេលដែលការសម្រេចដកអាចចូលជាផ្លូវការរយៈពេល ១៨ ខែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញក៏បានថ្លែងសាជាថ្មីថា អ្វីដែលបានលើកឡើងពាក់ព័ន្ធនឹង EBA នេះគឺជាសង្គ្រាមចិត្តសាស្ត្រ។
លោកថ្លែងថា៖ «ហើយកុំខ្វល់ពីសង្គ្រាមចិត្តសាស្ត្រ អ្នកណានិយាយអីនិយាយទៅ (អំពី EBA) ប៉ុន្តែបាត់ហើយឬនៅ បើមិនទាន់បាត់ទេធ្វើតទៅទៀតទៅ កុំឆ្ងល់ច្រើនពេក»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានអះអាងថាការសម្រេចចិត្តរបស់លោក ហ៊ុន សែន នៅពេលនេះទំនងជាដោយសារតែឥទ្ធិពលនៃការដក EBA និងដើម្បីទាញការគាំទ្រពីកម្មករ នៅខណៈពេលដែលលោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។
លោកថ្លែងថា៖ «ការអត់ឱនរបស់លោកនាយករដ្ឋមន្ត្រីយើងទៅលើសហជីព ទំនងជាផ្នែកមួយនៃយុទ្ធនាការរបស់លោកដើម្បីទាញយកការគាំទ្រពីកម្មករ។ ពេលវេលានៃការប្រកាសនេះក៏អាចជាស្រមោលទៅលើការធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃស្អែក (ព្រហស្បតិ៍) របស់អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីមកកម្ពុជាផងដែរ»។
គួររំឭកផងដែរថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣ អតីតគណបក្សសង្គ្រោះជាតិបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងតវ៉ាលទ្ធផលបោះឆ្នោត ហើយអាជ្ញាធរនៃគណបក្សកាន់អំណាចបានចាប់ផ្ដើមរឹតបន្តឹងដល់សកម្មភាពនានារបស់មេដឹកនាំសហជីពរហូតមានការប្ដឹងទៅតុលាការពាក់ព័ន្ធជាមួយបទល្មើសមួយចំនួនដូចជា ញុះញង់ ក្លែងឯកសារ និងបង្កហិង្សាជាដើម ហើយពាក្យបណ្ដឹងទាំងនោះកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ៕