ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុង​ប្រយ័ត្ន​អំពី​គ្រោះ​អគ្គិភ័យ​ដែល​បង្ក​ឡើង​ពី​ភ្លើង​ទៀនធូប​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នាពេល​ខាង​មុខ ខណៈ​អាជ្ញាធរ​ខេត្ត​ក្រុង​នានា​ពិសេស​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់វិធានការ​ច្បាប់ ប្រឆាំង​ជន​ទាំងឡាយ​ណា​ដែល​លេង​កាំភ្លើង​បាញ់​ទឹក ឬ គប់​ទឹក ប៉ាត​ធ្យូង​ ឬ​ម្សៅ និង​លេង​វាយ​ដោយ​រំពាត់ ទៅ​លើ​អ្នក​ដំណើរ​តាម​ដងផ្លូវ ដែល​បង្ក​គ្រោះថ្នាក់​ ឬ​នាំឲ្យ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ​។

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នា​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅឯ​មជ្ឈមណ្ដល​កម្សាន្ត​កោះពេជ្រ​លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទាំង​ការធ្វើ​ដំណើរ​ទៅ​កាន់​ទីជិត​ឆ្ងាយ និង​ការជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ​នៅ​ក្នុង​ផ្ទះ​ក្នុង​អំឡុងពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ជាពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ភ្លើង​ធូប ទៀន ដែល​អាច​បង្ក​ជា​អគ្គិភ័យ អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន និង​អ្នកដទៃ​។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «​ទន្ទឹម​នឹង​នេះ​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ត្រូវ​រក្សា​ការពារ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស​ឲ្យ​បាន​សប្បាយ​រីករាយ​នៅ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​យើង​នេះ​» ។

ជុំវិញ​ការអំពាវនាវ​នេះ​លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ថា​អគ្គស្នងការ​នគរបាល​ជាតិ​ជំរុញ​ដល់​គ្រប់​នាយកដ្ឋាន​អង្គភាព និង​ស្នងការ​រាជធានី-ខេត្ត​ទាំងអស់​រួចរាល់​ហើយ និង​បាន​ត្រៀមកម្លាំង​គ្រប់គ្រាន់ ដើម្បី​បំពេញ​ភារកិច្ច រក្សា​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ដល់​ភ្ញៀវជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ទាន់​ពេលវេលា​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ ទាំង​សន្តិសុខ​សង្គម និង​ចរាចរណ៍​។

លោក​ថ្លែង​ថា​៖ «​យើង​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូចជា​ទេសចរ​ជាតិ និង​អន្តរជាតិ មេត្តា​ចូលរួម​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​សមត្ថកិច្ច​ដោយ​រាយការណ៍​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​មាន​បទល្មើស​កើតឡើង ដើម្បី​ឈាន​ដល់​ការចាត់​វិធានការ​ឲ្យ​បាន​ឆាប់រហ័ស​ចំពោះ​ជនល្មើស​រួម​ទាំង​ជួយ​សហការ​ធ្វើ​ចរាចរណ៍​ដើម្បី​កុំ​ឲ្យ​មាន​ការកកស្ទះ​ផង​ដែរ​»​។

ចំណែក​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នាពេល​ថ្មីៗ​នេះ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​ហាមប្រាម​ប្រជាពលរដ្ឋ លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី និង​បាន​ហាមឃាត់​ការលេង​បាញ់​ទឹក ដោយ​ប្រើ​ (​កាំភ្លើង​បាញ់​ទឹក ឬ ទុយោទឹក​) គប់​ស្បោង​ទឹក ប៉ាត​ធ្យូង​ ឬ​ម្សៅ ការ​វាយ​ដោយ​រំពាត់​លើ​អ្នក​ដំណើរ​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ប៉ះពាល់​ដល់​អាយុជីវិត និង សេចក្ដី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ​។

លោក​ ស្រេង បញ្ជាក់​ថា​៖ «​អាជ្ញាធរ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​បម្រាម​ខាង​លើ​នេះ​ដោយ​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​ប៉ះពាល់​ដល់​ប្រពៃណី សេចក្ដី​ថ្លៃថ្នូរ​របស់​ជាតិ​ក៏​ដូចជា​សុវត្ថិភាព សន្តិសុខ​ជាតិ​»៕