ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ពិធីបុណ្យ​អុំទូក ដោយ​ហេតុ​កងកម្លាំង​ជិត​ ២ ​ម៉ឺន​នាក់​ នឹងត្រូវ​ដាក់ពង្រាយ​ ដើម្បី​រក្សា​សន្តិសុខ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការបារម្ភ​អំពី​សុវត្ថិភាព​ថ្ងៃបុណ្យ​អុំទូក​។

មុន​ពេលដែល​បុណ្យអុំទូក​នឹង​ចូល​មក​ដល់​នៅ​សប្ដាហ៍​ក្រោយនេះ​លោក ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ចូលរួម​សប្បាយ​ក្នុង​ពិធី​បុណ្យជាតិ​នេះ​ដោយ​ក្តីរីករាយ​ដោយ​មុនពេល​ត្រឡប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​កាលពី​ម្សិលមិញ លោក​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ថា​៖ «​ទន្ទឹម​នឹង​នេះដែរ នៅសល់​តែ​​ ៤ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ឯករាជ្យ​ជាតិ ៩ ​វិច្ឆិកា​ នឹង​ចូល​មក​ដល់ ហើយ​នឹង​បន្ត​ដល់​បុណ្យអុំទូក អកអំបុក និង​សំពះព្រះខែ​ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា​» ។

លោក​បន្តថា​៖ «​សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​កម្សាន្ត​សប្បាយ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា ហើយ​សូម​ត្រៀម​អំបុក ចេកទុំ ដូងខ្ចី​..​ដើម្បី​យើង​ទទួលទាន​អំបុក​ទាំងអស់​គ្នា​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ក្នុង​បរិយាកាស​សប្បាយរីករាយ​ «​អំបុក​ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​»​។

ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​ ៣ ​ថ្ងៃ​ពី​ថ្ងៃ​ទី ១០ ដល់​ទី​ ១២ គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​ទិវា​ឯករាជ្យ​ជាតិ ៩ ​វិច្ឆិកា​។ ខណៈ​ដែល​លោក សម រង្ស៊ី ប្រធានស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​យក​ថ្ងៃទី​ ៩ វិច្ឆិកា សម្រាប់ធ្វើ​ការវិលត្រឡប់​មក​កម្ពុជា​វិញ ហើយ​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មក​គាំទ្រ​លោក​នៅ​ថ្ងៃ​ទី​ ៩ ​និង​ក្នុង​ពិធីបុណ្យ​អុំទូក​ផងដែរ​។

ប៉ុន្តែ​ការប្រកាស​របស់​លោក​ក្នុង​ការផ្ដល់​ថវិកា​ដល់​កងទ័ព និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ងើបឡើង​ដើម្បី​ចាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​ការអត្ថាធិប្បាយ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់ទុក​ថា ការវិលត្រឡប់​របស់​លោក​គឺ​ដើម្បី​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ព្រះមហាក្សត្រ​។ រដ្ឋាភិបាល​ក៏បាន​ដាក់ពង្រាយ​កងទ័ព​នៅតាម​ព្រំដែន និង​ពង្រឹង​សន្តិសុខ​នៅ​គ្រប់​ខេត្ត​ក្រុង​សម្រាប់​រង់ចាំ​ចាប់​លោក​ សម រង្ស៊ី ផង និង​ការពារ​សន្តិសុខ​ពេល​បុណ្យអុំទូក​ផង​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​បាន​ថ្លែងប្រាប់​វិទ្យុជាតិ​ថា អគ្គស្នងការ​នគរបាល​ជាតិ​ត្រៀមកម្លាំង​ជិត ២ ​ម៉ឺន​នាក់​សម្រាប់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ថ្ងៃបុណ្យ​អុំទូក​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា សភាពការណ៍​នៅ​ថ្ងៃបុណ្យ​អុំទូក​មាន​លក្ខណៈ​ធម្មតា​ដូច​ឆ្នាំមុនៗ​គឺ​ប្រជាពលរដ្ឋ​នឹង​មាន​ការសប្បាយ​រីករាយ ខណៈ​ដែល​ទូក និង​កីឡាករ​អុំទូក​ចាប់ផ្ដើម​ដឹក​មក​ទម្លាក់ និង​មក​ដល់​បណ្ដើរៗ​ហើយ​ដោយ​គ្មាន​អ្វី​ជា​ការរំខាន​ទេ​។

លោក​ថ្លែងថា​៖ «​សូម​បងប្អូន​កុំ​មានការ​ភ្ញាក់ផ្អើល​ដូច​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើក​ឡើង​ហើយ គឺថា​យើង​ត្រៀម​លក្ខណៈ​ក្នុង​ការបង្ហាញ​សមត្ថភាព​គ្រប់គ្រង​សភាពការណ៍​ជូន​ដល់​សាធារណជន​។ ដូច្នេះ​ការ​ចល័ត​ទ័ព​អីហ្នឹង​វា​ជា​រឿង​សាមញ្ញ​ធម្មតា​ទេ​។ សូម​សាធារណជន​សប្បាយរីករាយ កុំ​មាន​ការបារម្ភ ព្រោះ​សមត្ថកិច្ច​រៀបចំ​សណ្ដាប់ធ្នាប់​»​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​ជឿថា ប្រជាពលរដ្ឋ​នឹង​ចូលរួម​កុះករ មិនមែន​នៅតែ​រាជធានី​ភ្នំពេញ​ទេ គឺ​នៅ​តាម​វត្ត​តាម​វ៉ា​។ ដូច្នេះ​ហើយ​យើង​ឃើញ​សម្ដេចតេជោ​លោក​អំពាវនាវ​ត្រៀម​លក្ខណៈ​ដើម្បី​នាំគ្នា​អបអរសាទរ​ពិធី​នេះ​»​។

លោក ប៊ុន វាសនា មន្ត្រី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ដល់​កងកម្លាំង​សមត្ថកិច្ច​ឲ្យ​យក​ចិត្តទុកដាក់ ត្រៀម​លក្ខណៈ​ដើម្បី​ធានា​ការពារ​សុវត្ថិភាព​មិន​ឲ្យ​ប្រជាពលរដ្ឋ​មាន​រឿង​អ្វី​កើតឡើង​ទេ គឺ​ចូល​មក​សប្បាយ​រីករាយ​តែប៉ុណ្ណោះ​។

លោក វាសនា ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ដល់​មហាជន​ទាំងអស់ ជាពិសេស​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​នៅ​ក្រៅ​ប្រទេស​កុំ​មាន​ការភិតភ័យ​អ្វី​ឡើយ​ព្រោះ​កាលណា​មាន​ពិធី​ធំ​យ៉ាងនេះ គឺ​ធានាថា​មិន​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​ទេ សូម​បងប្អូន​មហាជន ប្រជារាស្ត្រ​ទាំងអស់​កុំ​មាន​ការភិតភ័យ​ចំពោះ​សម្ដី​ផ្សេងៗ​មកពី​ខាង​ក្រៅ​។ សូម​អញ្ជើញ​មក​ទស្សនា​សប្បាយ​ដូច​រាល់​ឆ្នាំ​អ៊ីចឹង​»​។

លោក​ថា ចំនួន​អ្នក​មក​ទស្សនា​ពិធីបុណ្យ​អុំទូក​នឹង​មាន​ចំនួន​ច្រើន​ដូច​មុន ព្រោះ​បើ​គិត​ត្រឹម​កីឡាករ​អុំទូក និង​អ្នក​ដែល​មកជា​មួយ​ពួកគាត់​មាន​ប្រមាណ​ ៥ ​ម៉ឺន​នាក់​រួច​ទៅ​ហើយ​។

ទោះយ៉ាងណា​អ្នកវិភាគ​យល់​ថា​ការដាក់​កម្លាំង​ការពារ​ច្រើន រួម​ជាមួយ​ការចល័ត​កងទ័ព​ធ្វើឲ្យ​ពលរដ្ឋ​មាន​ការភ័យខ្លាច​ទៅវិញ​ទេ ហើយ​ចំនួន​អ្នក​ចូលរួម​ទស្សនា​បុណ្យអុំទូក​អាច​មាន​តិចជាង​ឆ្នាំ​មុន​។

លោក មាស នី អ្នកវិភាគ​សង្គម​ថ្លែងថា​៖ «​បរិយាកាស​ក្នុង​ពេល​បុណ្យអុំទូក​នេះ​ជា​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​អាច​នឹង​មាន​អារម្មណ៍​ថា មិនមាន​សុវត្ថិភាព​គ្រប់គ្រាន់​ទេ​ដោយសារ​តែ​ការប្រឈម​ថ្ងៃ​កំណត់​នៃ​ការវិល​ត្រឡប់​មក​វិញ​របស់​គណបក្ស​ប្រឆាំង​ផង ហើយ​មាន​វត្តមាន​របស់​កងកម្លាំង​ប្រដាប់​អាវុធ​រាប់ពាន់​នាក់​ទៀត​នឹង​ពង្រាយ​»​។

លោក​ថា នៅពេល​មាន​ពិធី​បុណ្យ​នានា​តែង​មាន​ការដាក់​ពង្រាយ​កម្លាំង ហើយ​សម្រាប់​បុណ្យអុំទូក​នេះ កម្លាំង​នឹង​មាន​កាន់តែ​ច្រើន ហើយ​ធ្វើ​បែប​នេះ​អាច​កាត់បន្ថយ​ចំនួន​មនុស្ស​ដែលមាន​បំណង​មក​មើល​បុណ្យអុំទូក​ដោយសារ​តែ​ពួកគេ​ខ្លាច​។

លោក​និយាយថា​៖ «​បើសិន​ជា​មាន​ការដាក់​កម្លាំង​ច្រើន​ធ្វើឲ្យ​មនុស្សម្នា​អាច​ប្រាប់​កូនចៅ​ថា កុំ​ឲ្យ​ទៅ​មើល​ខ្លាច​មាន​រឿង​អ្វីមួយ​កើតឡើង​។ ដូច​កាល​ប៉ុន្មាន​ឆ្នាំមុន​មាន​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា តែ​ពេលនោះ​មិនមាន​រឿង​នយោបាយ​ធំ​ទេ​។ ប៉ុន្តែ​ក្នុង​ស្ថានភាព​នេះ​ចំនួន​អាច​មាន​ការថយចុះ ជាពិសេស​អ្នក​ភ្នំពេញ​ប្រហែល​មិន​ហ៊ាន​បណ្ដោយ​កូនចៅ​ឲ្យ​ទៅលេង​បុណ្យអុំទូក​ទេ​»​។

ស្រដៀង​គ្នា​នេះ​លោក ឯម សុវណ្ណារ៉ា បាន​ថ្លែង​ថា ពលរដ្ឋ​កម្ពុជា​មិន​ទាន់​មាន​ភាព​ស្ងប់ស្ងាត់​ទាំងស្រុង​ទេ គឺ​ពួកគាត់​នៅ​មាន​ការភ័យខ្លាច ការបារម្ភ និង​ការបាក់​ស្បាត​ពី​ឥទ្ធិពល​សង្គ្រាម​ដែល​គាត់​ឆ្លង​កាត់​កាលពី​អតីតកាល​។ ដូច្នេះ​នៅពេល​មាន​ការចល័ត​កងទ័ព​បែបនេះ ធ្វើឲ្យ​គាត់​បាត់​ភាពស្ងប់ស្ងាត់ និង​បារម្ភ​នៅ​ថ្ងៃ​អុំទូក​។

លោក​ថា ភ្ញៀវ​អន្តរជាតិ និង​ពលរដ្ឋ​នៅតាម​ខេត្ត​ក៏​ប្រហែល​ជា​មានការរារែក​ដែរ​ក្នុង​ការ​មកលេង​បុណ្យអុំទូក​នៅ​ភ្នំពេញ​។

លោក​និយាយថា​៖ «​បើតាម​ខ្ញុំ​គិត វា​អត់​ដូច​ឆ្នាំមុនៗ​ទេ នៅតែ​មាន​ការបារម្ភ ភ័យខ្លាច​ឥទ្ធិពល​នៃ​ការ​ចល័ត​កងទ័ព ការដាក់​បារ៉ាស់ ការ​យាមកាម និង​ការសាកសួរ ដែល​ធ្វើឲ្យ​គាត់​បាត់​ស្ថិរភាព និង​សន្តិភាព​ផ្លូវចិត្ត គាត់​អាច​សំងំ​នៅផ្ទះ ដូចនេះ​ចំនួន​មនុស្ស​ក៏​មិន​ច្រើន​ដូច​ឆ្នាំមុនៗ​ដែរ​»​។

ស្របពេល​ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បាន​បិទ​ផ្ទាំង​រូបថត​អ្នក​ដែល​​រង​ការចាប់ខ្លួន​ចំនួន​ ១៨ ​នាក់​។ ផ្ទាំង​រូបថត​នេះ​មាន​រូបថត​លោក សម រង្ស៊ី​, ជូ ឡុង សូមួរ៉ា​, អេង ឆៃអ៊ាង​, មូរ សុខហួរ​,​ តុ វ៉ាន់ចាន់​, ម៉ែន សុថាវរិន្ទ្រ​, យក់ នាង​, ឡុង រី​, ម៉ន ផល្លា​, អ៊ុំ សំអាន​, ហៃ វណ្ណា​, ម៉ោញ សារ៉ាត់​, លី រតនារស្មី​, អ៊ីសា ឧស្មាន​, អ៊ូ ច័ន្ទឫទ្ធិ​, នុត រំដួល​, ហូរ វ៉ាន់ និង តាក់ កុម្ភារ​។

ស្នងការ​នគរបាល​ជាតិ​បាន​សរសេរ​នៅលើ​ផ្ទាំង​បដា​​នោះ​ថា ឈ្មោះ​ខាងលើ​នេះ​ជា​ «​ក្រុម​ឧទ្ទាម​ក្បត់ជាតិ​» ហើយ​ស្នើឲ្យ​ពលរដ្ឋ​ដែល​ឃើញ​ឈ្មោះ​ទាំងនេះ​រាយការណ៍​ទៅ​សមត្ថកិច្ច​។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ដោយ​ជាប់ចោទ​ពី​រឿង​ក្បត់ជាតិ​។ អ្នកនយោបាយ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ​ប្រមាណ​ជាង​ ១០០ ​នាក់ ​ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​ធ្វើ​នយោបាយ ហើយ​បាន​​និរទេស​ដោយ​ខ្លួនឯង​ទៅ​នៅ​ក្រៅ​ប្រទេស ៕