ភ្នំពេញៈ ​លោក​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​កា​ល​ពី​ម្សិល​មិញ​បាន​ផ្ដល់​គំនិត​ផ្ដួច​ផ្ដើម​នូវ​ចំណុច​អាទិ​ភាព​មួយ​ចំនួន​ដល់​អង្គ​សន្និ​សីទ​កំ​ពូល​សារព័ត៌​មាន​អាស៊ី​ឲ្យ​បង្កើន​កិច្ច​សហ​ប្រ​តិបត្តិ​ការ​ក្នុង​តំ​បន់​ និង​សកល​លោក​​ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​ទប់​ស្កាត់​ព័ត៌​មាន​ក្លែង​បន្លំ​ និង​ឧក្រិដ្ឋ​កម្ម​ព័ត៌​មាន​វិទ្យា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ដែល​កំពុង​គំរាម​កំហែង​និង​បង្ក​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ។​

​ក្នុង​សុន្ទ​រកថា​ក្នុង​ពិធី​បើក​សន្និ​សីទកំ​ពូល​នៅ​ខេត្ត​សៀម​រាប​កាល​ពី​ម្សិល​មិញ​ លោក​ ហ៊ុន​ សែន​ ថ្លែង​ថា៖​ ​«ខ្ញុំ​សូម​បញ្ជាក់​ថា ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​កំ​ពូល​អាស៊ី​-អឺរ៉ុប​ នៅ​ទី​ក្រុង​ប្រ៊ុច​សែល នា​ពេល​កន្លង​ទៅ​ថ្មី​ៗនេះ​បណ្ដា​ប្រ​ទេស​នៅ​អឺ​រ៉ុប​ទាំង​អស់​ដែល​ឡើង​ថ្លែង​យោបល់​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​ សុទ្ធ​តែ​បាន​លើកឡើង​ពី​ការ​ព្រួយ​បារម្ភអំ​ពី​ព័ត៌មាន​ក្លែង​បន្លំ​និង​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា​ ហើយ​ប្រ​ទេស​ដែល​គេ​ចាត់​ទុក​ថា​ជា​បិតា​ប្រ​ជា​ធិប​តេយ្យក៏មាន​ច្បាប់​ដើម្បី​រារាំង​និង​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​បទល្មើស​ព័ត៌​មាន​ក្លែង​បន្លំ​និង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​នេះ​ផងដែរ»។

លោក​នាយក​​រដ្ឋ​មន្ត្រី​ក៏បាន​ឲ្យ​ដឹង​ផងដែរ​ថា​៖​​ «បច្ចេក​វិទ្យា​ឌី​ជី​ថល​នៃ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ​បាន​ផ្ដល់​គុណ​វិបត្តិ​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​សកល​លោកកំ​ពុង​ប្រ​ឈម​ទៅ​នឹង​ព័ត៌មាន​ក្លែង​បន្លំ​ ការ​ញុះ​ញង់​បញ្ឆេះ​កំហឹង​ ការជេរ​ប្រ​មាថ​ដោយ​ក្ដី​ស្អប់​ខ្ពើម​ និង​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​វិទ្យា​ ដូច​ជា​ ការ​ហ៊ែក​ចូល​បំ​ផ្លាញ​ឯក​សារ​សាធារ​ណៈ​ ការ​ជំ​រិត​ទារ​ប្រាក់​តាម​អន​ឡាញ​ ការ​រំលោភ​លើ​សិទ្ធិ​ឯក​ជន​ជា​ដើម​ បាន​និង​កំពុង​គំរាម​កំ​ហែង​ដល់​សន្តិ​សុខ​នៅ​ក្នុង​តំ​បន់​ និង​សកល​លោក​ទាំង​មូល​។​ ដូចនេះ​ ​តម្រូវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធថែម​ទៀត​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភា​គី​ ក្រប​ខ័ណ្ឌ​ក្នុង​តំ​បន់​និង​សកល​លោក​ដើម្បី​ប្រ​យុទ្ធ​ប្រ​ឆាំង​ទៅ​នឹង​ព័ត៌​មាន​ក្លែង​បន្លំ​ និង​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា​នេះ»។​

​លោក​បន្ត​ថា ​​បន្ថែម​ពី​នេះ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រពៃ​ណី​ ត្រូវ​មាន​ភាព​វៃឆ្លាត​ និង​ចេះ​បត់បែន​ទៅ​តាម​ស្ថាន​ភាព​ជាក់ស្ដែង​ ​និង​ការ​វិវត្ត​បច្ចេក​វិទ្យាទំនើប​ ​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​សម័យ​ឌីជី​ថល​ ​និង​ការ​កសាង​គោល​នយោបាយ​ក្រប​ខ័ណ្ឌ​យុទ្ធ​សាស្ដ្រ ​បទ​ប្បញ្ញត្តិ​ច្បាប់​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ស្ដង់ដា​រសុវត្ថិ​ភាព​ឌី​ជី​ថល​ ​ដើម្បី​គ្រប់​គ្រង​សុវត្ថិ​ភាព​ទិន្ន​ន័យ ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ​និង​ដើម្បី​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លាយ​ និង​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា។

លោក​ ​ហ៊ុន​ ​សែន​ ថ្លែង​ថា​៖​ «​ខ្ញុំ​សង្ឃឹម​ថា​ សន្និ​សីទ​នេះ​នឹង​ពិភា​ក្សា​យ៉ាង​ផុស​ផុល​អំ​ពី​កាលា​នុវត្ត​ភាព​នៃ​បច្ចេក​វិទ្យា​ឌី​ជីថល ​បញ្ហា​ប្រឈម​នានា ​កិច្ចសហ​ប្រតិប​ត្តិ​ការ​ជា​ដៃ​គូ ការប្រ​យុទ្ធ​ប្រ​ឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែង​បន្លំ​ ព្រម​ទាំង​វិធី​សាស្ត្រ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ចេញ​ពី​បដិ​វត្តន៍​ឧស្សា​ហកម្ម​ជំនាន់​ទី​៤ ​ក្នុង​ស្មារតី​រួម​ចំ​ណែក​អភិ​វឌ្ឍ​សង្គម​ សេដ្ឋ​កិច្ច​ នៅ​ក្នុង​តំ​បន់​ និង​សកល​លោក​ប្រ​កប​ដោយ​ចីរ​ភាព ​និង​សន្តិភាព​យូរអង្វែង»។​

​លោក​ ​ខៀវ​ ​កាញារីទ្ធ​ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​កម្ពុជា​បាន​លើក​ឡើង​ដែរ​ថា​ គណៈ​ប្រតិ​ភូ​ចូល​រួម​សន្និ​សីទ​កំពូល​នេះ ​គឺ​មាន​ចំនួន​ ៦០០​ នាក់​ មក​ពី​ ៤២​ ប្រទេស​ ហើយ​អ្នក​ដែល​ត្រូវធ្វើ​បទ​បង្ហាញ​និង​ចែក​រំលែក​បទ​ពិសោធ​ចំនួន​ ៧០​ នាក់​ ​លើ​ប្រធាន​បទ​មួយ​ចំនួន​ ដូច​ជា​ ការ​សម្រប​ខ្លួន​ ទៅ​នឹង​បដិ​វត្តន៍​ឌីជី​ថល ​ការប្រមើល​មើល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​បដិ​វត្តន៍​ឧស្សា​ហ​កម្ម​ទី៤​ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ និង​ព័ត៌​មាន​មិន​ពិត ​និង​​រកប្រាក់​រប​ស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃ​ណី​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថ្មី​ រួម​ទាំង​កិច្ច​ពិភាក្សា​តុមូល​ស្ដីពីឌី​ជី​ថលភាវូប​នីយកម្ម​ និង​ភាព​ជឿ​ជា​ក់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

លោក​ កា​ញារីទ្ធ​ ថ្លែង​ថា​៖​ «​សន្និ​សីទ​កំពូល​នេះ ​ក៏​ជា​ទីកន្លែង​សម្រាប់​កិច្ច​ប្រជុំ​ផ្សេងៗ​ ដូច​ជា ​កិច្ច​ប្រ​ជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​អំពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​កិច្ច​ប្រជុំ​ទ្វេភា​គី​របស់​គណៈ​ប្រតិ​ភូ​ដែល​មាន​វត្តមាន​ ​និង​កិច្ច​ប្រជុំ​របស់​នាយក​ប្រតិ​បត្តិ​ស្ដីពី​ព័ត៌​មាន​មិន​ពិត​ក្នុង​ចំ​ណោម​កិច្ច​ប្រជុំ​ដទៃ​ទៀត»។​

​លោក ​Sardar Umar Alam ​តំណាង​អង្គការ​យូ​ណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​នេះ​ដែរ​ថា​ ​ស្រប​ពេល​ពិភពលោក​កាន់​តែ​មាន​ការ​តភ្ជាប់​គ្នា​កាន់​តែ​ច្រើន​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ​គឺ​ព័ត៌​មាន​មិន​ពិត​ ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយចែក​ចាយ​ឱ្យ​គ្នា​លឿន​​ជាង​ព័ត៌​មាន​ពិត​រហូត​ទៅ​ដល់​ ៦ ដង។​

​ទោះ​ជា​យ៉ាង​ណា​លោក​ បាន​ថ្លែង​បន្ត​ថា ​ក្នុង​រយៈ​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ​រដ្ឋា​ភិ​បាល​នៅ​ក្នុង​តំបន់​ បាន​បិទ​ឬ​បន្ថយ​ល្បឿន​ទំនាក់​ទំនង​នៅ​ក្នុង​បណ្ដាញផ្សព្វ​ផ្សាយ​សង្គម​ដើ​ម្បីការ​ពារ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​ ​បន្ទាប់​ពី​នាំ​ឱ្យ​មាន​ភេរវ​កម្ម​ និង​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ ប៉ុន្តែ​លោក​ថា​ សកម្ម​ភាព​ការ​ពារ​ទាំង​នេះ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ ​ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បិទ​ទាំង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ស្រប​ច្បាប់​ ​ដែល​មាន​ទាំង​អ្នក​កាសែត​ផងដែរ។​

លោក​ Sardar ថា​៖ «​ការ​សិក្សា​មួយ​ដោយ ​MIT​ ក្នុង​ឆ្នាំ ​២០១៨​ បាន​រក​ឃើញ​ថា​ ព័ត៌​មាន​មិនពិត​​នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនងសង្គម​គឺ​រីក​រាលដាល​លឿន​ជាង​ព័ត៌​មាន​ពិត​រហូត ​៦ ​ដង»។​

​យ៉ាង​ណា លោក ​ហ៊ុយ ​វណ្ណៈ​ ​ប្រ​ធាន​សហ​ភាព​សហ​ព័ន្ធ​អ្នកសារ​ព័ត៌​មាន​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​បណ្ដាញ​ចែក​ចាយ​តេឡេក្រាម​ថា​៖​ «​(​សន្និ​សីទ​នេះ)​ គឺ​ជា​សារ:សំខាន់​ទៅ​កាន់​ពិភពលោក​ថា​ ថ្ងៃ​នេះ​បង្ហាញ​ថា​កម្ពុជា​យើង​មិន​មែន​ជា​ប្រទេស​ឯកោ ហើយ​កម្ពុជា​បាន​បើក​លម្ហ​​ សេរី​ភាព​ការ​បញ្ចេញ​មតិ​ ​លទ្ធិ​ប្រជា​ធិបតេយ្យ និង​ផ្ដល់​តម្លៃ​ដល់​សារ​ព័ត៌មាន»៕​