តាកែវៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​សារ​អំពាវនាវ​ចំពោះ​សហជីព​ដែល​ដឹកនាំ កម្មករ-កម្មការិនី ធ្វើ​បាតុកម្ម និង​កូដ​កម្ម​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ (ប្រាក់​អតីត​ភាព) ពី​ថៅកែ​រោងចក្រ​ដោយ​ខុស​ច្បាប់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ស្ថានភាព​បែប​នេះ​អាច​នឹង​ឈាន​ចូល​ទៅ​ដល់​ស្ថានភាព​ជ្រុល​និយម ហើយ​បណ្ដាល​ឲ្យ​រោងចក្រ​ប្រមាណ ២ ភាគ ៣ ដែល​តាម​ការ​ប៉ាន់​ស្មាន​រោងចក្រ ៨០០ ក្នុង​ចំណោម ១១៥៩ រោងចក្រ​នឹង​ត្រូវ​បិទ​ទ្វារ ដោយ​សារ​តែ​ការ​បង្វិល​ទុន​រក​ដំណោះ​ស្រាយ​ឲ្យ​កម្មករ-កម្មការិនី។

សេចក្ដីអំពាវនាវ​រប​ស់លោក​ហ៊ុន សែន បានធ្វើ​ឡើង ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជិត ២ ម៉ឺន​នាក់ នៅ​ក្នុង​ខេត្ត​តាកែវ​នា​ដើម​ឆ្នាំ​ថ្មី​នេះ ដោយ​លោក​បាន​ឲ្យ​ដឹង​ថា មាន​សហជីព​ខ្លះ​កំពុង​ធ្វើ​ចលនា​ឲ្យ​កម្មករ​ទាមទារ​បើកប្រាក់​អតីត​ភាព​ផ្ដាច់​ត្រឹម​ឆ្នាំ ២០១៨ ក្រោយ​ពី​ច្បាប់​ត្រូវបាន​កែ​សម្រួល​ឲ្យ​សង ៦ ខែ​ម្ដង ចាប់​ពី​ឆ្នាំ ២០១៩។

លោក​ហ៊ុន សែន ថ្លែងថា៖ «ដើម្បី​ដោះស្រាយ​បញ្ហា​នេះ យើង​បានធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​របស់​យើង ដែល​ពី​មុន​អូស​បន្លាយ​ពេល​នៃ​ការ​ផ្ដល់​ប្រាក់​អត្ថ​ប្រយោជន៍ (ពី​មុន​ទាល់​ដល់​ពេល​បញ្ឈប់) ទៅ​ឲ្យ​កម្មករ-កម្មការិនី​ឲ្យ​ធ្វើការ​ទូទាត់ ៦ ខែ​ម្ដង ប៉ុន្តែ (ខ្ញុំ) មិន​នឹក​ស្មាន​ដល់​ថា​ស្រាប់​តែ​មាន​រោងចក្រ​ប្រហែល​ជា ៦ រោងចក្រ នៅ​ទីក្រុង​ភ្នំពេញ ៣ នៅ​ខេត្ត​តាកែវ ២ កំពង់ស្ពឺ ១ បែរ​ជា​សុំ​ទូទាត់​នៅ​ខែ​មករា​ហ្នឹង​ផ្ដាច់​តែម្ដង។ ពី​មុន​នេះ ៣-៤ ឆ្នាំ​មិន​ទាន់​នឹង​ទូទាត់​ផង ៣-៤ ឆ្នាំ ទាល់តែ​គេ​បញ្ឈប់​បាន​គេ​ទូទាត់​ឱ្យ​ឥឡូវនេះ តើ​មាន​ក្រុម​ញុះញង់​មក​ពី​ណា​ទៅ​ដែល​បង្កើត​ឱ្យ​មាន​ស្ថានភាព បើក​ផ្តាច់​នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០១៩»។

លោក​ថ្លែងបន្តថា៖ «អ៊ីចឹង​ទេ​សុំ​អំពាវ-នាវ​ចំពោះ​សហជីព​ដែល​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម បាតុកម្ម​ទៅ​លើ​បញ្ហា​នេះ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព ដែល​ជា​ភាព​ដែល​ចូល​ដល់​ស្ថានភាព​ជ្រុល​និយម»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ជា​សំណួរ​សួរ​ត្រឡប់​ទៅកាន់​កម្មករ-កម្មការិនី​វិញ​ថា តើ​ទុកឱ្យ​រោងចក្រ​នេះ​ក្ស័យធន​តាមរយៈ​ការ​ប្រមូល​ទុន​ទាំង​អស់​យក​មក​បើក​ឱ្យ​កម្មករ កម្មការិនី តែ​ក្នុង​មួយ​ពេល​រួច​ហើយ​បិទ​រោងចក្រ ឬ​យ៉ាង​ណា? សូម​កម្មករ-កម្មការិនី​ទាំង​អស់​ពិចារណា​មើល​ទៅ ព្រោះ​រោងចក្រ​ទាំង​អស់​នោះ​នឹង​ចូល​ដល់​កម្រិត​ក្ស័យធន ដូច្នេះ​អ្នក​ដែល​ខាតបង់ គឺ​កម្មករ-កម្មការិនី​ទាំង​អស់​គ្នា​តែ​ប៉ុណ្ណោះ។

លោក​ហ៊ុន សែន ថ្លែងថា៖ «បើ​រោងចក្រ​ត្រូវ​បិទ​តើ​អ្នកទទួល​ផលវិបាក​មុនគេ​គឺ​មិនមែន​ថៅកែ​ទេ អ្នក​ទទួល​ផល​វិបាក​មុន​គេ​គឺ​កម្មករ​ដែល​ធ្លាប់​មាន​ការងារ​ធ្វើ និង​ប្រាក់​ចំណូល​ត្រូវ​បាត់​ទាំង​អស់​តែ​ក្នុង ១ ថ្ងៃ​ទេ។ ការ​ខាត​បង់​បែប​នេះ​មិន​ត្រូវ​ឲ្យ​កើត​មាន​ឡើង​ទេ​ខ្ញុំ​យក​ឱកាស​នេះ​អំពាវនាវ (ឲ្យ) មាន​ការ​យោគ​យល់ អ្នក​ដែល​ខូច​គឺ​ប្រទេស​ជាតិ​យើង មុន​ដំបូង​កម្មករ-កម្មការិនី​បើសិន​រោងចក្រ​ត្រូវ​បិទ»។

លោកនាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងផង​ដែរ​ថា កាលពីមុន​មាន​ប្រវត្តិ​រោងចក្រ​បិទទ្វារ​រត់ចោល បន្សល់​នូវ​ទុក្ខ​លំបាក​ដល់ក​ម្មករ-កម្មការិនី ហើយ​បាន​តម្រូវ​ឲ្យ​រាជ​រដ្ឋាភិបាល​ចំណាយ​ថវិកា ២២ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍។

លោក​ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឺ​ង​នាពេល​ថ្មីៗ​កន្លង​មក​នេះ​ថា មាន​កម្មករ​ប្រមាណ ១២០០ នាក់​ក្នុង​រោងចក្រ W&D ត្រូវបាន​បញ្ឈប់​ពី​ការងារ ក្រោយ​ពួកគេ​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​នេះ ដែល​ពួកគេ​មាន​មុន​ឆ្នាំ ២០១៩ មុន​នឹង​អនុវត្ត​ច្បាប់​ថ្មី​នេះ។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ពន្យល់​ថា អតីតភាព​ការងារ​ចាស់ ដែល​មាន​មុន​ឆ្នាំ ២០១៩ គឺ​និយោជក​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែក​ជើង ត្រូវ​សង​ជា​ដំណាក់ៗ ដល់​កម្មករ​និយោជិត​ដោយ ១ ឆ្នាំ ត្រូវ​សង​ចំនួន ៣០ ថ្ងៃ នៃ​ប្រាក់​ឈ្នួល​គោល ក្នុង​នោះ ១៥ ថ្ងៃ ត្រូវ​សង​នៅ​ក្នុង​ខែ​មិថុនា និង ១៥ ថ្ងៃ​ទៀត ត្រូវ​សង​នៅ​ក្នុង​ខែ​ធ្នូ នៃ​ឆ្នាំ​នីមួយៗ រហូតដល់​អស់​អតីតភាព​ការងារ ដែល​ត្រូវ​សង​នោះ។

លោក​បន្តថា ដោយឡែក​បងប្អូន​កម្ម​ករ កម្មការិនី ដែល​ប្រើប្រាស់​កិច្ច​សន្យា​ការងារ​រយៈពេល​ខ្លី គឺ​ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់​អតីតភាព​ការងារ​នៅ​រៀង​រាល់​ពេល​ចប់​កិច្ចសន្យា​នីមួយៗ។

លោក​ថ្លែងថា៖ «ពោលគឺ​មិន​អនុវត្ត​ដូច​អ្នក​ដែលមាន​កិច្ចសន្យាការងារ​រយៈពេល​វែង​ឡើយ។ ហេតុ​ដូច្នេះ សូម​បងប្អូន​កម្មករ​និយោជិត ផ្នែក​កាត់ដេរ និង​ផលិត​ស្បែក​ជើង​មេត្តា​ប្រុង​ប្រយ័ត្ន ចៀសវាង​ចាញ់​បោក​ការ​ញុះញង់​ខុស​ច្បាប់​របស់​ជន​ខិល​ខូច​មួយ​ចំនួន»។

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ថ្លែង​ថា បញ្ហា​នេះ ខាង​សហជីព​ក៏​ធ្លាប់​បាន​លើក​ជា​ក្តីបារម្ភ​ជា​យូរ​មក​ហើយ ចំពោះ​ការ​កែប្រែ និង​អនុវត្ត​នីតិវិធី​ថ្មី ដែល​ទាមទារ​ឲ្យ​មាន​ការ​បក​ស្រាយ តែ​កន្លង​ទៅ​ភាគី​ពាក់​ព័ន្ធ ហាក់​មិនបាន​បកស្រាយ​ឲ្យ​បាន​ច្បាស់​នោះទេ ទើប​ជាហេតុ​នាំ​ឲ្យ​កម្មករ ផ្ទុះ​ការ​តវ៉ា​បែប​នេះ។

លោក​ថា៖ «ចំពោះ​យើង គឺ​មិន​ពាក់ព័ន្ធ​នឹង​ការជំរុញ​ឲ្យ​កម្មករ​ទាមទារ​នោះទេ ព្រោះ​កម្មករ​ដែលជា​សមាជិក​យើង មិន​បាន​ទាមទារ​នោះទេ ហើយ​ឃើញ​ថា ការ​ទាមទារ​នេះ គឺ​កើត​ចេញ​ពី​កម្មករ​ដោយ​ខ្លួន​ឯង ដែល​មិន​ពាក់ព័ន្ធ​នឹង​សហជីព​នោះ​ទេ»៕